ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធ បានកើនពី១៨៥លានដុល្លារនៅឆ្នាំ២០១០ រហូតដល់៣៧៦លានដុល្លារ ឬ ស្មើនឹង៣០ភាគរយនៃជំនួយសរុបនៅឆ្នាំ២០១២។
ភ្នំពេញ៖តាំងពីការបោះឆ្នោតឆ្នាំ១៩៩៣ រហូតមកទល់នឹងឆ្នាំ២០១២ជំនួយបរទេសឬហិរញ្ញប្បទានអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជាបានកើនដល់យ៉ាងតិចជាង១០ពាន់លានដុល្លារ។
កំណើនជំនួយបរទេសដែលក្នុងនោះមួយផ្នែកជាប្រាក់កម្ចី បានកើនឡើងជារៀងរាល់ឆ្នាំដែលធ្វើឲ្យក្រុមមន្ត្រីរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកស្រាវជ្រាវជំនាញបង្ហាញប្រតិកម្មផ្សេងៗគ្នា។
លោក ជូ ហេង អ្នកឯកទេសគោលនយោបាយជាន់ខ្ពស់នៅឯក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងថា កំណើនជំនួយពីបរទេសនេះបានរួមចំណែកកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចកម្ពុជា។
ទោះបីជាយ៉ាងណា លោក ជូ ហេង បន្ថែមថា កម្ពុជាមានលទ្ធភាពតិចតួចបំផុតក្នុងចាត់ចែងជំនួយទាំងនោះដោយខ្លួនឯង ហើយជំនួយភាគច្រើនភ្ជាប់មកជាមួយលក្ខខណ្ឌ លើកលែងតែជំនួយពីប្រទេសចិន។
«កន្លងមកអ្វីដែលខ្ញុំមើលឃើញ រាជរដ្ឋាភិបាលឬក៏ក្រសួងស្ថាប័នដែលជាអ្នកប្រើប្រាស់ហ្នឹងមានលទ្ធភាពតិចតួចឬមិនមានទាល់តែសោះក្នុងការចាត់ចែង។ ដោយឡែកករណីកម្ចីរបស់ចិន មួយផ្នែកធំហាក់ដូចជាមានសិទ្ធិក្នុងការកំណត់ការប្រើប្រាស់ត្រឹមត្រូវហើយជំនួយភាគច្រើនអនុវត្តដោយក្រុមហ៊ុនចិនប៉ុន្តែរដ្ឋាភិបាលយើងមានសិទ្ធិជ្រើសរើសក្រុមហ៊ុន១ឬក៏២តាមអ្វីដែលគេផ្តល់ឱ្យ»។
នៅឆ្នាំ២០០៤កម្ពុជាទទួលបានជំនួយ៥៨០លានដុល្លារ ហើយនៅឆ្នាំ២០១២ ចំនួននេះបានកើនឡើងដល់១.៣៧៥លានដុល្លារក្នុងកំណើនជាមធ្យម១៤ភាគរយក្នុងមួយឆ្នាំ។ ប៉ុន្តែក្នុងនោះជំនួយក្នុងរូបភាពកម្ចីបានកើនឡើងជាលំដាប់នាប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ២០១២ ប្រហែល៣០ភាគរយនៃជំនួយសរុបជាប្រាក់កម្ចី។
ប្រទេសចិនត្រូវបានមើលឃើញថាជាកាតាលីករសំខាន់សម្រាប់ការកើនឡើងនេះពោលគឺជំនួយពីចិនបានកើនឡើងពី៥លានដុល្លារនៅឆ្នាំ២០០២រហូតដល់៣៥០លានដុល្លារនៅឆ្នាំ២០១២ ប៉ុន្តែភាគច្រើនជាកម្ចីមានការប្រាក់ទាប។ ក្រៅពីចិនក៏ឃើញមានការកើនឡើងជំនួយពីប្រទេសនិងស្ថាប័នអន្តរជាតិដទៃទៀតដូចជា ប្រទេសក្នុងតំបន់អឺរ៉ុប ប្រទេសជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក ធនាគារអភិវឌ្ឍន៍អាស៊ី និងអង្គការសហប្រជាជាតិជាដើម។
ប៉ុន្តែគេសង្កេតឃើញថាអាទិភាពរបស់ម្ចាស់ជំនួយមានការប្រែប្រួលនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ តួយ៉ាងវិស័យសុខាភិបាលដែលតាំងពីមុនមកជាវិស័យអាទិភាពខ្ពស់ជាងគេ ត្រូវបានជំនួសដោយវិស័យហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០១១និង២០១២។
ជំនួយផ្នែកហេដ្ឋារចនាសម្ព័ន្ធនេះបានកើនពី១៨៥លានដុល្លារនៅឆ្នាំ២០១០ រហូតដល់៣៧៦លានដុល្លារឬស្មើនឹង៣០ភាគរយនៃជំនួយសរុបនៅឆ្នាំ២០១២ហើយថវិកាទាំងនោះភាគច្រើនជាជំនួយក្នុងរូបភាពជាកម្ចីពីប្រទេសចិន។
វិស័យដែលមានកំណើនផងដែររួមមានវិស័យអប់រំដែលកើនឡើងពី១០០លានដុល្លារនៅឆ្នាំ២០០៨រហូតដល់១២៥នៅឆ្នាំ២០១២ និងកសិកម្មពី៤៦លានដុល្លារទៅ១៣០លានដុល្លារនៅឆ្នាំ២០១២។ ផ្ទុយទៅវិញវិស័យព័ត៌មានវប្បធម៌ និងទេសចរណ៍ មានការធ្លាក់ចុះកាន់តែខ្លាំង។
លោក សឿង សារឿន នាយកប្រតិបត្តិគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាដែលជាអង្គការឃ្លាំមើលលើប្រសិទ្ធភាពប្រើប្រាស់ជំនួយមួយថ្លែងទទួលស្គាល់ពីប្រយោជន៍ដែលទាញបានពីជំនួយបរទេសនាពេលកន្លងមកសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។
ប៉ុន្តែតាមការអង្កេតរបស់លោក ពុំមានប្រទេសណាដែលផ្តល់ជំនួយដល់កម្ពុជាដោយគ្មានលក្ខខណ្ឌនោះទេ រួមទាំងជំនួយពីចិនផងដែរ។
«ខ្ញុំមិនគិតថាជំនួយចិនអត់មានលក្ខខណ្ឌទេ ជំនួយទាំងអស់សុទ្ធតែមានលក្ខខណ្ឌ គ្រាន់តែលក្ខខណ្ឌខ្លះសរសេរក្នុងឯកសារ លក្ខខណ្ឌខ្លះមិនបានសរសេរក្នុងឯកសារ។ តែអ្វីដែលសង្គមស៊ីវិលចង់ឃើញ គឺជំនួយមានលក្ខខណ្ឌក្តីមិនមានលក្ខខណ្ឌក្តី បានសរសេរក្នុងឯកសារហើយដាក់ឯកសារនោះជាសាធារណៈសម្រាប់ឱ្យប្រជាជន គាត់បានចូលរួមភាពជាម្ចាស់ទៅលើការគ្រប់គ្រងជំនួយហ្នឹង»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានថ្លែងថាជំនួយដែលជាកម្ចីពីប្រទេសចិនមានការប្រាក់ថ្លៃខ្ពស់ជាងប្រទេសផ្សេងៗ ហើយមិនមានតម្លាភាពនោះទេ។ ហើយទោះបីជាលោកទទួលស្គាល់ពីអត្ថប្រយោជន៍នៃជំនួយបរទេសក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសនាពេលកន្លងមកក្តី ជំនួយទាំងនោះគួរត្រូវបានប្រើប្រាស់ឱ្យមានប្រសិទ្ធភាពនិងប្រយោជន៍ច្រើនជាងនេះ។
«មានជំនួយខ្លះចំទិសដៅ តែមានជំនួយខ្លះមិនចំទិសដៅទេ។ ជំនួយខ្លះមានប្រសិទ្ធភាព ប៉ុន្តែជំនួយខ្លះមិនមានប្រសិទ្ធភាពទេ។ ឧទាហរណ៍ការធ្វើផ្លូវថ្នល់ដែលគ្មានគុណភាព។ ផ្លូវថ្នល់ធ្វើបានតែមួយឆ្នាំពីរឆ្នាំខូចខ្ទេចខ្ទី ហើយត្រូវចំណាយលុយថែមទៀត។ នេះជាផ្លូវថ្នល់ដែលគ្មានគុណភាព ដោយសារតែអំពើពុករលួយ ដោយសារតែការវាយតម្លៃគម្រោងមិនត្រឹមត្រូវ ធ្វើឱ្យប្រសិទ្ធភាពហ្នឹងតិចបំផុត»។
លោក អ៊ា សុផល សាស្ត្រាចារ្យខ្មែរអាមេរិកាំងម្នាក់ដែលបានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា «ជំនួយបរទេសនៅកម្ពុជា៖ តើជំនួយបរទេសធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិតេយ្យនៅកម្ពុជាដូចម្តេច» ថ្លែងប្រាប់វីអូអេ ខេមរភាសានាពេលថ្មីៗនេះថាកម្ពុជាគប្បីបញ្ឈប់ការទទួលជំនួយពីបរទេស។
លោកពន្យល់ថា ជំនួយបរទេសធ្វើឱ្យមានអតុល្យភាពរវាងចំណូលនិងចំណាយរបស់រដ្ឋាភិបាល ពីព្រោះវាធ្វើឱ្យរដ្ឋាភិបាលអាចប្រព្រឹត្តអំពើពុករលួយ រំលោភសិទ្ធិមនុស្ស និងចំណាយខ្ពស់ឆ្ងាយជាងចំណូល ទោះបីជាមានឱនភាពសេដ្ឋកិច្ចក៏ដោយ។
លោកសាស្ត្រាចារ្យបន្តថាជំនួយបរទេសក្នុងចំនួនដ៏ច្រើនជាកម្ចី ដូច្នេះប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយគឺជាអ្នកសងបំណុលទាំងនោះ។
លោកផ្តល់អនុសាសន៍ថា កម្ពុជាគួរបង្កើនប្រសិទ្ធភាពប្រមូលពន្ធនិងកាត់បន្ថយអំពើពុករលួយដើម្បីអាចលែងពឹងផ្អែកលើជំនួយបរទេសបន្តទៀត។
ឆ្លើយតបនឹងការលើកឡើងនេះ លោក ជូ ហេង ថ្លែងថាកម្ពុជាសព្វថ្ងៃមិនទាន់អាចបញ្ឈប់ការទទួលជំនួយពីបរទេសបានទេ ដោយសារតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា ហើយនៅថ្ងៃអនាគត ទោះបីកម្ពុជាក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនក្តី ក៏នៅតែបន្តស្វាគមន៍ជំនួយពីប្រទេសដៃគូអភិវឌ្ឍន៍ដដែលក្នុងរូបភាពជាកិច្ចសហប្រតិបត្តិការបច្ចេកទេសឬក៏ផ្តោតអាទិភាពលើវិស័យផ្សេងវិញ៕