អ្នក​វិភាគ៖ វប្បធម៌​សន្ទនា​គួរ​តែ​បន្ត​និង​បន្ថយ​ការ​រិះគន់​បញ្ឆេះ​ហិង្សា

  • នៅ វណ្ណារិន

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ កំពុង​​​ចាប់​​​ដៃ​​​គ្នា​​​ជាមួយ​​​លោក​​​​​​ សម​​​ រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​មន្ទីរ​​​ព្រឹទ្ធ​​​សភា​​​​​​ នឹង​​​ឈាន​​​ដល់​​​ការ​​​បញ្ចប់​​​វិបត្តិ​​​ជាប់​​​គាំង​​​នយោបាយ​​​នៅ​​​កម្ពុជា​​​​​​ពី​​​ថ្ងៃ​​​ទី​ ២២​​​ ខែ​​​កក្កដា​​​ ឆ្នាំ​​​២០១៤​​​។​​​ REUTERS/Stringer

ក្រុម​អ្នកវិភាគ​បាន​ថ្លែង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​គំរាម​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដល់​ គណបក្ស​សង្គ្រោះ​ជាតិ​និង​អនុប្រធាន​គណបក្ស​នេះ​គឺ​លោក​ កឹម សុខា​ គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​នយោបាយដើម្បី​បំបិទ​ការរិះគន់​មក​លើ​ខ្លួន​ជាជាង​ការ​បញ្ចប់​វប្បធម៌​មួយ​នេះ។​

អ្នកវិភាគ​បាន​ឲ្យ​ដឹង​ដែរ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ គួរ​តែ​មាន​ការ​ប្រយ័ត្ន​ប្រយែងក្នុង​ដំណើរ​ការ​វប្ប​ធម៌​សន្ទនា​នេះ ​ដែល​វា​អាច​ឲ្យ​គណបក្ស​ជំទាស់​មួយ​នេះ​បាត់បង់​សំឡេង​គាំទ្រ​នា​ពេល​បោះឆ្នោត​ខាងមុខ​នោះ។​

​ការ​លើក​ឡើង​នេះ​គឺ​មួយ​ថ្ងៃក្រោយ​ពេល​ដែល​លោក​ហ៊ុន សែន​ព្រមាន​ខ្លាំងៗ​ចំពោះ​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ចោទ​ថា​លោក ​កឹម សុខា ​ប្រើ​ពាក្យ​ «កុម្មុយនិស្ត​ផ្តាច់ការ‍»​ វាយ​ប្រហារ​លើ​បក្ស​នយោបាយ​របស់​លោក​និង​ព្យាយាម​ប្រើ​សង្គ្រាម​ចិត្តសាស្ត្រ​ទៀត​នោះ។​ លោក​គំរាម​ថា​ វប្បធម៌​សន្ទនា​រវាង​គណបក្ស​ទាំង​ពីរ​ នឹង​អាច​បញ្ចប់​ក្នុង​ពេល​ខាង​មុខ​ប្រសិន​បើ​ ការ​រិះគន់​មក​លើ​រូប​លោក​និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ បន្តនោះ។​

​លោក​ ធន សារាយ​ ប្រធាន​សមាគម​អាដហុក​បាន​យល់​ឃើញថា​ ​ការ​លើក​ឡើង​របស់​លោក ​ហ៊ុន សែន​គឺ​គ្រាន់​តែ​ជា​ការ​គំរាម​នោះ​ទេ​ ពីព្រោះ​ដោយសារ​តែ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើ​ពាក្យ​ទិតៀន​ច្រើន​នា​ពេល​កន្លង​មក​នេះ។​

«នោះ​គ្រាន់តែ​ជា​ការ​គំរាម​ទេ។​ ការ​គំរាម​កុំ​ឲ្យ​មាន​ការ​និយាយ​ទិតៀន​មាន​ការ​វាយ​ប្រហារ​អីចឹង ​ពី​ព្រោះ​តាម​មើល​ទៅខាង​គណបក្ស​កាន់អំណាច​លោក​មាន ​ការ​រសើប​ខ្លាំង​ណាស់​ ចំពោះ​ការ​ទិតៀន​ពី​ខាង​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ»។

លោក​បន្ត​ថា​ គណបក្ស​ទាំងពីរ​គួតែ​ធ្វើ​ការ​កំណត់​ថា​តើ​ការរិះគន់​គួរ​មាន​កម្រិត​ណា​ ហើយ​គណបក្ស​ន​យោ​បាយ​កម្ពុជា​គួរតែ​បញ្ឈប់​ការ​ប្រើ​ភាសា​ហិង្សា​និង​ចោទ​គ្នា​ទៅ​វិញ​ទៅមក​នោះ។​

​«ត្រូវ​តែ​មាន​ការ​ជជែក​គ្នា​ក្នុង​ថ្នាក់​ដឹកនាំ​ថា​កុំ​ប្រើ​ភាសា​ប្រើ​ហិង្សា​ដាក់គ្នា។ ហើយ​នឹង​បញ្ហា​ដូច​ថា ​មិន​ជេរ​គ្នា​ ដូចជា​ក្បាល​យួន​ខ្លួន​ខ្មែរ​ ក្បត់​ជាតិ​អី​នឹង​ គួរ​ឈប់​ប្រើ​ទៅ​ ហើយ​ទាំង​នេះ​យើង​អាច​យក​ជា​ព្រំប្រទល់​នៃ​ការ​ដែល​រក្សា​នូវ​វប្បធម៌​នៃ​ការ​សន្ទនា​ដែរ»។​

ស្រប​គ្នា​នោះ​ដែរ​ លោក​ គល់ បញ្ញា​ អ្នកឃ្លាំមើល​ការ​បោះឆ្នោត​ ​និង​ជា​នាយក​ប្រតិបត្តិ​របស់គណៈកម្មាធិការ​ដើម្បី​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ COMFREL​ ​យល់ថា​ការ​ព្រមាន​ចំៗ​របស់​លោក​នាយក​រដ្ឋមន្ត្រី​គឺ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​បំបិទ​មិន​ឲ្យ​មាន​ការ​រិះគន់​មក​លើ​លោក​និង​គណបក្ស​លោក​ច្រើន​ជាង​ការ​បិទ​ការ​សន្ទនា​នេះ​តែ​ម្តង។​ លោក​បាន​បន្ត​ថា​ យុទ្ធ​សាស្ត្រ​បែប​នោះ​គឺ​វា​ផ្ទុយទៅ​នឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ។​

«បើ​ថា​វប្បធម៌​សន្ទនា​នេះ​ខ្ញុំ​យល់​ថា​នៅ​មិន​ទាន់​កើត​ចេញ​ពី​ឆន្ទៈ​ពិតប្រាកដ​នោះ​ទេ​រឿង​នេះ វា​នៅ​ជា​យុទ្ធសាស្ត្រ​នយោបាយ​នៅឡើយ​ទេ​ពេល​នេះ​។​ គួរ​តែ​បញ្ចូល​រឿង​នេះ​ទៅជា​ទស្សនៈ​វិស័យ​និង​ឧត្ដមគតិនៃ​ការ​ដឹកនាំ​វិញ​ទើប​វា​ប្រសើរ។​ បាន​ន័យ​ថា​យើង​មាន​ឆន្ទៈ​ក្នុង​ការ​សន្ទនាទោះ​បី​ជា​ជួប​ឧបសគ្គ​យ៉ាងណាក្តី​ក៏​នៅ​តែ​បន្តដើម្បី​ឲ្យ​គេ​យល់​នូវ​តម្លៃ​ហ្នឹង»។​

លោក​បាន​បន្ត​ថា​ គណបក្ស​ទាំង​ពីរ​គួរ​តែ​បន្ត​វប្បធម៌​នេះ​ទៀត​ដោយ ​បូក​បញ្ចូល​វប្បធម៌​អធ្យាស្រ័យ​គ្នា និង​ធ្វើ​ការ​បង្ហាញ​ឆន្ទៈ​នយោបាយ​ដើម្បី​កសាង​ទំនុក​ចិត្ត​រវាងគ្នានិង​គ្នា​ ជាជាង​ការ​ប្រើ​វប្បធម៌​សន្ទនា​មួយ​នេះ​ធ្វើជា​យុទ្ធសាស្ត្រ​នយោបាយ។

លោក​ធន សារាយ​ និង​លោក​ គល់ បញ្ញា​បាន​យល់ស្រប​គ្នា​ថា​វប្បធម៌​សន្ទនា​នៅ​តែ​មាន​បន្ត​ទៀត​ព្រោះ​ថាភាគី​ទាំង​សងខាង​ត្រូវ​ការ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការទាញ​យកការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​។​ ជាង​នេះ​ទៀត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ចង់​បាន​ការកែ​ទម្រង់​នៃការ​បោះឆ្នោត​នៅកម្ពុជា​មួយ។

​ដោយឡែក​លោក​ កែម ឡី​ អ្នកវិភាគ​និង​ស្រាវជ្រាវ​សង្គម​បាន​បង្ហាញ​ថា​វប្បធម៌​សន្ទនា​មួយ​ដែល​បំបិទ​មិនឲ្យមាន​ការ​រិះគន់​លើ​រដ្ឋាភិបាល ​ដូច​អ្វី​ដែល​គណបក្សមួយ​នេះ​ធ្លាប់​ធ្វើ​ វា​នឹង​អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ​លើ​ផ្លូវ​ខុស​និង​អាច​បាត់បង់​សំឡេង​គាំ​ទ្រ​ពី​ប្រជាពលរដ្ឋ។​

«ការ​ដូរ​វប្បធម៌​ដែល​គាត់​ធ្លាប់​ទទួល​បាន​ជោគជ័យ​មក​ជា​វប្បធម៌​សន្ទនា​តាម​រយៈ​ការ​មិន​រិះ​គន់​រដ្ឋាភិបាល​ខ្ញុំ​យល់​ថា​គឺ​គាត់​កំពុង​តែ​ដើរ​លើ​ផ្លូវ​ខុស​វិញ​ទេ។ ​ប្រសិនជា​គាត់​លង់​នៅ​ក្នុង​ល្បិច​កល​នយោបាយ​របស់​គណបក្ស​កាន់អំណាច​គឺ​គាត់​អាច​ធ្លាក់​ហើយ»។​

​លោក​ យល់ថា​ការ​លើកឡើង​របស់​លោក​ ហ៊ុន សែន ​គឺ​ក្នុង​ន័យ​បំបែក​បំបាក់​លោក​ កឹម សុខា​ និង​លោក​សម រង្ស៊ី​ ពី​គ្នា។​ លើស​ពី​នេះ​ទៀត​ គឺ​កេងយក​ផល​ចំណេញ​និង​ប្រជាប្រិយភាព​របស់​លោក​នោះ​ ទេ ​ជាជាង​ការ​បញ្ចប់​វប្បធម៌​នៃ​ការសន្ទនា​នោះ​ច្រើន​ជាង។​

​គណបក្ស​នយោបាយ​ធំៗ​ទាំងពីរ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិទើប​តែ​មាន​ការ​ស្រុះស្រួល​ផ្នែក​នយោបាយ​ជាមួយ​គ្នា​ក្រោម​ការ​សន្ទនា​និង​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្មី​មួយ​ដែល​មាន​សមាសភាព​គណៈកម្មាធិការ​៩រូបនា​ដើម​ខែ​នេះ។​ ការ​សន្ទនា​នេះ​គឺ​បន្ទាប់​ពី​ការ​ជាប់​គាំង​នយោបាយ​ជិត​១​ឆ្នាំ​ក្រោយ​ពេល​បោះ​ឆ្នោត​នា​ឆ្នាំ​២០១៣៕