លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតមើលឃើញថា ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំនេះនាំឱ្យមានការខកចិត្ត និងព្រួយបារម្ភ ហើយអាចប៉ះពាល់ដល់តួនាទីដឹកនាំរបស់សហរដ្ឋអាមេរិកនៅលើពិភពលោក។
Your browser doesn’t support HTML5
លោក អ៊ូ វីរៈ បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទនេះថា៖
«មកដល់ពេលនេះខ្ញុំមើលទៅ ពិភពលោកហាក់ដូចជាមានការខកចិត្តច្រើន មានការព្រួយបារម្ភច្រើន ហើយហាក់ដូចជាមើលក្នុងស្ថានភាពរញ៉េរញ៉ៃនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនេះជាការបោះឆ្នោតមួយដែលប៉ះពាល់ទៅលើដំណើរការ ឬមួយក៏ប៉ះពាល់ទៅលើរូបភាពមួយនៃលទ្ធិប្រជាធិបតេយ្យសហរដ្ឋអាមេរិក ហើយប្រហែលជាប៉ះពាល់ទៅលើការដឹកនាំនៃសហរដ្ឋអាមេរិកនៅ លើឆាកអន្តរជាតិផងដែរ»។
លោកថានេះជាលើកទីមួយហើយដែលការបោះឆ្នោតមានបេក្ខជនពីររូបដែលមានប្រជាប្រិយ៍ភាពតិចជាងគេបំផុត កំពុងប្រកួតប្រជែងគ្នានោះគឺលោកស្រី ហ៊ីលឡារី គ្លីនតុន អតីតរដ្ឋមន្ត្រីការបរទេស និងលោក ដូណល់ ត្រាំ សេដ្ឋីអចលនទ្រព្យ។
ប៉ុន្តែ លោក វីរៈ យល់ថាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកមួយណាក៏ដោយ ដែលឡើងកាន់តំណែងនឹងនៅតែចាត់ទុកតំបន់អាស៊ីសំខាន់ដែរ ដោយសារតែវាមានសក្តានុពលសេដ្ឋកិច្ចដ៏ធំជាងគេបំផុតនៅលើពិភពលោក។ អ្វីដែលខុសគ្នានោះគឺរបៀបធ្វើការដោយលោកស្រី គ្លីនតុន មានវិធីធ្វើការដោយមានការចូលរួមពីសហគមន៍អន្តរជាតិជាងលោកត្រាំ ដែលអាចនឹងប្រើប្រាស់សាច់ដុំរបស់អាមេរិកាំងជាង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានសម្តែងការគាំទ្រដល់លោក ដូណល់ ត្រាំ ដោយលោកយល់ថាអាចនឹងផ្តោតលើបញ្ហាសេដ្ឋកិច្ចជាជាងការធ្វើសង្គ្រាម។
ប៉ុន្តែលោក អ៊ូ វីរៈ លោកយល់ថា ការដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រកាសគាំទ្រលោក ត្រាំ គឺគ្រាន់តែជាទស្សនៈមួយ ដែលមិនមានផលប៉ះពាល់អ្វីធំដុំដល់ការបោះឆ្នោតទេ ប៉ុន្តែវាអាចធ្វើឱ្យប្រទេសចិន និងរុស្ស៊ីសប្បាយចិត្ត ដោយសារតែកម្ពុជាជំពាក់បំណុលរុស្ស៊ីជាច្រើន៕