អ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលម្នាក់បានប្តេជ្ញាថានឹងគាំទ្រពលរដ្ឋកម្ពុជាដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរហូតទាល់តែការទាមទាររបស់ពួកគេសម្រេចបានក្នុងការស្តារគោលការណ៍សាកលនេះឡើងវិញនៅប្រទេសកម្ពុជា។
លោក អាឡាំង ឡូវឹនសល អ្នកតំណាងរាស្ត្រប្រចាំរដ្ឋកាលីហ្វញ៉ាបានថ្លែងប្រាប់ដល់ក្រុមអ្នកគាំទ្រដែលជាពលរដ្ឋខ្មែរអាមេរិកាំងនៅឯវេទិការសាធារណៈមួយក្នុងទីក្រុងឡុងប៊ិចកាលពីចុងសប្តាហ៍មុនថាលោកនឹងបន្តឈរជាតំណាងសំឡេងឱ្យពលរដ្ឋខ្មែរនៅរដ្ឋសភាអាមេរិកាំងហើយសហរដ្ឋអាមេរិកនឹងមិនសប្បាយចិត្តទេទាល់តែមានការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្តារឡើងវិញរបបនយោបាយពហុបក្ស ស្តារសិទ្ធិសេរីភាពសារព័ត៌មាននិងអង្គការសង្គមស៊ីវិល អតីតអ្នកតំណាងរាស្រ្តបក្សប្រឆាំងអាចធ្វើនយោបាយឡើងវិញដោយសេរីនិងពេញលេញដោយគ្មានការបំភិតបំភ័យ និងអ្នកនយោបាយដែលបានរត់ភៀសខ្លួនដែលមានលោកសមរង្ស៊ី ប្រធានស្តីទីគណបក្សផងដែរបានវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។
លោក អាឡំាង ឡូវឹនសល បានបញ្ជាក់បន្ថែមថា៖
«ដូច្នេះខ្ញុំគាំទ្រអ្នកទាំងអស់គ្នា យើងគាំទ្រលទ្ធិប្រជាធិបតេយ្យនិងសេរីភាព ប៉ុន្តែយើងក៏ត្រូវតែឈរដើម្បីលទ្ធិប្រជាធិបតេយ្យនិងសេរីភាពនៅទូទាំងពិភពលោកផងដែរ។ យើងត្រូវតែធ្វើការជាមួយគ្នា។ ទោះបីជាអ្នកគាំទ្រគណបក្សសាធារណរដ្ឋឬគណបក្សប្រជាធិបតេយ្យក៏ដោយ គឺនេះមិនគ្រាន់តែជាបញ្ហាកម្ពុជាតែមួយប៉ុណ្ណោះទេ នេះគឺជាអ្វីដែលពួកយើងជឿជាក់ពិតប្រាកដ។ វាជាកិច្ចការសំខាន់ណាស់ក្នុងការថែរក្សាសិទ្ធិសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ»។
លោក អាឡាំង ឡូវឹនសល ដែលជាសហប្រធានក្រុមការងារទទួលបន្ទុកកិច្ចការកម្ពុជានៅ រដ្ឋសភាបានជ្រោមជ្រែងឱ្យសភាតំណាងរាស្ត្រសហរដ្ឋអាមេរិកអនុម័តសេចក្តីស្នើច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា (HR-526) កាលពីពាក់កណ្តាលខែកក្កដាដើម្បីដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលកម្ពុជាលើផ្នែកទិដ្ឋាការនិងសេដ្ឋកិច្ចក្រោយពីរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សដោយសារតែបានរំលាយគណបក្សសង្គ្រោះជាតិ បង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយដោយបិទវិទ្យុជាង៣០ដែលផ្សាយកម្មវិធីរិះគន់រដ្ឋាភិបាលនិងបង្ក្រាបលើក្រុមអង្គការសង្គមស៊ីវិល។
លោកអាឡំាង ឡូវឹនសល បានបន្ថែមទៀតថា៖
«កាលពីពេលថ្មីៗនេះយើងបានបញ្ជូនសារយ៉ាងច្បាស់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាសហរដ្ឋអាមេរិកប្តេជ្ញាប្តូរផ្តាច់ក្នុងការទាមទារឱ្យស្តារឡើងវិញនូវសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នេះគឺជាគោលជំហររបស់យើង ហើយយើងមិនឈរខាងណាទេគឺទុកឱ្យពលរដ្ឋសម្រេចតាមរយៈការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ»។
ការជួបជុំរបស់លោក អាឡាំង ឡូវឹនសល នៅទីក្រុងឡុងប៊ិចជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំងគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់គណបក្សសង្គ្រោះជាតិអាមេរិកាំងដែលរៀបចំឡើងដើម្បីថ្លែងអំណរគុណដល់អ្នកតំណាងរាស្រ្តសំខាន់ៗដែលបានជួយគាំទ្រសេចក្តី ស្នើច្បាប់HR 526។
លោកប៉ុន សៅរី អគ្គលេខាធិការគណបក្សសង្គ្រោះជាតិអាមេរិកបានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងបានធ្វើហើយនៅ ទីក្រុងឡុងប៊ិច នៅរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក ជាពិសេសលោកអាឡាំង ឡូវឹនសល ដែលគាត់ជាអ្នកជួយជ្រោមជ្រែងយ៉ាងសកម្មបំផុតជាមួយនឹងតំណាងរាស្រ្តដទៃទៀតដែលមានលោក ថេត យ៉ូហូ លោកស្ទីវ ឆាបុត្រ ជាដើម ហើយមិនតែប៉ុណ្ណោះទេសហគមន៍ខ្មែរក៏ដូចជាសាខាគណបក្សសង្គ្រោះជាតិនៅគ្រប់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកនឹងធ្វើកម្មវិធីផ្សេងៗទៀតដើម្បីថ្លែងអំណរគុណអ្នកតំណាងរាស្ត្រដែលបានជួយជ្រោមជ្រែងច្បាប់នេះផងដែរ»។
អាជ្ញាធរកម្ពុជាបានហាមឃាត់រាល់សកម្មភាពណាដែលគាំទ្រដល់គណបក្សសង្គ្រោះជាតិសូម្បីតែការជួបជុំគ្នាទទួលទាននំបញ្ចុកដែលរៀបចំឡើងដោយអតីតសកម្មជននិងមន្ត្រីបក្សក៏ត្រូវបានតាមដានហើយតុលាការកោះហៅទៅសាកសួរដែរ។
មន្ត្រីនៃអតីតគណបក្សប្រឆាំងនេះអាចធ្វើសកម្មភាពបានតែនៅក្រៅប្រទេសប៉ុណ្ណោះ។
អ្នកស្រី សុក ឡេង សកម្មជនស្ត្រីនៅទីក្រុងឡុងប៊ិចបានប្រាប់វីអូអេថា៖
«ខ្ញុំសង្ឃឹមថាអាមេរិកាំងនិងអង្គការសហប្រជាជាតិប្រើកិច្ចព្រមព្រៀង២៣តុលាហើយលោកឡូវឹនសល នឹងជួយជំរុញហើយនឹងអមដំណើរលោកប្រធានស្តីទីវិលត្រឡប់ទៅវិញហើយយើងមានថ្នាក់ដឹកនាំអមដំណើរ។ សូមឱ្យលោកហ៊ុន សែនធ្វើតាមច្បាប់ គោរពច្បាប់និងគោរពសិទ្ធិមនុស្ស»។
សេចក្តីស្នើច្បាប់HR 526 កំពុងតែស្ថិតនៅ គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាដើម្បីពិនិត្យមុននឹងឆ្លងព្រឹទ្ធសភា។
លោកប៉េង ឡុង អគ្គលេខាធិការនៃគណបក្សសង្គ្រោះជាតិអាមេរិកសាខាទីក្រុងឡុងប៊ិចបានបញ្ជាក់ប្រាប់វីអូអេថា៖
«ថ្វីបើបានឆ្លងកាត់មួយដំណាក់កាលហើយប៉ុន្តែយើងនៅ តែព្យាយាមធ្វើការបន្តទៀតគឺយើងត្រូវតែព្យាយាមឱ្យបងប្អូនជនរួមជាតិដែលចង់បានលទ្ធិប្រជាធិបតេយ្យត្រូវតែព្យាយាមទាំងអស់គ្នាទូរស័ព្ទទាក់ទងទៅ សមាជិកព្រឹទ្ធសភារបស់អស់លោកនៅរដ្ឋនីមួយៗដើម្បីឱ្យពួកគាត់យល់នូវវិបត្តិខ្មែរយើងហើយឱ្យពួកគាត់ជួយដោះស្រាយ»។
លោកអាឡាំង ឡូវឹនសលក៏បានប្រាប់ដល់អ្នកគាំទ្រថាបញ្ហារបស់កម្ពុជាត្រូវបានសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកជាច្រើនយល់ដឹងហើយក៏នឹងផ្តល់ការគំាំទ្រផងដែរ។ រីឯលោកថេត យូហូអ្នកស្នើច្បាប់នេះធ្លាប់បានសម្តែងសុទិដ្ឋិនិយមថាព្រឹទ្ធសភានឹងអនុម័តសេចក្តីស្នើច្បាប់HR 526 នៅដំណាច់ឆ្នាំនេះ៕