លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យមានការចែករំលែកវ៉ាក់សាំងដោយប្រកាន់យកគោលការណ៍«វ៉ាក់សាំងពហុភាគីនិយម» ខណៈដែលកម្ពុជាកំពុងប្រឈមនឹងការកើនឡើងករណីឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩។
លោក ហ៊ុន សែន បានថ្លែងបែបនេះក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូកាលពីថ្ងៃអង្គាររវាងគណបក្សនយោបាយនានាលើពិភពលោករួមទាំងបក្សកម្មុយនីស្តចិនផងដែរ។
ការលើកឡើងនេះ កើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិកទៅឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនរួមទាំងកម្ពុជាផង នេះបើផ្អែកតាមទីភ្នាក់ងារព័ត៌មាន Reuters បន្ទាប់ពីប្រទេសចិន បានលក់និងផ្តល់ជាអំណោយនូវវ៉ាក់សាំងរបស់ខ្លួនដល់កម្ពុជាជាច្រើនលានដូសរួចទៅហើយ។
នៅត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជាគ្រោងនឹងទទួលបានវ៉ាក់សាំងសរុប២០លានដូស សម្រាប់ចាក់ពលរដ្ឋចំនួន១០លាននាក់។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបជាង៥ម៉ឺន៧ពាន់នាក់រួមទាំងករណីឆ្លងថ្មីចំនួន៩៨១នាក់ផង និងអ្នកស្លាប់ដោយសារជំងឺនេះសរុបជិត៨០០នាក់រួមទាំងករណីស្លាប់ចុងក្រោយ១៩នាក់ផងដែរ៕