អ្នកតាមដានការវិវត្តសង្គមនិងនយោបាយនៅកម្ពុជា លោក គឹម សុខ បានថ្លែងប្រាប់VOA ក្នុងកម្មវិធី «Hello VOA» នៅយប់ថ្ងៃចន្ទនេះថា លោកនឹងមិនចាកចេញទៅក្រៅប្រទេសទេ ហើយនឹងនៅតតាំងក្ដីក្នុងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រឆាំងរូបលោក។
Your browser doesn’t support HTML5
«ខ្ញុំបានបញ្ជាក់ហើយ ជំហរច្បាស់លាស់គឺខ្ញុំមិនរត់ទៅណាទេ។ ខ្ញុំនៅតតាំងក្នុងរឿងក្ដីនេះតាមច្បាប់គឺធ្វើយ៉ាងមិចឲ្យតែអ្នកដឹកនាំ អាជ្ញាធររដ្ឋ តុលាការ ធ្វើអ្វីដែលជាមូលដ្ឋានច្បាប់ ខ្ញុំនៅតតាំងជានិច្ច»។
ការប្រកាសជំហររបស់អ្នកវិភាគវ័យ៣៦ឆ្នាំរូបនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីតុលាការក្រុងភ្នំពេញ បានចេញដីកាកោះហៅរូបលោកឲ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ទាក់ទងនឹងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតំណាងដោយលោកមេធាវី គី តិច ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
ដីកានេះបានបង្គាប់ឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រួតពិនិត្យតាមច្រកព្រំដែនផ្លូវគោក ផ្លូវអាកាសនិងផ្លូវទឹក កុំឲ្យលោក គឹម សុខ ចាកចេញពីប្រទេសកម្ពុជាជាបណ្ដោះអាសន្ន។
លោក គឹម សុខ ដែលទើបនឹងលេចមុខ ចូលរួមធ្វើការវិភាគបញ្ហាសង្គមនិងនយោបាយតាមប្រព័ន្ធផ្សព្វផ្សាយ ក្រោយពីហេតុការណ៍បាញ់សម្លាប់អ្នកវិភាគដ៏លិចធ្លោម្នាក់គឺលោកបណ្ឌិត កែម ឡី ត្រូវគេជឿថា បានរងបណ្ដឹងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននេះ ដោយសារការវិភាគចំៗ និងត្រង់ៗរបស់លោកអំពីការវិវត្តនៃស្ថានការណ៍នយោបាយនិងសង្គមចុងក្រោយនេះ ជាពិសេសគឺការហៅគណបក្សប្រជាជនកម្ពុជាថាបានត្រៀមខ្លួន«ប្លន់អំណាច»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA ថា ការវិភាគរបស់លោក គឹម សុខ បានទៅហួសព្រំដែន ហើយជាអ្វីមួយដែលគណបក្សប្រជាជនកម្ពុជាមិនអាចទទួលយកបាន។
«កុំវាយប្រហារគេ កុំលាបពណ៌គេ កុំចោទប្រកាន់គេដោយគ្មានមូលដ្ឋាន។ ទៅចោទប្រកាន់គេ ដូចជាចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា សម្លាប់លោកបណ្ឌិត កែម ឡី អញ្ចឹង អាហ្នឹង វាត្រូវទេ? ទី២ ចោទប្រកាន់គណបក្សប្រជាជនថាប្លន់អំណាច។ ឥឡូវគេកំពុងតែធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត ហើយគាត់ទៅវិភាគអញ្ចឹង បានសេចក្ដីថាយ៉ាងម៉េច? ទៅចោទថាគណបក្សប្រជាជនអត់មានទៅធ្វើការអីយកចិត្តប្រជាជនទេ បែរជាទៅប្រើប្រាស់ ឆក់ប្លន់អំណាចទៅវិញ អាហ្នឹងវាផ្ទុយពីសភាពការណ៍ពិតជាក់ស្តែង។ អាហ្នឹងមិនអាចទទួលយកបានជាដាច់ខាត»។
លោក គឹម សុខ បានបញ្ជាក់នៅក្នុងកម្មវិធី «Hello VOA» ដដែលថា លោកពិតជាបានហៅគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចថាត្រៀមខ្លួន«ប្លន់អំណាច»ពិតមែន ហើយក៏នៅតែរក្សាជំហរនេះដដែល។
«ពាក្យដែលថាប្លន់អំណាច ដែលខ្ញុំនិយាយនេះ ខ្ញុំមិនកែទេ ទៅដល់ចំណុចណាក៏ខ្ញុំមិនកែដែរ។ ប្ដឹងថែមទៀត ក៏ខ្ញុំមិនកែដែរ»។
ប៉ុន្តែ លោក គឹម សុខ បញ្ជាក់ថា លោកមិនបាននិយាយចំថា គណបក្សប្រជាជនកម្ពុជាបានសម្លាប់លោកបណ្ឌិត កែម ឡី នោះឡើយ។
«រឿងសម្លាប់លោកបណ្ឌិត កែម ឡី ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនបានប្រើពាក្យថា គណបក្សប្រជាជនកម្ពុជា សម្លាប់លោកបណ្ឌិត កែម ឡី ទេ។ ខ្ញុំបានប្រើពាក្យថា គណបក្សប្រជាជនមិនបានត្រៀមខ្លួនទៅកាន់ការបោះឆ្នោតទេ ប៉ុន្តែកំពុងតែរកល្បិចកលទៅកាន់ការប្លន់អំណាច»។
ដីការបស់តុលាការសាលាដំបូងដែលបង្គាប់ឲ្យលោក គឹម សុខ ចូលខ្លួនទៅបំភ្លឺក្នុងនាមជាជនសង្ស័យនៅម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នោះ មិនបានបញ្ជាក់ពីមូលហេតុនៃការកោះហៅនេះទេ ប៉ុន្តែ លោក គឹម សុខ បញ្ជាក់ថា លោកនឹងនៅតតាំងជាមួយបណ្ដឹងប្រឆាំងរូបលោកនេះ៕