ខណៈ​ដែល​ជំងឺ​​ផ្ដាសាយ​ជ្រូក​​រាលដាល​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ការ​មិន​ជឿ​ទុក​ចិត្ត​បាន​កើន​ឡើង

ក្រុម​ក្មេង​ស្រី​បាន​ពាក់របាំង​ការពារ​មុខ​ពី​មេរោគ​ផ្តាសាយ​ជ្រូក​កាល​ពី​ថ្ងៃពុធ​ទី​២៥ កក្កដា ២០១៧។

ការ​ខ្វះ​ទំនុក​ចិត្ត​លើ​​សមត្ថភាព​របស់​​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការ​ទប់​ស្កាត់​វិបត្តិ​សុខភាព​នេះ​ និង​ការ​ឆ្លើយ​តប​យឺត​យ៉ាវ​តាំង​ពី​ដំបូង​ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ដាច់​ទំនាក់​ទំនង​ ដែល​ធ្វើឲ្យ​ការ​​មិន​ជឿ​ទុកចិត្ត​នេះ​រីក​រាលដាល​ ហើយ​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាត់​វិធានការ​ទប់​ស្កាត់​ដោយ​ខ្លួន​ឯង។​

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ប្រជាជន​ត្រជាក់ចិត្តក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ​ នៅ​ពេល​ដែល​ចំនួនមនុស្ស​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយ​ជ្រូក​ឬ​គ្រុន​ផ្ដាសាយ H1N1​ បាន​កើន​ដល់​១៣​នាក់​ ចាប់​តាំង​ពី​មានករណី​ជំងឺ​នេះកើត​ឡើង​លើក​ដំបូង​កាល​ពី​ខែ​មុន។

ក្រុម​មន្ត្រី​បាន​ចង្អុល​បង្ហាញ​ថា​ មេរោគ​ដែល​ជា​ផ្នែក​នៃ​ជំងឺ​រាតត្បាត​ក្នុង​សាកល​លោក​កាល​ពី​ឆ្នាំ​២០០៩​ ដែល​កើត​ចេញ​ពី​សត្វ​ជ្រូក​ឆ្លង​រោគ​នោះ​ ឥឡូវ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​ផ្ដាសាយ​តាម​រដូវ​កាល​ធម្មតា​ ហើយការ​ឆ្លង​រោគ​នេះ​កើត​មាន​នៅក្នុង​ប្រទេស​នេះ​ចុង​ក្រោយកាល​ពី​ឆ្នាំ​មុន​ ប៉ុន្តែ​ប្រហែល​គ្មាន​អ្នក​ស្លាប់​ជំងឺ​នេះ​ទេ​នៅ​ពេល​នោះ។

ប៉ុន្តែ​ការ​ខ្វះ​ទំនុក​ចិត្ត​លើសមត្ថភាព​របស់រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការ​ទប់​ស្កាត់​វិបត្តិ​សុខភាព​នេះ​ និង​ការ​ឆ្លើយ​តប​យឺត​យ៉ាវ​តាំង​ពី​ដំបូង​ បាន​បង្ក​ឲ្យ​មាន​ការ​ផ្ដាច់​ទំនាក់​ទំនង​ ដែល​ធ្វើឲ្យ​ការមិន​ជឿ​ទុកចិត្ត​នេះ​រីក​រាលដាល​ ហើយ​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ចាត់​វិធានការ​ទប់​ស្កាត់​ដោយ​ខ្លួន​ឯង។​

ក្រុមហ៊ុន​ជាច្រើន​បាន​ផ្ដល់​របាំង​ការពារ​មុខ​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​ ស្រប​ពេល​ដែលសហគ្រិន​មួយ​ចំនួន​កំពុង​លក់​របាំង​ការពារ​មុខ​នៅ​លើ​អ៊ីនធឺណិត។

សកម្មជន​ឈ្មោះ Thet Swe Win គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្ម័គ្រ​ចិត្ត​ជាច្រើន​ទៀត​ដែល​បាន​ចូល​រួម​បង្កើន​ការ​យល់​ដឹង​កាល​ពី​ដើម​ខែ​នេះ​ នៅ​តាម​ដង​ផ្លូវ​ទីក្រុង​រ៉ង់ហ្គូន​ ដែល​ការ​បង្កើន​ការ​យល់​ដឹង​នេះ​រួម​មាន​ការ​ជូន​ដំណឹង​ឲ្យ​សាធារណជនលាង​ដៃ​របស់​ពួក​គេ​ និង​ពាក់​របាំង​ការពារ​មុខ​ពេល​ចេញ​ទៅ​ខាង​ក្រៅ។​

លោក​ Thet Swe Win ​និយាយ​ថា៖ «មូល​ហេតុ​ដែល​យើង​ធ្វើ​យុទ្ធនាការ​នេះគឺ​ដោយសារតែ​រដ្ឋាភិបាល​របស់​យើង​មិន​បាន​ប្រកាស​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​លាស់​ពី​ជំងឺ​នេះ​ ហើយ​ប្រជាជន​កំពុង​ភ័យ​ខ្លាច»។

ប៉ុន្តែ​រដ្ឋាភិបាល​បាន​ច្រាន​ចោលការ​ចោទប្រកាន់​ពី​ភាព​អសកម្ម ​និង​ការមិន​ច្បាស់​លាស់។

លោក​វេជ្ជបណ្ឌិត ​Than Htun Aung ​អនុ​ប្រធាន​នាយកដ្ឋាន​សុខភាព​សាធារណៈ​នៃ​ក្រសួង​សុខាភិបាល​ និង​កីឡា​របស់​ប្រទេស​មីយ៉ាន់ម៉ា​ បាន​និយាយ​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ប្រកាស​ជា​ច្រើន​លើក​មក​ហើយ និង​កំពុង​បន្ត​ចែក​រំលែក​វិធីសាស្ត្រ​ការពារ​ ខណៈ​ពេល​ដែល​កិច្ច​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ (WHO)​ កំពុង​ត្រូវ​បាន​ធ្វើ​ឡើង។

លោក​បាន​និយាយ​ថា៖ «យើង​បាន​ធ្វើ​ការ​វាយតម្លៃ​ហានិភ័យ​អំពី​ជំងឺ​នេះ​ ហើយ​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅអ្នកជំងឺ​ ទោះ​បី​ថា​ ពួក​គេ​ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​សភាពធ្ងន់ធ្ងរ​ឬ​អត់​ក៏​ដោយ។ យើង​ត្រូវ​ចាំ​មើល​សិន​ថា​ តើ​វា​នឹង​រីក​រាលដាល​កាន់តែ​ខ្លាំង​ឬ​ក៏​បាត់​ទៅ​វិញ»។

រដ្ឋាភិបាល​បាន​ផ្តល់​អនុសាសន៍​ថា គួរ​តែចៀស​វាង​ពី​កន្លែង​មាន​មនុស្ស​អ៊ូអរ​ខ្លាំង លាង​សម្អាត​ដៃ​និង​សម្គាល់​ដឹង​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​ដែល​លេច​ចេញ​មក ដែល​នេះ​ជា​ការ​បង្ការ​បឋម​ជា​ជាង​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រើ​របាំង​ការពារ​មុខ​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​មិន​អាច​ការពារ​មេរោគ​បាន​ទាំង​ស្រុង​នោះ​ទេ។

លោក​វេជ្ជបណ្ឌិត​ Than Htun Aung ​បាន​និយាយ​ថា​ មនុស្ស​ជា​ច្រើន​មិន​បានយល់​ដឹង​ថា​ តើ​ជំងឺ​គ្រុន​ផ្តាសាយ​នេះ​រីក​រាល​ដាល​យ៉ាង​ណា​នោះ​ទេ ហើយ​ពួក​គេ​ភ័យ​ស្លន់​ស្លោ​ដោយសារ​ «ពួក​គេ​មិន​បាន​ទទួល​ព័ត៌មាន​ត្រឹមត្រូវ​អំពី​ជំងឺ​នេះ»។​

ទោះ​យ៉ាង​ណា​ លោក​មិន​បាន​បញ្ជាក់​ថា​ តើ​ព័ត៌មាន​ណា​ខុស​ ឬ​ថា​ព័ត៌មាន​នោះ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ទៅ​ទី​ណា​នោះ​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​និយាយ​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​មាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ត្រឹម​ត្រូវ​ទៅ​កាន់​ប្រជាជន»។

​ក្រសួង​សុខាភិបាល​និង​កីឡា​និយាយ​ថា ​១០ថ្ងៃ​ចុង​ក្រោយ​ក្នុង​ខែ​កក្កដា ​មាន​ករណី​ជំងឺ​ផ្ដាសាយ H1N1 ​ចំនួន​៦២​ករណី ដែល​ក្នុង​នោះ​មាន​មនុស្ស១២​នាក់​បាន​បាត់​បង់​ជីវិត។ អារម្មណ៍​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​កើន​ឡើង​កាន់តែ​ខ្លាំង​ ធ្វើ​ឲ្យ​ទីក្រុង ​Mandalay ​លុប​ចោល​ពិធី​បុណ្យ​សាសនា​ប្រចាំ​ឆ្នាំ​ដែល​គេ​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ដើម​ខែ​សីហា​នេះ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ពី​អ្នក​ជំងឺ​ស្លាប់​ទី១៣​ និង​កំណើន​នៃ​ការ​ឆ្លង​រោគ​នេះ​បន្តិច​បន្តួច។ បន្ថែម​ទៅ​លើ​ភាព​ច្របូក​ច្របល់​នេះ​ ជំងឺ​ផ្ដាសាយ​បក្សី​បាន​ផ្ទុះ​ឡើង​នៅ​កសិដ្ឋាន​មួយ​នៅ​ឯ​ភាគ​ខាងត្បូង​ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ចុងខែ​កក្កដា។​

ប៉ុន្តែ​គេ​អាច​យល់​បាន​ និង​ប្រហែល​ជា​បានរំពឹង​ទុក​រួច​ហើយ​ អំពី​ការ​ដាច់​ទំនាក់​ទំនង​ព័ត៌មាន ​និង​ភាព​បន្ទាន់​ជុំវិញ​ជំងឺ​ផ្ដាសាយ ​H1N1​ នេះ។

ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​បោះ​បង់​មិន​យក​ចិត្ត​ទុកដាក់រាប់​ទសវត្សរ៍​មក​ហើយ​ក្រោម​ការ​គ្រប់​គ្រង់របស់​យោធា ហើយ​បច្ចុប្បន្ន​នេះ​ សេវា​ខ្លះ​រាប់​ចាប់​តាំង​ពី​អ្នក​បើកបរ​ឡាន​ពេទ្យ​ និង​កិច្ច​បញ្ចុះ​សព​ គឺ​ពឹង​លើ​កម្លាំង​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​ប៉ះ​ប៉ូវ​កង្វះ​ធនធាន​មនុស្ស​ និង​ការ​ឆ្លើយ​តប​គ្រាអាសន្ន៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ