រដ្ឋមន្រ្តីក្រសួងការងារជំរុញឱ្យបណ្តាសិប្បកម្មឡឥដ្ឋទាំងអស់ដាក់បម្រាម និងធ្វើរបង ដើម្បីធានាថាគ្មានកម្លាំងពលកម្មកុមារ និងគ្រោះថ្នាក់ក្នុងបរិវេណសង្វាក់ផលិតកម្ម។
លោក ហេងសួរ រដ្ឋមន្រ្តីក្រសួងការងារបានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាព សុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលបានធ្វើឡើងនៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤។
នៅក្នុងវីដេអូដែលត្រូវបានផ្សាយលើទំព័រហ្វេសប៊ុកក្រសួងការងារកាលពីថ្ងៃទី ២ ខែធ្នូ លោក ហេង សួរ បានលើកឡើងថា ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មិនមានការរាយការណ៍ណាមួយអំពីគ្រោះថ្នាក់លើកុមារធ្វើការក្នុងសិប្បកម្មឡឥដ្ឋឡើយ។
ទោះជាយ៉ាងណាក្តី លោកថា ដោយសារកម្មករឡឥដ្ឋតែងមានសមាជិកគ្រួសារដែលមានទាំងកូនរបស់ពួកគេរស់នៅជុំគ្នាក្នុងបរិវេណសិប្បកម្ម វាចាំបាច់ត្រូវមានវិធានការម៉ឺងម៉ាត់ដើម្បីធានាថា មិនមានកុមារបន្តធ្វើការនៅក្នុងសង្វាក់ផលិតកម្មឥដ្ឋ។
លោក ហេង សួរ បន្ថែមថា ម្ចាស់សិប្បកម្មឡឥដ្ឋត្រូវដាក់បម្រាមហាមមិនឱ្យមានកុមារចូលក្នុងបរិវេណសង្វាក់ផលិតកម្ម និងត្រូវធ្វើរបងជុំវិញទីតាំងដែលជាសង្វាក់ផលិតកម្មទាំងនោះ។
លោកថ្លែងថា៖ «ដើម្បីឱ្យម្ចាស់ឡឥដ្ឋរួចកាតព្វកិច្ច គឺម្ចាស់ឡឥដ្ឋត្រូវតែដាក់បម្រាមហាមក្មេង ហាមអ្នកដែលគ្មានភារកិច្ចចូលក្នុងបរិវេណផលិតកម្ម។ បើសិនជាមានគ្រោះថ្នាក់មួយកើតឡើង ពេលដែលអធិការកិច្ចការងារ ពេលដែលមន្រ្តីមានសមត្ថកិច្ចចុះទៅមើលភ្លាម ទីមួយមើលថាតើមានស្លាកសញ្ញាហាមមិនឱ្យក្មេង មិនឱ្យអ្នកគ្មានកាតព្វកិច្ចចូលក្នុងសង្វាក់ផលិតកម្មនោះដែរ ឬទេ? បើសិនជាអត់មានគឺនិយោជក គឺថៅកែខុស ១០០ភាគរយ ហើយទទួលខុសត្រូវទាំងសំណងរដ្ឋប្បវេណី និងព្រហ្មទណ្ឌ»។
លោក ហេង សួរ បន្ថែមថា៖ «ប៉ុន្តែបើសិនជាថៅកែមានការហាម មានការធ្វើរបងដែលមិនឱ្យយកកុមារ មិនឱ្យយកកូន មិនឱ្យយកអ្នកដែលគ្មានភារកិច្ចចូលទៅក្នុងបរិវេណផលិតកម្មទេ ស៊ើបអង្កេតទៅ ឪពុក ឬម្តាយ ជាអ្នកនាំកូន ចៅ ឬអ្នកដែលគ្មានភារកិច្ចចូល ពេលដែលមានឧប្បត្តិហេតុកើតឡើង អ្នកដែលនាំចូលនោះជាអ្នកទទួលខុសត្រូវ ពីព្រោះនិយោជកបានដាក់បម្រាម ដាក់របង ហើយអ្នកដទៃផ្សេងទៀតទេដែលបំពាន»។
វីអូអេបានព្យាយាមសួរសិប្បកម្មឡឥដ្ឋមួយចំនួនពាក់ព័ន្ធនឹងការដាក់បំរាម និងធ្វើរបងមិនឱ្យមានកម្លាំងពលកម្មកុមារក្នុងបរិវេណសង្វាក់ផលិតកម្ម ប៉ុន្តែពួកគេសុំមិនផ្តល់សម្ភាសន៍។
ទោះជាយ៉ាងណាក្តី លោក ហាក់ ស៊ុយហ៊ាង ម្ចាស់សិប្បកម្មឡឥដ្ឋផ្កាយមាស ប្រាប់វីអូអេថា នៅក្នុងសិប្បកម្មរបស់លោកធ្លាប់មានកុមារធ្វើការកាលពីជិត ២០ ឆ្នាំមុន នៅពេលដែលម៉ាស៊ីនផលិតឥដ្ឋនៅធ្វើដោយដៃ។ លោកថា ចាប់តាំងពីសិប្បកម្មរបស់លោកប្តូរមកប្រើម៉ាស៊ីនស្វ័យប្រវត្តិ លោកលែងអនុញ្ញាតឱ្យមានកុមារធ្វើការនៅក្នុងបរិវេណផលិតកម្ម។ សិប្បកម្មរបស់លោកក៏មានដាក់ស្លាកហាមមិនឱ្យមានពលកម្មកុមារទៅតាមការណែនាំរបស់ក្រសួងការងារផងដែរ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារថា បើតាមការសង្កេត និងធ្វើការងាររបស់សហជីពរបស់លោក កុមារមួយចំនួននៅតែធ្វើការក្នុងសិប្បកម្មឡឥដ្ឋ ប៉ុន្តែជាការងារស្រាលដែលមិនស្ថិតក្នុងកម្រិតគ្រោះថ្នាក់ខ្ពស់។
លោកបន្ថែមថា៖ «ម្តាយឪពុកហ្នឹងគាត់ចេះតែឱ្យជួយ បានន័យថា គាត់ទំនេរអ៊ីចឹង គាត់ចេះតែឱ្យជួយតិចតួចៗទៅ វាមិនមែនថាឱ្យធ្វើការហ្នឹងបេញលក្ខណៈដូចអ្នកធ្វើការធំៗទេ»។
លោក សុខ គីន បន្ថែមថា ដើម្បីអនុវត្តការទប់ស្កាត់ និងហាមឃាត់ពលកម្មកុមារនៅក្នុងផលិតកម្មឡឥដ្ឋ លុះត្រាតែក្រសួងធ្វើអធិការកិច្ចដោយមិនជូនដំណឹងមុន និងចាត់វិធានការឱ្យបានតឹងរ៉ឹង។
លោកបញ្ជាក់ថា៖ «ពេលខ្លះយើងលួចចុះអធិការកិច្ចមិនបាច់ជូនដំណឹង ប្រសិនបើយើងចង់ដឹង។ អាហ្នឹងចំណុចទី ១។ ហើយបើសិនយើងរកឃើញ រកឃើញយើងគួរតែកុំលើកលែង ចាត់វិធានការឡឥដ្ឋហ្នឹងតែម្តង»។
បើតាមលោក សុខ គីន ឡឥដ្ឋនៅទូទាំងប្រទេសកម្ពុជាមានប្រមាណជា ៤៦៤ ឡ និងមានមនុស្សរស់នៅបរិវេណសិប្បកម្មជាង ១០.០០០ នាក់ ដែលក្នុងនោះជា ៦.០០០ នាក់ ជាកម្មករឡឥដ្ឋ។
លោក កត្តា អន អ្នកនាំពាក្យក្រសួងការងារប្រាប់វីអូអេថា ជាគោលការណ៍នៃច្បាប់ជាតិ និងអន្តរជាតិ កុមារមិនត្រូវបានអនុញ្ញាតឱ្យទៅកាន់តំបន់ឡឥដ្ឋនោះទេ។ លោកថា ក្រសួងបានណែនាំឱ្យគ្រប់ឡឥដ្ឋត្រូវដាក់ស្លាកកំណត់ទីតាំងដែលកុមារអាចចូលបាន និងទីតាំងដែលកុមារមិនអាចចូលបាន។
បើតាមលោក កត្តា អន ក្រសួងការងារតែងធ្វើអធិការកិច្ចប្រចាំឆ្នាំ និងអធិការកិច្ចតាមបណ្តឹង ដែលភាគច្រើនធ្វើឡើងជាសម្ងាត់។
លោកបញ្ជាក់ថា៖ «ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តធ្វើអធិការកិច្ចនៅទីតាំងឡឥដ្ឋទាំងនោះ ដើម្បីរកឱ្យឃើញថាតើមានកុមារដែលចូលរួមធ្វើការនៅទីនោះដែរ ឬទេ? មានការក្លែងបន្លំអត្តសញ្ញាណអាយុកុមារដែរ ឬទេ? ឬមួយក៏មានការលោភបំពានលើសិទ្ធិកុមារដែរឬទេ? ក្នុងករណីដែលយើងរកឃើញមានភាពមិនប្រក្រតីណាមួយចំពោះម្ចាស់សហគ្រាស អធិការការងារនឹងដាក់កំហិត ឬដាក់វិន័យ ឬក៏មានចំណាត់ការតាមផ្លូវតុលាការប្រឆាំងចំពោះជនពាក់ព័ន្ធទាំងនោះ»។
លោក កត្តា អន មិនឆ្លើយតបនឹងសំណួររបស់វីអូអេដែលសួរថា តើអធិការការងាររបស់ក្រសួង បានរកឃើញភាពមិនប្រក្រតីបែបណាខ្លះ និងប៉ុន្មានករណីពាក់ព័ន្ធនឹងកម្លាំងពលកម្មកុមារនៅតាមឡឥដ្ឋនោះទេ។
របាយការណ៍របស់អង្គការលីកាដូស្តីពីចំណងក្នុងឡឥដ្ឋ ចេញកាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ បានរកឃើញថា នៅតាមសិប្បកម្មឡឥដ្ឋមួយចំនួននៅតែមានកម្លាំងពលកម្មកុមារដែលមានអាយុចន្លោះពី ៩ឆ្នាំ ទៅ១៧ឆ្នាំ។ របាយការណ៍នោះបានរកឃើញថា មានកុមារខ្លះកាត់ និងច្រកដីឥដ្ឋចូលទៅក្នុងម៉ាស៊ីនផលិតឥដ្ឋដោយដៃ ខ្លះកាត់ដីឥដ្ឋដោយប្រើខ្សែលួស យកឥដ្ឋចេញពីខ្សែពាន រុញរទេះដឹកឥដ្ឋ និងជញ្ជូនឥដ្ឋដាក់លើរថយន្តជាដើម។
របាយការណ៍ដដែលនោះបញ្ជាក់ថា ការរកឃើញនេះ ជាលទ្ធផលនៃការចុះផ្ទាល់តាមសិប្បកម្មផលិតឥដ្ឋចំនួន ២១ កន្លែងនៅខេត្តកណ្តាល និងរាជធានីភ្នំពេញ នៅឆ្នាំ ២០២៣ និងការធ្វើបទសម្ភាសន៍ជាមួយកម្មករបច្ចុប្បន្ន និងអតីតកម្មករ៕