អង្គការ Amnesty International៖ អ្នក​ទោស​ជាង ៣០ នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​កុប្បកម្ម​ទាក់ទិន​នឹង​រឿង​វីរុស​កូរ៉ូណា​នៅ​អ៊ីរ៉ង់

បុរសៗ​ធ្វើ​ការ​បញ្ចុះសព​របស់​ជនរងគ្រោះ​នៃ​មេរោគ​កូរ៉ូណា​ នៅ​កន្លែង​បញ្ចុះសព​នៅ​ខាង​ក្រៅ​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។

អង្គការ Amnesty International បាន​ឲ្យ​ដឹង​ថា ខ្លួន​ជឿ​ថា កង​កម្លាំង​រក្សា​សន្តិសុខ​អ៊ឺរ៉ង់​បាន​សម្លាប់​អ្នក​ទោស​ជាង ៣០ នាក់ នៅ​ក្នុង​កុប្បកម្ម​មួយ​ដែល​ធ្វើ​ឡើង​ដោយសារ​អ្នកទោស​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្នុង​ពន្ធនាគារ។

កាល​ពី​ពេល​ថ្មីៗ​នេះ អង្គការ Amnesty International បាន​បញ្ជាក់​ថា កង​កម្លាំង​សន្តិសុខ​អ៊ឺរ៉ង់​បាន​សម្លាប់​អ្នក​ទោស​ជាង ៣០ នាក់ និង​ធ្វើ​ឲ្យ​អ្នក​ទោស​រាប់រយ​នាក់​ផ្សេង​ទៀត​រង​របួស​នៅ​តាម​ពន្ធនាគារ​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស នៅ​ពេល​អ្នក​ទោស​ទាំង​នោះ​តវ៉ា​ដោយសារ​ភ័យ​ខ្លាច​ឆ្លង​ជំងឺ COVID-19 នៅ​ក្នុង​ពន្ធនាគារ។

អង្គការ Amnesty International បាន​ឲ្យ​ដឹង​ថា ខ្លួន​ជឿ​ថា កង​កម្លាំង​រក្សា​សន្តិសុខ​អ៊ឺរ៉ង់​បាន​សម្លាប់​អ្នក​ទោស​ជាង ៣០ នាក់ នៅ​ក្នុង​កុប្បកម្ម​មួយ​ដែល​ធ្វើ​ឡើង​ដោយសារ​អ្នកទោស​ភ័យ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ក្នុង​ពន្ធនាគារ។

អង្គការ Amnesty International ដែល​ជា​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មេសា​ថា អ្នកទោស​រាប់​ពាន់​នាក់​នៅ​ក្នុង​ពន្ធនាគារ​យ៉ាង​ហោច​ណាស់​ចំនួន ៨ នៅ​ទូទាំង​ប្រទេស​អ៊ីរ៉ង់ បាន​ធ្វើ​ការ​តវ៉ា​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​សារ​ពួក​គេ​ខ្លាច​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នៅ​ពេល​ពួក​គេ​កំពុង​ជាប់​ពន្ធនាគារ ដែល​ការ​តវ៉ា​ទាំង​នេះ​បាន​បង្ក​ឲ្យ​អ្នក​ទោស​ជា​ច្រើន​នាក់​បាត់​ជីវិត​ក្រោម​ស្នាដៃ​របស់​ឆ្មាំ​ពន្ធនាគារ និង​កង​កម្លាំង​សន្តិសុខ។

ដោយ​ផ្អែក​ទៅលើ​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​បាន រួម​ទាំង​សាច់​ញាតិ​របស់​ជន​រង​គ្រោះ​ផងដែរ សេចក្ដី​ថ្លែងការណ៍​របស់អង្គការ Amnesty International បាន​ឲ្យ​ដឹងថា គ្រាប់​កាំភ្លើង​ពិត និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ត្រូវ​បាន​ប្រើ​ប្រឆាំង​នឹង​ក្រុម​អ្នក​ទោស​នៅ​ទីតាំង​ពន្ធនាគារ​ជាច្រើន​កន្លែង ដោយ​បាន​សម្លាប់​អ្នក​ទោស​ប្រហែល ៣៥ នាក់ និង​ធ្វើ​ឲ្យ​អ្នក​ទោស​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​បន្ថែម​ថា យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ពន្ធនាគារ​មួយ​កន្លែង អ្នក​ទោស​ដែល​ចូលរួម​ក្នុង​ការ​តវ៉ា​ត្រូវ​បាន​វាយ​ដំ​ដោយ​កង​កម្លាំង​សន្តិសុខ ដែល​ការ​វាយ​ដំ​នេះ​អាច​ឈាន​ទៅ​ដល់​ការ​បាត់បង់​ជីវិត​របស់​អ្នកទោស​ម្នាក់។

អ្នកស្រី Diana Eltahawy នាយិកា​រង​ប្រចាំ​តំបន់​មជ្ឈឹម​បូព៌ា និង​អាហ្វ្រិក​ខាង​ជើង​របស់​អង្គការ Amnesty International បាន​និយាយ​ថា៖ «វា​ជា​ទង្វើ​មួយ​ដែល​គួរ​ឲ្យ​ស្អប់​ខ្ពើម ដែល​ជា​ជាង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ទាម​ទារ​ស្រប​ច្បាប់​របស់​អ្នក​ទោស​ឲ្យ​មាន​ការ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 អាជ្ញាធរ​អ៊ីរ៉ង់​ជា​ថ្មី​ម្ដង​ទៀត បែរ​ជា​ប្រើ​ការ​សម្លាប់​អ្នកទោស​ដើម្បី​បញ្ឈប់​ការ​តវ៉ា​របស់​ពួក​គេ​ទៅ​វិញ»។

អ្នកស្រី Eltahawy បាន​និយាយ​ថា កង​កម្លាំង​រក្សា​សន្តិសុខ​អ៊ីរ៉ង់​គួរតែ​ត្រូវ​បាន​ធ្វើ​ការ​ណែនាំ​ជា​បន្ទាន់​ឲ្យ​បញ្ឈប់​ការ​ប្រើ​ប្រាស់​កម្លាំង​ខុស​ច្បាប់​ដ៏​សាហាវ និង​បញ្ចៀស​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ទោស​ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ផ្នែក​សុវត្ថិភាព​នៃ​សុខភាព​របស់​ពួក​គេ។

អ្នកស្រី​ក៏​បាន​អំពាវ​នាវ​ផង​ដែរ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ចំពោះ «ការ​ធ្វើ​ទារុណកម្ម និង​ការ​ស្លាប់​ក្នុង​ពន្ធនាគារ​នេះ»។

កន្លង​មក អ្នកទោស​ប្រមាណ ១ សែន​នាក់​ត្រូវ​បាន​ដោះ​លែង​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​មួយ​ដោយ​សារ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ COVID-19។ មន្ត្រី​សុខាភិបាល​អ៊ីរ៉ង់​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ០៩ ខែមេសា​ថា ប្រជាពលរដ្ឋ​អ៊ីរ៉ង់​ចំនួន ៦ ម៉ឺន ៦ ពាន់ ២ រយ​នាក់ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ ហើយ​ចំនួន ៤ ពាន់ ១១០ នាក់​បាន​បាត់​បង់​ជីវិត​ដោយសារ​មេរោគ​នេះ។

មន្ត្រី​អ៊ីរ៉ង់​ត្រូវ​បាន​រិះគន់​ចំពោះ​ការ​ចាត់​វិធាន​ការ​ឆ្លើយតប​យឺតយ៉ាវ​កាល​ពី​ដំបូងៗ​ចំពោះ​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​នេះ ហើយ​អ្នក​ជំនាញ​មាន​ការ​សង្ស័យ​ចំពោះ​តួលេខ​ផ្លូវការ​ដែល​ចេញ​ផ្សាយ​ដោយអាជ្ញាធរ​អ៊ីរ៉ង់ ដែល​តែងតែ​រិតត្បិត​ខ្លាំង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

កាល​ពី​ថ្ងៃ​ទី ៩ ខែ​មេសា មេដឹកនាំ​កំពូល​អ៊ីរ៉ង់ លោកAyatollah Ali Khamenei បាន​ស្នើ​ថា ការ​ជួបជុំ​ដែល​មាន​គ្នា​ច្រើន ដូច​ជា​ការ​ជួបជុំ​ថ្វាយ​បង្គំ​ព្រះ​ជា​ដើម អាច​នឹង​ត្រូវ​ហាម​ឃាត់​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​តម​អាហារ​របស់​សាសនា​ឥស្លាម ឬ Ramadan ដើម្បី​ជួយ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​នេះ។

លោក Khamenei បាន​ថ្លែង​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ថា៖ «យើង​នឹង​ហាម​ឃាត់​មិន​ឲ្យ​មានការ​ប្រមូល​ផ្ដុំ​គ្នា​ជា​សាធារណៈ​នៅ​ក្នុង​ខែ​នៃ​ពិធីបុណ្យ Ramadan។ ...នៅ​ពេល​ដែល​គ្មាន​ការ​ជួប​ជុំ​គ្នា​ទាំង​អស់​នេះ សូម​កុំ​ភ្លេច​ធ្វើ​ការ​បួង​សួង និង​អធិដ្ឋាន​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ស្ងប់​ស្ងាត់​ដាច់​ពី​គេ​ឯង»។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ លោក​ប្រធានាធិបតី Hassan Rohani បាន​ផ្ដល់​សញ្ញា​ផ្ទុយ​គ្នា​មួយ ដោយ​និយាយ​ថា សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​គួរតែ​ចាប់​ផ្ដើម​បើក​ដំណើរ​ការ​ឡើង​វិញ​បន្តិច​ម្ដងៗ​ចាប់​ពី​សប្ដាហ៍​នេះ​តទៅ ដែល​ការណ៍​នេះ​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​អ៊ីរ៉ង់​អាច​ប្រឈម​មុខ​នឹង​រលក​នៃ​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​កូរ៉ូណា​ប្រភេទ​ថ្មី​នេះ​ជា​លើក​ទី​ពីរ។

សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​កំពុង​រង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​ខ្លាំង​ពី​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ជា​ឯកតោ​ភាគី​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ពិធី​បុណ្យ Ramadan ឆ្នាំ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី ២៣ ខែឧសភា៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា