ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជារងការរិះគន់

រូបឯកសារ៖ ប៉ូលិសចរាចរណ៍កំពុងធ្វើចរាចរណ៍ត្រង់ចំណុចស្តុបចំការមន ដែលសម្បូរទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​តាម​ដាន​មួយ​ចំនួន​បាន​រិះគន់​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា ដូច​ការ​បង្ហាញ​រូបភាព​យុវជន​ពិសា​ស្រាបៀរ​ត្រូវ​រង្វាន់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ជាដើម។ ​អ្នក​តាម​ដាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​កំហិត​ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​និង​ពន្លឿន​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង​ ដែល​ជាប់​គាំង​ជិត​ ១០ ​ឆ្នាំ​ មក​ហើយ។​

ការ​រិះគន់​នេះ​កើត​ឡើង​ក្រោយ​មាន​ការ​បង្ហោះ​រូបភាព​របស់​យុវជន​ពីរ​នាក់ និង​យុវតី​ពីរ​នាក់​ពិសា​ស្រាបៀរ​កម្ពុជា​នៅ​លើ​សង្វៀន​ប្រដាល់ ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​ទូរទស្សន៍​ BTV។​

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ លោក ​គី​ សេរីវឌ្ឍន៍ ​ប្រាប់​វីអូអេ​ថា​ ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​គួរ​តែ​ត្រូវ​បាន​ហាម​ឃាត់​ដូច​បារី​ដែរ ​ពី​ព្រោះ​វា​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ ហើយ​ការ​ពិសា​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន​វា​នឹង​បង្កើត​ឱ្យ​មាន​ការ​ចំណាយ​នៅ​ក្នុង​សង្គម​កាន់​តែ​ច្រើន​ ដូច​ជា​គ្រោះ​ថ្នាក់​ដែល​បង្ក​ដោយ​គ្រឿង​ស្រវឹង​ជា​ដើម។​ លោក​បន្ថែម​ថា​ ការ​បង្ហាញ​ក្មេងៗ​ពិសា​គ្រឿង​ស្រវឹង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហាក់​មិន​សមរម្យ​ឡើយ​ ហើយ​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​ពិសា​គ្រឿង​ស្រវឹង​កាន់​តែ​ច្រើន។ ​លោក​បារម្ភ​ថា​ ការ​ពិសា​គ្រឿង​ស្រវឹង​នេះ​នឹង​ក្លាយ​ជា​វិបត្តិ​សង្គម​ទៅ​ថ្ងៃ​ខាង​មុខ ​ប្រសិន​បើ​មិន​មាន​វិធានការ​រឹត​បន្តឹង។​

លោក​ថ្លែង​ថា៖​ «រដ្ឋាភិបាល​គួរ​ពិចារណា​មាន​វិធាន​ការ​ដើម្បី​ទប់​ស្កាត់​នូវ​ការ​ផ្សព្វ​ផ្សាយ​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នេះ ​ហើយ​អាច​នឹង​ដាក់​បន្ទុក​ពន្ធ​ទៅ​លើគ្រឿង​ស្រវឹង​ហ្នឹង​ឱ្យ​កាន់​តែ​ច្រើន ​ដើម្បី​ឱ្យតម្លៃ​គ្រឿង​ស្រវឹង​ហ្នឹង​កើន​ឡើង​ គុណ​នឹង​ពីរ​គុណ​នឹង​បី​ ដើម្បី​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់»។​

លោក​ យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​ ប្រាប់​វីអូអេ​ថា​ ការ​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​ដែល​មាន​រូប​យុវជន​ពិសា​គ្រឿង​ស្រវឹង​មិន​គួរ​កើត​មាន​ឡើយ។ ​លោក​ជំរុញ​ឱ្យក្រសួង​ព័ត៌មាន​ពិនិត្យ​មើល​លើ​ការ​ផ្សព្វ​ផ្សាយ ​ដើម្បី​ធានា​ថា​ គ្រឿង​ស្រវឹង​មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ចំណោម​អ្នក​ប្រើប្រាស់។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​ផឹក​ឬ​មិន​ផឹក​ជា​រឿង​ការ​សម្រេច​ចិត្ត​ខ្លួន​គាត់​ទៅ​បាទ។​ ទុក​អ៊ីចឹងទៅ​បាទ។ ​ក៏​ប៉ុន្តែ​កុំ​ទៅ​ផ្សព្វ​ផ្សាយ ​កុំ​ទៅ​លើក​ទឹក​ចិត្ត ​កុំ​ទៅ​ទាក់ទាញ ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់។​

លោក​បន្ថែម​ថា៖​ «នេះ​ជា​រឿង​អាម៉ាស​ និង​ជា​រឿង​ដែល​គួរ​ឱ្យ​អៀន​ខ្មាស​បំផុត​បាទ។ ​ហើយ​ក៏​ជា​រឿង​មួយ​អាជ្ញាធរ​ថា​តើ​ខ្លួន​ហ្នឹង​តម្រង់​ទិស​ពលរដ្ឋ ​តម្រង់​ទិស​យុវជន​កម្ពុជា​ទៅ​រក​អី? ​ទៅ​រក​ការ​ប្រមឹក ទៅ​រក​អបាយ​មុខ ​ឬ​ក៏​ទៅ​រក​ការ​រៀន​សូត្រ»។​

លោក ​យង់ គិមអេង​ បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​ច្បាប់​គ្រឿង​ស្រវឹង ​ដើម្បី​អាច​ប្រើប្រាស់​ជា​វិធានការ​មួយ​ក្នុង​ការ​ទប់​ស្កាត់។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ខ្ញុំ​ថា​ គួរ​តែ​ហាម​ឃាត់​ការ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ គួរ​តែ​មាន​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង។ ​បើ​យើង​មិន​មាន​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ផលិត​ផល​គ្រឿង​ស្រវឹង​នេះ ​សង្គម​យើង​នឹង​កាន់​តែ​អនោច​អធម​សម្រាប់​យុវជន ​សម្រាប់​ពលរដ្ឋ​កម្ពុជា»។​

កាល​ពី​កន្លង​ទៅ ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ​ឬ​ហៅ​ថា ​PDP-Center​ បាន​ធ្វើ​យុទ្ធនាការ​ស្នើ​ទៅ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​ស្រាបៀរ​ និង​ស្រា​ក្នុង​ប្រទេស​កម្ពុជា។​

បើ​តាម​លោក ​យង់ គិមអេង ​បច្ចុប្បន្ន​នេះ​ រដ្ឋាភិបាល​បាន​យក​ពន្ធ​លើ​ស្រាបៀរ​ចំនួន​ ៣០% ​និង​ស្រា ចំនួន​ ៣៥%។ ​អង្គការ​របស់​លោក​ស្នើ​រដ្ឋាភិបាល​បង្កើន​ពន្ធ​ ១០% ​បន្ថែម​ទៀត។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​ផលិត​ផល​គ្រឿង​ស្រវឹង ​ដែល​ត្រូវ​បាន​ព្រាង​តាំង​ពី​ឆ្នាំ​ ២០១៥​នោះ ​មិន​អនុញ្ញាត​ឱ្យ​យុវជន​អាយុ​ក្រោម​ ២១ ​ឆ្នាំ ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​នោះ​ទេ ​ហើយ​ច្បាប់​នេះ​នឹង​ដាក់​បន្ទុក​ពន្ធ​ខ្ពស់​ទៅ​លើ​គ្រឿង​ស្រវឹង​ និង​រឹត​បន្តឹង​លើ​ការ​បើក​លក់​គ្រឿង​ស្រវឹង​ពេល​យប់​ជា​ដើម។​

មាត្រា​ ១៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​អំពី​ការ​ហាម​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ ចាប់​ពី​ម៉ោង​ ១២ ​យប់​ដល់​ម៉ោង​ ៦ ​ព្រឹក ​លើក​លែង​តែ​ទីតាំង​មួយ​ចំនួន​ដែល​កំណត់​ដោយ​អនុ​ក្រឹត្យ។ ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​ពី​មាត្រា​នេះ​អាច​ជាប់​ពន្ធនាគារ​ពី​ ១ ​ខែ​ទៅ​ ៦ ​ខែ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​ម៉ឺន​រៀល​ទៅ​ ១​លាន​រៀល។​ ចំណែក​មាត្រា​ ៣៣ ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា​ ហាម​អំពើ​លក់ ​ឬ​ចែក​ចាយ​ផលិត​ផល​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ​ដល់​ជន​ដែល​មាន​អាយុ​ក្រោម​ ២១ ​ឆ្នាំ ​ស្រ្តី​មាន​គ័ភ៌ ​កាល​បើ​គ័ត៌​នោះ​ត្រូវ​បាន​គេ​ឃើញ​ជាក់​ស្តែង ​ឬ​កាល​បើ​ខ្លួន​បាន​ដឹង ​ឬ​ជន​ស្ថិត​នៅ​ក្រោម​ស្ថាន​ភាព​ស្រវឹង​មិន​អាច​គ្រប់​គ្រង​ខ្លួន​ឯង​បាន។ ​ការ​បំពាន​មាត្រា​នេះ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ៦ ​ថ្ងៃ​ទៅ​ ១ ​ខែ ​និង​ពិន័យ​ជា​ប្រាក់​ពី​ ១០ ​ម៉ឺន​រៀល ​ទៅ​ ១​លាន​រៀល។​

កាល​ពី​ឆ្នាំ ​២០១៥​ អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ លោក ​ម៉ម ប៊ុនហេង ​ធ្លាប់​ឱ្យ​ដឹង​ថា​ ក្រសួង​នឹង​បញ្ជូន​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​គ្រឿង​ស្រវឹង​ទៅ​រដ្ឋាភិបាល​ ដើម្បី​អនុម័ត​ឱ្យ​បាន​ឆាប់។ ​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា ​ហេតុ​អ្វី​មិន​ទាន់​មាន​ការ​អនុម័ត​ច្បាប់​នេះ​រហូត​មក​ដល់​ពេល​នេះ។​

វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ឈាង រ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល និង​អ្នកស្រី ​ឱ វណ្ណឌីន​ រដ្ឋ​លេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​នៅ​ឡើយ​ទេ។​

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក​ ប៉ែន បូណា ​បង្វែរ​សំណួរ​ទៅ​ខាង​ក្រសួង​សុខាភិបាល​វិញ។​

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន ​លោក​ ទេព អស្នារិទ្ធ​ ប្រាប់​វីអូអេ​តាម​រយៈ​បណ្ដាញ​ទំនាក់​ទំនង​តេឡេក្រាម​ថា ​ក្នុង​ការ​គ្រប់គ្រង​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ ក្រសួង​ព័ត៌មាន​បាន​ចេញ​ជា​សារាចរ ​និង​សេចក្តី​ណែនាំ​នានា​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់ ទាំង​លើ​ខ្លឹមសារ​នៃ​ស្ប៉ត​ពាណិជ្ជ​កម្ម ​ពេល​នៃ​ការ​ផ្សាយ ​មិន​ឱ្យភ្ជាប់​ជាមួយ​កម្មវិធី​ព័ត៌មាន​ តន្ត្រី ​កីឡា ​និង​កម្មវិធី​មួយ​ចំនួន​ទៀត​ដែល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ។ ​លោក​បន្ថែម​ថា ​ក្រសួង​តែង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​អំពី​ការ​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​ចាក់​ផ្សាយ​ស្ប៉ត​ពាណិជ្ជ​កម្ម​ក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​នានា​ដូច​ជា ​បុណ្យ​វិសាខបូជា​ បុណ្យ​មាឃបូជា ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ធំៗ ​និង​ក្នុង​អំឡុង​រដូវ​កាល​នៃ​ការ​បោះឆ្នោត​នានា​នៅ​កម្ពុជា។​

អ្នក​នាំ​ពាក្យ​រូប​នោះ​ថ្លែង​ថា៖​ «ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​ថា​ កន្លង​ទៅ ម្ចាស់​គ្រឹះស្ថាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​ចូល​រួម​អនុវត្ត​នូវ​សារាចរ​ និង​សេចក្តី​ណែនាំ​របស់​ក្រសួង ​បាន​មួយ​ចំនួន​ហើយ​ ប៉ុន្តែ​ក្រសួង​សូម​អំពាវនាវ​ដល់​ម្ចាស់​គ្រឹះស្ថាន ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ឱ្យ​អនុវត្ត​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ​និង​មាន​ប្រសិទ្ធ​ភាព​នូវ​រាល់​សារាចរ​និង​សេចក្តី​ណែនាំ​ពាក់ព័ន្ធ​ទាំង​អស់»។​

ការ​ស្ទង់​មតិ​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​សុខាភិបាល និង​ស្ថាប័ន​រដ្ឋាភិបាល​ពាក់ព័ន្ធ​ផ្សេង​ទៀត​ បាន​បង្ហាញ​ថា​ បុរស​ ៧ នាក់​ ក្នុង​ចំណោម ​១០ ​នាក់ ​ដែល​ស្មើ​ប្រមាណ ​៧០% ​សេព​គ្រឿង​ស្រវឹង។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ស្តីពី​ការ​អង្កេត​ប្រជា​សាស្ត្រ ​និង​សុខភាព​កម្ពុជា​ ២០២១-២០២២ ​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មេសា ​ឆ្នាំ​ ២០២៣។​

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ក្នុង​មួយ​ខែ ​បុរស​ ១០% ​ពិសា​គ្រឿង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​ ឬ​ស្ទើរ​តែ​រាល់​ថ្ងៃ។ ចំណែក​ បុរស ​៦០% ​សេព​គ្រឿង​ស្រវឹង​ពី​ ១ ​ថ្ងៃ​ទៅ​ ៥ ​ថ្ងៃ។ ​ បុរស ១៨% ​ពិសា​គ្រឿង​ស្រវឹង​ ៦ ​ថ្ងៃ​ទៅ ​១០ ​ថ្ងៃ ​និង​ បុរស​ ១២%​ ពិសា​គ្រឿង​ស្រវឹង​ពី​ ១១ ​ថ្ងៃ​ទៅ ​២៤ ​ថ្ងៃ៕​