មេធាវីពីររូបតំណាងឲ្យប្រធានសហជីពកម្មករដែលគេដឹងថា ស្និទ្ធនឹងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់លោក ជា មុន្នី អតីតប្រធានសហជីពសេរីកម្មករ ព្រោះលោកទាមទារឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មធ្ងន់ៗលើរដ្ឋាភិបាលស្របច្បាប់។ នេះបើយោងតាមបណ្តឹងរបស់ក្រុមមេធាវីដែលបានចេញផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុក។
ការស្នើរបស់ក្រុមមេធាវីកើតមានឡើង ក្រោយការអធិប្បាយរបស់លោក ជា មុន្នី ដែលជាសមាជិកក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា ក្នុងកម្មវិធីមួយរបស់វិទ្យុអាស៊ីសេរីកាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៧។ នៅក្នុងការអធិប្បាយនោះ លោក ជា មុន្នី ត្រូវបានក្រុមមេធាវីអះអាងថា លោកបានអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជាឲ្យបានឆាប់ៗ។
ក្នុងពាក្យបណ្តឹងប្រឆំាងលោក ជា មុនី្ន ចុះហត្ថលេខាដោយមេធាវីពីររូបគឺលោក ដារ៉ា សុបញ្ញា និងលោក កេតុ សុវណ្ណឌី នៅថ្ងៃ១៨ ខែធ្នូ បានលើកឡើងថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ លោក ជា មុន្នី សមាជិកក្រុមប្រឹក្សាឃ្លាំមើលពហុវិស័យនៅកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី មានខ្លឹមសារអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានកាន់តែលឿនកាន់តែល្អ។
ពាក្យបណ្តឹងនោះបានដកស្រង់សម្តីរបស់លោក ជា មុន្នី ដែលបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី តាមន័យដើមថា៖
«ការដែលយើងឲ្យគាត់ទទួលខុសត្រូវហ្នឹង ដោយសារតែគាត់ជាអ្នកដើមហេតុនៃការរំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យសហរដ្ឋអាមេរិក ធ្វើឲ្យសហគមន៍អឺរ៉ុបហ្នឹងមើលឃើញថា គាត់កំពុងតែឆ្ពោះទៅរកប្រទេសឯកា។ តែប្រទេសឯកាហើយ អត់មានញាតិ។ ញាតិគេអត់អីឲ្យញ៉ាំទៀតទេ។ គេលែងឲ្យញ៉ាំហើយណា...។ ត្រង់ហ្នឹងក៏ចង់បញ្ជាក់ដែរថា មិនមែនតែកម្ពុជាទេ សូម្បីតែប្រទេសចិនហ្នឹងក៏ប៉ះពាល់ធំណាស់ដែរ»។
ក្រុមមេធាវីបានពន្យល់ថា ពាក្យសម្តីរបស់លោក ជា មុន្នី នេះបានបង្ហាញឲ្យឃើញនូវហានិភ័យធំៗចំនួនពីរគឺ១ សហគមន៍អឺរ៉ុបក៏ដូចជាអ្នកបញ្ជាទិញនឹងឈប់ធ្វើការបញ្ជាទិញ និងទី២ គឺជាការញុះញង់ឲ្យកម្មករទាំងអស់មានការថ្នាំងថ្នាក់ ឬស្អប់ខ្ពើមរាជរដ្ឋាភិបាល ហើយងើបឡើងប្រឆាំង។
ក្នុងសេចក្តីសន្និដ្ឋានចុងក្រោយ ក្រុមមេធាវីបានស្នើឲ្យព្រះរាជអាជ្ញានៃសាលាដំបូងរាជធានី «ចោទប្រកាន់ឈ្មោះ ជា មុន្នី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងបក្ខពួក ដើម្បីបញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់។ ទាមទារសំណងជំងឺចិត្តដល់កម្មករនិយោជិតចំនួន១លានដុល្លារសហរដ្ឋអាមេរិក»។
VOA មិនទាន់អាចសុំការអធិប្បាយពីលោក ជា មុន្នី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។ ចំណែកលោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ដែលប្តឹងលោក ជា មុន្នី បានបដិសេធមិនផ្តល់ការអធិប្បាយ ដោយបារម្ភខ្លាច VOA កាត់តសំឡេងរបស់លោក។
មុនបិទទូរសព្ទ លោក ជួន មុំថុល ថ្លែងថា៖
«ខ្លាចតែយកផ្សាយ ហើយយកទៅកាត់ទៅ។ អានិយាយអីចេះទៅ កាត់ទៅអីចុះ។ អត់ហ៊ាននិយាយខ្លាច»។
លោកព្រះរាជអាជ្ញារង លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានបដិសេធមិនផ្តល់ការអធិប្បាយដែរ។
«សុំៗ បងជួយតេឡេហ្វូន [telephone] ទៅខាងលេខាធិការដ្ឋាន ព្រោះអីដោយសារខ្ញុំជាប់បេសកកម្មនៅខាងក្រៅបង បាទៗ»។
យ៉ាងណាក៏ដោយ លោក ដារ៉ា សុបញ្ញា មេធាវីតំណាងឲ្យលោក ជួន មុំថុល បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ពាក្យបណ្តឹងរបស់លោកបានទៅដល់ដៃលោកព្រះរាជអាជ្ញារង សៀង សុខហើយ។ លោកមិនទាន់បញ្ជាក់បាន ថាតើបណ្តឹងរបស់លោកមានទម្ងន់ដែលអាចបើកផ្លូវឲ្យតុលាការចោទប្រកាន់លោក ជា មុន្នី បាន ឬយ៉ាងណានោះឡើយ។
«អាហ្នឹងចំណាត់ការរបស់តុលាការ។ អាហ្នឹងខ្ញុំអត់អាចដឹងមុនថា គាត់នឹងបន្តនីតិវិធីទៅទៀត ឬមួយក៏គាត់លើកពាក្យបណ្តឹងខ្ញុំចោលទេ»។
VOA ព្យាយាមសុំការអធិប្បាយពីលោកព្រះរាជអាជ្ញារង សៀង សុខ តែមិនទាន់អាចទាក់ទងបានទេនៅថ្ងៃព្រហស្បតិ៍នេះ។
ការផ្តល់បទសម្ភាសន៍របស់លោក ជា មុន្នី ជាមួយវិទ្យុអាស៊ីសេរីពាក់ព័ន្ធនឹងវិធានការរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានកើតឡើង នៅក្រោយពេលដែលសហគមន៍ធំៗទាំងពីរនេះបានចាត់វិធានការរបស់ខ្លួនជាបន្តបន្ទាប់ ប្រឆាំងនឹងការរំលាយចោលគណបក្សសង្គ្រោះជាតិ និងការបង្រ្កាបផ្សេងៗទៀតមកលើក្រុមអង្គការសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យក្នុងប្រទេស។
កាលពីពេលថ្មីៗនេះ សភាសហភាពអឺរ៉ុបបានបោះឆ្នោតជាឯកច្ឆន្ទសម្រេចព្យួរកម្មវិធីអនុគ្រោះពាណិជ្ជកម្ម ដែលគេស្គាល់ថា «អនុគ្រោះពន្ធលើអ្វីៗទាំងអស់ លើកលែងតែអាវុធ»។ ចំណាត់ការពីស្ថាបននីតិបញ្ញត្តិរបស់សហភាពអឺរ៉ុបធ្វើឡើង បន្ទាប់ពីក្រុមសមាជិកសភាអាមេរិកបានជួបប្រជុំគ្នារកវិធានការថ្មីៗទៀត ដើម្បីគាបសង្កត់ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បកក្រោយ និងធ្វើឲ្យមានប្រក្រតីភាពឡើងវិញនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ រដ្ឋាភិបាលអាមេរិកក៏បានប្រកាសបិទទិដ្ឋាការលើមន្ត្រីរបស់លោក ហ៊ុន សែន ណា ដែលបានធ្វើឲ្យខូចដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ប្រទេសប្រជាធិបតេយ្យផ្សេងទៀតក៏បានប្រកាសកាត់ផ្តាច់ជំនួយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហប្រតិបត្តិការអភវិឌ្ឍន៍ផ្សេងៗទៀត។
ប្រទេសកម្ពុជាបាននាំចេញទំនិញទៅសហភាពអឺរ៉ុបក្នុងទឹកប្រាក់៤.៥៥៥លានដុល្លារ និងនាំចូលទំនិញពីសហភាពអឺរ៉ុបក្នុងទឹកប្រាក់៦៤៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៦។ ប្រទេសកម្ពុជាក៏បាននាំចេញទំនិញទៅសហរដ្ឋអាមេរិកក្នុងទឹកប្រាក់២.៨១៤លានដុល្លារអាមេរិក និងនាំចូលទំនិញពីសហរដ្ឋអាមេរិកក្នុងទឹកប្រាក់២៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិនៃសហភាពអឺរ៉ុប និងការិយាល័យស្ថិតិនៃសហរដ្ឋអាមេរិក៕