អ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកបានអំពាវនាវឱ្យព្រឹទ្ធសភាបង្កើនល្បឿនអនុម័តសេចក្តីព្រាងច្បាប់ស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ ក្នុងពេលដែលអ្នកតំណាងរាស្ត្រអូស្ត្រាលីស្នើឱ្យតាក់តែងច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាដូចសហរដ្ឋអាមេរិកដែរ។
លោកអាឡាំង ឡូវឹនសល អ្នកតំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វញ៉ានៃគណបក្សប្រជាធិបតេយ្យបានបញ្ជាក់ថាសេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជា (HR 526) ដែលមានបំណងស្តារលទ្ធិប្រជាធិបតេយ្យកម្ពុជាកំពុងតែស្ថិតនៅព្រឹទ្ធសភានៅឡើយក្នុងពេលដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបន្តធ្លាក់ចុះ។
លោកឡូវឹនសល បានអំពាវនាវក្នុងឱកាសប្រារព្ធខួបលើកទី២៨នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅលោកម៉ាក់ ខនណែល ដែលជាមេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាមកពី គណបក្សសាធារណរដ្ឋ ឱ្យយកច្បាប់នេះមកពិភាក្សាអនុម័ត៖
«នៅពេលនេះយើងសុំឱ្យលោកម៉ាក់ ខនណែល យកច្បាប់នេះមកពិភាក្សាអនុម័ត ហើយយើងចង់ឱ្យលោកប្រធានាធិបតីនិយាយការពារនិងគាំទ្រសេចក្តីព្រាងច្បាប់នេះ»។
សេចក្តីព្រាងច្បាប់ប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៩ត្រូវបានរដ្ឋសភាអនុម័តកាលពីពាក់កណ្តាលខែកក្កដាហើយបានបញ្ជូនទៅព្រឹទ្ធសភានៅថ្ងៃបន្ទាប់។
សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មកម្ពុជាចំនួនពីរដែលស្នើឡើងដោយសមាជិករដ្ឋសភានិងព្រឹទ្ធសភា និងសេចក្តីព្រាងច្បាប់ស្តីពីការតម្រូវឱ្យគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលមានឈ្មោះថាCARI Act ក៏កំពុងនៅរង់ចាំការអនុម័តនៅស្ថាប័ននីតិប្បញ្ញត្តិផងដែរ។
នៅថ្ងៃអង្គារនេះដែរ អ្នកតំណាងរាស្រ្តអូស្រ្តាលីគឺលោកJulian Hill នៃគណបក្សពលករមណ្ឌល Bruce នៃរដ្ឋវិកតូរៀ បានប្រាប់ដល់រដ្ឋសភាអូស្ត្រាលីថាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា«អាក្រក់ជាងអ្វីដែលលោកធ្លាប់គិត»ដោយសារតែលោកបានធ្វើដំណើរទៅប្រទេសកម្ពុជាកាលពីខែសីហានិងបានមើលឃើញដោយផ្ទាល់នូវការរំលោភសិទ្ធិមនុស្ស ការតាមដានយកការណ៍ពីពលរដ្ឋ ការរំលោភដីធ្លី និងការធ្វើទុក្ខបុកម្នេញអ្នកដែលហ៊ានរិះគន់រដ្ឋាភិបាលនិងគម្រោងអភិវឌ្ឍន៍របស់ចិននៅក្រុងព្រះសីហនុ។
លោកបានរិះគន់វិធីសាស្ត្ររបស់រដ្ឋាភិបាលអូស្ត្រាលីដែលប្រើប្រាស់ការចរចាជាមួយរដ្ឋាភិបាលកម្ពុជាថាមិនមានប្រសិទ្ធភាពទេ។ លោកបានស្នើឱ្យរដ្ឋាភិបាលអូស្ត្រាលីចាត់វិធានការមួយចំនួនក្នុងនោះមានការកោះប្រជុំម្ចាស់ហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ឱ្យពិនិត្យមើលការអនុវត្តក្នុងពេលកន្លងមក និងការតាក់តែងច្បាប់ដាក់ទណ្ឌកម្មដោយចំពោះលើមន្ត្រីរដ្ឋាភិបាលនិងក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកំពុងរក្សាទ្រព្យទុកនៅអូស្ត្រាលី។
លោកបានបន្ថែមថា៖
«ឥឡូវនេះវិធានការត្រូវការជាបន្ទាន់ ហើយខ្ញុំសង្ឃឹមថាប្រទេសចម្បងៗដូចជាអូស្ត្រាលី ត្រូវតែប្រកាន់ជំហរដ៏ខ្លាំងប្រឆាំងនឹងការក្តោបអំណាចរបស់ជនផ្តាច់ការនេះ»។
លោកJulian Hill បានបញ្ជាក់ថាតាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋាភិបាលអូស្ត្រាលីបានសន្យានឹងពលរដ្ឋកម្ពុជាថានឹងនាំយកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សទៅប្រទេសកម្ពុជាក្រោយពីបញ្ចប់សង្គ្រាមស៊ីវិល ប៉ុន្តែមិនបានធ្វើតាមការសន្យានោះទេ។
លោកបានបន្ថែមថា៖
«អស់រយៈពេល២៨ឆ្នាំមកនេះពិភពលោកបានបំភ្លេចពាក្យសន្យា។ ជំនួសវិញគឺរបបលោកហ៊ុនសែនបានវាយប្រហារលើសិទ្ធិមនុស្ស សម្លាប់ប្រជាធិបតេយ្យ បោះបង់ចោលអធិបតេយ្យកម្ពុជា បង្កើនទ្រព្យធនសម្រាប់គ្រួសារដោយសម្ងាត់នៅក្រៅប្រទេសនិងធ្វើឱ្យខូចដល់វិបុលភាពនៅក្នុងតំបន់របស់យើង»។
ប៉ុន្តែលោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថាកិច្ចព្រមព្រៀងនេះបានចប់ហើយមិនអាចមានការអនុវត្តឡើងវិញបានទេ ហើយបើចង់មានគឺត្រូវតែដោះលែងមេដឹកនាំខ្មែរក្រហម ដែលកំពុងជាប់ឃុំនៅសាលាក្តីខ្មែរក្រហម។ ការណ៍នេះដោយសារតែក្រុមខ្មែរក្រហមក៏ជាភាគីមួយនៃកិច្ចព្រមព្រៀងនោះផងដែរ។
អង្គការសិទ្ធិមនុស្ស Human Rights Watch បានរាយការណ៍ថា មានអតីតសមាជិកគណបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សជិត៦០នាក់កំពុងជាប់ពន្ធនាគារ៕