សន្និសីទ​ស្តីពី​មេរោគ​អេដស៍​បាន​បញ្ចប់​នៅ​ទីក្រុង​ហារ៉ារ៉េ

  • Sebastian Mhofu

An gudanar da bikin rantsar da sabon shugaban kasar Liberia, George Weah, ranar 22 ga watan Janairu, 2018

អ្នក​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ សកម្មជន​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​មន្រ្តី​សុខាភិបាល​មក​ពី​ទូទាំង​ទ្វីប​អាហ្វ្រិក​បាន​មក​ជួប​ប្រជុំ​គ្នា​ នៅ​ឯ​សន្និសីទ​មួយ​ដែល​ត្រូវ​បាន​គេ​ហៅ​កាត់​ថា​ ICASA ដើម្បី​ស្វែង​រក​វិធី​ធ្វើ​ឲ្យ​បាន​ជោគ​ជ័យក្នុង​ការ​បំបាត់ជំងឺ​អេដស៍​ចេញ​ពី​ទ្វីប​អាហ្វ្រិក។

អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា​ មាន​ការ​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ​ ឬ​ជំងឺ​អេដស៍​ ហើយ​អង្គការ​ពិភពលោក​មួយ​នេះ​បាន​និយាយ​ថា​ ការ​បញ្ចប់​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ​ឲ្យ​បាន​នៅ​ត្រឹម​ឆ្នាំ​២០៣០​គឺ​ជា​ការ​រំពឹង​ទុក​ដោយ​ប្រាកដ​និយម​មួយ។​

លោក​ David Parirenyatwa រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​នៃ​ប្រទេស​ស៊ីមបាវ៉េ​និយាយ​ថា​ ការ​ផ្ដល់​ការ​ព្យាបាល​ភ្លាមៗ​ដល់​អ្នក​ដែល​ឆ្លង​មេរោគ​ហ៊ីវ​ គឺ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​នោះ។

«ដូច្នេះ​ វា​ដល់​ពេល​ហើយ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​មុខ​ និង​អនុវត្ត​នូវ​សេចក្តី​សម្រេច​ដែល​ត្រូវ​បាន​សរសេរ​ជា​លាយ​លក្ខណ៍​អក្សរ​នៅ​ទី​នេះ។ ការ​ធ្វើ​តេស្ត​ដើម្បី​ពិនិត្យ​មើល​ការ​ផ្ទុក​មេរោគ​ហ៊ីវ​និង​ការ​ព្យាបាល​ជំងឺ​នេះ​ត្រូវ​បាន​ដឹង​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ។ ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ត្រូវ​បាន​ធ្វើ​តេស្ត​ហើយ​បាន​ដឹង​លទ្ធផល​វិជ្ជមាន​ថា​អ្នក​មាន​ផ្ទុក​មេរោគ​ហ៊ីវ​ អ្នក​ត្រូវ​តែ​ទៅ​ព្យាបាល​ភ្លាម។ តើ​យើង​អាច​មាន​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល​នេះដែរ​ឬ​ទេ​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក? ចំណុច​នេះ​ហើយ​ ដែល​សហគមន៍​អន្តរជាតិ​បាន​ចូល​មក​ជួយ។ វា​ជា​ចំណុច​ដែល​យើង​ត្រូវ​ប្រមូល​ផ្តុំ​ធន​ធាន​ផ្សេងៗ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ»។

កាល​ពី​ដើម​សប្តាហ៍​មុន​ អង្គការ​គ្រូពេទ្យ​គ្មាន​ព្រំដែន​ បាន​ចេញ​របាយការណ៍​មួយ​ដែល​បានឲ្យដឹងថា​ ទ្វីប​អាហ្រ្វិក​កំពុង​ជួប​ប្រទះ​នូវ​កង្វះ​ខាត​ថ្នាំ​ពន្យារ​អាយុ ​ឬ​ ARV's។​

កង្វះ​ខាត​នេះ​អាច​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ ដោយ​សារ​គោលការណ៍​ណែនាំ​ថ្មី​របស់​អង្គការ​សុខភាព​ពិភពលោក។ គោល​ការណ៍​ណែនាំ​ថ្មី​នេះ​បាន​ដក​ចេញ​នូវ​ការ​រឹត​ត្បិត​ទាំង​អស់​លើ​សិទ្ធិ​ទទួល​បាន​វិធី​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំ​ពន្យារ​អាយុ​ក្នុង​ចំណោម​អ្នក​ផ្ទុក​មេរោគ​ហ៊ីវ។​ នេះមាន​ន័យ​ថា​ ប្រសិន​បើ​មាន​អ្នកដែល​ធ្វើ​តេស្ត​ឈាម​ឃើញ​លទ្ធផល​វិជ្ជមាន​ ពួក​គេ​គួរ​តែ​ទទួល​បាន​ការ​ព្យាបាល។

លោក​ស្រី​ឯក​អគ្គ​រដ្ឋ​ទូត​គោចរ​ Deborah Birx ​អ្នក​សម្រប​សម្រួល​ផ្នែក​ជំងឺ​អេដស៍​សាកល​របស់​សហរដ្ឋ​អាមេរិក ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ប្រតិភូ​ដែល​បាន​ចូល​រួម​សន្និសីទ​ ICASA។

លោក​ស្រី​និយាយ​ថា​ ផែនការ​បន្ទាន់​របស់​ប្រធានាធិបតី​អាមេរិក​សម្រាប់​ជំនួយ​សង្គ្រោះ​ផ្នែក​ជំងឺ​អេដស៍ ​(PEPFAR) បាន​បញ្ចេញ​ប្រាក់​ជំនួយ​បន្ថែម​ទៀត​សម្រាប់​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​ ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​សម្រប​ទៅ​នឹង​គោលការណ៍​ណែនាំ​ថ្មី​នោះ។​ លោក​ស្រី​បន្ថែម​ថា​ ប្រទេស​មួយ​ចំនួន​បាន​ចាត់ចែង​អនុវត្ត​គោលការណ៍​ថ្មី​នោះ​ដោយ​ខ្លួន​ឯង​ ដោយ​ពុំ​មានប្រាក់​ជំនួយ​ច្រើន​នោះ​ទេ។​

«យើង​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ ប្រសិន​បើ​អ្នក​ក្រឡេក​មើល​ស្ថានភាព​កាល​ពី​ទសវត្សរ៍​កន្លង​ទៅ​ចំពោះ​អ្វី​ដែល​ប្រទេស​អាហ្រ្វិក​ខាង​ត្បូង​បាន​វិនិយោគ​ទៅ​លើ​ជំងឺ​រាត​ត្បាត​មួយ​នេះ​ និង​ទៅ​លើ​អ្វី​ដែល​ប្រទេសណាមីប៊ី (Namibia) បាន​ធ្វើ​ដើម្បី​ទប់ស្កាត់​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ​ ឬ​មើល​លើ​អ្វី​ដែល​ប្រទេស​បុតស្វាណា (Botswana) តែង​តែ​បាន​ធ្វើ។ ដូច្នេះ ​មាន​ប្រទេស​ជាច្រើន​នៅ​លើ​ទ្វីប​នេះ​ ដែល​មាន​ធនធាន​ហើយ​បាន​ប្រើប្រាស់​ធនធាន​ទាំង​នោះ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។​ យើង​ជឿ​ជាក់​ថា​ ប្រទេស​ជា​ច្រើន​ទៀត​គួរ​តែ​ធ្វើ​ការ​វិនិយោគ​បែប​នេះ»។

ប្រទេស​ជាច្រើន​នៅ​ទ្វីប​អាហ្រិ្វក​ គឺ​ជា​ប្រទេស​ហត្ថលេខី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ Abuja​ ឆ្នាំ​២០០១ ​ដែល​បាន​កំណត់​ថា ១៥​ភាគរយ​នៃ​ថវិកា​របស់​ប្រទេស​នីមួយៗ​គួរ​តែ​ត្រូវ​បាន​ត្រៀម​ទុក​សម្រាប់​ការ​ចំណាយ​ផ្នែក​សុខភាព។

ក៏ប៉ុន្តែ​ មាន​ប្រទេស​ជា​ច្រើន​ដែល​បរាជ័យ​ក្នុង​ការ​អនុវត្ត​ការ​ប្តេជ្ញា​នោះ​ រួម​មាន​ប្រទេស​ស៊ីមបាវ៉េ​ផង​ ដែល​ភាគ​ច្រើន​នៃ​ថវិកា​ជាតិ​របស់​ខ្លួន​ ត្រូវ​បាន​ចំណាយ​លើ​វិស័យ​ការពារជាតិ​ ប្រាក់​ឈ្នួល​មន្រ្តី​រដ្ឋ​ការ​ និង​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា