ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងភរិយាគឺលោកស្រី Jill Biden នឹងធ្វើជាម្ចាស់ផ្ទះរៀបចំការអាំងសាច់នៅថ្ងៃបុណ្យឯករាជ្យសម្រាប់ក្រុមគ្រួសារយោធាអាមេរិកាំងនៅសួនភាគខាងត្បូងក្នុងសេតវិមាននៅថ្ងៃចន្ទពេលថ្ងៃត្រង់នេះ។ បន្ទាប់មកនៅក្នុងថ្ងៃដដែលនោះ ពួកគេនឹងមើលការបាញ់កាំជ្រួចទិវាបុណ្យឯករាជ្យនៅទីលានជាតិ National Mall។
ទិវាបុណ្យឯករាជ្យអាចជាថ្ងៃស្នេហាជាតិដ៏ខ្លាំងបំផុតនៅលើប្រតិទិនរបស់សហរដ្ឋអាមេ រិក។ ទិវាបុណ្យឯករាជ្យប្រារព្ធការសម្រេចចិត្តដោយរដ្ឋអាណានិគមន៍ចំនួន១៣ដំបូងដែលប្រកាសប្រឆាំងការត្រួតត្រារបស់ចក្រភពអង់គ្លេសហើយបានបង្កើតសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចនេះមិនបានកើតឡើងនៅថ្ងៃទី៤ខែកក្កដាទេ។
ពួកអ្នកតំណាងរបស់រដ្ឋអាណានិគមន៍ទាំងនោះតាមពិតបានបោះឆ្នោតដើម្បីឯករាជ្យភាពនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៧៧៦។ ២ថ្ងៃក្រោយមក ពួកគេបានអនុម័តការប្រកាសឯករាជ្យភាពដែលជាឯកសារពន្យល់ពីការបោះឆ្នោតនោះ។ មនុស្សជាច្រើនជឿថា ប្រទេសអាមេរិកគួរប្រារព្ធបុណ្យឯករាជ្យនៅថ្ងៃទី២ ខែកក្កដាដែលជាខួបនៃការបោះឆ្នោត។ ទោះជាយ៉ាងណា ឯកសារនៃការប្រកាសឯករាជ្យភាពនេះត្រូវបានគេចែកចាយយ៉ាងទូលំទូលាយថា ថ្ងៃទី៤ ខែកក្កដានេះបានក្លាយជាថ្ងៃដើម្បីចងចាំ។
ការប្រារព្ធទិវា៤កក្កដាសម័យទំនើបរួមមានការដើរក្បួន ការដើរពិនិកកំសាន្ត សុន្ទរកថានយោបាយនិងការបាញ់កាំជ្រួចផង។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើឱ្យជនជាតិស្បែកខ្មៅក្លាយជាទាសករបានត្រូវអនុវត្តយ៉ាងទូលំទូលាយនៅក្នុងរដ្ឋអាណានិគមន៍ ទាំងនោះខណៈបិតាបង្កើតប្រទេសអាមេរិកបានធ្វើការដើម្បីទាមទារឯករាជ្យរបស់ពួកគេពីចក្រភពអង់គ្លេស។
អ្វីដែលពួកអាណានិគមន៍ចង់បានសម្រាប់ខ្លួនឯងនោះ ពួកគេទំនងមិនជឿថា ទាសកររបស់ពួកគេមានក៏ត្រូវទទួលបានដែរនោះទេ ថ្វីបើសេចក្តីប្រកាសនោះរួមមានការអនុម័តថា៖
«យើងមានទំនុកចិត្តយ៉ាងពិតប្រាកដថា មនុស្សទាំងអស់ត្រូវបានបង្កើតឡើងដោយមានសិទ្ធិស្មើគ្នាដែលពួកគេបានទទួលសិទ្ធិទាំងនោះពីព្រះជាម្ចាស់គឺសិទ្ធិដែលមិនអាចដកហូតបានគឺសិទ្ធិនៃការរស់រានមានជីវិត សិទ្ធិសេរីភាពនិងការស្វែងរកសុភមង្គល។
ចាប់តាំងពីពេលនោះមក ប្រទេសអាមេរិកបានតស៊ូដើម្បីបញ្ហានោះ៕