ក្រុម​ Al-Shabab ​អះអាង​ថា​បាន​វាយប្រហារ​ទៅ​លើ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ

នេះ​ជា​ផែនទី​នៃ​​​រដ្ឋធានី​ម៉ូហ្គាឌីស្យូ របស់់​ប្រទេស​សូម៉ាលី។

ក្រុម​សកម្ម​ប្រយុទ្ធ Al-Shabab បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ទៅ​លើ​ភោជនីយដ្ឋាន​មួយ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​សូម៉ាលី ដែល​សាក្សី​ម្នាក់​បាន​និយាយ​ថា យ៉ាង​ហោចណាស់​មាន​មនុស្ស​ចំនួន​២​នាក់​ត្រូវ​បាន​សម្លាប់​ និង​រងរបួស​៤​នាក់​ផ្សេង​ទៀត។

ក្រុម​អ្នក​វាយប្រហារ​បាន​សម្រុក​ចូល​ទៅ​ក្នុង​ភោជនីយដ្ឋាន​នៃ​សណ្ឋាគារ Lido Beach View Hotel កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បាន​បោកគ្រាប់បែក​ និង​បាញ់​ប្រហារ​ទៅ​លើ​ភ្ញៀវ​នៅ​ក្នុង​នោះ។ ​

មន្រ្តី​ស៊ើបការណ៍​សម្ងាត់​កំពូល​របស់​សូម៉ាលី​បាន​ថ្លែង​ប្រាប់ VOA ផ្សាយ​ជា​ភាសា​សូម៉ាលី​ថា កងកម្លាំង​សន្តិសុខ​កំពុង​តែ​កម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​ចេញ​ពី​សណ្ឋាគារ​នោះ​ និង​បាន​ចាប់​ខ្លួន​មេក្លោង​នៃ​ខ្មាន់​កាំភ្លើង​នោះ​ផង​ដែរ។ ​

អ្នក​សារព័ត៌មាន​នៅ​ក្នុង​ភោជនីយដ្ឋាន​នោះ​បាន​ថ្លែង​ប្រាប់​ VOA តាម​រយៈ​ទូរស័ព្ទ​ថា លោក​បាន​ឃើញ​សាកសព​មនុស្ស​ចំនួន​២​នាក់ ​និង​មនុស្ស​រងរបួស​ចំនួន​៤​នាក់​នៅ​លើ​ដី។ ហើយ​លោក​ និង​មនុស្ស​ជាង​២០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ជា​ចំណាប់​ខ្មាំង។ មន្រ្តី​ស៊ើបអង្កេត​បាន​និយាយ​ថា ជន​រងគ្រោះ​ភាគច្រើន​ ប៉ុន្តែ​មិនមែន​ទាំងអស់​នោះ​ទេ ត្រូវ​បាន​ជួយ​សង្រ្គោះ។ ​

កងកម្លាំង​សន្តិសុខ​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​អំពី​ចំនួន​ជនរងគ្រោះ​ដែល​ស្លាប់​និង​រងរបួស​នោះ​ទេ៕