បន្ទាប់ពីមានការដោះស្រាយបញ្ចប់វិវាទដីធ្លីរវាងប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រីជាមួយម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ទាក់ទងការប្រើប្រាស់ឯកសារក្លែងបន្លំដើម្បីកាន់កាប់អចលនវត្ថុ តាមរយៈការសម្របសម្រួលគ្នានោះមក អ្នកតាមដានសង្គម ថ្លែងដោយប្រយ័ត្នប្រយែងថា យន្តការដោះស្រាយវិវាទដីធ្លី ចំពោះអ្នកមានទ្រព្យស្តុកស្តម្ភ និងប្រជាពលរដ្ឋសាមញ្ញ គឺមិនទាន់អនុវត្តស្មើភាពគ្នានៅឡើយទេ។
អ្នកតាមដានទាំងនោះ យល់ថា ការដោះស្រាយបញ្ចប់វិវាទដីធ្លីពាក់ព័ន្ធករណីប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គួរតែយកមកធ្វើជាគំរូ និងត្រូវតែអនុវត្តឱ្យមានប្រសិទ្ធិភាពចំពោះប្រជាពលរដ្ឋដែលកំពុងមានវិវាទដីធ្លី។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក ថ្លែងថា បើប្រៀបធៀបការដោះស្រាយវិវាទដីធ្លីមួយនេះ ទៅនឹងការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋទូទៅ បង្ហាញឱ្យឃើញថា ការអនុវត្តច្បាប់នៅមិនទាន់ស្មើភាពគ្នានៅឡើយទេ។
លោកថ្លែងថា៖ «ករណីនេះ ជាករណីពិសេសដែលយើងមើលឃើញថា មានកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ៊ីចឹងទៅបានឃើញករណីនេះ ហាក់ដូចជាមិនអនុវត្តច្បាប់ឱ្យបានដូចករណីដែលបានអនុវត្តទៅលើប្រជាពលរដ្ឋ។ អ៊ីចឹងគួរតែមានការពិនិត្យទៅក្នុងអនុវត្តទៅលើប្រជាពលរដ្ឋកន្លងមកឡើងវិញ»។
លោកថ្លែងបន្ថែមថា ការអនុវត្តច្បាប់ ត្រូវតែអនុវត្តឱ្យបានស្មើៗគ្នា ដោយកុំប្រកាន់ថា ជាអ្នកមាន ឬអ្នកក្រ ព្រោះលោកកត់សម្គាល់ថា ករណីវិវាទដីធ្លី គឺប្រជាពលរដ្ឋមួយចំនួន រងការចោទប្រកាន់តាមផ្លូវតុលាការ និងការចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារ ហើយពលរដ្ឋដែលមានបញ្ហាវិវាទដីធ្លីតែងតែស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ ប៉ុន្តែមិនមានដំណោះស្រាយអ្វីនោះទេ។
បើតាមលោក ស៊ឹង សែនករុណា ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ក៏ខាតទាំងពេលវេលា ខាតថវិកា និងប៉ះពាល់សេដ្ឋកិច្ចគ្រួសារថែមទៀតផង។ ដូច្នេះលោកថា រដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធ គួរតែពិនិត្យ និងដោះស្រាយវិវាទដីធ្លី ដែលកំពុងកើតមាន ឱ្យបានល្អប្រសើរ និងដោយស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដើម្បីចៀសវាងការរិះគន់។
លោកថ្លែងបន្ថែមថា៖ «ហើយនេះបើយើងគិតមើលអំពីករណីក្លែងបន្លំឯកសារទៅទៀត ប្រសិនបើជាប្រជាពលរដ្ឋដែលមានវិវាទបញ្ហាដីធ្លី ហើយទៅធ្វើការក្លែងបន្លំឯកសារនេះ ខ្ញុំគិតថា ពួកគាត់នឹងត្រូវបានចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារបាត់ទៅហើយ»។
ស្រដៀងគ្នានេះដែរ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា យន្តការសម្របសម្រួល ដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការនេះ គួរតែអនុវត្តចំពោះប្រជាពលរដ្ឋទូទៅ ដោយកុំកំណត់ឋានៈ ថាអ្នកនេះជាមាន ឬអ្នកនោះជាអ្នកក្រ។
លោកថ្លែងថា៖ «ការសម្របសម្រួលនេះ វាគួរតែកើតឡើងទូទៅ ហើយដើម្បីកុំឱ្យវាកើតឡើងក្នុងកម្រិតណាមួយ ឬកម្រិត អ្នកមាននិងអ្នកមាន ហើយវាត្រូវបានគេទុកប្រើយ៉ាងជាក់លាក់ ទៅដល់ក្រុមណាមួយ ដែលគេយល់ថា គ្មានករណីលើកលែង»។
ចំណែកលោកមេធាវី សេក សុភ័ណ្ឌ យល់ថា ការដោះស្រាយវិវាទដីធ្លីរវាងអ្នកស្រី សៀង ចាន់ហេង ជាមួយប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គួរក្លាយជាគំរូ ក្នុងការដោះស្រាយវិវាទដីធ្លីរបស់សាមញ្ញជនផងដែរ។
លោកថា៖ «ខ្ញុំយល់ថាជាចំណុចមួយល្អដែរ ក្នុងវិវាទដីធ្លីមិនទាន់ចុះបញ្ជី ឬក៏វិវាទរវាងពលរដ្ឋ និងរដ្ឋ ក៏អាចយកជាគំរូហ្នឹង ក្នុងករណីភាគីព្រមព្រៀងហើយ។ ហើយកម្មវត្ថុនៃបណ្តឹងពាក់ព័ន្ធលើសិទ្ធិដីមិនទាន់ចុះបញ្ជី»។
បើតាមនីតិវិធីច្បាប់ លោកមេធាវី សេក សុភ័ណ្ឌ ពន្យល់ថា នៅពេលដីមិនទាន់ចុះបញ្ជីប្លង់រឹងអាចដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការ ឬតាមយន្តការសូរិយោដីបាន ប៉ុន្តែបើនៅពេលជម្លោះ ពាក់ព័ន្ធករណីដីមានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬហៅថាប្លង់រឹង គឺគោលការណ៍ច្បាប់ត្រូវតែអនុវត្តតាមតុលាការ។
ការដោះស្រាយវិវាទដីធ្លីរវាងប្អូនស្រីរបស់លោកនាយករដ្ឋមន្ត្រីគឺអ្នកស្រី ហ៊ុន ប៊ុនធឿន ជាមួយម្ចាស់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ អ្នកស្រី សៀង ចាន់ហេង ជុំវិញការប្រើប្រាស់ឯកសារក្លែងបន្លំដើម្បីកាន់កាប់អចលនវត្ថុ សម្រេចបានតែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ក្រោយពីមានប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្នើឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ផ្តល់ជាយោបល់ រួចឈានដល់ការព្រមព្រៀងគ្នារវាងភាគីទំនាស់នេះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអ្នកនាំពាក្យក្រសួងនេះ គឺលោក សេង ឡូត បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍នេះ។
គួររំឮកថា កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) មួយ ដោយបានប្រគល់ទៅសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចាត់ការតាមនីតិវិធីនាំខ្លួនជនល្មើសឈ្មោះ សៀង ចាន់ហេង និងបក្ខពួក ប្រគល់ឱ្យអយ្យការអមសាលាដំបូងខេត្តកណ្តាល ដើម្បីចោទប្រកាន់ និងផ្តន្ទាទោសតាមច្បាប់ដោយមិនលើកលែង ទាក់ទងទៅនឹងករណីប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនទ្រព្យវត្ថុរបស់ឈ្មោះ ហ៊ុន ប៊ុនធឿន និងឈ្មោះ ហៀវ លន់ ដែលស្ថិតក្នុងភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ប៉ុន្តែក្រោយមក ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចលុបចោលដោយលោក ហ៊ុន សែន ថា ជាការបញ្ចប់នូវភាពមិនច្បាស់លាស់ក្នុងទំនាស់ធ្លីមួយនេះ៕