អ្នក​វិភាគ​ថា​ទស្សនកិច្ច​១០​ថ្ងៃ​របស់​ប្រេសិត​អ.ស.ប.​អាច​ជួយ​បញ្ចុះ​កម្តៅ​នយោបាយ​បាន​ខ្លះ

រូបឯកសារ៖ លោកស្រី​រ៉ូណា ស្មីត​ អ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ​ថ្លែងការណ៍ក្នុង​សន្និសីទសារព័ត៌មានអំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នា​ឱកាស​ចុងបញ្ចប់​បេសកកម្ម​នៅ​ការិយាល័យ​ទីភ្នាក់ងារ​អ.ស.ប.ទទួល​បន្ទុក​ខាង​ជន​ភៀស​ហៅ​កាត់ថា​ UNHCR ​នាទីក្រុងភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៏​ទី​៣១​ខែមិនា​នេះ។

មន្ត្រី​សិទ្ធិ​មនុស្ស​​ និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​មក​ទស្សនកិច្ច​របស់​លោក​ស្រី​ Rhona Smith ​មក​កាន់​ប្រទេស​កម្ពុជា​ អាច​រួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ ដែល​កំពុង​យ៉ាប់​យឺន​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​ Rhona Smith (រ៉ូណា ស្មីត) អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​លើក​ទី៣​ ចាប់​ពី​ថ្ងៃ​ច័ន្ទ​នេះ​ទៅ។​ មន្ត្រី​សិទ្ធិមនុស្ស​ និង​អ្នកវិភាគ​ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​នឹង​មាន​ឥទ្ធិពល​មួយ​ចំនួន​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ដែល​ពួក​គេ​យល់​ថា​ កំពុង​ស្ថិត​ក្នុង​ដំណើរ​ថយ​ក្រោយ​មួយ។

មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​មក​ទស្សនកិច្ច​របស់​លោក​ស្រី​ Rhona Smith ​មក​កាន់​ប្រទេស​កម្ពុជា​ អាច​រួមចំណែក​ដល់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​ ដែល​កំពុង​យ៉ាប់​យឺន​ខ្លាំង​ក្នុង​ប្រទេស​កម្ពុជា។

ពួកគេ​និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​ ក៏​ត្រូវ​តែ​ខិតខំ​ធ្វើ​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​របស់​ខ្លួន​ ដើម្បី​បញ្ចៀស​ការ​ដាក់​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ​ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ប្រយោជន៍​ប្រជារាស្ត្រ​ខ្មែរ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ការិយាល័យ​ឧត្ដមស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ UNHRC ​បាន​ឲ្យ​ដឹង​ថា​ លោក​ស្រី​ Rhona Smith អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​មក​កាន់​ប្រទេស​កម្ពុជា​ពី​ថ្ងៃ​ទី​១០​ ដល់​ថ្ងៃ​ទី​២០​ ខែ​តុលា​ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​នយោបាយ​ទូទៅ​ និង​ទិដ្ឋភាព​ផ្សេងៗ​នៃ​ការ​រើសអើង។

លោកស្រី​ Rhona Smith ​សាស្ត្រាចារ្យ​ផ្នែក​នីតិ​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ចក្រភព​អង់គ្លេស ត្រូវ​បាន​ដកស្រង់​សម្តី​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​នឹង​ផ្តោត​ដំណើរការ​បេសកកម្ម​នេះ​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​សិទ្ធិ​មនុស្ស​ និង​លើ​ការ​តាមដាន​អនុវត្ត​អនុសាសន៍​នានា​ដែល​បាន​ផ្តល់​ជូន​រដ្ឋាភិបាល។​ ខ្ញុំ​មាន​បំណង​បន្ត​ធ្វើ​ការ​ពិនិត្យ​លើ​ប្រធានបទ​នៃ​ការ​រើសអើង​ ដោយ​ចំណុច​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​នា​ពេល​នេះ​ គឺ​ការ​វាយ​តម្លៃ​អំពី​សិទ្ធិ​ក្រុម​ជន​ភាគតិច​ ជាតិពន្ធុ​ និង​ក្រុម​បាត់បង់​ឱកាស»។

នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ស្រី​នឹង​ជួប​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេងៗ​ រួម​ទាំង​សមាជិក​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​ ព្រម​ទាំង​តំណាង​មកពី​សង្គម​ស៊ីវិល​ និង​សហគមន៍​អ្នក​ការទូត។​ លោក​ស្រី​ក៏​នឹង​ធ្វើ​ទស្សនកិច្ច​ផង​ដែរ​ នៅ​តាម​បណ្តា​ខេត្ត​នានា​ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់។

លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ រំពឹង​ថា​ លោកស្រី​នឹង​អាច​ជួយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​ឡើង​វិញ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​លោក​យល់​ថា​ កំពុង​មាន​សភាព​អាក្រក់​ ដោយសារ​ការ​ធ្វើ​ទុក្ខ​បុកម្និញ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​មក​លើ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​ ជន​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ ការ​រឹតត្បិត​សិទ្ធិ​ក្នុង​ការ​ប្រមូល​ផ្តុំ​បញ្ចេញ​មតិ។

លោក​ថ្លែង​ថា៖

«យើង​សង្ឃឹម​ថា​ ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​នឹង​អាច​មាន​ផល​វិជ្ជមាន​មួយ​សម្រាប់​អនាគត ​ក្រោយ​ពី​ការ​ជួប​រវាង​អ្នកស្រី​ជាមួយ​នឹង​មន្ត្រី​ ឬ​ក៏​ប្រមុខ​រដ្ឋាភិបាល​នោះ​បាទ»។

លោក​ប្រាប់​ VOA ​បន្ថែម​ថា​ ក្រៅ​ពី​ការ​រួម​ចំណែក​របស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​រូប​នេះ នៅ​ក្នុង​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល​ឡើង​វិញ​នៃ​ស្ថានភាព​សិទិ្ធ​មនុស្ស​ដែល​កំពុង​ធ្លាក់​ចុះ​នោះ​ អ្នក​នយោបាយ​ខ្មែរ​ត្រូវ​រួមគ្នា​ពន្លត់​ជម្លោះ​នយោបាយ​ ដែល​អាច​នឹង​ជួយ​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​បាន​ឆាប់​រហ័ស។
នៅ​ឯ​មហា​សន្និបាត​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អ.ស.ប.​ កាល​ពី​ខែ​កញ្ញា ​លោក​ស្រី ​ស្មីត ​បាន​ប្រើ​ប្រាស់​វេទិកា​នេះ ដើម្បី​និយាយ​រិះ​គន់អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​បូក​រួម​ទាំង​ក្ដី​ក្ដាំ​នៅ​តុលាការ​ដែល​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​អ្នក​ជំទាស់ ​និង​សង្គម​ស៊ីវិល ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នយោបាយ ​និង​សង្គ្រាម​វោហាស័ព្ទ​រវាង​មេដឹកនាំ​នយោបាយ។

លោក ​មាស​ នី​ អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ទស្សនកិច្ច​របស់​អ្នករាយការណ៍​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ អាច​មាន​ចំណែក​តូច​មួយក្នុង​ការ​ធ្វើឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា។​ លោក​ថា​ ប្រសិន​បើ​ចង់​ឲ្យ​មាន​ការ​លុប​បំបាត់​ចោល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ រដ្ឋាភិបាល​កម្ពុជា​មាន​តួនាទី​ចម្បង​មួយ​ក្នុង​កិច្ចការ​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​ដើរ​ថយក្រោយ​ និង​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​សហគមន៍​អន្តរជាតិ។​

អ្នក​ស្រាវជ្រាវ​រូប​នេះ​បញ្ជាក់​ថា៖

«ខ្ញុំ​គិត​ថា​ ស្ថានភាព​សិទ្ធិមនុស្ស​ ប្រសើរ​ឬ​មិន​ប្រសើរ​ មិនមែន​ជា​តួនាទី​របស់​អន្តរជាតិ​ទេ​ អន្តរជាតិ​ គេ​គ្រាន់​តែ​មាន​តួនាទី​ជួយ​ស្រែក​ឲ្យ​យើង​ ហើយ​បើ​យើង​មិន​ស្តាប់​គេ​ គេ​នឹង​ដាក់​សម្ពាធ​ ហើយ​បើ​ដាក់​សម្ពាធ​មិន​ស្តាប់​ គេ​នឹង​ដាក់​ទណ្ឌកម្ម​បាទ។ ប៉ុន្តែ​រឿង​ការ​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​ប្រសើរ​ ឬ​មិន​ប្រសើរ​គឺ​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ខ្មែរ​យើង​ទាំងស្រុង​បាទ»។

ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ ​លោក​ស្រី ​ស្មីត ​បាន​ធ្វើ​ដំណើរ​មក​ជួប​មេដឹកនាំ​នយោបាយ ​និង​សង្គម​ស៊ីវិល​នៅ​ភ្នំពេញ ​មុន​នឹង​ចេញ​ទៅ​ជួប​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​ព្រះវិហារ​ ជា​ទី​ដែល​លោក​ស្រី​ត្រូវ​បាន​ក្រុម​នគរបាល​រាំង​ឃាត់​ដំណើរ។

កាល​ពី​ខែ​កក្កដា ​ក្រោយ​ពី​លោក​ កែម ​ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ធ្វើ​ឃាត​នៅ​ភ្នំពេញ ​លោកស្រី ​ស្មីត​ បាន​ទទួល​ការ​រិះ​គន់​ពី​សំណាក់​អ្នក​ជំនាញ​ការ​ផ្នែក​សិទ្ធិ​មនុស្ស ​អំពី​ភាព​ស្ងាត់ស្ងៀម​របស់​លោកស្រី ​ហើយ​លោក​ស្រី​ត្រូវ​បាន​ស្នើ​ឱ្យ​បញ្ចេញ​សំឡេង​ឱ្យ​បាន​ច្រើន ​បូក​ជាមួយ​នឹង​សកម្មភាព​ជា​ដុំ​កំភួន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ​ដែល​ចេះ​តែ​អាប់អួរ​នៅ​គ្រា​នោះ។

កន្លង​ទៅ​មួយ​ឆ្នាំ​នៃ​ការ​ប្រទាំង​ប្រទើស ​និង​ការ​ប្រឈម​មុខ​ផ្នែក​នយោបាយ​នៅ​ក្រុង​ភ្នំពេញ ​លោកស្រី ​ស្មីត ​បាន​ចេញ​សារ​ព្រមាន​មួយ​ដង​ជា​ពីរ​ដង ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ថា ​កម្ពុជា​កំពុង​ដើរ​ដល់​«របត់​ដំណើរ​ដ៏​គ្រោះ​ថ្នាក់»។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ VOA​ ថា​ កម្ពុជា​ពុំ​មាន​បញ្ហា​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ដូច​ការ​លើកឡើង​របស់​ក្រុម​អ្នក​រិះគន់​នោះ​ទេ។​ លោក​ថា​ ការ​ឃាត់​ខ្លួន​ និង​ឃុំ​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នកនយោបាយ​គណបក្ស​ប្រឆាំង​នា​ពេល​កន្លង​មក​នោះគឺ​ ជា​ការ​ពង្រឹង​នីតិរដ្ឋ។

​«អា​ចឹង​ហើយ​បាន​គាត់​វាយ​តម្លៃ​របស់​គាត់​ហ្នឹង​ ថា​ឲ្យ​តែ​ចាប់​ ប៉ះ​ពាល់​ដល់​អង្គការ​សិទ្ធិ​មនុស្ស​ ប៉ះពាល់​ដល់​គណបក្ស​ប្រឆាំង​ សុទ្ធ​តែ​ថា​ រំលោភ​ តែ​ត្រង់​ថា​ គណបក្ស​ប្រឆាំង​ហ្នឹង​ប្រព្រឹត្ត​ល្មើស​ច្បាប់​អត់​និយាយ។​ អញ្ចឹង​បាន​យើង​វាយតម្លៃ​ថា​ គាត់​វាយ​តម្លៃ​ហ្នឹង​វា​ផ្អែក​ទៅ​លើ​និន្នាការ​ម្ខាង​ លម្អៀង​ទៅ​រក​ម្ខាងៗ​ អា​ហ្នឹង​ម៉េច​សច្ចានុម័ត»។

VOA ​មិន​អាច​ទាក់​ទង​លោក​ កែវ​ រ៉េមី ​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ទេ​កាល​ពី​ថ្ងៃ​អាទិត្យ។

​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​បេសកជន​ផ្នែក​សិទ្ធិ​មនុស្ស​អ.ស.ប.​រូប​នេះ ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​មាន​ការ​អំពាវនាវ​ឱ្យ​មាន​ការ​ស្ងៀមស្ងាត់​ និង​«បទ​ឈប់​បាញ់»​ផ្នែក​នយោបាយ​រវាង​គណបក្ស​ធំៗ​នៅ​កម្ពុជា​ ដែល​នាំ​ឱ្យ​មជ្ឈដ្ឋាន​នានា​មើល​ឃើញ​ថា កម្តៅ​នយោបាយ​បាន​នឹង​កំពុង​ថមថយ និង​ធូរ​ស្រាល៕