វិភាគ​៖ តើ​កិច្ច​ព្រមព្រៀង​ RCEP ​អាច​ជួយ​កម្មករ​រាប់​សែន​នាក់​បាន​ឬ​ទេ​ បើ​កម្ពុជា​បាត់បង់​ EBA?

រូបឯកសារ៖ ក្រុមកម្មករ​​រោងចក្រ​ ចេញ​ពី​ធ្វើការ​ នៅ​ពេល​ល្ងាច​ ឯជាយរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/VOA)

អ្នកជំនាញ​ខាងសេដ្ឋកិច្ច ចាត់ទុក​ថា កិច្ចព្រមព្រៀង​សេដ្ឋកិច្ច RCEPនេះ អាច​ជា​ការគំរាម​កំហែង​ទៅ​លើ​ការលក់​ទំនិញ​របស់​កម្ពុជា ជាពិសេស​គឺ​ទំនិញ​កាត់ដេរ ដែល​ប្រទេស​ជា​សមាជិកRCEP មាន​ដូចជា​ចិន ក៏​ជា​អ្នក​ផលិត​ទំនិញ​ប្រភេទ​នេះ​ផង​ដែរ។

ធនាគារ​ពិភពលោក​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ពី​ហានិភ័យ​មួយ​ចំនួន​ដែល​អាច​កើតមាន​ រួមមាន​ទាំង​ភាព​មិនប្រាកដ​ប្រជា​ជុំវិញ​លទ្ធភាព​របស់​កម្ពុជា​ ក្នុងការ​នាំ​ទំនិញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​ លើកលែង​គ្រឿង​សព្វាវុធ» (EBA) ចូល​ទីផ្សារ​សហគមន៍អឺរ៉ុប​ ដែល​ស្រូប​យក​៤០ភាគរយ​នៃ​ផលិតផល​នាំចេញ​ពី​កម្ពុជា។

ហានិភ័យ​មួយ​ទៀត​នោះ​គឺ​ការ​ស្រុត​ចុះ​ដោយ​គំហុក​ណាមួយ​នូវ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ ដោយ​សារ​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋ​អាមេរិក​ នឹង​ធ្វើ​ឲ្យ​លទ្ធភាព​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ចុះ​ខ្សោយ​វិញ​ នៅ​ពេល​ដែល​សេដ្ឋកិច្ច​នេះ​ ពឹង​ផ្អែក​ខ្លាំង​លើការ​វិនិយោគ​ផ្ទាល់​ពីបរទេស​ (FDI)​ និង​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ចិន។

ស្រប​ពេល​មាន​ការ​ព្រមាន​របស់​ធនាគា​ពិភពលោក​ពី​ភាព​មិន​ប្រាកដ​ប្រជា​ពាក់​ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ ​EBA ​ដែល​ជាកម្មសិទ្ធិ​ផ្តាច់​មុខ​របស់​សហភាព​អឺរ៉ុប​ ចិន​ដែល​ជាអ្នកផ្តល់​ជំនួយ​ដ៏ធំមួយ​របស់​កម្ពុជា​ ក៏ផ្តើមជំរុញឲ្យ​ចេញ​ជារូបរាង​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីថ្មី​មួយ​ទៀត​ ដែល​មាន​ឈ្មោះថា​ «កិច្ច​ព្រម​ព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​ដ៏ធំ​ទូលាយ​ក្នុង​តំបន់​» ឬ​ហៅថា​ (RCEP)។

ប្រទេស​កម្ពុជា​ដែល​សេដ្ឋកិច្ច​របស់​ខ្លួន​ត្រូវ​ក្រុម​អ្នកវិភាគជឿថា​ ពឹង​ផ្អែក​កាន់​តែ​ឡើង​លើ​ចិននោះ​ មិន​រារែក​ ទទួល​យក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ RCEP ដែល​អាច​ក្លាយ​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ​បំផុត​មួយនៅក្នុង​សាកលលោក​ប្រសិន​បើ​ឥណ្ឌាទទួល​យក​កិច្ច​ព្រមព្រៀង​នេះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជាលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រំពឹង​ថា​ កិច្ចព្រមព្រៀង​ RCEP នឹង​ផ្តល់​នូវ​ឱកាស​ជំនួញ​ថ្មីៗ​ ឆ្ពោះ​ទៅ​រក​ប្រភព​ថ្មី​នៃ​កំណើន​ សេដ្ឋកិច្ច​ខ្ពស់​ ហើយ​ផ្តល់​សន្ទុះ​ដល់ការ​ធ្វើពាណិជ្ជកម្ម​ទំនិញ សេវា​ និង​ការ​វិនិយោគ។

ក៏​ប៉ុន្តែ​ក្នុង​ក្រសែ​ភ្នែក​អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​ RCEP គឺ​អាច​ត្រឹមតែជា​កិច្ច​ព្រមព្រៀង​ដែល​កម្ពុជា​អាច​ចូលរួម​បាន​ តែ​ពលរដ្ឋ​កម្ពុជា​នឹង​មិន​ប្រាកដ​ថា​ បាន​ចំណេញ​ពី​កិច្ច​ព្រមព្រៀង​ដែលនាំ​មុខ​ដោយ​ប្រទេស​ចិន​នេះ​ទេ។

ផ្ទុយ​ទៅវិញ​ ការ​ខាត​បង់​អាច​មានច្រើន​ដល់​សេដ្ឋកិច្ច​កម្ពុជា​ ដែល​នៅមាន​ឱនភាព​ពាណិជ្ជកម្ម​បើធៀបជាមួយ​ប្រទេស​ជិត​ខាង​ ហើយ​ជំនាញ​ពលករ​នៅ​មាន​កម្រិត។

លោក​ ង៉ែត​ ជូ​ អ្នកស្រាវ​ជ្រាវ​ខាង​សេដ្ឋកិច្ច​ប្រាប់​ VOA​ ថា៖

«ដូច​យើង​បាន​ឃើញ​ទាំង​អស់​គ្នា​ហើយ​ គឺយើង​មាន​តែ​ផលិតផល​កសិកម្ម​កែ​ច្នៃ​មួយចំនួន​ ដូច​ជា​ស្រូវ​អង្ករ​ ហើយ​និង​កាត់​ដេរ​ទេ​ ដែល​ជា​ផលិត​ផល​ ដែល​មាន​ការ​កែច្នៃ​ របៀប​បច្ចេកវិទ្យា​ កម្រិត​ទាប​មែន​ទែន​។ អ៊ីចឹង​ បើ​យើង​ពិនិត្យ​មើល​ យើង​ចង់​...ជំរុញ​ការផលិត​ដើម្បី​នាំ​ចេញ​ទៅ​បណ្តា​ប្រទេសជា​ ជា​សមាជិក​កិច្ច​ព្រម​ព្រៀង RCEPនេះ​គឺ​ យើង​ពិបាក​មែន​ទែន»។

កិច្ច​ព្រម​ព្រៀង​ RCEPមាន​ការ​ចូល​រួមពី​ប្រទេស​ចំនួន​១៥​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។​ កាល​ពី​ដើម​ឡើយ​ កិច្ចព្រមព្រៀង​នេះ​មាន​ប្រទេស​ចូលរួម​ចំនួន​១០​នៅ​ក្នុង​សមាគម​អាស៊ាន​ ប្រទេស​អូស្ត្រាលី នូវែលសេឡង់​ ជប៉ុន​ កូរ៉េ​ខាង​ត្បូង ឥណ្ឌា​ និង​ចិន។

ប្រទេស​ឥណ្ឌា​ មិនទាន់បញ្ជាក់​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុងការ​ចូលរួម​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នេះ​ទេ។ប្រទេស​ឥណ្ឌា​នៅ​ពេល​នេះ​ កំពុង​តវ៉ាដើម្បី​ការពារ​ផលិតផល​កសិកម្ម​ និង​អាជីវកម្ម​ខ្នាតតូច​ក្នុង​ស្រុក​របស់​ខ្លួន​មួយ​ចំនួន​ ដែល​អាច​រង​ផល​ប៉ះពាល់​ប្រសិន​បើ​ខ្លួន​ចូលរួម​ក្នុង​កិច្ចព្រមព្រៀងRCEP​ដែល​ប្រទេស​ចិន​ជា​អ្នកនាំ​មុខ​នោះ។

លោក ង៉ែត​ ជូ​ អ្នកស្រាវ​ជ្រាវ​ខាង​សេដ្ឋកិច្ចកត់​សម្គាល់​ទៀតថា កម្ពុជា​គឺ​ស្ថិត​នៅ​ឆ្ងាយ​ពី​សមាជិក​នៃកិច្ចព្រមព្រៀង​ RCEP ​បើ​សម្លឹងមក​លើសមត្ថភាពនិង​ផលិត​ផល​ដែល​កម្ពុជា​អាច​ផលិត​បាន។ លោក​បន្ថែម​ថា​ ភាព​ទន់​ខ្សោយ​នៃ​ជំនាញ​ប្រើ​បច្ចេកវិទ្យា​ខ្ពស់ៗ​ និង​មិន​ទាន់​សម័យរបស់​ក្រុម​ពលករ​កម្ពុជា​ក៏​ជា​ចំណែក​មួយ​ផង​ដែរ។

អ្នក​ជំនាញ​ខាង​ស្រាវជ្រាវ​សេដ្ឋកិច្ច​រូប​នេះ​អះអាង​ថា​ អ្វី​ដែល​កម្ពុជា​អាច​ធ្វើ​បាន​នៅ​ពេល​នេះ​ គឺ​ចាប់​ឲ្យ​ជាប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​កំពុង​មាន​សុពលភាព​ ជា​ពិសេស​នោះ​ គឺ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ ក្រោម​កម្មវិធី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA។

លោក​បញ្ជាក់​ថា​ ទីផ្សារ​នៅអឺរ៉ុប​មាន​អំណោយផល​ល្អដល់ទំនិញ​កាត់​ដេរ​កម្ពុជា​ ជាង​ ទីផ្សារ​នៅ​ប្រទេស​RCEP ដោយ​ហេតុ​ថា​ ប្រទេស RCEP​មួយចំនួន ដូច​ជា​ចិន​ ​ក៏​ផលិត​សម្លៀក​បំពាក់​នាំ​ទៅ​លក់នៅទីផ្សារ​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

«សេណារីយោ​ [ផែនការចំពោះ​មុខ​] ល្អបំផុត​ គឺយើង​គួរ​តែ​រក្សា​ឲ្យ​បាន​នូវ​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដែល​ ដែល​យើង​បាន​ឆ្លើយ​តប​ស្រាប់​នូវ​តម្រូវ​ការ​លក្ខខណ្ឌ​ ស្តង់​ដារ​នៃ​ការ​ផលិត​សម្លៀក​បំពាក់​អី​ជាដើម​។ អ៊ីចឹង​វា​ប្រសើរ​ជាង​ទៅ​ទីផ្សារ​ថ្មី​សាឡាង​ដែល​យើង​មិន​ទាន់​បាន​មើល​ឃើញ​ពី​សក្តានុពល​ ជា​ដុំ​កំភួន»។

សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ឬ​ហៅថា​ GMAC ក៏​ទំនង​ជា​មិន​សូវ​មាន​ជំនឿ​ទៅ​លើ​ទីផ្សារ​ថ្មី​នេះ​ដែរ​សម្រាប់​ទំនិញ​កាត់​ដេរ​ដែល​ផលិត​ចេញ​ពីប្រទេស​កម្ពុជា។ សមាគម​អ្នកនាំ​ចេញកាត់​ដេរ​ បន្ត​បញ្ជាក់ពីការចង់​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA ដើម្បី​ទ្រទ្រង់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។

GMAC អះអាងថា​ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៩ តម្លៃ​នៃ​ការ​នាំចេញ​ទៅ​កាន់​អឺរ៉ុប​បាន​ធ្លាក់​មក​ត្រឹម​តែ ៦០០លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ពាក់​កណ្តាល​ឆ្នាំ​មុន។ ការ​នាំ​ចេញ​ផលិត​ផល​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ក្នុង​មួយ​ឆ្នាំៗ មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​ជាង​៥ពាន់លាន​ដុល្លារ​អាមេរិក។

លោក​ ខេន លូ (Ken Loo)​ អគ្គេលខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ ឬ​ហៅ​ថា​ GMAC ប្រាប់​វីអូអេថា​ កម្ពុជា​នឹង​ប្រឈម​បញ្ហា​ខ្វះ​ការងារ​ធ្វើ​នៅ​ឆ្នាំ​២០២០​ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ EBA ចេញ​ពី​កម្ពុជា​មែន​នោះ។

លោក កុយ គួង​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ បញ្ជាក់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​រង់​ចាំ​ការ​សម្រេ​ច​របស់​គណៈ​កម្មការ​អឺរ៉ុប​ដែល​ទទួល​បន្ទុក​វាយតម្លៃ​ស្ថានភាព​កម្ពុជា​ និង​ការ​ផ្តល់ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ EBA នេះ។

នៅ​ពេល​ VOA សួរអំពី​ការ​ជំនួស​គ្នារវាង EBA និង​ RCEP ចំពោះ​កម្ពុជា​ លោក​បាន​ឲ្យដឹង​ថា​ កម្ពុជា​ចង់​បាន​ ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យកាន់តែ​ទូលាយ​ជាមួយបណ្តាប្រទេស​ផ្សេង​ទៀត។

«អ្វីដែល​យើង​ចង់​បាន​ គឺចង់​បាន​ធ្វើ​យ៉ាង​ណា​ ឲ្យ​កាន់​តែ​ទូលំ​ទូលាយ​។ យើងនៅមាន EBA យើង​បានចូលរួម​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​ RCEP ហ្នឹង​ ហើយ​កិច្ច​ព្រមព្រៀង​ផ្សេង​ៗ​ទៀត​ គឺ​ជា​ការ​ល្អ​ហើយ​សម្រាប់​ប្រទេស​ខ្មែរ​យើង»។

ក្រុម​អ្នកការពារ​សិទ្ធិកម្មករ​នៅប្រទេស​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ពេល​កន្លងមក​ថា​ ក្រុម​ការងារ​របស់​សហភាព​អឺរ៉ុប​មួយ​នឹង​ចេញ​របាយការណ៍​នៃ​ការ​រក​ឃើញ​របស់​ខ្លួន​អំពី​បច្ចុប្បន្នភាព​របស់ កម្ពុជា ក្រោម​ក្របខ័ណ្ឌ​ EBAនេះ​ ​នៅ​ថ្ងៃទី​១១​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ ខាង​មុខ ហើយ​របាយ​ការណ៍​នេះ​នឹង​ត្រូវ​បញ្ជូន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយ​តប។

រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​ពេល​បីខែ​ដើម្បី​ឆ្លើយតប​ និងរបាយការណ៍​នេះ​ និង​ពេល​វេលា​បន្ថែម​ទៀត​សម្រាប់​ការ​សន្ទនា​អំពី​ប្រព័ន្ធឋានៈ​អនុគ្រោះ​ដដែល​នេះ​ នៅ​មុន​ពេលសហគមន៍​អឺរ៉ុប ចេញ​សេចក្តី​សម្រេច​ចុង​ក្រោយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២០​ថា​ ​នឹង​ចេញ​កាតក្រហម​ កម្ពុជា​ មិន​ឲ្យបន្តទទួលបាន​ប្រព័ន្ធឋានៈ​អនុគ្រោះ​នេះ​បន្ត​ទៀត ឬ​ក៏​យ៉ាងណា​នោះ។

លោក​ ហ៊ុន​ សែន​បាន​ប្រឹង​រក​ខែល​ការពារ​ពីប្រទេស​នៅអឺរ៉ុប​ខាងកើត​ចំនួន​បី​រួមមាន​សាធារណរដ្ឋ​ឆែក​ ហុងគ្រី​ និង​ប៊ុលហ្គារី​ ដើម្បី​ជួយ​ទប់​មិន​ឲ្យ​សហភាព​អឺរ៉ុប​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​នេះ។

ទោះ​យ៉ាង​ណា​ ក្រុម​អ្នកការពារ​សិទ្ធិកម្មករ​នៅ​កម្ពុជា​ ជឿ​ថា​ ទឹក​មាត់​មេដឹកនាំ​រដ្ឋាភិបាល​ប្រទេស​ទាំង​បី​នេះ​ មិន​ប្រៃ​នោះ​ទេ។

ធនាគារ​ពិភពលោក បាន​ផ្តល់​អនុសាសន៍​មួយចំនួន​ដល់​កម្ពុជា​ ដោយ​បាន​លើក​ឡើង​ថា​ ដើម្បី​ឲ្យ​កម្ពុជា អាច​ទប់ទល់​នឹង​ស្ថានភាព​លំបាក​ក្នុង​ករណី​មានការ​បាត់​បង់ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ EBA នោះ​ ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយនេះ​ ​គួរតែ​ពិចារណា​លើ​ការ​កែ​ទម្រង់​ដែល​អាចធ្វើ​ឲ្យ​បរិយា​កាស​ធ្វើ​ជំនួញ​មាន​ភាព​ប្រសើរ​ឡើង។ ហើយ​កម្ពុជា​ត្រូវ​បង្កើន​សមត្ថភាព​ ក្នុងការ​ប្រកួតប្រជែង​នៅ​ក្រៅ​ប្រទេស តាម​រយៈការ​លើក​កម្ពស់​ផលិត​ភាព។

យ៉ាង​ហោច​ណាស់ ប្រជាពល​រដ្ឋ​ជាង​ពីរ​លាន​នាក់​នឹង​ត្រូវ​រង​ផល​ប៉ះពាល់ បើ​សិន​ជា​សហភាព​អឺរ៉ុប​សម្រេច​ផ្អាក ឬ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ។ វិស័យ​កាត់ដេរ​បាន​ផ្តល់​ការងារ​យ៉ាង​ហោច​ណាស់ចំនួ​ន​៧សែន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ស្ត្រី។

រដ្ឋាភិបាល​កម្ពុជា​បាន​ព្យាករណ៍​ថា ​វិស័យកាត់ដេរ​នឹង​ធ្លាក់​ចុះ​ពី​៧,១​ភាគរយ​ទៅ​៣,៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២០។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ ៥០០​លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០​ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ EBA ​ដល់​កម្ពុជា​នោះ៕