អ្នក​វិភាគ៖ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​លើក​ទី​១០ ធ្វើ​ឱ្យ​អំណាច​សភា​កម្ពុជា«កាន់​តែ​ចុះ​ខ្សោយ»

រូប​ឯកសារ៖ ទិដ្ឋភាព​ទូទៅ​នៃ​សម័យ​ប្រជុំ​មួយ​របស់​រដ្ឋសភា​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២១។ (AFP/រូប​ផ្តល់​ឱ្យ​ដោយ​រដ្ឋសភា​កម្ពុជា)

ការ​ស្នើ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​លើក​ទី​ ១០ ​នេះ ដែល​ត្រូវ​បាន​គណៈ​រដ្ឋមន្រ្តី​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន សម្រេច​អនុម័ត​កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០២២​ នាំ​ឲ្យ​មាន​ការ​ជជែក​វែក​ញែក​ថា​ តើ​ការ​កែ​ប្រែ​ច្បាប់​កំពូល​របស់​ជាតិ​នេះ​បម្រើ​ដល់​ឧត្តម​ប្រយោជន៍​ជាតិ ហើយ​ថា​ តើ​មាន​ភាព​ចាំ​បាច់​កម្រិត​ណា ដែល​ឈាន​ទៅ​ដល់​ការ​ធ្វើ​វិសោធន​កម្ម​នេះ។

អ្នក​វិភាគ និង​អ្នក​តាម​ដាន​នយោបាយ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា យល់​ថា ​ខ្លឹម​សារ​ដែល​ស្នើ​កែ​ប្រែ​ដោយ​រដ្ឋាភិបាល នឹង​ធ្វើ​ឲ្យ​អំណាច​រដ្ឋ​សភា​កាន់​តែ​ចុះ​ខ្សោយ ហើយ​គណបក្ស​កាន់​អំណាច​កាន់​តែ​មាន​អំណាច​ថែម​ទៀត។

លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ វិភាគ​ថា ​ខ្លឹម​សារ​នៃ​ការ​ស្នើ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រសួង​យុត្តិធម៌ នឹង​ធ្វើ​ឱ្យ​អំណាច​សភា រឹត​តែ​អន់​ខ្សោយ ខណៈ​អំណាច​របស់​គណបក្ស​កាន់​អំណាច កាន់​តែ​កើន​ឡើង​ ជាពិសេស​ពាក់​ព័ន្ធ​ជាមួយ​អំណាច​របស់​តំណាងរាស្រ្ត​ក្នុង​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​មក​សួរ​នាំ​ ឬ​ស្តី​បន្ទោស​ និង​ការ​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី បន្ទាប់​ពី​គណបក្ស​ណា​មួយ​ឈ្នះ​ការ​បោះ​ឆ្នោត។

សាស្ត្រាចារ្យ​រូប​នេះ​បន្ថែម​ថា​ កាល​ណា​អំណាច​សភា​ធ្លាក់​ចុះ តុលាការ​នឹង​កាន់​តែ​បាត់​បង់​ឥទ្ធិពល​របស់​ខ្លួន ព្រម​ទាំងមិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ប្រជា​ពល​រដ្ឋ​បាន​ទេ។

លោក​បញ្ជាក់​ថា៖ «អ៊ីចឹង​មិន​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​នៅ​ក្នុង​ការ​ផ្តល់​យុត្តិធម៌​ជូន​ប្រជាពល​រដ្ឋ​ទេ​ ហើយ​នីតិបញ្ញត្តិ​ក៏​មិន​អាច​ធ្វើ​ ឬ​ក៏​ដើរ​តួនាទី​បាន​ពេញលេញ​ ឬក៏​សកម្ម​ដូច​មុន មាន​ឥទ្ធិពល​ដូច​មុន​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​សេច​ក្តី​ត្រូវ​ការ​របស់​ពល​រដ្ឋ​បាន​ច្រើន​ដែរ»។

លោក​ ឯម សុវណ្ណារ៉ា ស្នើ​ឱ្យ​រដ្ឋាភិបាលធ្វើ​វិសោ​ធន​កម្ម​ច្បាប់ ដើម្បី​ធានា​នូវ​ឯករាជ្យ​ភាព​របស់​តុលាការ និង​សភា​វិញ ដែលជា​ធាតុ​ដ៏​សំខាន់​នៅ​ក្នុង​ដំណើរ​ការ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា។

បើ​តាម​ខ្លឹម​សារ​បច្ចុប្បន្ន​នៃ​រដ្ឋធម្មនុញ្ញ ការ​កោះ​ហៅ​រដ្ឋមន្រ្តី​មក​សាកសួរ​នៅ​ក្នុង​រដ្ឋសភា​ត្រូវ​ធ្វើ​ឡើង​ក្នុង​សំឡេង​តំណាង​រាស្រ្ត​ ៣០ ​នាក់​នៃ​តំណាងរាស្រ្ត​សរុប។ ប៉ុន្តែ​ខ្លឹម​សារ​ថ្មី​ដែល​ចង់​កែ​ប្រែ​ចែង​ថា ការ​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​ការ​សំឡេង​មួយ​ភាគ​បី​ គឺ​ស្មើ​ ៤២​ នាក់ ​នៃ​តំណាង​រាស្រ្ត​សរុប​ដែល​បច្ចុប្បន្ន​មាន​ចំនួន​ ១២៥ ​នាក់។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត​ មាស នី លើក​ឡើង​ថា ​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​លោក​ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ដែល​ស្នើ​ដោយ​រដ្ឋាភិបាល គឺ​នៅ​ចំ​ពេល​ដែល​រដ្ឋ​សភា​ដឹក​នាំ​ដោយ​គណបក្ស​តែ​មួយ ដែល​មិន​អាច​មាន​ការ​ជជែក​គ្នា​ផុល​ផុស​ពី​សំណាក់​តំណាង​រាស្រ្ត​នៅ​ក្នុង​រដ្ឋសភា ដើម្បី​បង្ហាញ​មតិ​ចម្រុះ។

លោក​ថ្លែង​ថា៖ «សម្រាប់​ខ្ញុំ​គ្រាន់​តែ​មាន​សំណួរ​ខ្លះ​ទៅ​លើ​រឿង​ថា​ តើ​ទី​ ១ ​គុណ​ភាព​នៃ​ការ​ជជែក​គ្នា​ហ្នឹង ​បាន​ស៊ី​ជម្រៅ​ប៉ុណ្ណា​ ហើយ​តើ​ក្រុម​អ្នក​បច្ចេកទេស​ខាង​ច្បាប់​ហ្នឹង​តើ​បាន​ជជែក​គ្នា​ដោយ​ឯករាជ្យ ដោយ​មិន​មាន​ឥទ្ធិពល​ពី​អ្នក​នយោបាយ​កម្រិត​ប៉ុណ្ណា»។

អ្នក​វិភាគ​រូប​នេះ​ក៏​អះអាង​ថា​ ករណី​ដែល​រដ្ឋសភា​ហៅ​រដ្ឋមន្ត្រី ​ឬ​ក៏​មន្រ្តី​រដ្ឋាភិបាល​ទៅ​សួរ​នាំ​ពី​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​ឡើង​ គឺ​កម្រ​មាន​ណាស់ ជាពិសេស​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​មិន​មាន​តែ​ម្តង ក្រោយ​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក មាស នី បន្ថែម​ថា​ ទោះ​បី​ផ្លាស់​ប្តូរ​មាត្រា​នៃ​រដ្ឋ​ធម្ម​នុញ្ញ ដោយ​ប្តូរ​ពី​ ៣០​ នាក់​ទៅ​ ៤២ ​នាក់​ក្នុង​ចំណោម​តំណាង​រាស្ត្រ ក្នុង​ការ​កោះហៅ​មន្ត្រី​ណា​មួយ​មក​សួរ​នាំ ក៏​វា​មិន​មាន​អ្វី​ខុស​គ្នា​ដែរ។

លោក​បណ្ឌិ​ត មាស នី​ យល់​ថា​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ​នា​ពេល​នេះ បង្ក​ឱ្យ​គណបក្ស​កាន់​អំណាច កាន់​តែ​មាន​ឥទ្ធិពល​កាន់​តែ​ច្រើន​ ដែល​នាំ​ឱ្យបាត់​តុល្យភាព​រវាង​អំណាច​រដ្ឋ​ទាំង​បី។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​កុំ​ព្យាយាម​ពន្លឿន​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ ដើម្បី​ចៀស​ពី​ការ​សង្ស័យ​ ក៏​ដូច​ជា​ការរិះ​គន់ អំឡុង​ពេល​ដែល​បរិយាកាស​នយោបាយ​មិន​ទាន់​អំណោយ​ផល។

ក្នុង​ពេល​ដែល​មិន​មាន​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋសភា រដ្ឋធម្មនុញ្ញ​កម្ពុជា​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម កាល​ពី​ខែ​តុលា ឆ្នាំ​ ២០២១ ដោយ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​ប្រធាន​រដ្ឋសភា ប្រធាន​ព្រឹទ្ធសភា នាយក​រដ្ឋ​មន្ត្រី និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ចុង​ក្រោយ​នេះ​ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ត្រូវ​បាន​មើល​ឃើញ​ថា​ ជា​គោល​ដៅ​ប្រឆាំង​នឹង​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង ដែល​មាន​សញ្ជាតិ​ខ្មែរ និង​បារាំង។

រូបឯកសារ៖ តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជា ទាំង១២៥រូប ថតរូបអនុស្សាវរីយ៍ជាមួយ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី នៅ ក្នុងសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធទី០៥ កញ្ញា ឆ្នាំ ២០១៨។ (ទុំ ម្លិះ/វីអូអេ)

អ្នក​ស្រាវជ្រា​វនៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់​វីអូអេ​ថា​ ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នា​ពេល​នេះ ហាក់​បង្កើន​ឥទ្ធិពល និង​អំណាច​របស់​គណបក្ស​កាន់​អំណាច​ ពោល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​អំណាច​រដ្ឋសភា​មាន​ការ​អន់​ថយ។

អ្នកស្រាវ​ជ្រាវ​រូប​នេះ​យល់​ឃើញ​ថា​ អំណាច​សភា​ខ្សោយ នាំ​ឱ្យ​បាត់​បង់​ធាតុ​ដើម​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុងប្រទេស​កម្ពុជា គ្រា​កម្ពុជា​ប្រកាន់​យក​លទ្ធិ​ប្រជាធិ​បតេយ្យ ​សេរី​ ពហុបក្ស​បែប​សភា​និយម ហើយ​សមាជិក​សភា​តំណាង​ឱ្យ​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ និង​ប្រយោជន៍​ជាតិ​ទាំង​មូល មិន​មែន​ប្រយោជន៍​គណបក្ស​នោះ​ទេ។

លោក​ថ្លែង​ថា៖ «វា​ធ្វើ​ឱ្យ​បាត់​បង់​តុល្យភាព ឬ​ក៏​គោលការណ៍​ដើម​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ផង​ដែរ ដោយ​សារ​កម្ពុជា​យើ​ង​ប្រកាន់​យក​របប​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស ហើយ​យក​របប​សភា​ជា​ធំ ហើយ​សភា​ហ្នឹង តំណាង​ឱ្យ​អំណាច​របស់​ប្រជាពល​រដ្ឋ»។

បើ​យោង​តាម​សេចក្តី​ព្រាង​ធម្មនុញ្ញ ត្រង់​មាត្រា​ ១១៩ អត្ថន័យ​ក៏​ត្រូវ​បាន​ស្នើ​កែ​ប្រែ ដោយ​លុប​ចោល​ឃ្លា​ពាក់​ព័ន្ធ​នឹង​ការ​ស្នើ​ពី​ប្រធាន ដោយ​មាន​មតិ​ឯកភាព​ពី​អនុ​ប្រធាន​ទាំង​ពីរ​នៃ​រដ្ឋសភា ក្នុង​ការ​ស្នើ​តំណាង​រាស្ត្រ​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ឲ្យ​បង្កើត​រដ្ឋាភិបាល។ មាត្រា​ថ្មី​ចែង​ថា​តាម​សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា ព្រះមហាក្សត្រ​ចាត់​តាំង​វរជន​មួយ​រូប​ជា​នាយក​រដ្ឋមន្ត្រី​ ឲ្យ​បង្កើត​រាជ​រដ្ឋាភិបាល។ សេចក្តី​ស្នើ​ពី​គណបក្ស​ដែល​មាន​អាសនៈ​ច្រើន​ជាង​គេ​ក្នុង​រដ្ឋសភា​នេះ ត្រូវ​ចម្លង​ជូន​ប្រធាន​រដ្ឋសភា។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ រដ្ឋ​ធម្មនុញ្ញ​នា​ពេល​បច្ចុប្បន្ន មាន​លក្ខណៈ​ល្អ​គ្រប់​គ្រាន់​ហើយ មិន​មាន​អ្វី​ត្រូវ​ធ្វើ​វិសោធកម្ម​ទៀត​ឡើយ ពាក់ព័ន្ធ​ជាមួយ​ការ​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី។ អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បន្ត​ថា ​រដ្ឋាភិបាល​គួរ​តែ​ខិតខំ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​ស្ថាប័ន​រដ្ឋ ដើម្បី​ធានា​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ប្រកប​ដោយ​គុណភាព​វិញ។

លោក​ថ្លែង​ថា៖ «វា​គួរ​តែ​ខិតខំ​គិត​គូរ​អំពី​ការ​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ ការ​ពង្រឹង​ស្ថាប័ន​ជាតិ​របស់​យើង​ឱ្យ​ដំណើរ​ការ​ទៅ​ ប្រព្រឹត្ត​ទៅ​ដើម្បី​ធានា​សេវា​ល្អ​ត្រឹម​ត្រូវ​ជូន​ពលរដ្ឋ»។​

ទោះ​ជា​យ៉ាង​ណា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ បាន​ថ្លែង​ការ​ពារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​ស្នើ​កែ​ប្រែ​នេះ គឺដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ និង​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ។

លោក​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា៖ «មិន​មែន​រឿង​កែ​រដ្ឋធម្មនុញ្ញ​នេះ​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ដឹក​នាំ​ប្រទេស​ជាតិ​ទេ គឺ​រឿង​ការ​បោះ​ឆ្នោត​នោះ​ទេ នៅ​ក្នុង​របប​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស។ ហើយ​រដ្ឋធម្មនុញ្ញ​ក៏​គ្មាន​កន្លែង​ណា​មួយ​សរសេរ​ថា​ កែ​រដ្ឋធម្មនុញ្ញ​ដាក់​ថា​គណបក្ស​ណា​មួយ​ត្រូវ​បន្ត​ដឹកនាំ​ប្រទេស​ឯ​ណា គឺ​អត់​មាន​ទេ»។

គួរ​បញ្ជាក់​ថា មាត្រា​ដែល​ត្រូវ​ធ្វើ​វិសោធន​កម្ម​ចុង​ក្រោយ​នេះ​ រួម​មាន​មាត្រា​ ១៩​ ថ្មី​ (មួយ) មាត្រា​ ៨៩ មាត្រា​ ៩៨ ​ថ្មី មាត្រា​ ១០២​ ថ្មី ​មាត្រា​ ១១៩​ ថ្មី​(មួយ) និង​មាត្រា​ ១២៥​ ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណាច​ក្រ​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ព្រាង​ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​ក្រសួង​យុត្តិធម៌។

សេចក្តី​ព្រាង​ច្បាប់​កែ​រដ្ឋធម្មនុញ្ញ​ក៏​រួម​ទាំង​មាត្រា​ថ្មីពីរទៀត គឺ​មាត្រា​ ៣ ​ថ្មី និង​មាត្រា​ ៤ ​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ។ បច្ចុប្បន្ន​នេះ សេចក្តី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចុងក្រោយ​នេះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋសភា ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ទៀត៕