លោក Albanese នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ដំបូង​គេ​ធ្វើ​ទស្សនកិច្ច​ទៅ​ចិន​តាំងពី​ឆ្នាំ ២០១៦ មក

រូបឯកសារ៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ញញឹមនៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាននៅទីក្រុងស៊ីដនី ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ លោក Albanese នឹងបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Anthony Albanese នឹង​ទៅ​បំពេញ​ទស្សនកិច្ច ៤ ថ្ងៃ​ក្នុង​ប្រទេស​ចិន​នៅ​ថ្ងៃ​សៅរ៍​ទី ៤ ខែ​វិច្ឆិកា ដែល​ជា​ទស្សនកិច្ច​លើក​ដំបូង​របស់​មេដឹកនាំ​អូស្ត្រាលី​ទៅ​ចិន​តាំងពី​ឆ្នាំ ២០១៦ មក។ បើ​ទោះបីជា​ការ​ធ្វើ​ឱ្យ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​មាន​ស្ថិរភាព​ទំនង​ជា​អាទិភាព​កំពូល​នៅ​ក្នុង​របៀបវារៈ​ក៏ដោយ ក៏​អ្នក​វិភាគ​នានា​និយាយ​ថា លោក Albaneseក៏​គ្រោង​នឹង​លើកឡើង​អំពី​ការ​ខ្វែង​គំនិត​គ្នា​ជា​មូលដ្ឋាន​រវាង​រដ្ឋាភិបាល​ចិន​និង​រដ្ឋាភិបាល​អូស្ត្រាលី​ផង​ដែរ។

លោក Benjamin Herscovitch អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ជាតិ​អូស្ត្រាលី (ANU) បាន​និយាយ​ថា៖ «យើង​នៅ​មាន​ការ​រឹតត្បិត​ពាណិជ្ជកម្ម​លើ​បង្កង​អូស្ត្រាលី សាច់គោ​អូស្ត្រាលី និង​នៅ​មាន​ការ​សើរើ​ពន្ធដារ​ឱ្យ​បាន​ឆាប់​លើ​ស្រា​ផង​ដែរ‍»។

លោក​បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា លោក​រំពឹង​ថា​បញ្ហា​នេះ​នឹង​ក្លាយជា​បញ្ហា​សំខាន់​នៅ​ក្នុង​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី Albanese‍ ប្រសិនបើ​សន្មត​ថា​មិន​មាន​កិច្ច​ព្រមព្រៀង​ជា​មុន​អំពី​ការ​រឹតត្បិត​ដែល​នៅ​សេសសល់​ទាំង​នោះ​លើ​ពាណិជ្ជកម្ម។

ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចិន​បាន​លុប​ចោល​ការ​រឹតត្បិត​លើ​ការ​នាំចូល​ទំនិញ​អូស្ត្រាលី​មួយ​ចំនួន​ដូចជា​ធ្យូងថ្ម ឈើ​ហ៊ុប និង​ស្រូវ​បាឡេ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

ជាង​នេះ​ទៀត ទស្សនកិច្ច​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​ព័ត៌មាន​ថា​ប្រទេស​ចិន​និង​ប្រទេស​អូស្ត្រាលី​បាន​ឯកភាព​គ្នា​នៅ​ក្នុង​ការ​ផ្អាក​ជម្លោះ​អំពី​ស្រា​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ស្រប​ពេល​ដែល​រដ្ឋាភិបាល​ចិន​ធ្វើ​ការ «ពិនិត្យ​សើរើ​ឱ្យ​បាន​ឆាប់​លើ​ពន្ធ​គយ​របស់​ខ្លួន‍» ដែល​អាច​មាន​រយៈពេល​ប្រហែល ៥ ខែ។ រដ្ឋាភិបាល​អូស្ត្រាលី​បាន​និយាយ​ថា ខ្លួន‍ «មាន​ទំនុក​ចិត្ត‍» ថា​នឹង​មាន​លទ្ធផល​ល្អ​ប្រសើរ។

ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អូស្ត្រាលី​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​កាល​ពី​ឆ្នាំ ២០២០ បន្ទាប់ពី​ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​ផលិតផល​អូស្ត្រាលី​ដែល​មាន​តម្លៃ ១២,៧ ពាន់​លាន​ដុល្លារ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ពន្ធ​គយ​ពី ១១៦,២% ដល់ ២១៨,៤% លើ​ស្រា​របស់​អូស្ត្រាលី​ផង​ដែរ។

ពន្ធ​គយ​ទាំង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សងសឹក​របស់​រដ្ឋាភិបាល​ចិន​ប្រឆាំង​នឹង​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​រក​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ឆ្នាំ ២០២០។ តាំង​ពី​ពេល​ដែល​លោក Albanese បាន​ចូល​កាន់​តំណែង​កាលពី​ឆ្នាំ ២០២២ មក លោក​បាន​ផ្តោត​លើ​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​រវាង​ចិន​និង​អូស្ត្រាលី ហើយ​លោក​បាន​សន្យា​ថា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ដកចេញ​នូវ​ទណ្ឌកម្ម​ដែល​ដាក់​លើ​ទំនិញ​អូស្ត្រាលី។

លោក Herscovitch បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​ទំនង​ជា​នឹង​ជំរុញ​រដ្ឋាភិបាល​អូស្ត្រាលី​ឱ្យ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ច​ព្រមព្រៀង​ទូលំទូលាយ​និង​វិវឌ្ឍ​ទៅ​មុខ​នៃ​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក (CPTPP) និង​ជំរុញ​មន្ត្រី​អូស្ត្រាលី​ឱ្យ​ផ្ដល់​ការ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​ចូល​ធ្វើ​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​រ៉ែ​ដ៏​សំខាន់​របស់​អូស្ត្រាលី។

លោក​បាន​ប្រាប់ VOA ថា លោក​យល់​ថា​នឹង​មាន​ការ​ពិភាក្សា​គ្នា​អំពី​ផែនការ​នៅ​ក្នុង​ការ​ដក​ការ​រឹតត្បិត​ដែល​នៅ​សេសសល់​លើ​ពាណិជ្ជកម្ម​របស់​ចិន ហើយ​នៅ​ពេល​ដែល​មាន​ការ​ពិភាក្សា​គ្នា​នេះ ភាគី​ចិន​នឹង​ប្រហែល​ជា​ជំរុញ​ភាគី​អូស្ត្រាលី​ឱ្យ​គាំទ្រ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ឱ្យ​បាន​ចូល​ក្នុង​កិច្ច​ព្រមព្រៀង CPTPP។ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​ក៏​មាន​បំណង​ធ្វើ​ឱ្យ​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​ផង​ដែរ​ទាក់ទិន​នឹង​លទ្ធភាព​របស់​ក្រុមហ៊ុន​ចិន​ក្នុង​ការ​បាន​ចូល​ធ្វើ​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​រ៉ែ​ដ៏​សំខាន់​របស់​អូស្ត្រាលី៕