អ្នកវិភាគ​ខ្លាច​អនាគត​កម្ពុជា​ដូច​​​ស្រីលង្កា​ ដោយសារ​បំណុល​ចិន

រូបឯកសារ៖ លោក អ៊ូ វីរៈ ស្ថាបនិកនិង​ប្រធាន​វេទិកា​អនាគត (លឹម សុធី/VOA)

«នេះ​គឺជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ ហើយ​ជា​គ្រោះថ្នាក់​នយោបាយ​ ហើយ​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ដូច​ប្រទេស​ស្រីលង្កា​ផង​ដែរ។ នេះ​គឺ​ជា ​អ្វី​មួយ​ដែល​យើង​ព្រួយ​បារម្ភ‍»។

អ្នកវិភាគ​ព្រួយបារម្ភ​ថា​ កម្ពុជា​អាច​ធ្លាក់​ចូល​ក្រោម​ឥទ្ធិពលប្រទេស​ចិន​កាន់តែ​ជ្រៅ​ទៅៗ​តាមរយៈ​ការ​វិនិយោគទុន​ និង​ទទួលយក​កម្ចី​របស់​ចិន​កាន់​តែ​ច្រើន​ឡើងៗ​ ហើយ​អាច​នឹង​ត្រូវ​ប្រទេសមហា​អំណាច​អាស៊ី​មួយ​នេះ​យក​ប្រៀបកាន់តែ​ខ្លាំង​ឡើងៗ នៅ​ពេល​ដែល​កម្ពុជា​ឯកា​ពី​សហគមន៍អន្តរជាតិ។

លោក​ អ៊ូ វីរៈ​ ស្ថាបនិក​ និង​ជា​ប្រធាន​វេទិកា​អនាគត​ ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោល​នយោបាយ​បានបញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ​កាលពី​ថ្ងៃច័ន្ទ​ថា៖

«នៅ​ពេល​មួយ​ ដែល​ប្រទេស​កម្ពុជា​ជំពាក់​ចិន​ ច្រើន​ នៅ​ពេល​នោះ​គឺ ​ប្រទេស​កម្ពុជា​នឹង​ចូល​ស៊ង​ចិន។ ចំណុច​ទីពីរ​ បើ​សិន​ជា​កម្ពុជា​មិន​ឯកា​ទេ​បាន​ន័យ​ថា​ យើង​នៅ​មាន​ទីផ្សារ​អន្តរជាតិ​ ទីផ្សារ​ពិភព​លោក​ និង​វិនិយោគ​ពី​ពិភព​លោក​ខ្ញុំ​មើល​ទៅ​មិន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ​ ប៉ុន្តែ​ចំពោះ​កម្ចី​ប៉ុណ្ណឹង​ដរាបណា​យើង​នៅ​មាន​ទីផ្សារ​សេដ្ឋកិច្ច​យើង​រីកចម្រើន​។ ប៉ុន្តែ​ប្រសិន​បើ​ប្រទេស​កម្ពុជា​ឯកា​ទៅវិញ​ហ្នឹង​គឺ ​យើង​អស់​ជម្រើស​ហើយ​ នៅ​ពេល​ដែល​យើង​ជា​មនុស្ស​អស់​ជម្រើស​ ហើយ​មានតែ​ចិន​គឺ ​ចិន​ឈប់​យក​ចិត្ត​យើង​ហើយ​។ អត់​ទាម​ទារ​យក​ចិត្ត​បានន័យ​ថា ​ក្នុង​ការ​ជជែក​គ្នា​ចរចា​ជាមួយ​ចិន​គឺ ​ចិន​មាន​ប្រៀប​ដាច់​តែ​ម្តង​។ នេះ​គឺ​ជា​អ្វី​មួយ​ដែល​ខ្ញុំ​ព្រួយ‍»។​

Your browser doesn’t support HTML5

Hello VOA៖ លោកអ៊ូ វីរៈ​ថា​ ជំនួយចិន​សប្បាយពេលខ្លី តែអាច​ទុក្ខភ័យ​ពេល​យូរ

លោក​ អ៊ូ វីរៈ ​បាន​លើក​យកឧទាហរណ៍​ប្រទេស​ស្រីលង្កា ​ដែល​បាន​ប្រគល់​សិទ្ធិ​គ្រប់គ្រងកំពង់​ផែ​Hambantota ​ដែល​ជា​កំពង់​ផែ​ដ៏ធំ​ជាងគេ​បំផុត​ទៅ​ឱ្យ​ក្រុមហ៊ុន ​China Merchants Port Holding​គ្រប់គ្រង​ដែល​ក្រុមហ៊ុន​នេះ​ជារបស់​រដ្ឋាភិបាល​ចិន។ ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​ស្រីលង្កា​នៅ​គ្រប់គ្រង​ផ្នែក​សន្តិសុខ​ផែ​ជូន​ថៅកែ​ចិនតែប៉ុណ្ណោះ។

លោក​បាន​បន្ថែម​ថា​៖

«នេះ​គឺជា​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ ហើយ​ជា​គ្រោះថ្នាក់​នយោបាយ​ ហើយ​គ្រោះថ្នាក់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ដូច​ប្រទេស​ស្រីលង្កា​ផង​ដែរ។ នេះ​គឺ​ជា ​អ្វី​មួយ​ដែល​យើង​ព្រួយ​បារម្ភ‍»។

ប្រទេស​ស្រីលង្កា​ជំពាក់​បំណុល​ចិន​ចំនួន ​៨.០០០​លាន​ដុល្លារ​ក្នុង​ខណៈ​ពេល​ដែល​កម្ពុជា​ជំពាក់ បំណុល​ទេ្វ​ភាគី​ចំនួន ​៤.៣៦៩​លាន​ដុល្លារ​ក្នុង​នេះ​គឺ ​បំណុលចិន​មាន​ចំនួន​៧០ភាគរយ​។ កម្ពុជា​មាន​បំណុល​សាធារណៈ​ទ្វេភាគី ​និង​ពហុភាគី​សរុប​ចំនួន ​៦.៤៥៧​លាន​ដុល្លារ។ ​ នេះ​បើ​តា​ម​តួលេខឆ្នាំ​២០១៧​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។

អ្នកវិភាគ​រូប​នេះ​ក៏​ស្នើ​សុំ​ឱ្យ​កម្ពុជា​ប្រយ័ត្ន​ប្រយែង​ចំពោះ​ទឹកប្រាក់​កម្ចីរបស់​ចិន​ផង​ដែរ​ ព្រោះ​វាក៏​ត្រូវ​បង្វិល​តែ​ក្នុង​រង្វង់​អ្នក​វិនិយោគ​ចិន​ប៉ុណ្ណោះ។ លោក​បាន​លើក​ឧទាហរណ៍ថា ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុង​តែ​ព្រួយបារម្ភ​ដែរ​ដោយ​សារ​តែ​កម្ចី​លុយ​ចិន​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ​ដូច​ជា​ផ្លូវថ្នល់ ​ផ្លូវ​រថភ្លើង​និង​ផែ​ជាដើម។

តាម​បទពិសោធន៍​គឺ ម៉ាឡេស៊ី​មិន​មាន​សិទ្ធិ​អ្វី​សម្រេច​លើ​ការទិញ​សេវា​ថោក​ជាង​ ឬ​កំណត់​គុណភាព​អ្វី​ល្អ​ផ្សេង​ក្រៅពីរបស់ចិន​ឡើយ។

លោក​អ៊ូ វីរៈ​ថា​ ការពិត​ចិន​កំពុង​តែ​ស្រូប​យក​ផល​ប្រយោជន៍​សេដ្ឋកិច្ចពី​កម្ពុជា​ទៅវិញ​ទេ​ ពី​ព្រោះតែ​អតុល្យភាព​គ្នា​នៃ​បណ្តូរ​ពាណិជ្ជកម្ម​គឺ ​កម្ពុជា​នាំ​ចូល​ចិន​តែ​ក្នុង​កម្រិត​ជាង​ ៨០០លាន​ដុល្លារក្នុង​ខណៈ​ពេល​ដែល​ចិន​នាំចូល​កម្ពុជា​មាន​រហូត​ដល់ជិត​៤ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោក​បន្ថែម​ថា៖ «យើង​អរគុណ​មហាមិត្ត​ចិន​យើង​មិន​ខុស​ទេ​ ប៉ុន្តែ​យើង​នាំ​ចូល​ពី​ចិន​មក​ក៏​ច្រើន​ជាង​ទៅទៀត​អីចឹង​តាម​ពិត​ទំនាក់​ទំនង​សេដ្ឋកិច្ច​នេះ​គឺ ​ចិន​ចំណេញ​ជាង​យើង»។​

យ៉ាងណា​ក៏ដោយ​លោក​អ៊ូ វីរៈយល់​ថា ​ជំនួយ​ និង​ការ​វិនិយោគទុន​ចិន​ជា​ការ​សប្បាយ​រីករាយ​មួយ​សម្រាប់​កម្ពុជា​ក្នុង​រយៈពេល​ខ្លី​ ដោយសារ​តែ​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​សេដ្ឋកិច្ច​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម។​

លោក ​អ៊ូ វីរៈ ​មើល​ឃើញ​ថា ​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​ចិន​ក៏​អាច​ជួយ​ឱ្យ​កម្ពុជា​ទប់​តុល្យភាព​អំណាច​ជាមួយ​នឹង​ប្រទេស​វៀតណាម​ និង​បស្ចិម​ប្រទេស​បើ​កម្ពុជា​ចេះ​ប្រើប្រាស់​ដោយ​ត្រឹមត្រូវ​ដោយ​មិន​ធ្លាក់​ចូល​ស៊ង​ចិន​ខ្លាំង​ពេក៕