ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្តី​ខ្មែរក្រហម​បាន​ថវិកា​សម្រាប់​ប្រាក់ខែ​ជំពាក់​បុគ្គលិកជាតិ​


លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​ជាតិ​និយាយ​ថា​ ថវិកា​នេះ​បាន​មក​សង្គ្រោះ​វិបតិ្ត​នៅ​ក្នុង​ភាគី​ជាតិ។​
លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​ជាតិ​និយាយ​ថា​ ថវិកា​នេះ​បាន​មក​សង្គ្រោះ​វិបតិ្ត​នៅ​ក្នុង​ភាគី​ជាតិ។​
ភ្នំពេញ៖ ភាគី​អន្តរជាតិ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បង្វែរ​លុយ​ចំនួន​ពីរ​លាន​ដុល្លារ​អាមេរិក​ទៅកាន់​ភាគី​ជាតិ​ដើម្បី​ជួយ​ស្រោចស្រង់​វិបតិ្តថវិកា​ដែល​នាំ​ឲ្យ​ជំពាក់​ប្រាក់​ខែ​បុគ្គលិក​រយៈ​ពេល​បី​ខែ​មក​ហើយ។​
យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ឲ្យ​ដឹងថា​ លុយ​ទាំង​នោះ​ត្រូវ​ដាក់​បញ្ចូល​ក្នុង​គណនី​របស់​បុគ្គលិក​កម្ពុជា​នៅ​ល្ងាច​ថ្ងៃ​សុក្រ​នេះ​និង​នៅ​ថ្ងៃ​សៅរ៍​ស្អែក។​ លុយ​ទាំងនេះ​គឺ​សម្រាប់​បើក​ប្រាក់ខែ​ពួកគេ​នៅ​ខែ​មករា​ ខែកុម្ភៈ​និង​ខែ​មិនា។​
លោក​ឡាស អលសិន ​មន្ត្រី​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ខាង​ភាគី​អន្តរជាតិ​ឲ្យ​ដឹង​ថា​ ថវិកា​នេះ​ត្រូវបាន​សន្យា​ផ្តល់​ទៅ​ឲ្យ​ភាគី​អន្តរជាតិ​ក្នុង​សាលាក្តី​ ប៉ុន្តែ​ភាគី​កម្ពុជា​ត្រូវ​សងលុយ​នេះ​មក​វិញ​ពេល​ខ្លួន​ទទួល​បាន​ជំនួយ​ថ្មី។
«ថវិកា​ចំនួន​មួយ​លាន​ដុល្លារ​បានមក​ពី​ប្រទេស​ស៊ុយអែដ​ និង​មួយ​លាន​ដុល្លារ​ទៀត​បាន​មកពី​ប្រទេស​ន័រវ៉េ​ ដែល​ត្រូវ​បានគ្រោង​ប្រគល់​ឲ្យ​ទៅ​ភាគី​អន្តរជាតិ។​ គោល​បំណង​នៃ​ការ​ផ្ទេរ​លុយ​នេះ​គឺ​ថា​ ភាគី​ជាតិ​ត្រូវ​សងលុយ​នេះ​មក​ភាគី​អន្តរជាតិ​វិញ»។
លោក​ឡាស អលសិន​ពន្យល់​ថា ​ថវិកា​ទាំងនេះ​មិនទាន់​ត្រូវ​បាន​បញ្ចូល​ក្នុង​គណនី​របស់​ភា​គី​អន្តរជាតិ​នៅ​ឡើយ​ទេ។ ​ហើយ​វា​ជាការ​ចាំបាច់​ នៅ​ពេល​នេះ ​ដែល​ត្រូវ​រក​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​និង​ឆាប់​រហ័ស​ដើម្បី​ធានា​ថា​ បុគ្គលិក​កម្ពុជា​ទទួល​ប្រាក់​ខែ​ ហើយ​ពួកគេ​នឹងមិន​ធ្វើពហិការ​ការងារ​ទៀត​នៅ​ថ្ងៃទី១​ខែ​មេសា។​
ដោយសារតែ​បញ្ហា​ថវិកា​ភាគី​ជាតិ​ក្នុង​សាលាក្តី​ពិសេស​មិន​មាន​លទ្ធភាព​បើកប្រាក់​ខែ​ដល់​បុគ្គលិក​ជិត​៣០០​នាក់​ចាប់​តាំងពី​ខែ​ធ្នូ​មក​ម្ល៉េះ។​ ហើយ​ក្រុម​បុគ្គលិក​បក​ប្រែ​ភាសា​បាន​ធ្វើ​កូដកម្ម​កាលពី​ថ្ងៃ​ទី៤​ខែ​មិនា​ដែល​ធ្វើ​ឲ្យ​សវនាការ​ត្រូវ​ផ្អាក​ជាបន្ទាន់​រហូត​ដល់​មាន​ការ​សម្រប​សម្រួល​ដោះស្រាយ​ប្រាក់​ខែ​ដល់​ពួក​គេ។​
ក្រុម​បុគ្គលិក​ជាតិ​បាន​គំរាម​ថា ​ពួកគេ​នឹង​បន្ត​កូដកម្ម​ថ្មី​មួយ​ទៀត​ ប្រសិន​បើ​ពួកគេ​មិន​បាន​ប្រាក់ខែ​បន្ថែម​និង​ទទួល​កុងត្រា​ការងារ​ថ្មី​នោះ​ទេ។​
លោក​នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​ជាតិ​និយាយ​ថា​ ថវិកា​នេះ​បាន​មក​សង្គ្រោះ​វិបតិ្ត​នៅ​ក្នុង​ភាគី​ជាតិ។​
«ពេល​នេះ​គឺ​ជា​ពេល​ដែល​ភាគី​ជាតិ​ជួប​ប្រឈម​បញ្ហា​ខ្វះ​ថវិកា​ធ្ងន់ធ្ងរ​ ដែល​មិន​អាច​ដំណើរ​ការ​បាន ​ហើយ​ប្រសិន​បើ​ភាគី​ជាតិ​មិន​មាន​ថវិកា​ដើម្បី​ដំណើរ​ការ​ទេ ​នោះ​នឹង​ធ្វើ​ឲ្យ​តុលាការ​នេះ​ជាប់​គាំង ​ហើយ​នេះ​គ្រាន់តែ​ជា​ដំណោះ​ស្រាយ​បណ្តោះ​អាសន្ន​មួយ»។​
កាលពី​សប្តាហ៍​មុន ​លោកស្រី​ចៅក្រម​ស៊ីលវា ​ខាតរ៉ាយ​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​បាន​ប្រកាស​នៅ​ក្នុង​សវនាការ​ថា​ ​ភាគី​អន្តរជាតិ​នឹង​ជួយ​ធានា​ប្រាក់​ខែ​ដល់​បុគ្គលិក​កម្ពុជា​រហូត​ដល់​ដំណាច់​ខែ​មេសា​នេះ៕​
XS
SM
MD
LG