ក្រុមអ្នកធ្វើការខាងមនុស្សធម៌បាននិយាយថា ស្ថានភាពនៃក្រុមមនុស្សមានទុរភិក្សនៅក្នុងក្រុង Madaya នៃប្រទេសស៊ីរីធ្វើឱ្យឈឺចាប់ក្នុងចិត្ត ហើយជាស្ថានភាពអាក្រក់បំផុតដែលពួកគេបានឃើញនៅក្នុងសង្គ្រាមស៊ីវិលនៃប្រទេសនេះដែលមានរយៈពេលជិត៥ឆ្នាំមកហើយនេះ។
លោក Sajjad Malik ប្រធានទីភ្នាក់ងារអ.ស.ប.ខាងជនភៀសខ្លួននៅក្នុងក្រុងដាម៉ាស់បាននិយាយថា «គ្មានអ្វីអាចប្រៀបធៀបបានជាមួយអ្វីដែលយើងបានឃើញនៅក្នុងក្រុង Madaya ទេ។» លោកបាននិយាយដូច្នេះប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងក្រុង Geneve កាលពីថ្ងៃអង្គារ គឺមួយថ្ងៃក្រោយពីអ.ស.ប.បានប្រគល់ជំនួយដល់ក្រុងនេះដែលមានប្រជារាស្ត្រ៤២០០០នាក់
ដែលបានត្រូវឡោមព័ទ្ធដោយកងកម្លាំងស្មោះត្រង់ជាមួយប្រធានាធិបតីស៊ីរី Bashar al-Assad។
លោក Malik បាននិយាយថាមាន «របាយការណ៍គួរឱ្យជឿទុកចិត្តបាន»អំពីមនុស្សអត់ឃ្លានរហូតដល់ស្លាប់នៅក្នុងក្រុង Madaya។
លោកបាននិយាយថា «មានមនុស្សនៅក្នុងក្រុង Madaya ក៏ប៉ុន្តែគ្មានជីវិតទេ។ អ្វីដែលយើងបានឃើញនៅក្នុងក្រុង Madaya មិនគួរកើតមាននៅក្នុងសតវត្សរ៍នេះឡើយ។»
លោក Bashar Jaafari ឯកអគ្គរដ្ឋទូតនៃប្រទេសស៊ីរីប្រចាំអ.ស.ប.បាននិយាយប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃចន្ទថា «គ្មានទុរភិក្សនៅក្នុងក្រុង Madaya ទេ» ដោយលោកបានច្រានចោលរបាយការណ៍មួយដោយអង្គការសប្បុរសធម៌អន្តរជាតិក្រុមវេជ្ជបណ្ឌិតគ្មានព្រំដែនដែលថាមានមនុស្ស២៨នាក់បានស្លាប់ដោយទុរភិក្សនៅក្នុងក្រុងនេះ៕»