ដោយ​បារម្ភ​ពី​អស្ថិរភាព​កាន់តែ​ខ្លាំង មេដឹកនាំ​អារ៉ាប់​ជំរុញ​ឱ្យ​មាន​បទឈប់​បាញ់​និង​​បញ្ចប់​ជម្លោះ​នៅ​ហ្កាហ្សា

រូបឯកសារ៖ ក្រុម​បាតុករ​កំពុង​តវ៉ា​នៅ​ក្នុង​ប្រទេស​ហ៊្សកដានី​​ដើម្បី​គាំទ្រ​ដល់​ប៉ាឡេស្ទីន​នៅ​ក្នុង​ទីក្រុង​អាម៉ាន់ ប្រទេស​ហ៊្សកដានី ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣។

អ្នកវិភាគ​អំពី​តំបន់​មជ្ឈិមបូព៌ា​លោក Nicholas Heras ប្រចាំ​វិទ្យាស្ថាន New Lines Institute for Strategy and Policy នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ថ្លែ​ថា ​រដ្ឋអារ៉ាប់​ដែល​ជា​សម្ពន្ធ​មិត្ត​របស់​អាមេរិក​ពីរ គឺ​អេហ្ស៊ីបនិង​ហ្ស៊កដានី កំពុង​ដើរ​តួ​សំខាន់​នៅ​ក្នុង​ជម្លោះ​រវាង​ប្រទេស​អ៊ីស្រាអែល​និងក្រុម​ហាម៉ាស់។ ប្រទេស​ទាំង​ពីរ​នេះ​មាន​សន្ធិសញ្ញា​សន្តិភាព​យូរ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​ជាមួយ​អ៊ីស្រាអែល និង​មាន «កិច្ចសហប្រតិបត្តិការ​ផ្នែក​ស៊ើបការណ៍​សម្ងាត់ និង​សន្តិសុខ​ជាមួយ​រដ្ឋជ្វីហ្វ​មួយ​នេះ។

ព្រះអង្គម្ចាស់​ Abdullah នៃ​ប្រទេស​ហ្ស៊កដានី​ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken និង​ប្រមុខ​រដ្ឋអារ៉ាប់​ដទៃ​ទៀត។ មេដឹកនាំ​អារ៉ាប់​ទទូច​ឱ្យ​មាន​បទឈប់បាញ់​គ្នា​ជា​បន្ទាន់ ដើម្បីអាច​នាំ​យក​ជំនួយ​ផ្នែក​សុខាភិបាល​និង​មនុស្សធម៌ ទៅ​កាន់​ជនស៊ីវិល​នៅ​តំបន់ហ្កាហ្សា ដែល​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ និង​ការ​បំផ្លិចបំផ្លាញ​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ពី​អ៊ីស្រាអែល​ទៅ​លើ​ក្រុម​ហាម៉ាស់។ សហរដ្ឋ​អាមេរិក​និង​បណ្តា​ប្រទេស G7 ដទៃទៀត បាន​ជំរុញ​ឱ្យ​អ៊ីស្រាអែល​អនុញ្ញាត​ឱ្យ​មាន «ការផ្អាកការ​វាយប្រហារ​បណ្តោះអាសន្ន និង​បើក​ច្រករបៀង​មនុស្សធម៌» ដើម្បី​ឱ្យ​មាន​ការ​ដឹកជញ្ជូន​ជំនួយ និង​ការ​ដោះលែង​ចំណាប់​ខ្មាំង។

​លោក​ Heras បាន​និយាយ​ប្រាប់​វីអូអេ​ថា អេហ្ស៊ីប​ និង​ហ្ស៊កដានី កំពុង​ធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​រវាង​ជម្លោះ​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន និង​ច្រានចោល​រាល់​ចំណាត់ការ​ណា​មួយ​ពី​អ៊ីស្រាអែល ដែល​បង្ខំ​ឱ្យ​ជនប៉ាឡេស្ទីន​ចូល​ទៅ​អេហ្ស៊ីប និង​ហ្ស៊កដានី។

​លោកបាន​ថ្លែង​ថា ការ​ព្រួយបារម្ភ​គឺ​មាន​ជា​ពិសេសសម្រាប់​ហ្ស៊កដានី។

លោក Heras ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «មាន​លទ្ធភាព​ទៅ​រួចដែល​ទាំង​ប្រជាជន​ដែល​នៅ​ស្ងប់ស្ងាត់ និងប្រជា​ជន​ដែលខឹងសម្បា​ នៅ​ក្នុងប្រទេស​ទាំង​ពីរ​នេះ ងាក​មក​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​ពួកគេ។ ប្រទេស​ហ្ស៊កដានី​បានដោះស្រាយ​ដោយ​ផ្ទាល់​ជាមួយ​អ៊ីស្រាអែល។ ប៉ុន្តែបញ្ហា​នេះ​ត្រូវ​បាន​លាតត្រដាង​ឡើង​ផង​ដែរ ពីព្រោះ​មួយ​ភាគ​ធំ​នៃ​ប្រជាជន​នៅ​ហ្ស៊កដានី​មាន​ដើមកំណើត​ជា​ជន​អំបូរ​ប៉ាឡេស្ទីន។ ប្រទេស​ហ្ស៊កដានី​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​ទីសក្ការៈ​អ៊ិស្លាមនានា​នៅ​ទីក្រុង​ហ្ស៊េរុយសាឡិម។ ហ្ស៊កដានី​គឺ​ជាប្រទេស​មួយ ដែល​សូម្បី​តែ​មុន​ពេល​ជម្លោះ​នេះ​បាន​កើតឡើង គឺ​បាន​ស្ថិត​នៅ​ក្នុង​សម្ពាធ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងររួច​ទៅ​ហើយ​ ដែលបាន​នាំ​ឱ្យ​មាន​ការ​កើនឡើង​នូវ​សកម្មជន​ផ្នែក​សង្គម​និង​នយោបាយ»។

រដ្ឋមន្រ្តី​ការបរទេស​ហ៊្សកដានី​លោក Ayman Safadi បាន​ព្រមាន​ថា៖ «តំបន់​នេះ​ទាំង​មូល​កំពុង​លិច​លង់​ចូល​ក្នុង​សមុទ្រ​នៃ​ការ​ស្អប់​គុំកួន ដែល​នឹងកំណត់​ទិសដៅ​សម្រាប់​ជំនាន់​បន្ត​បន្ទាប់»។ លោក​បាន​លើកឡើង​ថា សេណារីយ៉ូក្រោយ​មក​ណា​មួយ ក្រៅ​ពី​អ្វី​ដែលកំពុង​កើតឡើង​នៅ​តំបន់​ហ្កាហ្សា «​នឹង​មិន​ត្រូវ​យក​មក​ពិភាក្សា​នោះ​ទេ លើកលែង​តែបន្ទាប់ពី​សង្រ្គាម​និង​ការ​កាប់សម្លាប់​ត្រូវ​បាន​បញ្ឈប់»។

ប្រទេស​អារ៉ាប៊ីសាអូឌីត​និង​អេមីរ៉ាតអារ៉ាប់រួមបានថ្កោលទោស​ការ​ប្រព្រឹត្ត​របស់​អ៊ីស្រាអែល​នៅ​ក្នុង​សង្រ្គាម​នេះ។

​ប្រទេស​ប៉ារែន​បាន​ផ្តាច់​ទំនាក់ទំនងកិច្ចការ​ជំនួញ​ជាមួយ​អ៊ីស្រាអែល​ ស្រប​ពេល​ដែលហ្ស៊កដានី​និង​តួកគី​បាន​ដក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ចេញ។

លោក Elhan Fakhro អ្នកស្រាវជ្រាវ​ប្រចាំ​កម្មវិធី Middle East Program នៃ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ Chatham House ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ The New York Times ថា៖ «ការ​ខឹងសម្បា​រយៈពេល​វែង​នៅ​ក្នុង​ចំណោម​សាធារណជន​អារ៉ាប់​គឺ​ជា​ការ​បំផុសបំផុល​សម្រាប់​ក្រុម​ជ្រុល​និយម»។ លោក​បាន​បន្ថែម​ថា «តំបន់​ទាំង​មូល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ងាយ​បែកបាក់»។

​លោក Bruce Riedel អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ប្រចាំ​វិទ្យាស្ថាន Brookings នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ប្រាប់​វីអូអេ​ថា៖ «ជម្លោះ​នេះ​បាន​រីកសាយភាយ​ពី​តំបន់​ហ្កាហ្សា​ទៅ​កាន់​តំបន់​ West Bank រួច​ទៅ​ហើយ»។

លោក​ថ្លែង​ថា៖ «អ្វី​ដែល​បាន​ចាប់ផ្តើម​ជា​សង្រ្គាម​មួយ​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា​ឥឡូវ​នេះ​បាន​រីកសាយភាយ​ជា​សង្រ្គាម​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​តំបន់​ West Bank ដែល​នៅ​ទីនោះ អំពើហិង្សា​ភាគច្រើន​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជន​ជ្វីហ្វ ដែល​ទៅ​តាំង​ទីលំ​នៅ។ សម្ពន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ដូចជា ព្រះអង្គ​ម្ចាស់ Abdullah នៃ​ប្រទេស​ហ្ស៊កដានី និងប្រទេសប៉ារែន​កំពុង​មាន​អារម្មណ៍​ថា ខ្លួន​កំពុង​រង​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង។ ពួកគេ​កំពុង​ស្នើ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ​ដើម្បី​ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​វាយប្រហារ​ទៅ​លើ​តំបន់​ហ្កាហ្សា»។

អ្នកស្រី Barbara Leaf ភារធារី​រដ្ឋមន្រ្តី​ការបរទេសសហរដ្ឋ​អាមេរិក​សម្រាប់​កិច្ចការ​នៅ​ជិត​តំបន់ភាគ​បូព៌ា បាន​និយាយ​ថា៖ «ខ្ញុំ​សូម​និយាយ​ដោយ​ស្មោះត្រង់​ថា ជម្លោះ​នេះបាន​ជំរុញ​ឱ្យ​មាន​ភាព​ខឹងសម្បា​ពី​សាធារណជន​ទៅ​លើ​អ៊ីស្រាអែល​យ៉ាង​ខ្លាំង និង​មក​លើ​ពួកយើង។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​ប្រឈម​មុខ​ដោះស្រាយ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា