អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បាននិយាយនៅថ្ងៃចន្ទថា អង្គការនេះ នឹងបិទការិយាល័យនៅទីក្រុងហុងកុងដោយសារតែច្បាប់សន្តិសុខជាតិដែលរដ្ឋាភិបាលទីក្រុងប៉េកាំងដាក់ឱ្យប្រើប្រាស់នៅទីក្រុងនេះ បានគំរាមកំហែងដល់បុគ្គលិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ការសម្រេចចិត្តនេះ បានបញ្ចប់វត្តមានជាងបួនទសវត្សរ៍របស់អង្គការនេះនៅទីក្រុងហុងកុង នៅពេលដែលមន្រ្តីចិនកែប្រែទីក្រុងនេះ តាមបែបផ្តាច់ការរបស់ប្រទេសចិន។
ប្រទេសចិនបានចេញច្បាប់សន្តិសុខជាតិនេះកាលពីខែមិថុនា ជាការឆ្លើយតបទៅនឹងការតវ៉ាតាមប្រជាធិបតេយ្យទ្រង់ទ្រាយធំដែលប្រឈមនឹងអំពើហិង្សា ហើយជាញឹកញយ វាបានផ្លាស់ប្តូរទិដ្ឋភាពនយោបាយ វប្បធម៌ និងច្បាប់របស់ទីក្រុងហុងកុងនិងបានចេញកំហិតតាមរបៀបប្រទេសចិនដីគោកប្រឆាំងសិទ្ធិនិយាយស្តីអំពីនយោបាយ។
លោកស្រី Anjhula Mya Singh Bais ប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ការសម្រេចចិត្តបិទនេះ ត្រូវបានធ្វើឡើងដោយ«លំបាក ហើយត្រូវបានជំរុញដោយច្បាប់សន្តិសុខជាតិក្រុងហុងកុង»។ អ្នកស្រីបានបន្ថែមថា «ច្បាប់នេះ បានធ្វើឱ្យអង្គការសិទ្ធិមនុស្សនៅក្រុងហុងកុង មិនអាចធ្វើការដោយសេរីមិនខ្លាចការសងសឹកធ្ងន់ធ្ងរពីរដ្ឋាភិបាល»។
អង្គការលើកលែងទោសអន្តរជាតិ រក្សាការិយាល័យពីរនៅហុងកុង ។ ការិយាល័យមួយ គឺសាខាក្នុងស្រុកដែលផ្តោតលើសិទ្ធិមនុស្ស និងយុទ្ធនាការនៅក្នុងទីក្រុងនេះ និងមួយទៀត គឺការិយាល័យប្រចាំតំបន់ដែលអនុវត្តការងារស្រាវជ្រាវនិងតស៊ូមតិនៅទូទាំងអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍និងប៉ាស៊ីហ្វិក។
នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ការិយាល័យក្នុងតំបន់របស់ខ្លួន នឹងបិទនៅថ្ងៃទី៣១ ខែតុលា រីឯការិយាល័យប្រចាំតំបន់ នឹងរើចេញនៅត្រឹមចុងឆ្នាំ២០២១៕
ព័ត៌មានមួយចំនួននៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និង Reuters។