គណបក្សនយោបាយគួរផ្តោតលើបញ្ហាសន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ និងចំណាកស្រុកដើម្បីទាក់ទាញអ្នកបោះឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងពេលខាងមុខ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ។
Your browser doesn’t support HTML5
លោកអ៊ូ វីរៈ ដែលជាប្រធាននិងស្ថាបនិកវេទិកាអនាគតដែលជាស្ថាប័នស្រាវជ្រាវគោលនយោបាយយល់ឃើញថា បញ្ហានៅថ្នាក់មូលដ្ឋានមួយចំនួនបង្កជាការព្រួយបារម្ភ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ក្នុងនោះមានដូចជាអសន្តិសុខបង្កឡើងដោយក្រុមក្មេងពាល ហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវ ភ្លើងនិងទឹក និងក្រដាសស្នាមរដ្ឋបាលនិងការធ្វើចំណាកស្រុកជាដើម។
លោកបញ្ជាក់បន្ថែមក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃចន្ទនេះថា៖«បើនិយាយពីសន្តិសុខគឺជាបញ្ហាឆ្លងដែនទៅទៀត។ អ្នកក្រុងក៏ព្រួយបារម្ភពីព្រោះគេប្លន់ម៉ូតូនិងប្លន់អ្វីៗ។ អ្នកមូលដ្ឋានក៏ព្រួយបារម្ភដោយសារគេប្លន់ម៉ូតូ ប្លន់មាន់ ហើយឥឡូវរហូតដល់ប្លន់គោហើយពេលអាពាហ៍ពិពាហ៍ គឺមានកាប់ចាក់គ្នាដោយក្មេងស្ទាវដាវសាម៉ូរ៉ៃ ឬមួយការប្រើប្រាស់គ្រឿងញៀន គឺជាប្រធានបទទាក់ទងនឹងសន្តិសុខទាំងអស់»។
កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១២ ការធ្វើចំណាកស្រុកមិនទាន់ជាបញ្ហាចោទខ្លាំងនៅឡើយទេ ប៉ុន្តែដោយមានពលរដ្ឋជាង១លាននាក់បានធ្វើចំណាកស្រុកទៅប្រទេសជិតខាងទាំងស្របច្បាប់ និងមិនស្របច្បាប់នៅពេលនេះ និងមានពលរដ្ឋខ្លះធ្វើចំណាកស្រុកក្នុងប្រទេសនាំឱ្យការដោះស្រាយឯកសារក្រដាសស្នាមដែលជួយសម្រួលពួកគាត់ឱ្យធ្វើចំណាកស្រុកដោយស្របច្បាប់ បានក្លាយជាប្រធានបទថ្មីមួយសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧នេះ។ នេះបើតាមការបញ្ជាក់របស់លោកអ៊ូ វីរៈ។
មានគណបក្សនយោបាយចំនួន១២បានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ មានតែគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិទេ បានដាក់បេក្ខជននៅគ្រប់ឃុំ-សង្កាត់ទាំង១.៦៤៦។ រីឯគណបក្សដទៃទៀតគឺមានដូចជាគណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យជាដើម បានដាក់បេក្ខជនដោយចន្លោះៗ។
គណបក្សប្រជាជនកម្ពុជាផ្តោតការឃោសនាលើសន្តិភាព សន្តិសុខ និងការរីកចម្រើនសេដ្ឋកិច្ច រីឯគណបក្សសង្គ្រោះជាតិផ្តោតលើការពង្រឹងសិទ្ធិអំណាចពលរដ្ឋ សេវាសាធារណៈ សន្តិសុខ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋជាដើម។
គណបក្សសង្គ្រោះជាតិបានលើកទិសស្លោកដែលមានលក្ខណៈទាក់ទាញមួយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់នេះគឺ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ»។ ប៉ុន្តែលោកអ៊ូ វីរៈ មើលឃើញថា ផ្អែកតាមច្បាប់បោះឆ្នោតនាពេលបច្ចុប្បន្ននេះគឺពិបាកក្នុងការឱ្យមេឃុំជាប់ឆ្នោតបម្រើប្រជាពលរដ្ឋបានពេញលេញណាស់ដោយសារតែបញ្ជីឈ្មោះបេក្ខជននៅតែគណបក្សជាអ្នករៀបចំនៅឡើយ។
លោកបន្ថែមថា៖ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ ទាល់តែយើងដូរច្បាប់បោះឆ្នោតបានន័យថាច្បាប់បោះឆ្នោតឃុំ-សង្កាត់ទាល់តែមិនឱ្យឈរជាបញ្ជីបក្ស។ នេះបានន័យថាឈរបោះឆ្នោតជាឯកត្តនាម ហើយមិនឈរក្នុងន័យបក្សទៀតគឺអាចទៅរួច។ អីចឹងអ្វីដែលគណបក្សសង្គ្រោះជាតិលើកឡើងហ្នឹងជាគោលនយោបាយមួយល្អដែរ ប៉ុន្តែខ្ញុំមិនទាន់ឃើញរូបមន្តដែលថាជាឆន្ទៈពិតទេលើកលែងតែគាត់បង្ហាញរូបមន្តមួយថាធ្វើអីចឹងទៅកើតហ្នឹងទើបអាចជាមូលដ្ឋានមួយ»។
បើយោងតាមប្រភពរដ្ឋាភិបាល និងអ្នកការទូតនានា ការស្ទង់មតិដែលធ្វើឡើងដោយគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា គណបក្សកាន់អំណាចអាចនឹងបាត់បង់សំឡេងគាំទ្រចំនួន១០ភាគរយនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។ អ្នកខ្លះថា គណបក្សប្រជាជនកម្ពុជាអាចបាត់បង់សំឡេងគាំទ្ររហូតដល់ ៣០ភាគរយ ឯណោះ។
លោកអ៊ូ វីរៈ យល់ថា ប្រសិនបើប្រជាប្រិយភាពរបស់គណបក្សធំៗទាំងពីរនៅឋេរដូចការបោះឆ្នោតជាតិឆ្នាំ២០១៣ គឺគណបក្សប្រជាជនកម្ពុជានឹងបាត់បង់ការគ្រប់គ្រងឃុំមួយចំនួន ប៉ុន្តែនៅតែឈ្នះបានឃុំច្រើនជាងគណបក្សសង្គ្រោះជាតិ។ ទាំងនេះដោយសារតែកត្តាជំរុញទឹកចិត្តរបស់អ្នកបោះឆ្នោត និងសមាសភាពបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់។
លោកបន្ថែមថា៖ «បោះឆ្នោតថ្នាក់ជាតិពឹងផ្អែកទៅលើប្រធានបទជាតិដែលមានអន្តោប្រវេសន៍រឿងព្រំដែន មានអំពើពុករលួយ មានចង់ដូរ មានយុវជនចូលរួម។ នេះអាចមានសន្ទុះខ្លាំងជាង ប៉ុន្តែថ្នាក់ឃុំគឺគេមើលទៅលើបុគ្គលច្រើនជាង ហើយបុគ្គលគឺមេឃុំមេភូមិដែលប្រជាពលរដ្ឋគាត់ស្គាល់តាំងពីដើមមកម្ល៉េះយូរមកហើយ គឺគាត់នៅមានសមានចិត្ត នៅមានចិត្តរាប់អានច្រើនជាងនៅថ្នាក់ជាតិ»។
បច្ចុប្បន្នប្រជាពលរដ្ឋក៏កំពុងជួបប្រទះនឹងបញ្ហាកង្វះទីផ្សារកសិផល និងជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ុន្តែលោកអ៊ូ វីរៈ យល់ថាវាគឺជាបញ្ហាថ្នាក់ជាតិដែលអាចកំណត់តាមរយៈការបោះឆ្នោតជាតិឆ្នាំ២០១៨៕