សេចក្តី​សម្រេច​របស់​អន្តរសភា​អាស៊ាន​ផ្តល់​ក្តី​សង្ឃឹម​ដល់​ស្រ្តី

រូបឯកសារ៖ ក្រុមមន្ត្រី​ជាន់ខ្ពស់​អាស៊ាន​ជជែក​ជាមួយ​ភាគី​ចិន​លើ​ក្រម​ប្រតិបត្តិ​ស្តីពី​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង​។

សេចក្តី​សម្រេចចិត្ត​ចំនួន​៣​ដែល​សម័យ​ប្រជុំ​របស់​អន្តរសភា​អាស៊ាន​បានអនុម័ត​កាលពី​ដើម​ខែ​កញ្ញា គឺ​ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​សមាជិក​គោរព​ និង​លើកកម្ពស់​ស្ត្រី​បាន​ផ្តល់​ក្តី​សង្ឃឹម​បន្ថែម​ដល់​ស្ត្រីនៅ​ក្នុង​តំបន់។

សេចក្តី​សម្រេចចិត្ត​ចំនួន​៣​ដែល​សម័យ​ប្រជុំ​របស់​អន្តរសភា​អាស៊ាន​បានអនុម័ត​កាលពី​ដើម​ខែ​កញ្ញា ដើម្បី​ជំរុញ​ឱ្យ​ប្រទេស​សមាជិក​គោរព​ និង​លើកកម្ពស់​ស្ត្រី​បាន​ផ្តល់​ក្តី​សង្ឃឹម​បន្ថែម​ដល់​ស្ត្រីនៅ​ក្នុង​តំបន់។

លោកស្រី មូរ សុខហួរ ​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា សេចក្តី​សម្រេច​នេះ​នឹង​ជួយ​ឱ្យ​បាន​ប្រសើរឡើង​ដល់​ស្ថាន​ភាព​ស្ត្រី​ខ្មែរ ​ដែល​នៅតែ​ជាអ្នក​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​និង​សង្គម។

លោក​ស្រី មូរ សុខហួរ​ បាន​បញ្ជាក់​ក្នុង​បទសម្ភាសន៍​ពិសេស​មួយ​ជាមួយ​នឹង​ VOA នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖​«សេចក្តី​សម្រេច​រួម​គឺ​យើង​សម្រេច​ទទួលស្គាល់​ថា​ យើង​ជា​ប្រទេស​អាស៊ាន​ទាំង១០​ត្រូវ​តែលើក​កម្ពស់​ តម្លៃ​ស្រ្តី លើក​កម្ពស់​ការ​ទទួល​ស្គាល់​នូវ​តួនាទី​របស់​ស្រ្តី​ គោរព​សិទ្ធិ​ស្រ្តី។ អាស៊ាន​ទាំងមូល​ទទួល​ស្គាល់​តាម​រយៈ​ការ​បង្កើន​ច្បាប់​ការពារ​អ្វី​ដែល​ជា​សិទ្ធិ​ស្រ្តី»។​

ប្រទេស​កម្ពុជា​មាន​ច្បាប់ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ និង​ច្បាប់​ដែល​ការពារ​ស្ត្រី​ប្រឆាំង​នឹងការ​ជួញដូរ ​ប៉ុន្តែ​ការ​អនុវត្ត​នៅ​មិន​ទាន់​ទទួល​បាន​ជោគជ័យ​ទេ​ដោយ​សារ​កត្តា​ប្រពៃណី តុលាការ​មិន​ឯករាជ្យ ប៉ូលិស​មិន​ផ្ត​ល់​សេវា​តាម​អ្វី​ដែល​ជន​រងគ្រោះ​ចង់​បាន។នេះ​បើ​តាម​កា​របញ្ជាក់​របស់​លោក​ស្រី​ មូរ សុខហួរ។

សេចក្តី​សម្រេច​របស់​អាស៊ាន​ក៏​ជំរុញ​ឱ្យ​មាន​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ដល់​ស្រ្តី​ផង​ដែរ។

លោកស្រី​ មូរ សុខហួរ​ បានបញ្ជាក់​បន្ថែម​ពី​សារៈសំខាន់​នេះ​ថា៖ «ក្នុង​នាម​យើង​ជា​ស្ត្រី​ពេល​ណា​យើង​ខ្វះ​ការ​អប់រំ។ យើង​ខ្វះ​សុខភាព​។ យើង​មិន​អាច​និយាយ​អំពី​អនាគត​ទៅបាន​ទេ​‍»។

អ្នក​វិភាគ​នានា​យល់​ថា គោលនយោបាយ​ដី​សម្បទានសេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​ហើយ​ ក្នុង​ចំណោម​នោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​គឺ​ស្ត្រី និង​កុមារ។

លោកស្រី​ មូរ សុខហួរ យល់ថា​ រដ្ឋាភិបាល​គួរ​តែ​គិត​គូ​ដល់​ស្ត្រី​ជា​ចាំបាច់​ មុន​នឹង​ដាក់​ចេញ​គោល​នយោបាយ​អភិវឌ្ឍន៍។

«យើង​ដោះស្រាយ​បញ្ហា​អ្វី ក៏​ដោយ​យើង​ត្រូវ​តែ​មើល​ថា​ តើ​បញ្ហា​នោះ​ប៉ះពាល់​ដល់​ស្ត្រី របៀប​ណា។ រឿង​ដីធ្លី​ដដែល​ទេ​ការ​ប៉ះពាល់​ដល់​ស្ត្រី​ខ្លាំង​ជាង​ការ​ប៉ះពាល់​ដល់​បុរស។ ស្រ្តី​ដែល​អត់​ដីធ្លី​ និង​បុរស​ដែល​អត់​ដីធ្លី មាន​ការប៉ះពាល់​ខុស​គ្នា‍»។

ចំណុច​ខុស​គ្នា​គឺ​នៅ​ពេល​ដែល​ស្ត្រី​អត់​ផ្ទះ​សម្បែង ហើយ​ត្រូវ​ធ្វើ​ចំណាក​ស្រុក​ ដើម្បី​រក​វិធី​ដោះស្រាយ​បំណុល​គឺ​ស្ត្រី​តែងតែ​នាំកូន​ទៅ​ជាមួយ​ដែល​បន្ថែម​ទម្ងន់​ទុក្ខ​លំបាក។

លោក​ស្រី​យល់​ថា បើ​ទោះបី​ជា​ច្បាប់​យ៉ាងណា​ក៏ដោយ បើ​នៅតែ​មាន​អំពើហិង្សា​គ្រួសារ​មានការ​ជួញ​ដូរ​ស្ត្រី​ធ្វើ​ឱ្យ​ស្ត្រី​បាត់​បង់​ផ្ទះ​សម្បែង​ បាត់​បង់​ស្រែ​ចម្ការ​ក្លាយ​ទៅ ជា​អ្នក​ចំណាកស្រុក​អត់​មាន​ការ​ងារ​ធ្វើ ហើយ​ជា​ពិសេស​ការងារ​ប្រាក់​ឈ្នួល​តិច​គឺ​មិន​អាច​ធានា​គុណភាព​ជីវិត​បាន​ទេ៕