មេពួក Al-Qaida ក្នុងតំបន់អាស៊ីខាងត្បូងឈ្មោះ Asim Omar បានត្រូវសម្លាប់ក្នុងផ្នែកខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន នេះបើតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារស៊ើបការសម្ងាត់នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
នាយកដ្ឋានសន្តិសុខជាតិអាហ្វហ្គានីស្ថានបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចប្រតិបត្តិការរួមមួយ—ដែលជាពាក្យមួយត្រូវប្រើប្រាស់ជាធម្មតាដើម្បីពណ៌នាកិច្ចប្រតិបត្តិការ ដែលមានទាក់ទិនជាមួយកងកម្លាំងអូតង់នៅក្នុងស្រុក Musa Qala នៃខេត្ត Helmand ក៏បានសម្លាប់ឬចាប់សមាជិកមួយចំនួនទៀតនៃពួក Al-Qaida នៅក្នុងឧបទ្វីបឥណ្ឌាហៅកាត់ថា AQIS ដោយមានរួមបញ្ចូលទាំងជនជាតិប៉ាគីស្ថានខ្លះផងដែរ។
មន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ពីការពិតនៃការស្លាប់របស់ Omar កាលពីថ្ងៃអង្គារ ហើយបាននិយាយប្រាប់វីអូអេថា កិច្ចប្រតិបត្តិការកាលពីថ្ងៃទី២៣ខែកញ្ញាជាកិច្ចប្រតិបត្តិការ «ដឹកដឹកនាំដោយអាហ្វហ្គានីស្ថាន ហើយគាំទ្រដោយសហរដ្ឋអាមេរិក»។
បើតាមក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកថាឈ្មោះ Omar ជាពលរដ្ឋឥណ្ឌាកើតក្នុងរដ្ឋ Uttar Pradesh នៅរវាងឆ្នាំ១៩៧៤និងឆ្នាំ១៩៧៦។ សហរដ្ឋអាមេរិកបានបន្ថែមឈ្មោះគាត់ទៅក្នុងបញ្ជីឈ្មោះពួកភេរវជនកាលពីឆ្នាំ២០១៦៕