អង្គការ​សិទ្ធិ​មនុស្ស Amnesty International ស្នើ​ឲ្យ​កម្ពុជា​បញ្ឈប់​ការវាយ​ប្រហារ​ក្រុម​ជំទាស់

ស្លាកសញ្ញាអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឈ្មោះ​ Amnesty International ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ អង្គការ​ Amnesty International ​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អសប​ រួមទាំង​ប្រទេស​ផ្តល់​ជំនួយ​ធំៗ​របស់​កម្ពុជា​ ដូចជា អាមេរិក​ ចិន​ អាល្លឺម៉ង់ ​ជប៉ុន​ អង់គ្លេស ​បាន​យល់​អំពី​ភាពចាំបាច់​និង​ភាពធ្ងន់ធ្ងរ​នៃ​ដំណើរការ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ឆ្លើយ​តបតាម​ដំណើរការ​នោះ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នាពេល​ខាងមុខ​ ដោយ​មិន​គួរបែរ​ចេញ​ពី​បញ្ហា​កម្ពុជា​ទេ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​ឈ្មោះ​ Amnesty International បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការធ្វើ​ទុក្ខ​បុកម្នេញ​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ក្រុមជំទាស់​ សារព័ត៌មាន​ ហើយនឹង​អង្គការ​សង្គម​ស៊ីវិល ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៨ ​ដោយ​ទទូច​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​ជា​បន្ទាន់។ នេះ បើ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ទើប​ចេញ​ផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ

ការថ្លែង​យ៉ាងដូច្នេះ​គឺ​យោង​ទៅ​លើ​ការចាប់ខ្លួន​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ការបិទ​កាសែត​បរទេស​ The Cambodia Daily​ និង​ការបណ្តេញ​ចេញ​អង្គការ​អាមេរិកាំង​មួយ ​ឈ្មោះ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ( NDI) ​និង​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​និង​ការរិតត្បិត​សេរីភាព​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​ ក្រោម​បទចោទ​ប្រកាន់​ថា​មិន​គោរព​ច្បាប់​កម្ពុជា​ មិន​បង់​ពន្ធ​ជូន​រដ្ឋជា​ដើម​នោះ។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ​របស់​អង្គការ​Amnesty International ​បាន​បញ្ជាក់​ថា៖

«ការចោទ​ប្រកាន់​បែប​ប្រឌិត​ប្រឆាំង​នឹង​លោក​ កឹម សុខា​ គឺ​ជា​រឿង​ដែល​បាន​កើត​ឡើង​ចុងក្រោយ​បំផុត​ក្នុង​យុទ្ធនាការ របស់​រដ្ឋាភិបាល​ដែល​កំពុង​តែរីករាលដាល​ដ៏ឆាប់រហ័ស​នោះ ហើយ​យុទ្ធនាការ​នេះ​ក៏កំពុង​រិតត្បិត​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ​ការវិភាគ​មុន ​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៨​ផងដែរ‍»។

យោង​តាមសេចក្តី​ប្រកាសព័ត៌មានរបស់​រដ្ឋាភិបាលកម្ពុជា ដែល​ចេញផ្សាយ​ភ្លាមៗក្រោយ​ការ​ចាប់ខ្លួន​ ​លោក​ ​កឹម សុខា ឱ្យ​ដឹង​ថា​ វីដេអូ​ខ្លី​មួយដែល​ចែកចាយតាម​បណ្តាញសង្គម​ ​និង​ភស្តុតាង​ប្រមូលបាន​ដោយសម្ថកិច្ច បញ្ជាក់​ថាលោក កឹម សុខា បាន​រៀបចំផែនការ​សម្ងាត់ ឃុបឃិត​គ្នា​ជាមួយបក្ខពួក​បរទេសដែល​នេះ​គឺជាអំពើ​ចារកម្ម​ ​ក្បត់​ជាតិ​ តាម​បញ្ញាត្តិ​ច្បាប់ ​៤៤៣​ នៃ​ក្រម​ព្រហ្មទណ្ឌ។​ សេចក្តី​ថ្លែងការណ៍របស់​រដ្ឋាភិបាលកម្ពុជា​ដដែលអំពាវនាវ​ឱ្យមានការ​ស្ងៀមស្ងាត់​នឹងទុក​ករណីនេះ​ជូន​តុលាការកម្ពុជា​ដើម្បីបន្ត​នីតិវិធីរបស់​ខ្លួន។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​រៀបរាប់​អំពី​ការប្រកាស​បទបន្ទប់​ស្ថានការ​ដែល​តាម​ឃ្លាំមើល​ការបោះឆ្នោត​ បង្ខំ​ឲ្យ​អង្គការ​ឯករាជ្យ​ ដូចជា​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​អង្គការ​សិទ្ធ​មនុស្ស​អាដហុក​ អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ខុមហ្វ្រែល ​បង់ពន្ធ​ ការបញ្ជា​ឲ្យ​ស្ថានីយ​វិទ្យុ​មួយ​ចំនួន​បញ្ឈប់​ការផ្សាយ​បន្ត​កម្មវិធី​ផ្សាយ​របស់​វិទ្យុ VOA និង​អាស៊ីសេរី ​ការបញ្ជា​បិទទ្វារ​អង្គការ ​NDI ​របស់​សរអា​ និង​ការបង្ខំ​បិទ​កាសែត ​The Cambodia Daily ​ជាដើម។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ អង្គការ​ Amnesty International ​អំពាវនាវ​ឲ្យ​ក្រុម​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អសប​ រួមទាំង​ប្រទេស​ផ្តល់​ជំនួយ​ធំៗ​របស់​កម្ពុជា​ ដូចជា អាមេរិក​ ចិន​ អាល្លឺម៉ង់ ​ជប៉ុន​ អង់គ្លេស ​បាន​យល់​អំពី​ភាពចាំបាច់​និង​ភាពធ្ងន់ធ្ងរ​នៃ​ដំណើរការ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ឆ្លើយ​តបតាម​ដំណើរការ​នោះ​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នាពេល​ខាងមុខ​ ដោយ​មិន​គួរបែរ​ចេញ​ពី​បញ្ហា​កម្ពុជា​ទេ។​ ហើយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ផ្សេង​ទៀត​ត្រូវ​ធានាពី​ការគោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា។

«ដោយ​មាន​ពាក់ព័ន្ធ​យ៉ាងខ្លាំងក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​២៥​ឆ្នាំ​នេះ​ សហគមន៍​អន្តរជាតិ​មិន​ត្រូវ​បែរ​ចេញ​ទេ​នៅ​ពេល​នេះ​ទេ ខណៈដែល​រដ្ឋាភិបាល​កម្ពុជា​គំរាម​ដើរបញ្ច្រាស ហើយ​ប្រើប្រាស់​ច្បាប់​ជា​ឧបករណ៍​ដើម្បី​រឹតត្បិត និង​បំបិទ​សម្លេង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សង្គម​ស៊ីវិល​ផងនោះ‍»។

អង្គការ​សិទ្ធិ​មនុស្ស​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ខាងមុខ​គឺ​ជា​រឿង​សំខាន់​ ដំណាល​ពេល​ដែល​កម្ពុជា​វាយប្រហារ​លើ​ក្រុម​គណបក្ស​ជំទាស់​ បណ្តាញ​ព័ត៌មាន​ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅតែ​បន្ត​កើតឡើង​មុន​ការ​បោះឆ្នោតនេះ។​ ការចាប់ខ្លួន​លោក​ កឹម សុខា ​និង​ការ​រិតត្បិត​សេរីភាព​សារព័ត៌មាន និង​អង្គការ​សង្គម​ស៊ីវិល​នេះ បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ជា​អន្តរជាតិ​ធ្ងន់ៗ ជាពិសេស​ការដាក់​សំណួរ​ពី​ដំណើរការ​ប្រជាធិបតេយ្យ ​ការបោះឆ្នោត​សេរី និង​យុត្តិធម៌​ហើយនឹង​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​គណបក្ស​គ្របគ្រង​ប្រទេស​របស់​លោក នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នោះ៕