កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានសរសើរអ្វីដែលលោកហៅថាជាជញ្ជាំងដ៏ «រឹងមាំខ្លាំងក្លា និងទូលំទូលាយ» នៅតាមបណ្ដោយព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយលោកបង្ហាញឲ្យឃើញពីការសន្យាចម្បងមួយរបស់លោកនៅពេលលោកធ្វើយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ ២០១៦។
មួយថ្ងៃក្រោយមក បន្ទាប់ពីបានបញ្ជាឲ្យដាក់កំហិតតឹងតែងបន្ថែមលើប្រភេទទិដ្ឋាការមួយចំនួន លោក Trump បានធ្វើដំណើរទៅមើលផ្នែកថ្មីនៃជញ្ជាំងព្រំដែននៅក្នុងរដ្ឋ Arizona។
បន្ទាប់ពីបានចុះហត្ថលេខាលើបន្ទះជញ្ជាំងព្រំដែនក្នុងទីក្រុង San Luis មក លោក Trump បានឆ្លើយតបទៅនឹងសំណួររបស់ VOA ដោយហៅជញ្ជាំងព្រំដែនថ្មីនេះថា «ពិតជារឹងមាំមែន»។
លោក Trump បានបញ្ជាក់នៅក្នុងពិធីនោះថា៖ «ព្រំដែនរបស់យើងគឺមានសន្តិសុខរឹងមាំជាងពេលណាៗទាំងអស់។ នេះគឺជាជញ្ជាំងព្រំដែនដ៏រឹងមាំខ្លាំងក្លា និងទូលំទូលាយជាងគេបំផុតនៅលើពិភពលោក»។
លោក Trump ដែលកំពុងស្វះស្វែងរកសំឡេងគាំទ្រសម្រាប់អាណត្តិទីពីររបស់លោកនៅក្នុងការបោះ ឆ្នោតខែវិច្ឆិកាខាងមុខ បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ជញ្ជាំងព្រំដែនប្រវែងរហូតដល់ ៧៦០ គីឡូម៉ែត្រ អាចនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅត្រឹមចុងឆ្នាំនេះ៕