ខណៈ​មាន​ការខ្វែង​គំនិត​គ្នា​ក្នុង​តំបន់ កម្ពុជា​ថា អាស៊ាន​មិន​ត្រូវ​ក្លាយជា​«ចំណាប់​ខ្មាំង»​នៃ​វិបត្តិ​មីយ៉ាន់ម៉ា​​ឡើយ

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកដៃ​នៅពេល​លោក​ចូលរួម​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-ចិន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

អាស៊ាន ​មិន​គួរ​ក្លាយ​ជា​ចំណាប់​ខ្មាំង​ជាប់​គាំង​ជាមួយ​នឹង​វិបត្តិ​ភូមា​នោះ។ ​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន​នៅ​ឆ្នាំ​នេះ។​

ការ​ថ្លែង​ដូច្នេះ​របស់​លោក ​ហ៊ុន សែន​ កើត​មាន​ឡើង​ក្រោយ​មាន​ការ​លើក​ពេល​ដោយ​មិន​មាន​កាល​កំណត់​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ក្នុង​សប្ដាហ៍​នេះ ​ចំ​ពេល​ដែល​មាន​ការ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ចំណោម​រដ្ឋ​សមាជិក ​ជុំវិញ​អភិក្រម​ផ្ដួច​ផ្ដើម​ដោយ​កម្ពុជា​ឆ្លើយ​តប​នឹង​វិបត្តិ​ភូមា។

ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​រដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន​ ដែល​ជួប​ជុំ​គ្នា​នៅ​ក្រុង​ព្រះ​សីហនុ​កាល​ពី​ព្រលប់​ថ្ងៃ​អង្គារ​លោក ហ៊ុន សែន ​បាន​លើក​ឡើង​ថា៖​

«ខ្ញុំ​សូម​បញ្ជាក់​ថា ​ កិច្ច​ការ​របស់​អាស៊ាន​ឆ្នាំ​២០២២ ​មិន​មែន​មាន​តែ​បញ្ហា​មីយ៉ាន់ម៉ា​តែ​មួយ​នោះ​ទេ​ ដូច​ដែល​អ្នក​ទាំង​ឡាយ​បាន​និយាយ​យ៉ាង​ច្រើន ​ក្នុង​រយៈ​ពេល​ប្រមាណ​ជាង​៣​អាទិត្យ​នេះ។ ​ ខ្ញុំ​សូម​និយាយ​ថា ​យើង​មាន​កិច្ចការ​ជា​ច្រើន​ ដែល​ត្រូវ​ធ្វើ​ក្រៅ​ពី​រឿង​មីយ៉ាន់ម៉ា ​ហើយ​អាស៊ាន ​មិន​មែន​ជា​ចំណាប់​ខ្មាំង​នៃ​បញ្ហា​របស់​មីយ៉ាន់ម៉ា​នោះ​ទេ»។​

ប្រទេស​សិង្ហបុរី​ ឥណ្ឌូណេស៊ី​ ម៉ាឡេស៊ី​ បាន​សម្ដែង​ការ​ជំទាស់​ជាមួយ​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​អញ្ជើញ​មន្ត្រី​ជាន់​ខ្ពស់​របប​សឹក​ភូមា​ចូលរួម​ប្រជុំ​វិញ​ ដោយ​ថា​ ល្គឹក​ណា​មិន​ទាន់​មាន​ការ​អនុវត្ត​ពេញ​លេញ​នូវ​ល្បើក​ជា​ឯកច្ឆ័ន្ធ​ទាំង​៥​ចំណុច ​រវាង​មេ​ដឹកនាំ​អាស៊ាន​៩​រូប​ និង​មេ​ដឹកនាំ​រដ្ឋ​ប្រហារ​ភូមា​ដែល​សម្រេច​បាន​កាល​ពី​ខែ​មេសា​ ឆ្នាំ​២០២១​ នោះ​ទេ ​ការ​ចូល​រួម​របស់​ភូមា​ក្នុង​វេទិកា​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស ​និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ គួរ​រក្សា​ត្រឹម​កម្រិត​តំណាង​មិន​មែន​នយោបាយ ​ដូច​សព្វ​ថ្ងៃទេ។​

ដោយ​ឡែក​ប្រទេស​ហ្វីលីពីន​វិញ​ បាន​ស្នើ​កម្ពុជា​ឱ្យ​ស្វះស្វែង​រក​ការ​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​ និង​ឱ្យ​មាន​ចូលរួម​ពី​សំណាក់​មេដឹកនាំ​របស់​ពួកគេ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​គឺ​អ្នកស្រី ​អង់សាន ស៊ូជី (Aung San Suu Kyi)។​

ស្របពេល​ដែល​មាន​ខ្វែង​គំនិត​គ្នា​ខាង​លើ​ កិច្ច​ប្រជុំ​ចង្អៀត​នៃ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ក្រុង​សៀមរាប​ ត្រូវ​បាន​ពន្យារ​ពេល។ ​កិច្ច​ប្រជុំ​ប្រមុខ​ការ​ទូត​អាស៊ាន​ដំបូង​ប្រចាំ​ឆ្នាំ​នេះ ​ជានិច្ចកាល​រៀប​ដោយ​ប្រធាន​ប្ដូរ​វេន ​ដើម្បី​កំណត់​របៀប​វារៈ​សំខាន់ៗ​សម្រាប់​មួយ​ឆ្នាំ​ទៅ​មុខ។​

ការ​ខកខាន​មិន​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ចង្អៀត​តាម​កាល​កំណត់​នេះ ​នាំ​ឱ្យ​មាន​ការ​ពន្យារ​ពេល​ដល់​ការ​តែង​តាំង​ជា​ផ្លូវ​ការ​នូវ​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា​ លោក​ ប្រាក់ សុខុន​ ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ទទួល​បន្ទុក​កិច្ចការ​ទាក់ទង​នឹង​វិបត្តិ​ភូមា​ផង​ដែរ។​

លោក​ Kavi Chongkittavorn ​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​សន្ដិសុខ​និង​កិច្ច​ការ​អន្តរជាតិ​របស់​ថៃ ​បាន​សរសេរ​អត្ថបទ​មួយ​ ក្នុង​កាសែត​បាងកក​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​អង្គារ​ថា ជោគ​ជ័យ​នៃ​ការ​ធ្វើ​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ​ឆ្នាំ​នេះ ​អាស្រ័យ​លើ​ ភាព​ចម្រើន​វិវត្ត​នៃ​វិបត្តិ​ភូមា​ ការ​ចរចា​បញ្ចប់​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​ការ​អនុវត្ត​ការ​ប្រមើល​មើល​របស់​អាស៊ាន​លើ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។​

អ្នក​កាសែត​ជើង​ចាស់​ជនជាតិ​ថៃ​រូប​នេះ​ បាន​បន្ត​ថា ​ប្រធាន​អាស៊ាន​ចៀស​មិន​ផុត​ពី​ត្រូវ​ធ្វើ​ការ​ជាមួយ​របប​សឹក​នោះ​ទេ តែ​ការ​ពិគ្រោះ​យោបល់​ និង​ការ​កសាង​ការ​ទុក​ចិត្ត​គ្នា​ជាមួយ​រដ្ឋ​សមាជិក​ផ្សេង​ទៀត​ក៏​សំខាន់​ផង​ដែរ​ ក្នុង​ដំណើរ​ដឹក​នាំ​អាស៊ាន​ជួយ​ដោះ​ស្រាយ​វិបត្តិ​ភូមា​លើក​នេះ។​

វិបត្តិ​ភូមា​បាន​ឈាន​ដល់​ដំណាក់​កាល​ដែល​ក្រុម​ជំទាស់​ បាន​ចាប់​កាន់​អាវុធ​តស៊ូ​ដោយ​កម្លាំង​បាយ​ជាមួយ​នឹង​របប​សឹក​ ដែល​បាន​ក្រសោប​យក​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​ កាល​ពី​ដើម​ខែ​កុម្ភៈ​ ឆ្នាំ​២០២១។ ​ក្រុម​អ្នក​ឃ្លាំ​មើល​បាន​ឱ្យ​ដឹង​ថា ​អំពើ​ហិង្សា​និង​ការ​បង្ក្រាប​យ៉ាង​ចាស់​ដៃ​ពី​អាជ្ញាធរ​យោធា​ បាន​នាំ​ឱ្យ​មាន​អ្នក​ស្លាប់​ជាង​មួយ​ពាន់​នាក់​ហើយ ​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​មក៕