អ្នកវិភាគ​និង​ក្រុម​មេធាវី​រិះគន់​ការ​ភ្នាល់​លេងសើច​លើ​សេរីភាព​របស់​លោក​កឹម សុខា

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

អ្នកវិភាគ​និង​ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ថ្លែង​រិះគន់​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ដោយ​ភ្នាល់​លេងសើច​ទាក់ទិន​នឹង​​សេរីភាព​លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ជាង​១ឆ្នាំ។

អ្នកវិភាគ​និង​មេធាវី​របស់​លោក កឹម សុខា លើក​ឡើង​ថា ការ​ភ្នាល់​ដាក់​ជីវិត​នយោបាយ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​យក​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ផ្ទះ​ធ្វើជា​កម្មវត្ថុ​គឺ​ជា​ការភ្នាល់​ដែល«អសីលធម៌»និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ»។

កាលពី​ថ្ងៃ​ទី ៩ ខែ វិច្ឆិកា លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​បបួល​លោក ហ៊ុន សែន ភ្នាល់​ថា បើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ​ចន្លោះ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី ​៣ ខែ មីនា ​ឆ្នាំ ២០១៩ ក្រោម​សម្ពាធ​សហគមន៍​អន្តរជាតិ​ទេ​នោះ លោក​នឹង​ចូលខ្លួន​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃុំ​។ លោក​បន្ថែម​ថា ប្រសិនបើ​លោក កឹម សុខា នឹង​ត្រូវ​ដោះលែង​ក្នុង​ពេលវេលា​ដូច​កំណត់​ខាងលើ​ក្រោម​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ នោះ​លោក ហ៊ុន​សែន ជា​អ្នក​ចាញ់ ហើយ​លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន ចុះចេញ​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី។

ក្រោយ​ការ​បង្ហោះ​សារ​របស់​លោក សម រង្ស៊ី មួយ​ថ្ងៃ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា ​ក៏​បាន​ថ្លែងប្រាប់​អង្គភាព​ព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​លោក​ថា លោក​សុខចិត្ត​ភ្នាល់​ជា​មួយ​លោក សម រង្ស៊ី ដោយ​យក​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក​ជា​ថ្នូរ​នឹង​ការភ្នាល់​គ្នា។

លោក ហ៊ុន សែន ត្រូវ​បាន​អង្គភាព​ព័ត៌មាន Fresh News ស្រង់​សម្តី​តាម​ន័យ​ដើម​ថា៖

«ខ្ញុំ​ហ៊ាន​ភ្នាល់​ជា​មួយ​លោក សម រង្ស៊ី បើ​សិន​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំហ៊ុន សែន សុខ​ចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​វិញ​នោះ​នៅ​ចន្លោះ​ពី​ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ រហូត​ដល់​ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ២០១៩ ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួល​ស្គាល់​ការភ្នាល់​របស់​ខ្លួន​ដោយ​ចូល​មក​ឲ្យ​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​បញ្ចប់​ការភ្នាល់»។

អ្នកវិភាគ​និង​ក្រុម​មេធាវី​របស់​លោក កឹម សុខា បាន​ថ្លែង​រិះគន់​ថ្នាក់​ដឹក​នាំ​ទាំង​ពីរ​ដោយ​ភ្នាល់​លេងសើច​ទាក់ទិន​នឹងសេរីភាព​លោក កឹម សុខា ដែល​កំពុង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ជាង​១ឆ្នាំ។

លោក ឡៅ ម៉ុង​ហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ប្រាប់ VOA នា​ល្ងាច​ថ្ងៃ​ចន្ទ​នេះ​ថា​ការភ្នាល់​របស់​លោក​នាយករដ្ឋមន្ត្រី ជាមួយ​លោក សម រង្ស៊ី គឺ​ជា​ការ​ភ្នាល់​ដែល​អសីលធម៌​មិន​សមជា​ថ្នាក់ដឹកនាំ។ លោក​បន្ថែម​ថា តុលាការ​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុកថា​ស្ថិត​ក្រោម​គំនាប​របស់​រដ្ឋាភិបាល ដូច្នេះ​លោក​ថា ការ​ភ្នាល់​នេះ​ក៏​ធ្វើឲ្យ​ប៉ះពាល់​ដល់​ការសម្រេច​របស់​តុលាការ​ផង​ដែរ។

អ្នកវិភាគ​ចាស់​វស្សា​រូប​នេះ​បញ្ជាក់​ថា៖

«យក​សេរីភាព​របស់​គាត់ យកជីវិត​របស់​គាត់​ទៅ​ភ្នាល់​ហ្នឹង វា​មិន​ត្រូវ​។ គាត់​ជា​មនុស្ស​មិនមែន​សត្វ​ធាតុ មិនមែន​របស់របរ​ទេ​ទេ ឬ​មិន​មែន​ជា​ទឹកភ្លៀង​ទេ​។ ទី​ពីរ​គឺ​វា​ពាក់ព័ន្ធ​នឹង​ផ្លូវ​តុលាការ គាត់​ហ្នឹង​កំពុង​ជាប់ចោទ​នៅ​មុខ​តុលាការ ដូច្នេះ​តាម​គោលការណ៍​បែងចែក​អំណាច​ថា​ តុលាការ​ឯករាជ្យ​នោះ គឺ​អ្នកនយោបាយ​មិន​ត្រូវ​និយាយ​ប៉ះពាល់​ដល់​រឿង​គាត់ ឬក៏​សម្រេច​ជួស​តុលាការ​នោះ​ទេ»។

ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា កាលពី​ល្ងាច​ថ្ងៃ​ទី ១០ ខែ វិច្ឆិកា បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ការ​ភ្នាល់​នេះ​ថា ធ្វើឲ្យ​ប៉ះពាល់​នីតិវិធី​របស់​តុលាការ និង​ថា​ការភ្នាល់​នេះ​កាន់តែ​ធ្វើ​ឲ្យ​ជាតិ​កាន់តែ​បែកបាក់​ធ្ងន់ធ្ងរ​ថែម​ទៀត។អ្នកស្រី ម៉េង សុភារី មេធាវី​មួយ​រូប​ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ប្រាប់ VOA នា​រសៀល​ថ្ងៃ ចន្ទ នេះ​ថា ការ​យក​លោក កឹម សុខា ធ្វើជា​កម្មវត្ថុ​ភ្នាល់​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ជា​ការភ្នាល់​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​លោក កឹម សុខា ព្រមទាំង​ធ្វើឲ្យ​ប៉ះពាល់​ដល់​នីតិវិធី​របស់​តុលាការ។

អ្នកស្រី​បញ្ជាក់​ថា៖

«យើងខ្ញុំ​យល់ឃើញ​ថា វា​ប៉ះពាល់​ខ្លាំង​ដោយសារតែ​ហាក់បីដូចជា​ដាក់​គំនាប​ទៅលើ​ប្រព័ន្ធ​តុលាការ​ផង ហើយ​ក៏​ដូចជា​ដាក់​គំនាប​ប៉ះពាល់​ដល់​សេរីភាព​កូន​ក្តី​យើងខ្ញុំ​ផង។ ទាក់ទង​ទៅ​នឹង​ប្រវត្តិ​នយោបាយ​របស់​ប្រទេស​យើង​ផង យើង​ឃើញ​ថា​ការភ្នាល់​គ្នា​ហ្នឹង​គឺ​វាវ​ប៉ះពាល់ ជាពិសេស​ហ្នឹង​វា​ធ្វើ​ឲ្យ​ច្រក​នយោបាយ​នៅ​ក្នុង​ការ​រក​ដំណោះស្រាយ​ហ្នឹង គឺ​មាន​ការ​លំបាក ហើយ​ការ​បែកបាក់​ជាតិ​ហ្នឹង​គឺ​វា​ធ្ងន់ធ្ងរ​ទៅៗ»។

អ្នកស្រី ម៉េង សុភារី បន្ថែម​ថា រហូតមកដល់​ពេលនេះ​មិនទាន់​មានដំណឹង​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​លោក កឹម សុខា ​នៅ​ឡើយ​។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​យប់​ថ្ងៃអាទិត្យ បាន​បង្ហោះ​សារ​មួយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​ការពារ​ការភ្នាល់​ដាក់​ជីវិត​នយោបាយ​របស់​លោក​ ​ជាមួយ​លោក សម រង្ស៊ី ថា ការភ្នាល់​នោះ​គឺ​លោក​បាន​យោង​លើ​ដែន​សមត្ថកិច្ច​របស់​នាយករដ្ឋមន្ត្រី​ថា​ មិន​អាច​ស្នើសុំ​ឲ្យ​មានការ​លើក​លែងទោស​ដល់​ជន​ដែល​មិនទាន់​ត្រូវ​បាន​កាត់​ទោស​ប៉ុណ្ណោះ មិនមែន​ជា​ការ​បំពាន​ដល់​សមត្ថកិច្ច​របស់​តុលាការ​នោះ​ទេ។

លោក​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ខ្ញុំ​បាន​និយាយ​ទាក់ទង​ជាមួយ​ដែន​សមត្ថកិច្ច​របស់​នាយក​រដ្ឋមន្ត្រី​ដែល​គ្មាន​ចំណុច​ណាមួយ​បំពាន​ដល់​សមត្ថកិច្ច​របស់​តុលាការ​ទាល់តែសោះ។ នាយក​រដ្ឋមន្ត្រី​ពុំ​មាន​សិទ្ធិ​ស្នើសុំ​លើកលែងទោស​ឲ្យ​អ្នក​ដែល​មិនទាន់​បាន​កាត់ទោស​ឬ​សាលក្រម​មិនទាន់​ចូល​ស្ថាពរ​នោះ​ទេ ទោះ​សេះ​ដុះ​ស្នែង​ក៏​មិនកើត​ឡើង​ទេ»។

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណ​បក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ កាលពី​ខែ វិច្ឆិកា ឆ្នាំ២០១៧ ទៅ​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន​ពី​បទ​សន្ទិដ្ឋភាព​ជាមួយ​បរទេស ដែល​ស្មើនឹង​បទ​ក្បត់ជាតិ។ ក្រោយ​ការ​ឃុំខ្លួន​តាំងពី​ដើមខែ កញ្ញា ឆ្នាំ២០១៧ អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ដោយ​មិន​មានការ​កាត់ទោស លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅផ្ទះ​វិញ ដោយ​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី ១០ ខែ កញ្ញា ឆ្នាំ ២០១៨ មក។

ពាក់ព័ន្ធ​នឹង​ការ​ឃុំខ្លួន​លោក កឹម សុខា អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ទី ១១ ខែ វិច្ឆិកា នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក សម រង្ស៊ី ដែល​ថា ការ​ឃុំខ្លួន​លោក កឹម សុខា នឹង​ត្រូវ​បញ្ចប់​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី ៣ ខែ មីនា ឆ្នាំ ២០១៩ គឺជា​ការ​លើកឡើង​ដែល​មិន​ត្រឹមត្រូវ។

សេចក្តីថ្លែងការណ៍​នោះ​ត្រូវ​បាន​សរសេរ​ដោយ​ពន្យល់​ពី​មូលហេតុ​ថា៖

«លោក កឹម សុខា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី ៥ ខែ កញ្ញា​ ឆ្នាំ ២០១៧ ហើយ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​និង​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​កាល​ពី​ថ្ងៃ​ទី ៩ ខែ កញ្ញា ឆ្នាំ២០១៨។ [...]លោក កឹម សុខា ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្នុង​របប​នៃ​ការ​ដាក់ឲ្យ​ស្ថិតនៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ (ភាសា​បារាំង​ហៅថា Contrôle Judiciaire) និង​មិន​ស្ថិត​ក្រោម​របប​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ដែល​ទាក់ទង​នឹង​រយៈពេល​នៃ​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ដែល​មាន​យ៉ាង​ច្រើន​១៨ខែ​នោះ​ឡើយ»។

ក្រោយ​ការ​ចាប់ខ្លួន​លោក កឹម សុខា យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ និង​ដោះលែង​ពី​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ផ្ទះ​វិញ​ត្រូវ​បាន​អង្គការ​អន្តរជាតិ​ផ្នែកការ​ពារ​សិទ្ធិមនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​បន្ត​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​មានការ​ទម្លាក់​ចោល​បទ​ចោទ​លើ លោក កឹម សុខា ដោយ​ឥត​លក្ខខណ្ឌ។

យ៉ាងណា​ក្តី ក្រុម​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ចេញមុខ​ការពារ​ចំណាត់​ការ​ឃុំខ្លួន​លោក កឹម សុខា ថា ធ្វើឡើង​ទៅ​តាមច្បាប់ ​ស្របតាម​នីតិរដ្ឋ៕