ធនាគារ​ AIIB ​ជួយ​ផែនការ​វិថីសូត្រ​ប៉ុន្តែ​ប្រហែល​មិន​ជួយ​ការពារ​ចិន​ទប់ទល់​នឹង​លោក​ត្រាំ

ស្លាក​សញ្ញា​នៃ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី (AIIB) នៅ​ទីស្នាក់ការ​ក្នុង​ក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦។

ធនាគារ​ពហុភាគី​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ចិន​បាន​ជម្នះ​លើ​ក្រុម​អ្នក​រិះគន់ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​ដោយ​បាន​បង្ហាញ​នូវ​ការងារ​ល្អ​ខ្លាំង​ដែល​ក្នុង​នោះ​រួម​មាន​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នានា​នៅ​ក្នុង​ប្រទេស​ជាង​១០។​

ធនាគារថ្មី​ដែល​មាន​ឈ្មោះ​ថា ​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី (AIIB) និង​ធនាគារ​អភិវឌ្ឍន៍​ថ្មី​បាន​ផ្តល់​នូវ​ភាព​ស្រប​ច្បាប់​ខាង​នយោបាយ​ថ្មី​ដល់​ប្រទេស​ចិន ​និង​ជួយ​ជំរុញ​ផល​ប្រយោជន៍​ភូមិសាស្រ្ត​នយោបាយ​របស់​រដ្ឋបាល​ទីក្រុង​ប៉េកាំង​ទៅ​មុខ​ទៀត​តាម​រយៈ​ការ​ផ្តល់​ថវិកា​ចំនួន​៣ពាន់​លាន​ដុល្លារ​ដល់​គម្រោង​នានា​ក្រោម​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា​ ខ្សែ​ក្រវ៉ាត់​មួយ ផ្លូវ​មួយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​វិភាគ។

ប៉ុន្តែ​សំណួរ​នៅ​ត្រង់​ថា​តើ​ធនាគារ​ទាំង​នេះ​អាច​ជួយ​ប្រទេស​ចិន​ប្រយុទ្ធ​នឹង​សកម្មភាព​ប្រទុស្តរាយ​ដែល​គំរាម​ដោយ​លោក​ប្រធានាធិបតី​ដូណល់ ត្រាំ​នៃ​សហរដ្ឋ​អាមេរិក​បាន​ដែរ​ឬ​ទេ។

​លោក​ Jin Liqun ប្រធាន​ធនាគារ ​AIIB ​បាន​រំលឹក​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ​ទ្វារ​នៅ​តែ​ចំហរ​សម្រាប់​សហរដ្ឋ​អាមេរិក​ចូលរួម​ក្នុង​ធនាគារ​នេះ។ រដ្ឋបាល​លោក​ប្រធានាធិបតី​អូបាម៉ា​បាន​សម្រេច​មិន​ចូលរួម​ជាមួយ​នឹង​ធនាគារ​នេះ​ទេ ​បើ​ទោះ​បី​ជា​មាន​ប្រទេស​ចំនួន​៥៦​បាន​ចូលរួម​ជា​សមាជិកដែល​ក្នុង​នោះ​មាន​ទាំង​សម្ព័ន្ធ​មិត្ត​របស់​សហរដ្ឋ​អាមេរិក​ដូច​ជា​ប្រទេស​កាណាដា អង់គ្លេស និង​អូស្ត្រាលី។

លោក​ Jacob Kirkegaard អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ឯ​វិទ្យាស្ថាន​សេដ្ឋកិច្ច​អន្តរជាតិ​ Peterson ​បាន​ប្រាប់​ VOA ​ថា៖ «ធនាគារ​ AIIB ​គឺ​ជា​ស្ថាប័ន​មួយ​ដែល​នឹង​ជួយ​ប្រទេស​ចិន​ទទួល​បាន​គាំទ្រ​ពី​ប្រទេស​ដទៃ​បើ​សិន​ជា​មានការ​ប្រឈម​មុខ​ដោយ​ផ្ទាល់​ណា​មួយ​ជាមួយ​នឹង​លោក​ត្រាំ‍»។

លោក​បាន​បន្ថែមថា​៖ «ការ​បង្កើត​ធនាគារ​ AIIB ​និង​ការ​បង្ហាញ​ថា​ទីក្រុង​ប៉េកាំង​មាន​ចេតនា​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ដែល​មាន​ស្រាប់​គឺ​បាន​ជួយ​ប្រទេស​ចិន​ក្នុង​ពេល​ដែល​លោក​ត្រាំ​ហាក់​ដូច​ជា​ដើរ​ខុស​ពី​តួនាទី​ជា​ប្រពៃណី​របស់​អាមេរិកាំង និង​ច្បាប់​អន្តរជាតិ​ដទៃ​ជាច្រើន​ទៀត​ដែល​ខ្លួន​បាន​ជួយ​បង្កើត​ឡើង‍»។​

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា​ផល​ប្រយោជន៍​គឺ​ភាគច្រើន​ខាង​ផ្នែក​ការ​ទូត​ និង​នយោបាយ​ព្រោះ​ធនាគារ​ AIIB ​នឹង​មិន​ផ្តល់​ផលប្រយោជន៍​សេដ្ឋកិច្ច​ពិសេស​ណា​មួយ​ដល់ប្រទេស​ចិន​ទេ​នៅ​ពេល​ណា​ដែល​មាន​ការ​ប្រឈម​មុខ​ទ្វេភាគី​ជាមួយ​នឹង​លោក​ត្រាំ៕