វ៉ាស៊ីនតោន៖ តំបន់អាស៊ីនឹងមានសេដ្ឋកិច្ចកាន់តែប្រសើរឡើងសម្រាប់ឆ្នាំនេះនិងឆ្នាំ២០១៤ដោយមានកម្រិតលើសពី៦ភាគរយក្នុងមួយឆ្នាំៗ ប៉ុន្តែក្រុមអ្នកសេដ្ឋកិច្ចព្រមានដោយប្រយ័ត្នប្រយែងថាឧបសគ្គនៅ មាននៅឡើយទេ។
បើតាមរបាយការណ៍ចក្ចុវិស័យសម្រាប់ឆ្នាំ២០១៣របស់ធនាគារអភិឌ្ឍន៍អាស៊ី ដែលបានចេញផ្សាយកាលពីថ្ងៃពុធកន្លងមកព្យាករណ៍ថាកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៣នឹងមានចំនួន៦,៦ភាគរយហើយនៅឆ្នាំ២០១៤នឹងមាន៦,៧ភាគរយដែលមានការកើនឡើងច្រើនបើប្រៀបធៀបនឹងឆ្នាំ២០១២ដែលមានតែ៦,១ប៉ុណ្ណោះ។
លោកឆាងយុង រី អ្នកសេដ្ឋកិច្ចនាំមុខនៃធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ប្រាប់អ្នកចូលរួមនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
លោកឆាងយុង រី អ្នកសេដ្ឋកិច្ចនាំមុខនៃធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ប្រាប់អ្នកចូលរួមនៅរដ្ឋធានីវ៉ាស៊ីនតោនថា៖
«ការរីកចម្រើនសេដ្ឋកិច្ចនេះនាំមុខដោយការងើបឡើងវិញនៃប្រទេសចិននិងភាពស៊ូទ្រាំបានរបស់បណ្តាប្រទេសអាស៊ាន ហើយសេដ្ឋកិច្ចរបស់ចិននិងអាស៊ាននេះកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ីឱ្យកាន់តែងើបឡើង»។
មានកត្តាមួយចំនួនដែលជំរុញដល់សេដ្ឋកិច្ចនេះក្នុងនោះ មានការវិនិយោគ ការប្រើប្រាស់នៅក្នុងស្រុក និងការធ្វើពាណិជ្ជកម្មជាមួយប្រទេសជិតខាងគ្នាឯងនិងក្នុងតំបន់។
យ៉ាងណាក៏ដោយអ្នកសេដ្ឋកិច្ចខ្លះក៏បានព្រមានថាការរីកចម្រើននៅមិនទាន់ខ្លាំងនៅឡើយទេ ហើយការដែលប្រទេសទាំងនោះមានគោលនយោបាយមិនមាំទាំអាចបង្កជាបញ្ហានៅពេលក្រោយ។ គេសង្កេតឃើញថាបណ្តាប្រទេសនៅអាស៊ីជាប់ញៀននឹងការបញ្ចូលថវិកាបន្ថែមចូលក្នុងវិស័យវិនិយោគទុនដើម្បីជួយឱ្យសេដ្ឋកិច្ចនៅបន្តរីកលូតលាស់ដែលនេះអាចជាគ្រោះថ្នាក់សម្រាប់តំបន់ផងដែរ។
លោក លោកអែនឌ្រូ ប៊ឺន (Andrew Burns) សេដ្ឋវិទូនៃធនាគារពិភពលោកដែលបានចូលរួមក្នុងពិធី ចេញផ្សាយរបាយការណ៍នោះដែរបានលើកយកឧទាហរណ៍ប្រទេសចិនដែលក្នុងរយៈពេល៣០ឆ្នាំចុងក្រោយបានរីកចម្រើនសេដ្ឋកិច្ចក្នុងកម្រិត១០ភាគរយជារៀងរាល់ឆ្នាំតែកម្រិតនៃការវិនិយោគ មានត្រឹមតែ៣០ភាគរយនៃផលិតផលសរុបក្នុងស្រុកតែប៉ុណ្ណោះ ដែលខុសពីរយៈពេល១០ឆ្នាំចុងក្រោយនេះសមាមាត្រនៃការវិនិយោគរបស់ចិនឡើងដល់៤៥ភាគរយធៀបនឹងផលិតផលសរុបក្នុងស្រុក។ នេះដោយសារតែគេប្រើប្រាស់ការវិនិយោគនេះមកទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចដើម្បី រក្សាកម្រិតនៃការលូតលាស់ឱ្យនៅខ្ពស់ដដែល។
លោកអែនឌ្រូបានបន្ថែមថា៖
«ការវិនិយោគនេះត្រូវតែបញ្ចុះមកវិញព្រោះវាមិនមានចីរភាពទេក្នុងកម្រិតនេះ។ វាអាចនឹងនាំឱ្យមានប្រាក់កម្ចីដែលមិនល្អ និងវិបត្តិធនាគារដូចដែលយើងបានឃើញនៅកន្លែងដទៃទៀតឬក៏អាចនាំឱ្យមិនសម្រេចតាមផែនការដែលចង់បានព្រមទាំងភាពតានតឹងខាងផ្នែកម៉ាក្រូសេដ្ឋកិច្ចដែលនឹងពិបាកដោះស្រាយ»។
នាពេលបច្ចុប្បន្ននេះផលិតផលសរុបក្នុងស្រុករបស់តំបន់អាស៊ីចូលរួមចំណែកបានមិនដល់មួយភាគបីនៃផលិតផលសរុបក្នុងស្រុករបស់ពិភពលោកទេប៉ុន្តែបើនិន្នាការនៃការរីកចម្រើននៅបន្តអ្នកសេដ្ឋកិច្ចព្យាករណ៍ថាក្នុងឆ្នាំ២០៣៥សេដ្ឋកិច្ចតំបន់អាស៊ី នឹងឡើងដល់ជិតពាក់កណ្តាលនៃផលិតផលសរុបក្នុងស្រុកនៅទូទាំងពិភពលោក។ រីឯតម្រូវការឋាមពលដែលតំបន់នេះប្រើប្រាស់តែមួយភាគ បីនាពេលបច្ចុប្បន្ននឹងឡើងដល់ចំនួនលើសពីពាក់កណ្តាលនៃកម្រិតពិភពលោកទាំងមូល។ នេះបើតាមការបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍អាស៊ី។
លោកបណ្ឌិត ឆាងយុង រី បានផ្តល់អនុសាសន៍ថាដើម្បីជៀសវាងបញ្ហាលំបាកក្នុងពេលអនាគតខាងផ្នែកឋាមពលនេះប្រទេសនៅអាស៊ីគួរតែបង្កើតនូវទីផ្សារឋាមពលអាស៊ីមួយនៅ ត្រឹមឆ្នាំ២០៣០ ដោយបង្កើតក្រុមការងារថ្នាក់រដ្ឋមន្ត្រីឱ្យមកសិក្សាពី គំរូរបស់សហភាពអឺរ៉ុបនិងកំហិតឱ្យបាននូវតម្រូវការនិងពង្រីកនូវឋាមពលដែលស្អាតនិងងាយស្រួលប្រើប្រាស់បាន។
លោកឆាងយុង រីបញ្ជាក់ថាសម្រាប់ប្រទេសតូចៗដូចជាកម្ពុជា វៀតណាម និងឡាវដែលកំពុងតែប្រឈមមុខគ្នានឹងការសាងសង់ទំបន់អគ្គិសនីនៅតាមដងទន្លេមេគង្គដើម្បីជាប្រភពឋាមពលគួរតែគិតគូរស្វែងរកដំណោះស្រាយពីពេលឥឡូវនេះទៅ៖
«ប្រសិនបើបណ្តាប្រទេសទាំងនោះមានទីផ្សាររួមគ្នាមួយដូច្នេះប្រទេសនិមួយៗអាចធ្វើការបែងចែកកម្លាំងពលកម្មបាន។ ប្រទេសដែលមានធនធានទឹកច្រើនអាចផ្តោតលើឋាមពលវារីអគ្គិសនីហើយម៉្យាងទៀតប្រទេសដែលមានសក្តានុពលខាងឋាមពលព្រះអាទិត្យពួកគេអាចផ្តោតលើឋាមពលព្រះអាទិត្យហើយអាចដោះដូរគ្នាបាន»។
លោកបានបន្ថែមថាប្រទេសទាំងនោះត្រូវមានគោលនយោបាយដែលសម្របសម្រួលគ្នាមួយដែលអាចនឹងជួយពួកគេជៀសវាងបាននូវជម្លោះខាងផ្នែកនយោបាយ។