នៅល្ងាចថ្ងៃសុក្រនេះ ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោស លោក James Ricketson ផលិតករខ្សែភាពយន្តឯកសារជនជាតិអូស្ត្រាលី បន្ទាប់ពីលោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ «ចារកម្ម»។ នេះបើតាមព្រះរាជក្រឹត្យដែលចុះហត្ថលេខា ដោយលោកសាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
ក្នុងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី ចេញថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ ព្រះមហាក្សត្រត្រាស់បង្គាប់លើកលែងទោសលោក James Ricketson បន្ទាប់ពីលោកត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារកាលពី៣សប្តាហ៍មុន។
ព្រះរាជក្រឹត្យ ដែលចុះហត្ថលេខាដោយលោកសាយ ឈុំ ប្រមុខរដ្ឋស្តីទី ជំនួសព្រះមហាក្សត្រខ្មែរដែលកំពុងគង់នៅប្រទេសចិននោះ បញ្ជាក់ក្នុងន័យដើមថា៖
«ត្រូវបានលើកលែងទោសឲ្យទណ្ឌិតឈ្មោះ JAMES STANIFORTH RICKETSON ភេទប្រុស អាយុ៦៨ឆ្នាំ សញ្ជាតិអូស្រ្តាលី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ពីបទចារកម្ម និងប្រមូលផ្តុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមអំណាចសាលក្រមព្រហ្មទណ្ឌ[...] របស់សាលាដំបូងរាជធានីភ្នំពេញ»។
លោក James Ricketson ត្រូវបានចាប់ខ្លួនកាលពីដើមខែមិថុនាឆ្នាំ២០១៧ ក្រោយពីលោកបានថតពីលើអាកាស ដោយប្រើប្រាស់ឧបករណ៍ថតរូប ដែលហៅថា Drone ផ្ដិតយកទិដ្ឋភាពក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកកឹម សុខា។
ក្រោយការឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាង១៤ខែ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសកាលពីថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨ ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ បន្ទាប់ពីឆ្លងកាត់សវនាការអស់រយៈពេល៧លើក។
លោក គង់ សំអុន មេធាវីការពារក្តីឲ្យលោក James Ricketson ប្រាប់ VOA នាល្ងាចថ្ងៃសុក្រនេះថា លោក James Ricketson នឹងត្រូវបានដោះលែងពីពន្ធនាគារក្នុងពេលឆាប់ៗខាងមុខ ក៏ប៉ុន្តែលោកថា លោកមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់នៅឡើយទេ។ លោកមេធាវីគង់ សំអុនបន្ថែមថា ក្រោយការដោះលែង លោក James Ricketson នឹងត្រឡប់ទៅប្រទេសអូស្រ្តាលីវិញ ប៉ុន្តែនឹងត្រឡប់មកកម្ពុជា ដើម្បីបន្តការងារជាអ្នកផលិតវីដេអូដដែល។
លោកមេធាវីគង់ សំអុនបន្ថែមថា លោកបានស្នើទៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រ បន្ទាប់ពីលោក James Ricketson ត្រូវបានកាត់ទោស។ លោកថា លោក James Ricketson ក៏បានសរសេរលិខិតមួយច្បាប់សុំទោសលោកនាយករដ្ឋមន្រ្តី នៅមុនពេលដែលតុលាការកាត់ទោសលោកផងដែរ។
លោកមានប្រសាសន៍ថា៖
«ការងាររបស់គាត់មិនមែនជាអ្វីខុសច្បាប់ទេ អ៊ីចឹងបញ្ហាគឺទៅលើកិច្ចការមួយចំនួន តែមិនមែនមានន័យថា ខុសច្បាប់ទេ គ្រាន់តែថា ព័ត៌មានខ្លះគាត់មិនគួរផ្សព្វផ្សាយ មិនគួរថតអីអ៊ីចឹង បាទ! គាត់មានសរសេរជាលក្ខណៈផ្ទាល់ខ្លួនលោកដែរ»។
ការកាត់ទោសលោក James Ricketson នាពេលនោះ បានធ្វើឲ្យស្ថាប័នអន្តរជាតិមួយចំនួនរិះគន់ថា ជាការកាត់ទោសដែលមានចរិតនយោបាយ។ ពួកគេក៏បានប្រតិកម្មទាមទារឲ្យមានការទម្លាក់បទចោទ និងដោះលែងលោកផងដែរ។
ព្រះរាជទានលើកលែងទោសដល់លោក James Ricketson ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាកំពុងព្យាយាមបន្ធូរបន្ថយកម្ដៅនយោបាយ តាមរយៈការធ្វើអន្តរាគមន៍ជាបន្តបន្ទាប់ឲ្យមានការដោះលែង និងលើកលែងទោសដល់សកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជន ដីធ្លី និងអ្នកសារព័ត៌មានដែលជាប់ទោសក្នុងពន្ធនាគារនាពេលកន្លងមក៕