ពលរដ្ឋអាមេរិកបានប្រារព្វពិធីបុណ្យអរព្រះគុណ (Thanksgiving) ប្រចាំឆ្នាំនៅថ្ងៃឈប់សំរាកគឺថ្ងៃព្រហស្បតិ៍នេះ ដោយមានការជួបជុំជាមួយនឹងក្រុមគ្រួសារ ទទួលទានអាហារ និងទិញទំនិញលក់ចុះថ្លៃ។
ពិធីជប់លៀងដែលផ្តោតទៅលើមាន់បារាំង ឬ មាន់Turkey ជាមួយនឹងម្ហូបនិងបង្អែមជាប្រពៃណីមួយចំនួនទៀត ត្រូវបានគេរៀបចំទទួលទានក្នុងពេលឈប់សំរាក ដែលធ្វើឡើងជារៀងរាល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ទី៤នៃខែវិច្ចិកា។
នៅមុនមួយថ្ងៃនៃថ្ងៃឈប់សំរាកនេះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា និងក្រុមគ្រួសារបានជូនម្ហូបទៅដល់មនុស្សម្នាក្នុងមជ្ឈមណ្ឌលមួយនៅរដ្ឋធានី វ៉ាស៊ីនតោន ដែលផ្តល់ម្ហូបអាហារ សម្លៀកបំពាក់ និងសេវាកម្មផ្សេងទៀតដល់ ជនក្រីក្រ។
នៅថ្ងៃដដែលនោះ លោកអូបាម៉ាបានធ្វើតាមប្រពៃណីនៃការលើកលែងមិនឲ្យយកមាន់ Turkey ពីរក្បាលទៅសម្លាប់ផងដែរ។ បុណ្យអរព្រះគុណនេះ បានចាប់ផ្តើមដំបូងកាលពីឆ្នាំ១៦២១ ហើយលោកប្រធានាធិបតីអាមេរិកដំបូងគឺ លោក George Washington បានប្រកាសយកថ្ងៃបុណ្យអរព្រះគុណនេះ ជាថ្ងៃឈប់សំរាក ក្នុងឆ្នាំ១៧៨៩។