ម្ចាស់អាជីវកម្មលក់ដូរគ្រឿងស្រវឹងមួយចំនួនក្នុងក្រុងភ្នំពេញប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេមិនជំទាស់បម្រាមរបស់រដ្ឋាភិបាល ដែលសុំផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ។
សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃ២៦ ខែឧសភា បានឲ្យដឹងថា ការស្នើឲ្យផ្អាកលក់គ្រឿងស្រវឹងនេះ មានបំណងធ្វើឲ្យដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងរៀបចំធ្វើនៅថ្ងៃទី៤ ខែមិថុនាខាងមុខ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងបាតុភូតនានា ដែលអាចកើតមានឡើង ដោយសារតែការពិសាគ្រឿងស្រវឹងនោះ។
សេចក្ដីណែនាំដដែល ក៏ស្នើឲ្យពលរដ្ឋខ្មែរផ្អាកពិសាគ្រឿងស្រវឹងផងដែរ។ សេចក្ដីណែនាំបានសរសេរថា៖
«ប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវរួមសហការជាមួយរាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករ និងអាជីវករ ដោយត្រូវផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត»។
អ្នកលក់ដូរគ្រឿងស្រវឹងនៅរាជធានីភ្នំពេញនិយាយថា ពួកគេនឹងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីញ៉ាំងឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសមួយដែលមានការយោគយល់គ្នា និងការទទួលខុសត្រូវ។
លោក គីម ពៅ វ័យ ៤៩ឆ្នាំ ជាសាច់ញាតិរបស់ម្ចាស់ហាងលក់គ្រឿងភេសជ្ជៈ និងទឹកស្រវឹង និយាយថា លោកមិនមានការយល់ទាស់នឹងការណែនាំរបស់រដ្ឋាភិបាលនោះទេ។
លោកថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«កាលណាយើងបោះឆ្នោតហើយ ម៉ោងបី ម៉ោងបួន យើងអាចលក់វិញបានហើយ។ អញ្ចឹងដូចជាមិនអីទេ ព្រោះដើម្បីរក្សាសុវត្ថិភាព ទីមួយគឺរក្សាសុវត្ថិភាពលើផ្លូវថ្នល់ផង ព្រោះអ្នកហូបស្រាស្រវឹង។ អញ្ចឹងតាមយោបល់ខ្ញុំមិនអីគឺល្អ ខ្ញុំអាចទទួលយកបាន»។
យ៉ាងណាក៏ដោយ អាជីវករមួយចំនួនទៀត ឬអ្នកបម្រើការក្នុងហាងដែលមានលក់គ្រឿងស្រវឹងនិយាយថា ពួកគេមិនទាន់ទទួលបានការណែនាំពីរាជរដ្ឋាភិបាលសម្រាប់ការផ្អាកលក់គ្រឿងស្រវឹងក្នុងមួយរយៈពេលខ្លីនេះទេ។
បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយរូប គឺលោក អឿន ឯម វ័យ ៣៦ឆ្នាំ ប្រាប់ VOA ថា សេចក្ដីណែនាំរបស់រដ្ឋាភិបាលដែលស្នើឲ្យប្រជាពលរដ្ឋខ្មែរផ្អាកផឹកទឹកស្រវឹងមួយថ្ងៃ មុនថ្ងៃបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោត គឺជាផ្នែកមួយដ៏សំខាន់នៃការជំរុញឲ្យការបោះឆ្នោតដំណើរទៅដោយរលូន។
លោកបានអំពាវនាវឲ្យពលរដ្ឋទាំងអស់ត្រូវអត់ធ្មត់មិនទទួលទានទឹកស្រវឹងក្នុងឱកាសបោះឆ្នោតដ៏សំខាន់នេះ។
«មុននឹងជិតចូលការបោះឆ្នោតហ្នឹង ខ្ញុំចង់ឲ្យប្រជាពលរដ្ឋផ្អាកញ៉ាំស្រា ពីព្រោះកាលណាយើងញ៉ាំស្រាទៅវាអាចមានបញ្ហាអសន្តិសុខដល់សង្គមទាំងមូល»។
សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក៏បានស្នើដល់ក្រសួង ស្ថាប័ន កងរាជអាវុធហត្ថ កងនគរបាលជាតិ រួមជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការបំពាក់បំប៉នដល់មន្ត្រីរាជការក្រោមឱវាទ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្សព្វផ្សាយ អប់រំណែនាំប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន អនុវត្តការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹងផងដែរ។
លោក យង់ គិមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា ប្រជាពលរដ្ឋខ្មែរ និងម្ចាស់អាជីវកម្មលក់គ្រឿងស្រវឹង ត្រូវចូលរួមអនុវត្តសេចក្ដីណែនាំរបស់រដ្ឋាភិបាល ដែលនឹងជួយទប់ស្កាត់សកម្មភាព ហិង្សា និងទំនាស់នានាមុន និងក្នុងថ្ងៃបោះឆ្នោត។ លោកថា ប្រទេសក្នុងតំបន់អាស៊ានដូចជាថៃ និងហ្វីលីពីន ក៏បានណែនាំឲ្យពលរដ្ឋរបស់គេ ធ្វើដូច្នេះដែរក្នុងរយៈពេលបោះឆ្នោតដ៏សំខាន់នេះ។
«នៅថៃរឹតតែមានការតឹងរ៉ឹងជាងស្រុកខ្មែរទៀតបាទ សូម្បីតែថ្ងៃ មិនបាច់ចាំថ្ងៃបោះឆ្នោតទេ នៅថៃនោះ តែថ្ងៃសីល ថ្ងៃពិសាខបូជាអី គេមិនឲ្យផឹកស្រាផងបាទ។ ហើយនិង បើនៅហ្វីលីពីន ដែលយើងថា នៅក្នុងអាស៊ាននេះ ហ្វីលីពីនស្ដេចផឹកជាងគេបាទ ថ្ងៃបោះឆ្នោត គឺថាស្ងាត់ឈឹង អត់មានឲ្យលក់ អត់មានឲ្យផឹកទេបាទ»។
លោកថា ម្ចាស់អាជីវកម្មលក់គ្រឿងស្រវឹង គួរលះបង់ការខាតបង់របស់ខ្លួនមួយគ្រា ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយគ្មានជាតិស្រវឹង និងទំនាស់ផ្សេងៗ។
«បើសិនណាមានហិង្សាកើតឡើង ផ្ទុះហិង្សា មានការកើតឡើងរាលដាលធំដុំ ដោយសារតែការផឹកស្រាហ្នឹងគឺ អ្នករកស៊ីហ្នឹង មិនមែនខាតតែមួយថ្ងៃទេ មិនមែនខាតតែមួយថ្ងៃ ពីរថ្ងៃទេ ខាតរាប់ខែណោះ។ អញ្ចឹងគឺរឿងហ្នឹង គឺសំខាន់ណាស់បាទ ដែលអ្នករកស៊ីទាំងអស់ហ្នឹង គឺអ្នកដែលលក់ដូររឿងគ្រឿងស្រវឹងហ្នឹង គាត់ត្រូវតែមានការយល់ពីបញ្ហាហ្នឹងបាទ»។
បន្ថែមលើសេចក្ដីណែនាំឲ្យផ្អាកលក់ និងទទួលទានគ្រឿងស្រវឹងនេះ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក៏គ្រោងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធ ជាង៥ម៉ឺននាក់សម្រាប់ការពារអំឡុងពេលបោះឆ្នោត និងការរាប់សន្លឹកឆ្នោតនៅថ្ងៃទី៤ ខែមិថុនាផងដែរ។
កងកម្លាំងដែលរួមមាននគរបាលជាតិ កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ នឹងត្រូវដាក់ឱ្យឈរជើងតាមការិយាល័យបោះឆ្នោត ដើម្បីការពារស្នាក់ការរបស់គណៈកម្មការរៀបចំការបោះឆ្នោតឃុំសង្កាត់ និងត្រៀមអន្តរាគមន៍តំបន់ភូមិសាស្ត្រក្នុងនិងក្រៅក្រុងស្រុកខណ្ឌ ជាដើម៕