បន្ទាប់ពីលោក ដូណាល់ ត្រាំ (Donald J. Trump) ជាប់ឆ្នោត និងត្រៀមដឹកនាំរដ្ឋាភិបាលអាមេរិកម្តងទៀត កម្ពុជានៅសប្តាហ៍នេះបានសម្រេចផ្លាស់ប្តូររដ្ឋមន្ត្រីការបរទេសរបស់ខ្លួន ដោយតែងតាំងលោក ប្រាក់ សុខុន មកកាន់ដំណែងនេះជាថ្មី។ អ្នកជំនាញវាយតម្លៃថា កម្ពុជានឹងនៅតែបន្តឱបក្រសោបប្រទេសចិន ហើយព្យាយាមធ្វើទំនាក់ទំនងយ៉ាងប្រុងប្រយ័ត្នជាមួយបណ្តាប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក។
លោក អ៊ា សុផល ព្រឹទ្ធបុរសរងជាន់ខ្ពស់ និងជាសាស្ត្រាចារ្យជំនួយប្រចាំសាលា Thunderbird School of Global Management នៃសាកលវិទ្យាល័យរដ្ឋ Arizona ប្រាប់វីអូអេតាមសារអ៊ីមែល កាលពីថ្ងៃពុធថា អំឡុងពេលលោក ប្រាក់ សុខុន កាន់តំណែងជារដ្ឋមន្ត្រីការបរទេសចាប់ពីឆ្នាំ ២០១៦ កម្ពុជាបានពង្រឹងការចងសម្ពន្ធភាពជាមួយប្រទេសចិន ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានគាបសង្កត់យ៉ាងខ្លាំងលើសេរីភាពរបស់អង្គការសង្គមស៊ីវិល បណ្តាញសារព័ត៌មានឯករាជ្យ និងរបស់គណបក្សប្រឆាំង។
លោកបន្ថែមថា ការតែងតាំងលោក ប្រាក់ សុខុន ឡើងវិញនេះបង្ហាញថា កម្ពុជាចាត់ទុកលោកជាឥស្សរជនដែលអាចទុកចិត្តបានសម្រាប់ការទប់ស្កាត់ភាពមិនច្បាស់លាស់ដែលអាចកើតមាន នៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។
លោកថ្លែងក្នុងសារអ៊ីមែលថា៖ «ការសម្រេចចិត្តនេះអាចឆ្លុះបញ្ចាំងពីការបន្តនៅក្នុងយុទ្ធសាស្ត្រគោលនយោបាយការបរទេសរបស់កម្ពុជា ដែលភាពស្មោះត្រង់ចំពោះប្រទេសចិននៅតែជាចំណុចកណ្តាល ខណៈពេលធ្វើទំនាក់ទំនងយ៉ាងប្រុងប្រយ័ត្នជាមួយប្រទេសលោកខាងលិច ដើម្បីគ្រប់គ្រងការធ្លាក់ចុះសក្តានុពលសេដ្ឋកិច្ច ឬការទូត»។
ព័ត៌មានទាក់ទង៖ អ្នកតាមដានថាលោក ប្រាក់ សុខុន មានឥទ្ធិពលក្នុងវិស័យការទូតខ្លាំងជាងលោក សុខ ចិន្តាសោភាបើតាមសាស្ត្រាចារ្យរូបនេះ ការដឹកនាំជាថ្មីរបស់លោក ប្រាក់ សុខុន នៅក្រសួងការបរទេសកម្ពុជា ឆ្លុះបញ្ចាំងពីភាពប្រាកដនិយមនិងការបន្តគោលនយោបាយការបរទេសដែលកាន់តែជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីបន្តទទួលបានការគាំទ្រពីចិននូវវិស័យសេដ្ឋកិច្ច និងការរស់រាននៃរបបដឹកនាំ ស្របពេលដែលភាពតានតឹងជាមួយសហរដ្ឋអាមេរិកបន្តកើនឡើង។
កាលពីដើមខែវិច្ឆិកា លោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក បានបង្ហើបថា លោកកំពុងពិចារណាជ្រើសរើសសមាជិកព្រឹទ្ធសភារដ្ឋផ្លរីដា (Florida) លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសនៅពេលខាងមុខ។ លោក Rubio ត្រូវគេស្គាល់ថា ជាអ្នកមានជំហរនយោបាយការបរទេសតឹងរ៉ឹងចំពោះប្រទេសចិន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហដ្ឋអាមេរិក។
លោក អ៊ា សុផល ក៏មើលឃើញផងដែរថា ការចុះសម្រុងគ្នាយ៉ាងជិតស្និទ្ធរបស់កម្ពុជាជាមួយចិន អាចនាំឱ្យមានការមិនចុះសម្រុងជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលតែងស្វែងរកការប្រឆាំងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។
លោកបន្ថែមថា ប្រសិនបើរដ្ឋបាលរបស់លោក ត្រាំ ដែលនឹងមានលោក Rubio ជារដ្ឋមន្រ្តីការបរទេស នោះកម្ពុជាត្រូវរៀបចំយុទ្ធសាស្រ្តលើបញ្ហាសេដ្ឋកិច្ច ដើម្បីរក្សាការចូលរួមរបស់សហរដ្ឋអាមេរិក។ បញ្ហាប្រឈមសម្រាប់កម្ពុជា គឺការធ្វើឱ្យមានតុល្យភាពពីការពឹងផ្អែកលើប្រទេសចិនក្នុងការគាំទ្រផ្នែកនយោបាយ និងសេដ្ឋកិច្ច។
នៅក្នុងសម័យប្រជុំរដ្ឋសភាជាតិកម្ពុជាលើកទី ៣ នីតិកាលទី ៧ នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថ្លែងថា ការស្នើកែសម្រួល និងការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនេះ គឺយោងតាមតម្រូវការចាំបាច់ ដើម្បីជំរុញប្រសិទ្ធភាពការងារបន្ថែមទៀតរបស់រដ្ឋាភិបាលនីតិកាលទី ៧ ពាក់ព័ន្ធនឹងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មលើឆាកអន្តរជាតិ។
លោកថ្លែងថា៖ «ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅក្នុងវិស័យការបរទេស និងកិច្ចសហការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តាសោភា នៅក្នុងការវិស័យពាណិជ្ជកម្ម និងវិនិយោគ។ ការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលដូចបានស្នើសុំខាងលើ គឺនឹងពិតជាបង្កើនសមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបរទេស និងពាណិជ្ជកម្មរបស់កម្ពុជា លើឆាកអន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយការប្រឈមនានាទៅជាកាលានុវត្តភាព ដើម្បីលើកកម្ពស់ផលប្រយោជន៍ជាតិ»។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាត្រូវបានគេមើលឃើញថាបានធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនៅមុនការបោះឆ្នោតជាតិកម្ពុជានៅខែកក្កដា ឆ្នាំ ២០១៨ ក្រោយរដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមបង្ក្រាបលើសកម្មភាពរបស់អង្គការសង្គមស៊ីវិល ស្ថាប័នព័ត៌មានឯករាជ្យ ក្រុមជំទាស់ និងអ្នករិះគន់រដ្ឋាភិបាល។ កាលពីឆ្នាំ ២០១៧ គណបក្សជំទាស់ដ៏ធំមួយ គឺគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយចោល។
ក្រោមក្រសែភ្នែករបស់អ្នកតាមដាននយោបាយអន្តរជាតិ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកគឺស្ថិតក្នុងស្ថានភាពមិនសូវល្អនោះទេ ដោយសារការធ្លាក់ចុះសិទ្ធិមនុស្ស និងលំហលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការកើនឡើងឥទ្ធិពលមហាយក្សចិននៅកម្ពុជាស្ទើរតែគ្រប់វិស័យ។ ការណ៍នេះនាំឱ្យមានការវាយតម្លៃថា ក្រោមរដ្ឋបាលដឹកនាំរបស់លោក ដូណាល់ ត្រាំ ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះក៏នឹងមិនមានអ្វីប្រែប្រួលជាដុំកំភួនដែរ។
អ្នកសិក្សាភូមិសាស្ត្រនយោបាយអន្តរជាតិលោក វណ្ណ ប៊ុនណា យល់ថា បើទោះជាទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកក្រោមរដ្ឋបាលដឹកនាំថ្មី នឹងមិនមានអ្វីប្រែប្រួលក្តី ក៏កម្ពុជាគួរតែលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម ជាពិសេសតាមរយៈយន្តការអាស៊ាន ជាជាងចាប់យកមហាអំណាចណាមួយ។
លោកប្រាប់វីអូអេថា៖ «កម្ពុជាគួរតែលើកកម្ពស់យន្តការអាស៊ានឱ្យកាន់តែខ្លាំងដើម្បីជាទី ១ ជាជន្ទល់មួយសម្រាប់ឱ្យមហាអំណាចទាំងពីរហ្នឹង សហរដ្ឋអាមេរិកនិងចិន អាចចូលជជែកគ្នានៅក្នុងយន្តការរបស់អាស៊ានហ្នឹងផងដែរ។ ហើយតាមរយៈយន្តការរបស់អាស៊ាន វាធ្វើឱ្យកម្ពុជាមានទឹកមាត់ប្រៃក្នុងការ engage [ធ្វើទំនាក់ទំនង] ជាមួយ ឬចូលរួមចរចាជាមួយមហាអំណាចទាំងពីរហ្នឹងផងដែរ»។
ទំនាក់ទំនងកម្ពុជានិងសហរដ្ឋអាមេរិក នឹងមិនមានអ្វីប្រែប្រួលទេ ប្រសិនបើស្ថានការណ៍ភូមិសាស្ត្រនយោបាយពិភពលោកមិនប្រែប្រួល ជាពិសេសការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ នេះបើតាមលោក វណ្ណ ប៊ុនណា។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សន្ទរី លើកឡើងថា កម្ពុជាទន្ទឹងរងចាំការកសាងផ្លូវថ្មីជាមួយរដ្ឋបាលសហរដ្ឋអាមេរិកនាពេលខាងមុខ ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងភាពជាដៃគូរវាងប្រជាជាតិទាំងពីរឱ្យឡើងដល់កម្រិតថ្មី។
អ្នកនាំពាក្យរូបនេះទទួលស្គាល់ថា ប្រទេសទាំងពីរមានទស្សនៈផ្ទុយគ្នាទៅលើបញ្ហាមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
លោកបញ្ជាក់ថា៖ «ជាការពិត ប្រទេសទាំងពីរនៅតែមានទស្សនៈខុសគ្នាលើបញ្ហាមួយចំនួនរួមទាំងបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ខ្ញុំបានកត់សម្គាល់ឃើញថា ការផ្លាស់ប្តូរទស្សនៈប្រកបដោយភាពស្ថាបនា បានបង្កើតបរិយាកាសនៃការយល់ដឹងកាន់តែប្រសើរឡើងលើប្រធានបទនេះ និងចេតនារួមគ្នាមិនអនុញ្ញាតឱ្យភាពខុសគ្នាទាំងនេះរារាំងដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ ខ្ញុំមានជំនឿថា ប្រទេសទាំងពីរគួរតែបន្តនិន្នាការនេះ ដើម្បីផលប្រយោជន៍នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ»។
ក្នុងនាមជាអ្នកសម្របសម្រួលប្រទេសសម្រាប់កិច្ចសន្ទនារវាងអាស៊ាននិងសហរដ្ឋអាមេរិក កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
កាលពីឆ្នាំ ២០១៩ លោក ដូណាល់ ត្រាំ ដែលកាលនោះជាប្រធានាធិបតីសហរដ្ឋអាមេរិកធ្លាប់បានសរសេរលិខិតមួយច្បាប់ទៅលោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា ដោយបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលកំពុងមានភាពរកាំរកូសជាច្រើនឆ្នាំ។ លោក ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឱ្យមានការផ្លាស់ប្តូររបបនោះទេ ប៉ុន្តែលោក ត្រាំ បានប្រាប់ឱ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកាលនោះ ដាក់ប្រទេសកម្ពុជាលើមាគ៌ាអភិបាលកិច្ចប្រជាធិបតេយ្យវិញ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយអន្តរជាតិលោក រ៉ូ វណ្ណៈ ប្រាប់វីអូអេថា ជាទ្រឹស្តី នយោបាយការបរទេសកម្ពុជាដើរស្របជាមួយនយោបាយការបរទេសសហរដ្ឋអាមេរិក ដែលព្យាយាមលើកកម្ពស់សណ្តាប់ធ្នាប់សេរី។ ប៉ុន្តែការអនុវត្តជាក់ស្តែង កម្ពុជាហាក់ដើរផ្ទុយពីសហរដ្ឋអាមេរិក ដែលព្យាយាមលើកកម្ពស់ការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ជាពិសេសការបន្តយុទ្ធសាស្ត្រទប់ស្កាត់ចិន ឡោមព័ទ្ធចិន និងធ្វើឱ្យចិនចុះខ្សោយ។ លោកបន្តថា កម្ពុជាមានភាពស្អិតរមួតជាមួយចិនដើម្បីបន្តការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «អ៊ីចឹងយើងមើលឃើញថា ភាពមិនស្របគ្នានៃនយោបាយការបរទេសកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិក ទី ១ គឺដោយសារកត្តានៃការរះឡើងឥទ្ធិពលរបស់ចិន ឥទ្ធិពលរបស់ចិននៅក្នុងតំបន់អាស៊ាន និងឥទ្ធិពលរបស់ចិនមកលើកម្ពុជា បន្ថែមទៅលើនយោបាយផ្ទៃក្នុងរបស់កម្ពុជាហាក់ដូចជារួមរឹត រឹតត្បិតទៅលើលំហប្រជាធិបតេយ្យ លំហសិទ្ធិមនុស្ស និងលំហសិទ្ធិដទៃទៀត ដើម្បីអាចឱ្យប្រជាពលរដ្ឋចូលរួមយ៉ាងសស្រាក់សស្រាំនៅក្នុងដំណើរការអភិវឌ្ឍប្រទេសតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស»។
បើតាមលោក រ៉ូ វណ្ណៈ ទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកនាពេលខាងមុខ នឹងមិនខុសពីកាលពេលដែលលោក ដូណាល់ ត្រាំ ដឹកនាំពីមុននោះទេ ដោយលោកថា ទំនាក់ទំនងអាចប្រែប្រួល អាស្រ័យលើភាពឈ្លាសវៃរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា គឺលោក ប្រាក់ សុខុន៕