ខណៈ​មាន​ការ​រឹតត្បិត​ការ​ជជែក​ដេញដោល​ ចិន​ចាប់​ផ្តើម​លុបបំបាត់​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី

មន្ត្រី​តែងតាំង​ថ្មី​គោរព​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង (រូប​កណ្តាល) និង​មេដឹកនាំ​ដទៃ​ទៀត បន្ទាប់​ពី​ស្បង​សច្ចាប្រណិធាន ក្នុង​កិច្ចប្រជុំ​នៃ​សមាជ​ប្រជាជន​ចិន នៅ​វិមាន Great Hall of the People នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៩​ ខែមីនា ឆ្នាំ២០១៨។

កាលពី​ថ្ងៃទី០៤ ខែមីនា មេដឹកនាំ​គណបក្ស​កុម្មុយនិស្ត​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អនុម័ត​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញដោយ​រលូន ដើម្បី​អនុញ្ញ្ញាត​ឲ្យ​លោក​ប្រធានាធិបតី ស៊ី ជីនពីង ដ៏​មាន​អំណាច​ម្នាក់ អាច​កាន់​តំណែង​ជា​ប្រធានាធិបតី​រហូត ដែល​ប្រហែល​ជា​អាច​នឹង​អស់​មួយ​ជីវិត​ក៏​ថា​បាន។

ខណៈ​ដែល​សំណើ​វិសោធនកម្ម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​បាន​ធ្វើ​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ គេ​ឃើញ​ថា​ មាន​សញ្ញាណ​តិចតួច​នៃ​ការ​ប្រឆាំង ឬ​ក្តី​បារម្ភ​ពី​គណៈប្រតិភូ​របស់​សមាជ​ប្រជាជន​ចិន ដែល​ភាគច្រើន​នឹង​យល់​ព្រម​ដោយ​ស្វ័យប្រវត្តិ​ នៅ​ក្នុង​កិច្ចប្រជុំ​នា​ពេល​ខាង​មុខ។

ក្នុង​កិច្ចប្រជុំ​ពិនិត្យ​ឡើង​វិញ​លើ​សំណើ​វិសោធនកម្ម​ច្បាប់​កាលពី​សប្តាហ៍​កន្លងមក គណៈប្រតិភូ​មិន​ធ្វើ​ការ​ពិភាក្សា​លើ​អ្វី​នោះ​ទេ ក្រៅ​ពី​ការ​សរសើរ​លោកប្រធានាធិបតី ស៊ី និង​បាន​ផ្តល់​យោបល់​ឲ្យ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​នេះ។ នៅ​ក្នុង​កិច្ចប្រជុំ​២ ដាច់​ដោយ​ឡែក ដែល​ VOA បាន​ចូលរួម​ មិន​មាន​គណៈប្រតិភូ​ណា​មួយ​លើក​ឡើង​ពី​សំណើ​វិសោធនកម្ម​លើ​អាណត្តិកាន់​តំណែង​របស់​លោក​ប្រធានាធិបតី​ជាក់​លាក់​នោះ​ទេ។​

ទោះ​ណា​សំណើ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ថា ​នឹង​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី ស៊ី មាន​អំណាច និង​មាន​ប្រជាប្រិយ​ហួស​ហេតុ​ក៏​ដោយ ក៏​សមាជិ​នៃ​គណៈប្រតិភូ Gansu បាន​អះអាង​ថា វិសោធនកម្ម​នេះ​អាច​នឹង​ជួយ​ពង្រឹង​នីតិរដ្ឋ និង​ការ​ជឿជាក់​លើ​រដ្ឋធម្មនុញ្ញ។

ប្រតិភូ​ម្នាក់​បាន​និយាយ​ថា៖ «រដ្ឋធម្មនុញ្ញ​ផ្តល់​ឲ្យ​យើង​នូវ​ សុវត្ថិភាព​ ភាព​រីករាយ និង​ភាព​ពេញលេញ ដែល​ជួយ​បង្កើន​នូវ​ការ​គោរព​កាន់​តែ​ខ្លាំង និង​មាន​ការ​ជឿជាក់​កាន់​តែ​រឹងមាំ​ទៅ​លើ​រដ្ឋធម្មនុញ្ញ»។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នៅ​ពេល​នេះ​គឺ​ជា​វិសោធនកម្ម​ដ៏​ធំ​បំផុត​ ក្នុង​រយៈពេល​ជាង​៣ទសវត្សរ៍​នេះ ចាប់​តាំង​ពី​ពេល​ដែល​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​មក។ វិសោធនកម្ម​នេះ​ទំនង​នឹង​ត្រូវ​អនុម័ត។ ​ប្រសិន​បើ​វិសោធនកម្ម​នេះ​ត្រូវ​បាន​គេ​អនុម័ត​មែន​នោះ វិសោធនកម្ម​នេះ​នឹង​បញ្ចប់​ដំណើរការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ​ម្នាក់​ក្នុង​មួយ​ទសវត្សរ៍ ដែល​បាន​ក្លាយ​ជា​លក្ខណៈ​ពិសេស​នៃ​នយោបាយ​ចិន និង​ជា​ធាតុ​ផ្សំ​មួយ​ក្នុង​ចំណោម​ធាតុ​ផ្សំ​ដែល​គេ​អាច​ទស្សន៍ទាយ​បាន​ ក្នុង​ប្រព័ន្ធ​នយោបាយ​ដ៏​ស្មុគស្មាញរបស់​ចិន។

វិសោធនកម្ម​នេះ​នឹង​បញ្ចូល​គំនិត​នយោបាយ និង​ទស្សនៈវិស័យ​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​លោកគឺ​ជា​មេដឹកនាំ​ទី១​របស់​ចិន​ ចាប់តាំង​ពី​លោក​អតីត​ប្រធានាធិបតី ម៉ៅ សេទុង ដែល​ជា​ស្ថាបនិក​ប្រទេសចិន​ចូលកាន់​តំណែង​មក។

វិសោធនកម្ម​នេះ​ក៏​នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ពី​អំណាច​ដ៏​ខ្លាំងក្លា​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​លើ​គ្រប់​កិច្ចការ​ទាំង​អស់ និង​តួនាទី​របស់​គណបក្ស​ ដែល​ជា​ស្ថាប័ន​នយោបាយ​តែ​មួយ​គត់​ដែល​ស័ក្តិសម​ដឹកនាំ​ប្រទេស​ចិន។

ទោះ​ណា​គណៈប្រតិភូ និង​គណបក្ស​កុម្មុយនិស្ត​ចិន​ និង​បណ្តាញ​សារព័ត៌មាន​រដ្ឋ​អះអាង​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​លើក​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ដ៏​ច្រើន​ពី​សាធារណជន​ក៏​ដោយ ការ​អះអាង​បែប​នេះ​ផ្ទុយ​ស្រឡះ​ទៅ​នឹង​វិធានការ​ដែល​អាជ្ញាធរ​បាន​ធ្វើ​ឡើង​នៅ​ពេល​ជាមួយ​គ្នា​ដើម្បី​បំបិទ​កិច្ចពិភាក្សា​នានា។

ការ​បិទ​មិន​ឲ្យ​ឃើញ​ព័ត៌មាន​តាម​អ៊ីនធឺណែត​នៅក្នុង​ប្រទេស​ចិន​បាន​បង្កើន​កិច្ចប្រឹងប្រែង​ដើម្បី​បំបិទ​ការ​ជជែក​ដេញដោល​ ហើយក្រុម​អ្នក​រិះគន់​ត្រូវ​បាន​គេ​នាំ​ខ្លួន ឬ​ចាប់បញ្ជូន​ខ្លួន​ចេញ​ពី​ក្រុង​ប៉េកាំង​ ដើម្បី​មិន​ឲ្យ​ពួកគេ​និយាយ​ពី​បញ្ហា​ទាំង​នោះ។

ក្រុម​តស៊ូ​មតិផ្នែក​សិទ្ធិ​មនុស្ស​និយាយ​ថា មួយ​ថ្ងៃ​មុន​ទិវា​សិទ្ធិ​នារី​អន្តរជាតិ អាជ្ញាធរ​នៅ​ក្នុង​ក្រុង Wuhan បាន​ឃុំ​ខ្លួន​សកម្មជន​ស្ត្រី​ពីរ​រូប​គឺ​នាង Huang Jingyi និង​នាង Geng Caiwen ដោយសារ​តែ​អ្នក​ទាំងពីរ​បាន​បង្កើត និង​បង្ហោះ​វីដេអូ​នៅ​លើ​អ៊ីនធឺណិត ​រិះ​គន់​លើ​កំណែ​ទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ។

នៅ​ក្នុង​វីដេអូ​នោះ​ នាង Huang បាន​សម្តែង​ធ្វើ​ជា​កំពុង​បើក​រថយន្ត​ថយក្រោយ​ ដោយ​បាន​និយាយថា «សូមប្រយ័ត្ន!​ ពេល​ថយ​ក្រោយ»។ ឃ្លា​ថា «ថយក្រោយ» ឬ​ «បញ្ច្រាស់» ត្រូវ​បាន​គេ​ហាមឃាត់​មិន​ឲ្យ​ប្រើ​នៅក្នុង​បណ្តាញ​សង្គម​ រួម​ជាមួយ​នឹង​ឃ្លា​ផ្សេង​ទៀត​ដូច​ជា «វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ» «ខ្ញុំ​មិន​យល់​ស្រប» និង​ «អធិរាជ» ជាដើម។

អ្នក​រិះគន់​លើ​វិសោធនកម្ម​នេះ​អះអាង​ថា វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​គឺ​ជា​ការ​ដើរ​ថយក្រោយ មិន​ទៅ​មុខទេ។

VOA បាន​ទាក់ទង​ទៅ​ពួក​អ្នក​រិះគន់​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ក្រុង​ប៉េកាំង។
អ្នក​រិះគន់​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​ក្រុង​ប៉េកាំង​ និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ក្រុង​ប៉េកាំង​វិញ​ទេ រហូត​ទាល់​តែ​កិច្ចប្រជុំ​បាន​បញ្ចប់។

លោក​បាន​និយាយ​ថា៖ «គេ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​អត្ថាធិប្បាយ​លើ​កំណែ​ទម្រង់​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ តាម​ពិត​ទៅ​ ប្រទេស​ទាំង​មូល​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​រិះគន់​អំពី​កំណែ​ទម្រង់​នេះ​នោះ​ទេ។ មិន​មែន​ខ្ញុំ​តែ​ម្នាក់​ឯង​នោះ​ទេ»។

លោក Hu Jia អ្នក​រិះ​គន់​ម្នាក់ ដែល​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​នៅ​ចាកចេញ​ពី​ក្រុង​ប៉េកាំង​បាន​និយាយ​ថា ការ​រឹតបន្តឹង​បាន​រីករាលដាល​កាន់​តែ​ខ្លាំង​ឡើង។

លោក Hu និយាយ​ថា លោក​នឹង​បន្ត​និយាយ​ពី​បញ្ហា​នេះ ទោះ​ណា​អាជ្ញាធរ​បង្ខំ​លោក និង​អ្នក​ដទៃ​ទៀត​មិន​ឲ្យ​និយាយ​ក៏​ដោយ។ លោក​បាន​និយាយ​ទៀតថា ឃ្លា​ដែល​ចែង​ពី​ភាព​ស្រប​ច្បាប់ដល់​ការ​កាន់​អំណាច​បែប​ឯកបក្ស និង​ការ​លុបចោល​នូវ​ការ​កំណត់អាណត្តិ​ប្រធានាធិបតី​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។

លោក Hu បាន​និយាយ​ថា៖ «ការ​កំណត់​អាណត្តិ​កាន់អំណាច​ ដើរ​តួ​ជា​យន្តការ​តែ​មួយ​គត់​ក្នុង​ការ​ត្រួត​ពិនិត្យ​តុល្យភាព​អំណាច​របស់​មេដឹកនាំ​កំពូល ដែល​អាច​កាន់​តំណែង​ច្រើន​បំផុត​ត្រឹម​១០ឆ្នាំ។ នៅ​ពេល​ដែល​ការ​កំណត់បែប​នេះ​ត្រូវ​គេ​លុបចោល នោះនឹង​គ្មាន​យន្តការ​នេះ​ត​ទៅ​ទៀត​ទេ។ មេដឹកនាំ​អាច​កាន់​អំណាច​បាន​លើស​ពី​១០ឆ្នាំ រហូតអស់​មួយ​ជីវិត​ផង​ក៏​ថា​បាន»។

នៅ​អំឡុងពេល​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​ឆ្នាំ២០០៤​ បាន​ស្នើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បន្តិចបន្តួច​ប៉ុណ្ណោះ បើ​ធៀប​ទៅ​នឹង​វិសោធនកម្ម​នា​ពេល​បច្ចុប្បន្ន ​ដែល​កាល​នោះ​មាន​ការ​អនុញ្ញាត​ឲ្យ​សាធារណជន​ពិភាក្សា​ដោយ​ចំហ ហើយ​ការ​ពិភាក្សា​នានា​បាន​ចាប់​ផ្តើម​ជាង​១ឆ្នាំ​មុន​ពេល​ការ​បោះឆ្នោត​បាន​ចាប់​ផ្តើម។ ព័ត៌មាន​លម្អិត​នៃ​ការ​ផ្លាស់ប្តូរ​ជាក់លាក់​នៃ​មាត្រា​នីមួយៗ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន​បាន​ដឹង​ជាង​ពីរ​ខែ​មុន​ការ​បោះឆ្នោត​អនុម័ត​លើ​វិសោធនកម្ម។

វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​លើក​នេះ​ត្រូវ​បាន​សម្រេច​ នៅ​ពី​ក្រោយ​កិច្ចប្រជុំ​បិទ​ទ្វារ​មួយ​ នៅ​ពេល​ដែល​មន្ត្រី​បក្ស​គណបក្ស​កុម្មុយនិស្ត​ជាង​២០០នាក់​បាន​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ចុង​ខែ​មករា​កន្លង​មក។ បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ មិន​មាន​ការ​លើក​ឡើង​ពី​វិសោធនកម្ម​ដែល​ស្នើ​ឡើង​ដើម្បី​បញ្ចប់​ការ​កំណត់​អាណត្តិ​ប្រធានាធិបតី​នោះ​ទេ។ សំណើ​នេះត្រូ​វបាន​គេ​លើកឡើង​កាល​ពី​ចុង​ខែ​កុម្ភៈ គឺ​នៅ​មួយ​សប្តាហ៍​មុន​កិច្ចប្រជុំបាន​ចាប់​ផ្តើម។

ក្រៅពី​ការ​បោះឆ្នោត​លើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គណៈប្រតិភូ​ និង​មន្ត្រី​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​ជ្រើស​តាំង និង​តែងតាំង​ក្នុង​កិច្ចប្រជុំ​នយោបាយ​នា​ពេល​ថ្មីៗ​នេះ នឹង​ចូលរួម​ស្បថ​សច្ចាប្រណិធាន ហើយ​នេះគឺ​ជា​លើក​ទី១ហើយ​ ដែល​ការ​ស្បថ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​នយោបាយ​ប្រចាំ​ឆ្នាំ។

លោក Wei Changhao និពន្ធនាយក​និង​ជា​ស្ថាបនិក​នៃ​គេហទំព័រ NPC Observer បាន​និយាយ​ថា ពិធីស្បថនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ពិធី​ផ្លូវការ​ ដោយសារ​តែ​គណៈប្រតិភូ​មិន​អាច​ត្រូវ​បាន​គេ​ប្តឹង​ពី​បទ​បរាជ័យ​លើ​តួនាទី​របស់​ខ្លួន​នោះ​ទេ។ លោក​បាន​បន្ថែម​ទៀត​ថា ប៉ុន្តែ​អាច​មាន​គោលបំណង​ច្រើនជាង​នេះ​ទៀត​ ដែល​តម្រូវ​ឲ្យ​មន្ត្រី​ទាំង​នោះ​ស្បថ​នៅ​ស្របពេល​ជាមួយ​គ្នា​នឹង​កិច្ចប្រជុំ​ទាំង​នោះ។ ​

លោក Wei បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា មូលហេតុ​ចម្បង​នេះ​គឺ​ យ៉ាង​ហោច​ណាស់​ដើម្បីបង្ហាញ​ដល់​សាធារណជន​ថា គណបក្ស​នេះ​បាគិតគូ​ពី​រដ្ឋធម្មនុញ្ញ។ លើស​ពី​នេះ​ ការ​ធ្វើ​បែប​នេះ​នឹង​បណ្តុះ​ស្មារតី​ដល់​មន្ត្រី​ដែល​ត្រូវ​បាន​ជ្រើស​តាំង ឬ​តែងតាំង​ ឲ្យ​ចង់ចាំ​ពី​បេសកកម្ម​របស់​ពួកគេ»។

លោក Wei បាន​និយាយ​ថា បើ​យោង​តាម​បទបញ្ញត្តិ​សម្រាប់​ពិធី​នេះ អ្នកស្បថ​សច្ចាប្រណិធាន​នឹង​ដាក់​ដៃ​ឆ្វេង​របស់​ពួកគេ​នៅ​លើ​រដ្ឋធម្មនុញ្ញ និង​លើក​កណ្តាប់​ដៃ​ស្តាំ​របស់​ពួកគេឡើង។ គេ​នឹង​ចាក់​បទ​ភ្លេង​ជាតិ​របស់​ចិន​ក្នុង​ពេល​ធ្វើ​ពិធី​នេះ​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ