ប្រទេសឡាវទំនងនឹងមិនអាចសងបំណុលទាំងអស់របស់ខ្លួន ដែលភាគច្រើនជាបំណុលជំពាក់ប្រទេសចិននោះទេ។ ចិនបានក្លាយជាអ្នកផ្តល់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬស្ថាប័នអន្តរជាតិដទៃទៀត។ នេះបើយោងទៅតាមក្រុមអ្នកវិភាគ។
នៅពេលរដ្ឋាភិបាលឡាវដល់ថ្ងៃត្រូវបង់បំណុលរបស់ខ្លួន តើកិច្ចចរចាឡើងវិញរវាងចិន និងឡាវនឹងមានឥទ្ធិពលយ៉ាងណាទៅលើអំណាចកាន់តែរីកធំឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងទៅលើប្រទេសឡាវ? សំណួរនេះក៏ជាផ្នែកមួយនៃបញ្ហាដ៏ធំទូលាយជាងនេះក្នុងបរិបទឥទ្ធិពលរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
ប្រទេសឡាវកំពុងប្រឈមនឹងហានិភ័យខ្ពស់រួចទៅហើយចំពោះអ្វីដែលក្រុមអ្នកវិភាគហៅថា «បន្ទុកបំណុល» មុនពេលមានការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណា ហើយបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ នឹងបង្កើនហានិភ័យក្នុងការស្នើសុំកម្ចីបរទេសបន្ថែមទៀត។
កាលពីខែឧសភាកន្លងទៅនេះ ទីភ្នាក់ងារ Fitch Ratings បានទម្លាក់ស្ថានភាពសេដ្ឋកិច្ចប្រទេសឡាវពីកម្រិត «ស្ថិរភាព» ទៅ «អវិជ្ជមាន» ដោយផ្អែកមួយភាគធំទៅលើលទ្ធភាពថាតើឡាវអាចសងកម្ចីបរទេសរបស់ខ្លួនបានឬទេ បន្ទាប់ពីមានវិបត្តិជំងឺកូវីដ១៩។
គេអាចមើលឃើញពីហានិភ័យនៃលទ្ធភាពមិនអាចបង់ថ្លៃបំណុលបានរបស់ឡាវតាមរយៈទិន្នន័យ។ បំណុលដែលឡាវជំពាក់ចិនមានប្រហែល ៤៥ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់បណ្តាប្រទេសផ្សេងៗ ដែលមានទំហំតូចជាងឡាវ ហើយនេះជាអត្រាខ្ពស់ជាងគេបង្អស់មួយនៅក្នុងចំណោមប្រទេសនានា ដែលត្រូវបានដាក់បញ្ចូលនៅក្នុងរបាយកាណ៍វិភាគប្រចាំឆ្នាំ ២០១៩ ដោយវិទ្យាស្ថានស្រាវជ្រាវ Lowy ដែលជាក្រុមស្រាវជ្រាវមួយរបស់អូស្ត្រាលី។
លោក Rajiv Biswas សេដ្ឋវិទូផ្តោតលើតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុនស្រាវជ្រាវ IHS Markit មានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយថា៖ «ប្រទេសឡាវបានគៀងករបំណុលបរទេសជាច្រើននៅក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ពាក់ព័ន្ធនឹងគម្រោងវារីអគ្គិសនីថ្មីៗ និង សំណង់ហេដ្ឋារចនាសម្ព័ន្ធក្រោមគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់ចិន (Belt and Road Initiative)»។ នៅក្នុងបទសម្ភាសន៍ជាមួយ VOA លោក Biswas ក៏បាននិយាយផងដែរថា ការណ៍នេះ «បានបង្កើននូវបន្ទុកលើការសងបំណុលសម្រាប់ប្រទេសឡាវនៅក្នុងរយៈពេលមធ្យមសម្រាប់ពេលខាងមុខផងដែរ»។
គម្រោងវារីអគ្គិសនី និងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ដែលមានតម្លៃប្រមាណ ៥០០ ពាន់លានដុល្លារ ជាផ្នែកមួយនៃផែនការរបស់ចិននៅក្នុងការពង្រឹងទំនាក់ទំនងជាមួយនឹងបណ្តាប្រទេសមួយចំនួនតាមរយៈហេដ្ឋារចនាសម្ព័ន្ធ។ គម្រោងផ្តួចផ្តើមនេះនឹងផ្សារភ្ជាប់ចិនទៅនឹងអឺរ៉ុប អាហ្វ្រិក និងតំបន់ដទៃទៀតនៅអាស៊ី។ ស្របពេលដូចនេះដែរ មានការព្រួយបារម្ភពាក់ព័ន្ធនឹងទំហំបំណុលដែលប្រទេសមួយចំនួននឹងរ៉ាប់រងពាក់ព័ន្ធនឹងការវិនិយោគគម្រោងនេះ។ ចំណែកឯចិនបាននិយាយថា មិនមានលក្ខខណ្ឌណាមួយផ្សារភ្ជាប់ទៅនឹងការវិនិយោគ និងកម្ចីរបស់ខ្លួននោះទេ។
ភូមិសាស្ត្រនយោបាយ
ទីភ្នាក់ងារវាយតម្លៃ Fitch បានប៉ានប្រមាណថា ឡាវមានទុនបម្រុងអន្តរជាតិប្រមាណ១ពាន់លានដុល្លារ និងបន្ទុកបំណុលបរទេសដែលត្រូវបង់ប្រមាណ ៩០០លានដុល្លារទៀតនៅឆ្នាំនេះ។ ទីភ្នាក់ងារ Fitch ក៏បានព្យាករណ៍ថា ប្រាក់ចំណូលរដ្ឋរបស់ឡាវនឹងថយចុះប្រមាណ ២៥ភាគរយ។ ទីភ្នាក់ងារនេះបានបន្តថា ប្រសិនបើឡាវមិនអាចបង់បំណុលតាមកាលកំណត់នោះទេ ប្រទេសផ្តល់កម្ចីនានា ដែលក្នុងនោះចិនជាប្រទេសផ្តល់កម្ចីមួយភាគធំ នឹងអត់ឱនឲ្យឡាវ ឬជួយបង់ថ្លៃបំណុលនោះ ជាមួយនឹងប្រាក់កម្ចីថ្មី។
ទីភ្នាក់ងារ Fitch បានឲ្យដឹងថា៖ «ការគិតគូរពិចារណាលើភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចទំនងនឹងជំរុញឲ្យមានជាកម្ចីទ្វេភាគីបន្ថែមទៀត ឬជំនួយសម្រាលបំណុល នៅពេលមិនមានការផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ពីប្រភពដទៃទៀត [សម្រាប់ប្រទេសឡាវ]»។
គេនៅតែមិនទាន់ច្បាស់ថា រដ្ឋាភិបាលក្រុងប៉េកាំងចង់បានអ្វីឲ្យប្រាកដនោះទេ ជាថ្នូរនឹងអំពើសប្បុរសរបស់ខ្លួន។
សហរដ្ឋអាមេរិកព្រួយបារម្ភថា ចិនមានបំណងក្លាយជាប្រទេសមានអំណាចខ្លាំងមួយលើបណ្តាប្រទេសសមាជិកអាស៊ានទាំង១០។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានធ្វើការប្រជុំជាវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានកាលពីខែមេសា ដោយបានព្រមានថា ចិនកំពុងតែពង្រីកដែនដីចូលទៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ពន្លិចទូកនេសាទរបស់វៀតណាមនៅឆ្នាំនេះ និងសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេគង្គ ដែលអាចដាក់កំហិតទៅលើមច្ឆាជាតិនិងដីសណ្តដែលហូរចុះមកកាន់ប្រទេសឡាវ កម្ពុជា ថៃ និងវៀតណាម។
លោក Pompeo បាននិយាយថា៖ «សហរដ្ឋអាមេរិកប្រឆាំងជាដាច់ខាតទៅនឹងការយាយីរបស់ចិន។ យើងសង្ឃឹមថា បណ្តាប្រទេសដទៃទៀតនឹងធ្វើឲ្យចិនទទួលខុសត្រូវផងដែរ»។
អ្នកផ្តល់កម្ចីធំបំផុតនៅលើពិភពលោក
ចិននិងសហរដ្ឋអាមេរិកកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយនឹងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងវិស័យផ្សេងៗចាប់ពីភូមិសាស្ត្រនយោបាយ រហូតដល់ផ្នែកពាណិជ្ជកម្ម។ ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាផ្សេងៗដូចជា ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Google កំពុងប្រជែងគ្នាជាមួយនឹងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Alibaba របស់ចិន ដើម្បីចាប់យកអតិថិជននៅតំបន់នេះ។
នៅក្នុងការទិញដូរផ្នែកអាជីវកម្មធំបង្អស់មួយ ក្រុមហ៊ុន Facebook និងក្រុមហ៊ុន Paypal ដែលក្រុមហ៊ុនទាំងពីរមានមូលដ្ឋាននៅរដ្ឋ Calfornia បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនអ្នកដំណើរឈ្មោះ Gojek នៅប្រទេសឥណ្ឌូណេស៊ី ខណៈដែលក្រុមហ៊ុននេះមានការវិនិយោគរួចមកហើយពីក្រុមហ៊ុនបច្ចេកវិទ្យាឈ្មោះ Tencent ពីប្រទេសចិន។
ការផ្តល់ហិរញ្ញប្បទានលើផ្នែកហេដ្ឋារចនាសម្ព័ន្ធគឺជាការជះឥទ្ធិពលមួយផ្នែកផ្សេងទៀត ដែលចិនកំពុងធ្វើតាមរយៈគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ហើយចំណែកឯសហរដ្ឋអាមេរិកវិញគឺ តាមរយៈគម្រោងចំណាយនៅ «តំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។ យ៉ាងណាក៏ដោយ ការផ្តល់ប្រាក់កម្ចីពីសំណាក់ប្រទេសចិននៅតែមានខ្ពស់ជាងសហរដ្ឋអាមេរិកច្រើន។ កាលពីឆ្នាំមុន វិទ្យាស្ថាន Kiel នៅអាល្លឺម៉ង់ បានសិក្សាលើទិន្នន័យនិងបានសន្និដ្ឋានថា រដ្ឋាភិបាលក្រុងប៉េកាំងបានក្លាយជាអ្នកផ្តល់កម្ចីធំជាងគេបង្អស់ ដោយមានលើសពីស្ថាប័នអន្តរជាតិនានាដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកជាដើម។ វិទ្យាស្ថាននេះបានបន្តថា ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសផ្សេងៗពីប្រទេសចិន «បានកើនឡើង១០ដង ចាប់ពីចំនួនតិចជាង ៥០០ពាន់លានដុល្លារទៅដល់ជាង៥លានលានដុល្លារអាមេរិក»។
លោក Jonathan Stromseth អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន Brookings បាននិយាយថា ឡាវគឺជាប្រទេសដែលមានបន្ទុកបំណុលច្រើនជាងគេបង្អស់មួយនៅក្នុងចំណោមបណ្តាប្រទេសដែលជំពាក់បំណុលចិន។ ហើយអ្វីដែលចិនទទួលបានពីទំនាក់ទំនងទ្វេភាគីជាមួយឡាវ គឺមានដូចជា រដ្ឋាភិបាលក្រុងវៀងចន្ទន៍ជំទាស់នឹងវិធានការជារួមរបស់អាស៊ាននៅតំបន់សមុទ្រចិនខាងត្បូង ការផ្សារភ្ជាប់ផ្លូវរថភ្លើងពីចិនទៅឡាវ និងចុងក្រោយ ការផ្សារភ្ជាប់ផ្លូវរថភ្លើងទៅកាន់ប្រទេសជិតខាងនឹងប្រទេសឡាវ។ កម្ពុជានិងឡាវគឺជាប្រទេសដំបូងគេ ដែលបានចុះហត្ថលេខាគាំទ្រលើផែនការទស្សនៈវិស័យនៅក្នុងតំបន់របស់ចិន «សហគមន៍មួយ ជោគវាសនាតែមួយ»។
លោក Jonathan Stromseth បានថ្លែងនៅក្នុងរបាយការណ៍កាលពីខែវិច្ឆិកាឆ្នាំមុនថា «ចិនកំពុងតែចូលពាក់ព័ន្ធយ៉ាងខ្លាំងទៅក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍»។
លោក Stromseth បានលើកឡើងថា ឧទាហរណ៍ រួមមាន ចិនបានដាក់បញ្ចូលបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍សម្រាប់ទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺននានា ក៏ដូចជា ការអំពាវនាវឲ្យពលរដ្ឋចិនចំណាកស្រុកនៅក្នុងតំបន់នេះឲ្យដើរតួជាស្ពានទំនាក់ទំនងការទូត។ លោកបានបន្ថែមថា «ចិនបានពង្រឹងសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសគោលដៅនានា ដើម្បីជះឥទ្ធិពលទៅលើសមិទ្ធផល និងមតិសាធារណជននៅប្រទេសទាំងនោះ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្ត្របញ្ញា