សម្ព័ន្ធ​មិត្ត​របស់​លោក​ Trump ​ទទួល​បាន​ការ​តែងតាំង​ពី​គណបក្ស​សាធារណ​រដ្ឋ​សម្រាប់​ការ​បោះឆ្នោត​អភិបាល​រដ្ឋ​ Maryland

រូបឯកសារ៖ លោក​ Dan Cox ​សមាជិក​សភា​រដ្ឋ​ Maryland អ្នក​គាំទ្រ​អតីត​ប្រធានាធិបតី​លោក Donald Trump ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២។

អ្នក​គាំទ្រ​លោក​ Donald Trump ​អតីត​ប្រធានាធិបតី​អាមេរិក​ ត្រូវ​បាន​ជ្រើស​រើស​ដោយ​អ្នក​បោះឆ្នោត​មក​ពី​គណបក្ស​សាធារណ​រដ្ឋ​នៅ​រដ្ឋ ​Maryland ​ដែល​នៅ​ខាងកើត​រដ្ឋធានី​វ៉ាស៊ីនតោន​ឱ្យ​ធ្វើ​ជា​បេក្ខជន​ក្នុង​ការ​បោះឆ្នោត​អភិបាល​រដ្ឋ​នេះ។ ​

លោក​ Dan Cox ​សមាជិក​សភា​រដ្ឋ​នេះ​បាន​ឈ្នះ​លើស​លប់​ក្នុង​ការ​បោះឆ្នោត​បឋម​កាលពី​ថ្ងៃ​អង្គារ​លើ​គូ​ប្រជែង​ប្រកិត​បំផុត​របស់​លោក​គឺ ​អ្នកស្រី​Kelly Schulz ​ដែល​ធ្លាប់​បម្រើការ​ក្នុង​ខុទ្ទកាល័យ​របស់​អភិបាល​រដ្ឋ​នេះ​មកពី​គណបក្ស​សាធារណ​រដ្ឋ​គឺ​លោក​Larry Hogan ដែល​ចប់​អាណត្តិ។​ លោក​គឺ​ជា​បេក្ខជន​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​គណបក្ស​សាធារណ​រដ្ឋ​ជា​ច្រើន​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​អតីត​ប្រធានាធិបតី​ មុន​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ​នា​ពេល​ខាង​មុខ។​ លោក​បាន​គាំទ្រ​ការ​អះអាង​មិនពិត​របស់​លោក​ Trump ​ដែល​ថា​ លោក​បាន​ចាញ់​លោក​Joe Biden ​បេក្ខជន​គណបក្ស​ប្រជា​ធិបតេយ្យ​ ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០២០​ដោយសារ​តែ​ការ​លួច​បន្លំ។​

លោក ​Cox ​បាន​ចូលរួម​ក្នុង​ការ​ជួប​ជុំ​របស់​លោក​Trump ​ហៅ​ថា​«បញ្ឈប់​ការ​លួច»​នៅ​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០២១​ ​មុន​ការ​វាយ​ប្រហារ​លើ​វិមាន​សភា​សហ​រដ្ឋ​អាមេរិក​ Capitol​ ក្នុង​គោល​បំណង​បញ្ឈប់​ការ​បញ្ជាក់​ជា​ផ្លូវការ​នូវ​ជ័យជំនះ​នៃ​សំឡេង​បោះឆ្នោត​ប្រតិភូ​របស់​លោក​ Biden ។​ លោក​បាន​ហៅ​អនុ​ប្រធានាធិបតី​នៅ​ពេល​នោះ ​គឺ​លោក​ Mike Pence ​ថា​ជា​«ជនក្បត់»​នៅ​លើ​Twitter ​មុន​ពេល​លុបចោល​វិញ​ហើយ​សុំទោស​ជាយថាហេតុ។​

ការ​ប្រកួត​ប្រជែង​របស់​គណបក្ស​សាធារណ​រដ្ឋ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ តំណាង​ឲ្យ​សង្គ្រាម​រវាង​លោក​ Trump ​និង​លោក​អភិបាល​ Hogan ​ដែល​ត្រូវ​បាន​ជ្រើសរើស​ពីរ​ដង​ក្នុង​រដ្ឋ​ដែល​ស្រឡាញ់​គណបក្ស​ប្រជា​ធិបតេយ្យ​នេះ​ ហើយ​បាន​ជំរុញ​ឱ្យ​គណបក្ស​នេះ​បន្ត​ប្រឆាំង​លោក​អតីត​ប្រធានាធិបតី។ ​លោក​ Hogan ​ត្រូវ​បាន​អ្នក​សង្កេត​ការណ៍​នយោបាយ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​ ជា​មន្ត្រី​ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណ​រដ្ឋ​ឆ្នាំ​២០២៤។​

គូ​ប្រជែង​ជាយថាហេតុ​របស់​លោក​ Cox ​មកពី​គណបក្ស​ប្រជា​ធិបតេយ្យ​ក្នុង​ការ​បោះឆ្នោត​សកល​នៅ​ខែ​វិច្ឆិកា​នោះ​ មិន​ទាន់​សម្រេច​ទេ​កាលពី​យប់​ថ្ងៃ​អង្គារ។​ លោក ​Wes Moore បេក្ខជន​ដំបូង ​និង​ជា​អ្នក​និពន្ធ​សៀវភៅ​ដែល​លក់​ដាច់​ជាង​គេ​ បាន​នាំមុខ​លោក​ Tom Perez ដែល​បាន​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ក្រោម​ការ​ដឹកនាំ​របស់​អតីត​លោក​ប្រធានាធិបតី ​Barack Obama​ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​នឹង​មិន​ទាន់​សម្រេច​ទេ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​ទៅមុខ​ទៀត​រហូត​ដល់​សន្លឹក​ឆ្នោត​តាម​សំបុត្រ​ត្រូវ​បាន​រាប់៕​

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានThe Associated Press)