ក្រសួង​អប់រំ​បង្កើត​គណៈកម្មការ​ដោះស្រាយ​បណ្តឹង​លើ​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ

រូបឯកសារ៖ អ្នក​ត្រួត​ពិនិត្យ​កំពុងឆែក​សំណៅ​ឯកសារ​នៅ​លើ​ខ្លួន​បេក្ខជន​ប្រឡងបាក់ឌុប​ នៅ​មណ្ឌល​ប្រឡង​ វិទ្យាល័យ​​ព្រះ​យុគន្ធរ​, នៅ​រាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​ ២២​ ខែ​សីហា​  ឆ្នាំ ២០១៧។ (រិទ្ធី​ គីមហេង​/VOA)

បន្ទាប់ពី​មានការ​តវ៉ា​នៅ​​មុខ​ក្រសួង​អប់រំ​ ​ដោយ​មិន​សុខ​ចិត្ត​ទៅ​នឹង​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ​ឬ​ហៅ​ថា​ បាក់ឌុប​​​ក្នុង​ឆ្នាំ​២០១៨នេះ​ នៅ​ថ្ងៃ​​ពុធ​នេះ​ ​ក្រសួង​អប់រំ​បាន​ប្រកាស​បង្កើត​គណៈកម្មការ​ដើម្បី​ពិនិត្យ​ និង​ដោះ​ស្រាយ​​ពាក្យ​បណ្តឹង​ទាំង​នោះ​ ​ដោយ​កំណត់​រយៈពេល​មួយ​សប្តាហ៍។

ក្រសួងអប់រំ​ ​យុវជន​ ​និង​កីឡា​ ​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​បង្កើត​គណៈកម្មការ​កោសល្យ​វិច័យ​មួយ​ ​ដើម្បី​ដោះស្រាយ​បណ្តឹង​របស់​បេក្ខជន​ ​ដែល​មិន​សុខចិត្ត​នឹង​លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ក្នុង​រយៈពេល​មួយ​សប្តាហ៍។​

សេចក្ដី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ចេញ​នៅ​ថ្ងៃ​ទី១២​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨​នេះ​ ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ក្រសួង​បានរៀប​ចំ​គណៈ​កម្មការ​កោសល្យ​វិច័យ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ សម័យ​ប្រឡង​ថ្ងៃទី២០​ ​សីហា​២០១៨ ​ជូន​បេក្ខជន​ ​មាតាបិតា​ ​អាណា​ព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកប​ដោយ​វិជ្ជាជីវៈ​ ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ​ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​នា​ឆ្នាំ​កន្លង​មក»។​

លោកឌី ខាំប៉ូលី​ ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ​ក្រសួង​ទទួល​បាន​បណ្តឹង​ប្រមាណ​ជា​៥០០​ពី​បេក្ខជន​ដែលស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​ឡើង​វិញពី​ពិន្ទុ​ពាក់​ព័ន្ធ​នឹង​មុខ​វិជ្ជា​គណិត​វិទ្យា។​ ​លោក​បន្ថែម​ថា​ គណៈកម្មការ​ដែល​ទើប​បង្កើត​នេះ​នឹង​ពិនិត្យ​មើល​ពាក្យ​បណ្តឹង​ទាំង​នោះ​ ​មុន​នឹង​សម្រេច​ថា ​ត្រូវ​ដោះ​ស្រាយ​ដោយ​វិធីណា។​

លោក​បញ្ជាក់​ថា៖​

«ជា​ទូទៅ​ មិន​ទាន់​មាន​ការ​សម្រេច​ជា​គោល​ការណ៍​ណា​មួយ​ទេ​ ​បាន​ន័យ​ថា ​គណៈ​កម្មការ​កោសល្យ​វិច័យ​ ​រួម​នឹង​អនុ​គណៈកម្មការ​ទាំងអស់​ កំពុង​ធ្វើ​កិច្ចការ​ហ្នឹង។​ ​អ៊ីចឹង​ទាល់តែ​ទុកពេលឲ្យ​គណៈ​កម្មការ​ ​និង​អនុគណៈ​កម្មការ​ទាំង​អស់ធ្វើ​កិច្ចការ​ហ្នឹង​មួយ​សប្តាហ៍​សិន​ ​ទើប​បាន​អាច​ដឹង​លទ្ធផល​ថា​ តើ​នឹង​មាន​ចំណាត់​ការ​យ៉ាងម៉េចជា​បន្ត​ទៀត»។​

លោក​ឌី ខាំប៉ូលី​ ​បន្ថែមថា​ ​បេក្ខជន​ដែល​មិន​សុខ​ចិត្ត​នឹង​លទ្ធផល​ប្រឡង​របស់​ខ្លួន​ ​អាច​ដាក់​ពាក្យ​ទៅ​ក្រសួង​អប់រំ​ក្នុង​រយៈពេល​មួយ​ខែ​ ​ចាប់​ពី​ពេល​ប្រកាស​លទ្ធផល​ប្រឡង​ ​ដែល​ទើប​ចេញ​កាល​ពី​ថ្ងៃទី៩​ ​ខែកញ្ញា។

ការ​បង្កើត​គណៈកម្មការ​កោសល្យ​វិច័យ​នេះ​ធ្វើឡើង ​បន្ទាប់ពី​បេក្ខជន​ប្រឡង​សញ្ញា​ប័ត្រ​មធ្យម​សិក្សាទុតិយភូមិ​ជាច្រើន​នាក់​ ​បាន​ប្រមូលគ្នា​តវ៉ា​នៅ​ខាងមុខ​ក្រសួង​ដើម្បី​ទាមទារ​ឲ្យ​ដោះ​ស្រាយ​ពាក់ព័ន្ធ​នឹង​ពិន្ទុ​មុខ​វិជ្ជា​គណិតវិទ្យា​ ​ដែល​ពួកគេ​បាន​អះអាងថា​ លទ្ធផល​នៃ​ពិន្ទុ​ទាំងនោះ​មាន​ភាព​មិន​ប្រក្រតី​ ខណៈ​សិស្ស​ពូកែ​ផ្នែក​គណិត​វិទ្យា​ទទួល​បាន​ពិន្ទុទាប​ ​និង​ខ្លះ​ធ្លាក់​មុខ​វិជ្ជា​នេះ​ក៏​មាន។

លោក​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ ​ភាព​មិន​ប្រក្រតីក្នុង​ការ​ប្រឡង ​និង​លទ្ធផល​ប្រឡង ​តែង​កើត​មាន​ជារឿយៗ​ស្ទើរ​រៀង​រាល់​ឆ្នាំ ​ដែល​លោក​ថា ករណី​ទាំងនេះ​អាច​ធ្វើ​ឲ្យ​សិស្ស​បាក់ទឹក​ចិត្ត​ក្នុងការ​ប្រឡង។​ ​លោក​បន្ថែម​ថា​ ​ក្រសួង​គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ ​និង​យកចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​លើ​ករណី​ទាំងនេះ​ ​ចៀស​វាង​កំហុស​កើត​មាន​ដដែលៗ។​

លោក​បញ្ជាក់​ថា៖​

«បើ​រឿង​ពី​មួយ​ទៅ​មួយ​ចេះ​តែកើតមាន​អ៊ីចឹង​ ​វា​អាច​ថា ​នឹងធ្វើ​ឲ្យ​មាន​ការ​បាក់ទឹក​ចិត្ត​ខ្លះៗ​ដែរ​ទៅ​ដល់​បេក្ខជន។ ​ប៉ុន្តែ​បើសិនជា​មាន​ការ​កើត​ឡើង ​ហើយ​មាន​ដំណោះ​ស្រាយ​ត្រឹមត្រូវ​ មាន​ការ​បំភ្លឺ​ជា​លក្ខណៈ​វិទ្យាសាស្រ្ត​ទៅដល់​បេក្ខជន​ ​ហើយ​នឹង​មាន​លទ្ធផល​មួយ​ដែល​គេ​អាច​ទទួល​យក​បាន​ បាន​ន័យ​ថា​ ​បេក្ខជន​ហ្នឹង​ទទួល​បាន​លទ្ធផល​មួយ​ដែលជា​ទីកក់ក្តៅ ជា​ទីពេញ​ចិត្ត​ វាអាចនឹង​ស្រោច​ស្រង់​នូវជំនឿ​របស់​ពួកគេ ​មក​លើ​លទ្ធផល​ហ្នឹង​បាន​ដែរ»។

លទ្ធផល​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ហៅថា​ បាក់ឌុប​ ​បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃទី៩​ ​ខែ​កញ្ញា​ នៅ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​និង​បាន​ប្រកាស​ជាផ្លូវ​ការតាម​បណ្តា​ខេត្ត​នៅ​ថ្ងៃទី​១០​ ខែ​កញ្ញា។​

ក្នុង​សម័យ​ប្រឡង​ឆ្នាំ២០១៨​នេះ មាន​បេក្ខជន​ជាប់​សរុប​ចំនួន​ជាង​៧ម៉ឺន​នាក់​ ​(៧៥,០៥៩នាក់)​ ​ស្មើ​នឹង​៦៦.២១%​ នៃ​បេក្ខជន​ប្រឡង​សរុប​ចំនួន​១១៥,២៦៨នាក់។​ ​ចំនួន​សិស្ស​ប្រឡង​ជាប់​បាក់ឌុប​នៅ​ឆ្នាំ​នេះកើន​ឡើង​ជាង​ឆ្នាំមុន​ ​ប៉ុន្តែ​ចំនួន​សិស្ស​ទទួល​បាន​និទ្ទេស​ ​A​ ​ថយ​ចុះ​ដល់​ទៅ​ជាង​៣០​ភាគ​រយ៕