ក្រោយពីភៀសខ្លួនមកកម្ពុជានិងបន្តទៅប្រទេសថៃជាច្រើនឆ្នាំកន្លងមកនេះ លោក ថាច់ ស៊ុង និងក្រុមគ្រួសារដែលរងទុក្ខបុកម្នេញដោយអាជ្ញាធរវៀតណាមដោយសាររឿងតស៊ូមតិដើម្បីសេរីភាពសាសនានៅដែនដីកំណើតគឺទឹកដីខ្មែរក្រោម ហើយនិងប្រឈមការលំបាកជាប់គុក និងគ្មានសេរីភាពដើរហើរនៅក្នុងប្រទេសថែមទៀតនោះ លោកបានមកដល់សហរដ្ឋអាមេរិកកាលពីដើមខែធ្នូដើម្បីនឹងចាប់ផ្តើមជីវិតថ្មីដ៏មាន«សេរីភាព»របស់លោកក្នុងទឹកដីដែលលោករំពឹងទុកជាយូរមកហើយ។ នេះជាការអះអាងរបស់លោក ថាច់ ស៊ុង (Thach Soong) ប្រាប់វីអូអេ ភាសាវៀតណាមប៉ុន្មានថ្ងៃក្រោយលោកបានមកដល់ទីក្រុង Portland រដ្ឋ Oregon ភាគខាងលិចសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «ខ្ញុំសូមជម្រាបបន្ថែមថាខ្លួនខ្ញុំត្រូវអង្គការ UNHCR បញ្ជូនមកប្រទេសអាមេរិកហ្នឹងគឺខ្ញុំហ្នឹងត្រូវ ផាកពិន័យរបស់ប្រទេសថៃ ផាកពិន័យខ្ញុំ ដោយសារតែខ្ញុំចូលស្រុកគេខុសច្បាប់អស់រយ:ពេល ១៨ឆ្នាំ វាយូរពេក»។
លោកថា លោកត្រូវបង់ប្រាក់ពិន័យអស់ប្រមាណ៤ពាន់ដុល្លារដែលបានមកពីការជួយឧបត្ថម្ភពីពលរដ្ឋខ្មែរក្រោមនិងសម្បុរសជនមួយចំនួនទៀតតាមអនឡាញក្រោមការជួយជ្រោមជ្រែងពីមេធាវី មុននឹងអាជ្ញាធរថៃអនុញ្ញាតឱ្យលោកចេញទៅសហរដ្ឋអាមេរិក។
លោក ថាច់ ស៊ុង និងសមាជិកគ្រួសារ៨នាក់បានមកដល់ទីក្រុង Portland រដ្ឋ Oregon ក្រោយពេលលោកបានភៀសខ្លួន កាលពីឆ្នាំ២០០១ ហើយមកកាន់ប្រទេសកម្ពុជា និង ត្រូវជាប់គុកអស់មួយរយ:ពេល មុននឹងភៀសខ្លួនបន្ត ទៅកាន់ប្រទេសថៃ នៅឆ្នាំ២០០៤ ហើយត្រូវអង្គការជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR)ទទួលលោកក្នុងឋាន:ជាជនភៀសខ្លួន កាលពីឆ្នាំ២០១៤ ហើយបញ្ជូនលោកទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។
លោក ថាច់ ស៊ុង អាយុ៦៣ឆ្នាំរស់នៅស្រុកអណ្តូងទឹក ខេត្តឃ្លាំង ត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួនដាក់ពន្ធនាគារអស់មួយខែ កាលពីទសវត្សរ៍១៩៨០ រួចត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បណ្ដោះអាសន្ន។ អាជ្ញាធរវៀតណាមបានហាមឃាត់មិនឱ្យលោកមានសិទ្ធិសេរីភាពទៅណាមកណា មិនឱ្យលោកទាក់ទងនឹងនរណានិងតាមដានលោកជាប់ជាប្រចាំដោយសារលោកបានដឹកនាំពលរដ្ឋតវ៉ារឿងសេរីភាពសាសនានៅដែនដីកម្ពុជាក្រោម ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម។ លោកគេចខ្លួនពីមួយកន្លែងទៅមួយកន្លែងក្នុងស្រុកកំណើតមុននឹងសម្រេចចិត្តគេចចេញពីប្រទេសវៀតណាម។
លោក ថាច់ ស៊ុង បន្ថែមថា៖ «ខ្ញុំមិនអាចនៅក្នុងស្រុកកំណើតខ្ញុំបានទៀត អ៊ីចឹងខ្ញុំត្រូវភៀសខ្លួន»។
ប្រធាននាយកដ្ឋានព័ត៌មានសហព័ន្ធខ្មែរកម្ពុជាក្រោមដែលតស៊ូមតិដើម្បីសិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម គង់នៅវត្ត ខេមរារង្សី ទីក្រុង San Jose (សាន់ហូហ្ស៊េ) រដ្ឋ California (កាលីហ្វ័រញ៉ា) គឺព្រះតេជគុណ សឺង យ៉ឹង រតនា (Son Yoeng Ratana) មានសង្ឃដីកាបញ្ជាក់ប្រាប់វីអូអេ ពីដំណើរមកដល់របស់លោក ថាច់ ស៊ុង និងក្រុមគ្រួសាររបស់លោថា៖
«លោក ថាច់ ស៊ុង និងគ្រួសារដែលបានមកដល់ទឹកដីសហរដ្ឋអាមេរិកហ្នឹងគឺតាមរយ:(អង្គការ) ជនភៀសខ្លួនដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកយកលោក ថាច់ ស៊ុងក្នុងនាមជាជនភៀសខ្លួនពី ទីក្រុងបាងកកមកសហរដ្ឋអាមេរិកដោយសារគាត់ជាជនភៀសខ្លួន នៅក្នុងទីក្រុងបាងកក អស់ រយ:ពេលជាយូរឆ្នាំហើយ»។
ព័ត៌មានទាក់ទង៖ ក្រុមអ្នកតស៊ូមតិស្នើសុំឲ្យ UNHCR ពន្លឿនការតាំងទីលំនៅដល់ពលរដ្ឋខ្មែរក្រោមជាង២០០នាក់នៅថៃ
ព្រះតេជគុណបានបញ្ជាក់ថា មានជនភៀសខ្លួនខ្មែរក្រោមច្រើនដែលបានរងការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរវៀតណាម ដោយសារការតស៊ូមតិរឿងសិទ្ធិមនុស្ស សិទ្ធិសេរីភាពសាសនា បញ្ហាដីធ្លី និងផ្ទះសម្បែងជាដើម ហើយត្រូវបង្ក្រាបដោយអាជ្ញាធរវៀតណាម។ ក្រុមជនភៀសខ្លួនជាច្រើន ដែលមានបញ្ហាទាំងនោះបានរត់ភៀសខ្លួនពីទឹកដីកំណើតមកកាន់ប្រទេសកម្ពុជានិងចុងក្រោយ ប្រទេសថៃដើម្បីស្វែងរកសិទ្ធិជ្រកកោណនៅទឹកដីឬប្រទេសទី៣ដែលមាន សេរីភាពដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុបជាដើម។
ព្រះតេជគុណបញ្ជាក់ថា៖ «ក្នុងនាមសហព័ន្ធខ្មែរកម្ពុជាក្រោមដែលតស៊ូមតិលើឆាកអន្តរជាតិដើម្បីទាមទារនូវសិទ្ធិសេរីភាពជូនចំពោះពលរដ្ឋខ្មែរកម្ពុជាក្រោមនៅលើទឹកដីកម្ពុជាក្រោមហ្នឹងគឺសូមអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការទទួលបន្ទុកជនភៀសខ្លួននៅក្នុងទីក្រុងបាងកកក្តីនិងនៅទីក្រុងហ្សឺណែវប្រទេសស្វីសក្តីឬក៏រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុបគឺជួយអន្តរាគមន៍ជួយយកជនភៀសខ្លួនខ្មែរក្រោមដែលរស់នៅទីក្រុងបាងកកហ្នឹងចេញមករស់នៅក្នុងប្រទេសមានសេរីភាពព្រោះថាពួកគាត់មិនអាចត្រឡប់ទៅនៅទឹកដីកម្ពុជាក្រោមវិញបានឬក៏ជនភៀសខ្មែរក្រោមមួយចំនួនរត់ទៅនៅប្រទេសខ្មែរហើយរត់មកនៅប្រទេសថៃហ្នឹងមិនអាចវិលត្រឡប់ទៅវិញបានទេ»។
ពលរដ្ឋខ្មែរក្រោមចំនួន ២០៥នាក់ មានក្មេង ចាស់ ប្រុស ស្រី កំពុងរស់នៅក្នុងកន្លែងសុវត្ថិភាពមួយក្នុងប្រទេសថៃ ក្រោយពីបានភៀសខ្លួនពីវៀតណាមមកស្វែងរកសិទ្ធិជ្រកកោនពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ នេះបើតាមមន្ត្រីសហព័ន្ធខ្មែរកម្ពុជាក្រោមដែលបានបញ្ជាក់ប្រាប់វីអូអេ។
លោក Phil Robertson នាយករងនៃអង្គការសិទ្ធិមនុស្ស Human Rights Watch ប្រចាំនៅប្រទេសថៃ បានសាទរចំពោះលោក ថាច់ ស៊ុង និងក្រុមគ្រួសាររបស់លោក ដែលបានទៅដល់ប្រទេសមានសុវត្ថិភាពគឺសហរដ្ឋអាមេរិកដែលលោកចាត់ទុកថាជាដំណឹងល្អ ក្រោយពីលោកនិងក្រុមគ្រួសារបានតស៊ូ អត់ធ្មត់អស់រយ:ពេលជាច្រើនឆ្នាំ។
លោក Robertson បញ្ជាក់ថា៖ «លោកបានប្រឈមនឹងដំណាក់កាលលំបាកយូរជាមួយនិងបញ្ហាប្រឈមនិងបរាជ័យជាច្រើន។ រឿងទាំងនេះគឺជាការបង្ហាញពីការលំបាកសម្រាប់ពលរដ្ឋខ្មែរក្រោមក្នុងការទទួលបានសិទ្ធិជាជនភៀសខ្លួន និង អនុញ្ញាតឱ្យមានការស្វែងរកការគាំពារពីប្រទេសទី៣។ ក្នុងឆ្នាំថ្មីៗនេះរដ្ឋាភិបាលថៃបានបង្កើនឧបសគ្គខ្លាំងឡើងចំពោះអ្នកស្វះស្វែងរកសិទ្ធិជ្រកកោណ និងជនភៀសខ្លួន។ និន្នាការថ្មីនេះ ឆ្លុះបញ្ចាំងពីក្តីបារម្ភយ៉ាងខ្លាំង ពីកំណើនទំនាក់ទំនងនិងកិច្ចសហការរវាងវៀតណាម កម្ពុជា និងរដ្ឋាភិបាលថៃ ដែលកាន់តែធ្វើឱ្យលំបាកដល់សកម្មជនខ្មែរក្រោមក្នុងប្រទេសថៃដើម្បីរស់នៅប្រកបដោយសុវត្ថិភាព»។
លោក Phil Robertson បានទទូចដល់សហរដ្ឋអាមេរិកជួយដល់ស្ថានការណ៍នេះឱ្យកាន់តែប្រសើរជាងមុនថា៖ «សហរដ្ឋអាមេរិកគួរតែបង្កើនកិច្ចប្រឹងប្រែងទ្វេឡើងដើម្បីជួយគាំទ្រខ្មែរក្រោម ដែលនៅបន្តរងការរើសអើងជាតិសាសន៍និងសាសនាពីអាជ្ញាធរវៀតណាម នៅភាគខាងត្បូង។ សហរដ្ឋអាមេរិក គួរតែចាត់វិធានការថែមទៀតក្នុងការធានាឱ្យបានរួសរាន់ថាពលរដ្ឋខ្មែរក្រោមនៅក្នុងប្រទេសថៃដែលចង់ឃើញអង្គការ UNHCR ផ្តល់សិទ្ធិជនភៀសខ្លួនដល់ពួកគេ អាចសម្រេចបានយ៉ាងឆាប់រហ័ស ហើយសំណុំរឿងរបស់ពួកគេឆាប់ទទួលបានការពិចារណាភ្លាមៗប្រកបដោយប្រសិទ្ធភាពដែរ»។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានចាត់ទុកវៀតណាមថា ជាប្រទេសមួយមានការ រំលោភសិទ្ធិមនុស្សនិងសេរីភាពនានាធ្ងន់ធ្ងរក្នុងតំបន់។
នៅក្នុងរបាយការណ៍ឆ្នាំ២០២២ របស់ខ្លួនអង្គការ Human Rights Watch បាននិយាយថា វៀតណាមជាប្រទេសមានការគាបសង្កត់ជាប្រព័ន្ធទៅលើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាមូលដ្ឋាន។ រដ្ឋាភិបាលក្រោមការគ្រប់គ្រងតាមបែបឯកបក្សនៃគណបក្សកុម្មុយនីស្តវៀតណាមបានរឹតត្បិតសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបជុំ សេរីភាពនៃការប្រមូលផ្តុំដោយសន្តិវិធី សេរីភាពដើរហើរនិងសេរីភាពសាសនាយ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាលវៀតណាមតែងតែបដិសេធការចោទប្រកាន់ទាំងនេះ៕