រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅតែ​ចំណាយ​ច្រើន​លើ​វិស័យ​យោធា ទោះ​រង​ការ​រិះគន់​ជា​បន្ត​ក៏​ដោយ

ទាហាន​៣នាក់​ដើរ​ត្បាត​នៅ​តាម​ភ្នំ​មួយ​នៅ​ក្បែរ​ក្រុង Laiza រដ្ឋ Kachin ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

កិច្ច​ព្រមព្រៀង​មួយ​ដែល​គេ​រាយការណ៍​មក​ថា សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ទិញ​យន្តហោះ​ចម្បាំង​ពី​រុស្ស៊ី​កំពុង​រង​ការ​រិះគន់​ពី​មនុស្ស​មួយ​ចំនួន​ដែល​និយាយ​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចំណាយ​ច្រើន​ជ្រុល​លើ​វិស័យ​យោធា ប៉ុន្តែ​ចំណាយ​តិចតួច​លើ​វិស័យ​អប់រំ និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត។

កាល​ពី​ថ្ងៃ​ទី ២២ ខែ​មករា កន្លង​ទៅ​នេះ ទីភ្នាក់ងារ​ព័ត៌មាន TASS របស់​រុស្ស៊ី​បាន​រាយការណ៍​ថា ប្រទេស​មីយ៉ាន់ម៉ា​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង Su-30 ចំនួន ៦ គ្រឿង​ពី​រុស្ស៊ី នៅ​ក្នុង​កិច្ច​ព្រមព្រៀង​មួយ​ដែល​ប្រព័ន្ធ​ព័ត៌មាន​មីយ៉ាន់ម៉ា​បាន​រាយការណ៍​ថា មាន​ទឹក​ប្រាក់​ប្រមាណ ២ រយ​លាន​ដុល្លារ​អាមេរិក។

VOA មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដើម្បី​សុំ​យោបល់​ពាក់ព័ន្ធ​នឹង​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន TASS នេះ​បាន​ទេ។

កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក Sergey Shoigu ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​កាល​ពី​ខែ​មករា​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី​លោក​ឧត្ដមសេនីយ៍​ឯក Alexander Fomin។

លោក Fomin បាន​និយាយ​ថា យន្តហោះ​ចម្បាំង​ទាំង​នេះ​នឹង «ក្លាយជា​យន្តហោះ​ចម្បាំង​ចម្បង​របស់​កង​កម្លាំង​ទ័ព​អាកាស​មីយ៉ាន់ម៉ា ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ប្រទេស និង​ដើម្បី​ទប់ទល់​ជាមួយ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម​ណា​មួយ»។

លោក Fomin បាន​បន្ថែម​ទៀត​ថា មន្ត្រី​យោធា​មីយ៉ាន់ម៉ា​ប្រហែល ៦ រយ​នាក់ កំពុង​សិក្សា​នៅ​ក្នុង​ស្ថាប័ន​អប់រំ​យោធា​ជាន់​ខ្ពស់​នានា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មករា​កន្លង​ទៅ​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោកស្រី Heather Nauert បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា វិធានការ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ «កិច្ច​ប្រឹងប្រែង​ជា​បន្ត» របស់​រុស្ស៊ី​ដើម្បី​ផ្គត់ផ្គង់​អាវុធ​ដល់​យោធា​ដែល​រំលោភ​សិទ្ធិ​មនុស្ស។

លោកស្រី Heather Nauert បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ទោះបីជា​រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ថា ខ្លួន​គាំទ្រ​ការ​ចរចា​ប្រកប​ដោយ​ផ្លែផ្កា​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ក៏​ដោយ ក៏​សេចក្ដី​រាយការណ៍​នានា​អំពី​គម្រោង​លក់​បច្ចេកវិទ្យា​យោធា​ទំនើប​ទាំង​នេះ ប្រសិនបើ​វា​ជា​ការពិត​មែន​នោះ នោះ​គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អ្វី​ដែល​ផ្ទុយ​ពី​នេះ»។

វិបត្តិ​ដែល​លោកស្រី Heather Nauert និយាយ​សំដៅ​ទៅ​លើ​នោះ គឺ​ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ដែល​បាន​ធ្វើ​ឲ្យ​ជាតិ​សាសន៍ Rohingya កាន់​សាសនា​ឥស្លាម​ជិត ៧ សែន​នាក់ រត់​គេច​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

ជន​ភៀស​ខ្លួន Rohingya ទាំង​នោះ​ភាគ​ច្រើន​បាន​ធ្វើ​ដំណើរ​ចូល​ទៅ​ដល់​ប្រទេស​បង់ក្លាដែស​ពោរពេញ​ទៅ​ដោយ​រឿង​រ៉ាវ​ឈឺចាប់​នានា​ដែល​កើត​ឡើង​ពី​ការ​ចាប់​រំលោភ​ជា​ក្រុម ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ធ្វើ​ឡើង​ក្រោម​ស្នាដៃ​របស់​យោធា​មីយ៉ាន់ម៉ា​ដែល​គេ​ស្គាល់​ថា Tatmadaw។ អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា​បាន​បដិសេធ​ស្ទើរ​តែ​ទាំង​ស្រុង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

ប៉ុន្តែ ទោះបីជា​ប្រតិបត្តិការ​របស់​យោធា​មីយ៉ាន់ម៉ា​នៅ​ក្នុង​រដ្ឋ Rakhine ទទួល​បាន​ការ​គាំទ្រ​ភាគ​ច្រើន​ពី​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រិះគន់​ទៅ​លើ​ការ​ចំណាយ​ខ្ពស់​ទៅ​លើ​ការ​ទិញ​យន្តហោះ​ចម្បាំង​ទាំង​នេះ។

លោក Thura Aung អ្នក​សរសេរ​កម្មវិធី​កុំព្យូទ័រ​មួយ​រូប​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន បាន​ប្រាប់ VOA ថា៖ «ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចាំបាច់​ត្រូវ​ចំណាយ​ច្រើន​ដូច្នេះ? ថវិកា​ទាំង​នោះ​គួរតែ​ចំណាយ​លើ​ការ​សាងសង់​សាលារៀន​បន្ថែម​ទៀត ឬ​ក៏​ការ​ធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​បាន​ប្រសើរ​ជាង​ពេល​ឥឡូវ​នេះ​វិញ​ល្អ​ជាង»។

នៅ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​ពួក​យោធា រដ្ឋាភិបាល​យោធា​ជា​ទូទៅ​ផ្ដល់​អាទិភាព​ការ​ចំណាយ​លើ​វិស័យ​យោធា ជាជាង​បញ្ហា​ផ្សេងៗ​ដូចជា​បញ្ហា​សុខាភិបាល ឬ​ក៏​ការ​អប់រំ​ជា​ដើម។

សម្រាប់​ថវិកា​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ ២០១៧ ទៅ ២០១៨ នេះ ដែល​ជា​ឆ្នាំ​ហិរញ្ញវត្ថុ​ដំបូង​បង្អស់​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​របស់​លោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) ប្រទេស​មីយ៉ាន់ម៉ា​បាន​ត្រៀម​ថវិកា​ចំនួន ២ ពាន់ ១ រយ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ចំណាយ​ទៅ​លើ​ក្រសួង​ការពារ​ជាតិ ដែល​ជា​ការ​ចំណាយ​ធំ​បំផុត​ទី ៣ របស់​រដ្ឋាភិបាល បន្ទាប់ពី​ក្រសួង​ផែនការ​និង​ហិរញ្ញវត្ថុ និង​ក្រសួង​អគ្គិសនី​និង​ថាមពល។

ទោះបីជា​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​បាន​ធ្លាក់​ចុះ​បន្តិចបន្តួច​បើ​ប្រៀប​ជាមួយ​នឹង​ឆ្នាំ​មុន​ក៏​ដោយ ការ​ចំណាយ​នេះ​នៅតែ​ច្រើន​ជាង​ការ​ចំណាយ​របស់​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល​និង​កីឡា​បញ្ចូល​គ្នា​ទៅ​ទៀត។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រកាស​អំពី​ការ​លក់​យន្តហោះ​ចម្បាំង​ឲ្យ​មីយ៉ាន់ម៉ា​មក គេ​ឃើញ​មាន​ការ​តវ៉ា​បាន​ធ្វើ​ឡើង​នៅ​តាម​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ដោយ​អំពាវនាវ​ឲ្យ​មាន​ការ​បង្កើន​ថវិកា​ចំណាយ​សម្រាប់​វិស័យ​អប់រំ​របស់​ប្រទេស។ គេ​មិន​ច្បាស់​ទេ​ថា​តើ​ករណី​ទាំង​ពីរ​ខាង​លើ​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​គ្នា​ឬ​ក៏​យ៉ាង​ណា​នោះ។

ក្នុង​ចំណោម​អ្នក​ដែល​បាន​ចូលរួម​តវ៉ា​ទាំង​នោះ និស្សិត​ជិត ៤០ នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សាកលវិទ្យាល័យ​របស់​ពួកគេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ប្រាប់ VOA ដោយ​លោក Sai Khaing Myo Tun ប្រធាន​សហព័ន្ធ​គ្រូ​បង្រៀន​មីយ៉ាន់ម៉ា។

លោក​បាន​និយាយ​ថា៖ «និស្សិត​ទាំង​នោះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​សាកលវិទ្យាល័យ​ភ្លាមៗ​ក្រោយ​ពី​បាតុកម្ម​បាន​បញ្ចប់​ទៅ។ យើង​ជឿ​ថា នេះ​មិន​មែន​ជា​វិធី​ល្អ​នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ស្ថានការណ៍​នេះ​ទេ... ដោយ​ហេតុ​ថា ករណី​នេះ​អាច​ធ្វើ​ឲ្យ​និស្សិត​ខ្លប​ខ្លាច​មិន​ហ៊ាន​ធ្វើ​បាតុកម្ម​បន្ត​ទៀត»។

លោក​បាន​បន្ថែម​ថា ទោះបីជា​លោក​មិន​ឯកភាព​ជាមួយ​នឹង​វិធី​សាស្ត្រ​ដោះស្រាយ​របស់​និស្សិត​ទាំង​នោះ​ក៏​ដោយ ដែល​និស្សិត​មួយ​ចំនួន​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ថ្នាក់​រៀន​នានា​នៃ​សាកលវិទ្យាល័យ ក៏​លោក​គាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​និស្សិត​ទាំង​នោះ​ឲ្យ​រដ្ឋាភិបាល​ចំណាយ​បន្ថែម​ទៀត​ចំពោះ​វិស័យ​អប់រំ​ផង​ដែរ។

លោក​បាន​និយាយ​ថា៖ «ប្រាក់​បៀវត្សរ៍​សម្រាប់​គ្រូ​បង្រៀន​នៅតែ​ទាប​ដដែល។ យើង​ឃើញ​ថា នៅ​មាន​លក្ខខណ្ឌ​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា»។

កាល​ពី​ខែ​តុលា ឆ្នាំ​មុន ប្រទេស​មីយ៉ាន់ម៉ា​បាន​ផ្ដល់​សច្ចាប័ន​លើ​កតិកាសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដែល​ជា​កិច្ច​ព្រមព្រៀង​មួយ​តម្រូវ​ឲ្យ​ប្រទេស​ជា​សមាជិក​ធ្វើ​ការ​ដើម្បី​ផ្ដល់​សិទ្ធិ​ទទួល​បាន​ការ​ថែទាំ​សុខភាព និង​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ដល់​ពលរដ្ឋ​របស់​ខ្លួន។ សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា កិច្ច​ព្រមព្រៀង​នេះ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី ៦ ខែ​មករា​កន្លង​ទៅ​នេះ។

លោក Sean Bain អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​អង្គការ​គណៈកម្មការ​អន្តរជាតិ​នៃ​អ្នក​ជំនាញ​ច្បាប់ (International Commission of Jurists) បាន​បញ្ជាក់​ថា ការ​ចុះ​ហត្ថលេខា​របស់​ប្រទេស​មីយ៉ាន់ម៉ា​លើ​កតិកា​សញ្ញា​អន្តរជាតិ​នេះ មាន​ន័យ​ថា មីយ៉ាន់ម៉ា​មាន​កាតព្វកិច្ច​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ការ​អប់រំ។

លោក Sean Bain បាន​ប្រាប់ VOA តាម​អ៊ីម៉ែល​យ៉ាង​ដូច្នេះ​ថា៖ «ថវិកា​ណា​ដែល​ផ្ដល់​អាទិភាព​លើ​ការ​ចំណាយ​សម្រាប់​វិស័យ​យោធា ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ អាច​ជា​ការ​រំលោភ​លើ​ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល​ចំពោះ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្មី​នេះ។ ថវិកា​ជាតិ​ដែល​នឹង​អនុម័ត​នៅ​ពេល​ក្រោយ​នឹង​ក្លាយជា​ថវិកា​ដំបូង​បង្អស់​ដែល​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ត្រូវតែ​ពិចារណា​អំពី​កាតព្វកិច្ច​ច្បាប់​អន្តរជាតិ​ថ្មី​របស់​ខ្លួន ដើម្បី​ការពារ​សិទ្ធិ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ការ​ថែទាំ​សុខភាព និង​ការ​អប់រំ»។

VOA មិន​អាច​ទាក់ទង​មន្ត្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​មន្ត្រី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​សុំ​យោបល់​ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ឬ​ក៏​អាទិភាព​នៃ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​បាន​ទេ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា