ខណៈដែលទិវាសេរីភាពសារព័ត៌មាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភាខិតជិតមកដល់អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសកម្ពុជាបានប្រាប់ VOA អំពី ការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចចំពោះការចាប់ខ្លួនរបស់អាជ្ញាធរ។ ពួកគេនិយាយថា ការបារម្ភពីការសរសេរព័ត៌មានស៊ីជម្រៅ និងការរឹតត្បិតខ្លួនឯងក្នុងការសរសេរព័ត៌មាន មានច្រើនជាងមុនបើទោះបីជាវាមានរយៈពេលជាងមួយឆ្នាំទៅហើយ បន្ទាប់ពីកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី និងវិទ្យុមួយចំនួនត្រូវបានបិទមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
ទស្សនាសេចក្តីរាយការណ៍នេះជាវីដេអូ៖
Your browser doesn’t support HTML5
នាឱកាសទិវាសេរីភាពសារព័ត៌មាន អ្នកយកព័ត៌មានកម្ពុជាបង្ហាញពីការភ័យខ្លាចក្នុងការយកព័ត៌មាន
ភ្នំពេញ - អាកាសធាតុខែចេត្រក្តៅខ្លាំង ធ្វើឲ្យលោក យាង សុធារិន្ទ នឹកឃើញពីបទពិសោធន៍ដ៏ជូរចត់នៅក្នុងពន្ធនាគារព្រៃស ទីដែលលោកនិងអតីតសហការីរបស់លោក ជាអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានចំណាយពេលជិត១០ខែនៃជីវិតរបស់ពួកគេនៅទីនោះ។
លោក សុធារិន្ទ វ័យ ៣៦ ឆ្នាំបានប្រាប់ VOA នៅគេហដ្ឋានរបស់លោក កាលពីពេលថ្មីៗនេះថា៖
«យកខ្ញុំទៅដាក់ក្នុងពន្ធនាគារ រស់នៅជាមួយគេជាមួយឯង។ ហើយរស់នៅក្នុងភាពណែនណាន់តាន់តាប់។ អាហ្នឹងវាធ្វើបាបផ្លូវកាយខ្ញុំ ហើយទាក់ទងនឹងផ្លូវចិត្តខ្ញុំហ្នឹងគឺថាខ្ញុំបែកបាក់ប្រពន្ធកូន។គ្រួសាររបស់ខ្ញុំបែកបាក់ប្តីអ៊ីចឹងទៅកូនអត់មានឪពុកនៅក្បែរ។ ហើយអ៊ីចឹងវាជារឿងឈឺចាប់តាំងពីដើមមក»។
លោក សុធារិន្ទ និងលោក អ៊ួន ឈិនអតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងសណ្ឋាគារមួយនៅក្នុងរាជធានីភ្នំពេញក្នុងខែវិច្ឆិកាឆ្នាំ២០១៧។
ជាដំបូង អ្នកទាំងពីរត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា បានបើកខារ៉ាអូខេដោយមិនសុំការអនុញ្ញាតពីសមត្ថកិច្ច។ ក្រោយមកអ្នកទាំងពីរត្រូវបានចោទពីបទបញ្ជូនព័ត៌មានឲ្យរដ្ឋាភិបាលបរទេស ប៉ុន្តែពួកគេបានបដិសេធចំពោះការចោទប្រកាន់នេះ។
ការចោទប្រកាន់ទៅលើអតីតអ្នកយកព័ត៌មានទាំងពីររូបនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការបង្ក្រាបដែលគាំទ្រដោយរដ្ឋាភិបាល ទៅលើ អ្នកសារព័ត៌មាន និង ក្រុមអ្នកប្រឆាំងនៅការបោះឆ្នោតជាតិឆ្នាំ ២០១៨ ដែលពេលនោះគណបក្សប្រជាជនដែលជាគណបក្សកាន់អំណាចបានឈ្នះកៅអីទាំងអស់នៅក្នុងរដ្ឋសភា បន្ទាប់ពីការរំលាយគណបក្សប្រឆាំង។
រយៈពេលជិតមួយឆ្នាំទៅហើយបន្ទាប់ពីការបោះឆ្នោតជាតិ ការបង្ក្រាបនេះបានថមថយទៅវិញ ប៉ុន្តែគេអាចមើលឃើញយ៉ាងច្បាស់ពីការប៉ះពាល់ទៅលើសេរីភាពសារព័ត៌មានដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ។ ជាពិសេសបន្ទាប់ពីកាសែតភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដែលជាសារព័ត៌មានឯករាជ្យសម្រេចចិត្តបិទការិយាល័យរបស់ខ្លួននៅពេលរដ្ឋាភិបាលកម្ពុជាបានរឹតបន្តឹងឲ្យបង់ពន្ធដែលមានតម្លៃជាង ៦លានដុល្លារ។
រូបភាពឯកសារ៖ កាសែត The Cambodia Daily សរសេរអត្ថបទ «កម្មវិធីផ្សាយរបស់វិទ្យុ RFA និង VOA ត្រូវបានបញ្ឈប់នៅតាមបណ្តាខេត្តទូទាំងប្រទេស» រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
នៅឆ្នាំដដែលអ្នកយកព័ត៌មានពីរនាក់របស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលីត្រូវបានតុលាការចោទពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋដោយសារតែអ្នកទាំងពីរចុះយកព័ត៌មាននៅមុនការបោះឆ្នោត។
ដោយមានការព្រួយបារម្ភ អ្នកទាំងពីរបានចាកចេញពីប្រទេសកម្ពុជា។
លោក អូន ភាព វ័យ៥៥ឆ្នាំ គឺជាអ្នកយកព័ត៌មានម្នាក់ក្នុងចំណោមអ្នកយកព័ត៌មានពីររូបដែលរងការចោទប្រកាន់នេះ។ លោកបានចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅទីនោះ។
ពន្ធដែលមានតម្លៃដ៏ច្រើនក្រាសក្រែលនេះ ក៏ត្រូវបានរដ្ឋាភិបាលអនុវត្តទៅលើសារព័ត៌មានភ្នំពេញប៉ុស្តិ៍ផងដែរ។
ក្នុងឆ្នាំ២០១៨ កាសែតភ្នំពេញប៉ុស្តិ៍ ដែលជាគូប្រជែងរបស់កាសែត ឌឹខេមបូឌាដេលី ក៏ត្រូវបានលក់ឱ្យអ្នកវិនិយោគមកពីម៉ាឡេស៊ី។
ខណៈពេលដែលទិវាសេរីភាពសារព័ត៌មាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែឧសភាខិតជិតមកដល់អ្នកសារព័ត៌មានមួយចំនួននៅក្នុងប្រទេសបានប្រាប់ VOA អំពីការគំរាមគំហែង ការធ្វើទុក្ខបុកម្នេញ និងការភ័យខ្លាចពីការចាប់ខ្លួន។ ពួកគេនិយាយថា ការភ័យខ្លាចពីការសរសេរព័ត៌មានស៊ីជម្រៅ និងការរឹតត្បិតខ្លួនឯងក្នុងការសរសេរព័ត៌មានបានក្លាយជារឿងធម្មតា។
ចំពោះលោក សុធារិន្ទ ការណ៍មិនទម្លាក់បទចោទរបស់តុលាការ ធ្វើឲ្យលោកមានការព្រួយបារម្ភជាប់ជានិច្ច។ លោកត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីខែ សីហា ឆ្នាំ២០១៨ ប៉ុន្តែតុលាការមិនបានទម្លាក់បទចោទប្រកាន់លើរូបលោកនិងអតីតសហការីរបស់លោកនោះទេ។
បើយោងតាមលោក សំ ចំរើន ដែលជា មេធាវីការពារក្តីរបស់ លោក សុធារិន្ទ រាជអាជ្ញាបានបញ្ចប់ការស៊ើបអង្កេតករណីនេះ ហើយបានបញ្ជូនករណីនេះទៅចៅក្រមដើម្បីធ្វើការបន្ត។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការកំណត់ថ្ងៃសវនាការហើយ មិនមានភស្តុតាងសម្រាប់គាំទ្របទចោទប្រកាន់នោះដែរ។
មន្ត្រីតុលាការបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ។
លិខិតឆ្លងដែនរបស់លោកសុធារិន្ទត្រូវបានតុលាការដកហូត។ ការណ៍នេះមិនអាចឲ្យលោកធ្វើដំណើរទៅកម្ពុជាក្រោមដើម្បីជួបឪពុកម្តាយរបស់លោក ចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ។ តុលាការក៏តម្រូវឲ្យលោកទៅរាយការណ៍ជារៀងរាល់ខែ។ លោកបញ្ជាក់ថា៖
«កូនខ្ញុំអីគាត់នៅបារម្ភដែរហ្នឹង។ គាត់នៅបារម្ភថា តើពេលណាយើងទៅស្រុកបាន។ តើពេលណាតុលាការហ្នឹងទម្លាក់បទចោទប៉ា។ តើតុលាការអាចយកប៉ាចូលគុកវិញអត់។ [វា] ជារឿងដែលកូនសោកសៅដែលគាត់បារម្ភថា អាចថ្ងៃណាមួយអីយើងបែកបាក់គ្នាដូចមុនអីអ៊ីចឹង។ អ៊ីចឹងអារម្មណ៍គាត់អត់មូលទេ»។
បន្ទាប់ពីធ្វើអ្នកយកព័ត៌មានអស់រយៈពេល ៦ ឆ្នាំមក លោក សុធារិន្ទ បានបាត់បង់ការងាររបស់ខ្លួនបន្ទាប់ពី វិទ្យុអាស៊ីសេរី បិទការិយាល័យនៅទីក្រុងភ្នំពេញ។
លោកស្រី Tess Bacalla នាយកប្រតិបត្តិរបស់អង្គការសម័ន្ធអ្នកសារព័ត៌មានអាស៊ីអាគ្នេយ៍ Southeast Asian Press Alliance (SEAPA) ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការដើម្បីសិទ្ធិសេរីភាពអ្នកសារព័ត៌មាន បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា ការចាប់ខ្លួន លោក យាង សុធារិន្ទ «ជះឥទ្ធិពលបន្តដល់អ្នកយកសារព័ត៌មានខ្មែរដទៃទៀត»។
លោកស្រីមានប្រសាន៍ថា៖
«បើទោះបីជានៅទីបំផុត អ្នកយកព័ត៌មានទាំងពីររូបនេះត្រូវបានរួចខ្លួនក៏ដោយ ការឈឺចាប់ពីការត្រូវបញ្ជូនត្រឡប់ទៅពន្ធនាគារ វិញនៅនាទីណាក៏បាន។ ការណ៍នេះប្រាកដជាឲ្យសញ្ញា ឬការគំរាមច្បាស់ផ្ញើទៅអ្នកសារព័ត៌មានថា៖ កុំធ្វើឲ្យហួសពីព្រំដែន ឬ បើនិយាយឲ្យងាយស្តាប់កុំផ្សព្វផ្សាយអត្ថបទដែលមានការរិះគន់រដ្ឋាភិបាល ដើម្បីកុំឲ្យអ្នកទទួលលទ្ធផលលំបាកដូចគ្នាឬក៏ធ្ងន់ធ្ងរជាងហ្នឹងទៅទៀតដូចអ្នកដទៃទៀតដែលធ្វើឲ្យរដ្ឋាភិបាលខឹងសម្បារ»។
លោក ណុប វី នាយកប្រព័ន្ធផ្សព្វផ្សាយនៃអង្គការមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ Cambodia Center for Independent Media (CCIM) ដែលជាអង្គការក្រៅរដ្ឋាភិបាលធ្វើការដើម្បីលើកស្ទួយសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ហើយដែលផលិតកម្មវិធីវិទ្យុសម្លេងប្រជាធិបតេយ្យ Voice of Democracy (VOD) ផងនោះបានមានប្រសាសន៍ប្រាប់ VOA ថា៖
«យើងឃើញនៅមានរឿង Censorship ចំពោះអ្នកសារព័ត៌មានយើង [...]។ រឿងខ្លះហ្នឹងយើងពិបាកនឹងចេញផ្សាយទៅទៀតដោយសារតែកង្វះសារព័ត៌មានពីស្ថាប័នពាក់ព័ន្ធ ប៉ុន្តែរឿងខ្លះទៀតនឹងដោយសារតែភាពរសើបនឹងភាពប៉ះពាល់ស៊ីជម្រៅខ្លាំងទៅដល់មន្ត្រីធំៗ។ រឿងខ្លះក៏មានភាពចម្រូងចម្រាសនៅក្នុងការសរសេរ»។
រូបភាពឯកសារ៖ លោក ណុប វី នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំស្តីពីបញ្ហាប្រឈមនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ (កាន់ វិច្ឆិកា/VOA)
លោកបានបន្ថែមថា៖
«ជារួមអ្នកសរសេរតិចឬច្រើនគាត់មានការភ័យខ្លាចហើយដោយសារតែគាត់ឃើញស្ថានភាពស្រុកយើងអ៊ីចឹង។ គាត់ឃើញពីឧទាហរណ៍នៃការចាប់ខ្លួន ឧទាហរណ៍នៃការប្តឹងផ្តល់ចោទប្រកាន់អ្វីផ្សេងៗ»។
ការធ្វើទុក្ខបុកម្នេញទៅលើប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យអ្នកយកព័ត៌មានថ្លឹងថ្លែងពីអ្វីដែលពួកគេសរសេរ។
ក្រៅពីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរ រូប អ្នកយកព័ត៌មាន និងអ្នកសម្របសម្រួលការសរសេរនិងការថតវីដេអូលោក រ៉ាត់ រត្នមុន្នី ក៏ត្រូវបានចាប់ខ្លួនកាលពីខែធ្នូបន្ទាប់ពីលោកបានជួយសម្របសម្រួលស្ថាប័នព័ត៌មានដែលមានឈ្មោះថា Russia Today (RT) ដែលជាស្ថាប័នកាសែតរបស់រដ្ឋាភិបាលក្រុងមូស្គូ អំពីការជួញដូរផ្លូវភេទកុមារនៅកម្ពុជា។
អ្នកស្រី យន់ ស៊ីនាត វ័យ៣៤ ឆ្នាំដែលជាអតីតអ្នកយកព័ត៌មានរបស់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍មានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឲ្យអ្នកស្រីគិតពីផលពិបាកដែលអាចជួបប្រទះនៅពេលដែលអ្នកស្រីយកព័ត៌មាននៅកម្ពុជា។
អ្នកស្រី ស៊ី នាតនិយាយថា អ្នកស្រីចាកចេញពីសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ដោយសារតែអ្នកស្រីចង់រក្សាឯករាជ្យភាពរបស់អ្នកស្រីក្នុងការយកព័ត៌មាន។ សព្វថ្ងៃនេះ លោកស្រីគឺជាអ្នកយកព័ត៌មាន មិនចំណុះស្ថាប័នម្នាក់។
អ្នកស្រីពន្យល់ថា អ្នកស្រីបដិសេធមិនទទួលយកគម្រោងភាពយន្តឯកសារមួយដោយសារតែអ្នកស្រីព្រួយបារម្ភថា គម្រោងនេះ អាចនាំឲ្យអ្នកស្រី ប្រឈមបញ្ហា។
អ្នកស្រីមានប្រសាសន៍ប្រាប់ VOA យ៉ាងដូច្នេះថា៖
«រឿងពាក់ព័ន្ធនឹងការពរពោះជំនួស។ ហើយបណ្តាញព័ត៌មានដែលទាក់ទងមកហ្នឹងគឺគេចង់បង្ហាញមុខស្ត្រីដែលគាត់ពរពោះជំនួសឬបង្ហាញមុខស្ត្រី។ អ្នកខ្លះថា គាត់គឺជាជនល្មើស។ អ្នកខ្លះថា គាត់ជាជនរងគ្រោះអីអ៊ីចឹង។ ប៉ុន្តែបញ្ហាសំខាន់គឺបង្ហាញមុខរបស់គាត់បង្ហាញអត្តសញ្ញាណរបស់គាត់»។
អ្នកស្រីបន្ថែមថា៖
«ហើយខ្ញុំយល់ថា ប្រសិនបើធ្វើអ៊ីចឹងទីមួយធ្វើឲ្យពួកគាត់ដែលជាស្ត្រីខ្លួនឯងហ្នឹងគាត់អាចនឹងមានភាពអៀនខ្មាសសម្រាប់សហគមន៍របស់គាត់ ដោយសារគេបានឃើញមុខគាត់បានស្គាល់គាត់។ ទីពីរទៀតអាជ្ញាធរអាចនឹងធ្វើការចោទប្តឹងចោទប្រកាន់ថា អាចនឹងខ្ញុំហ្នឹងធ្វើគេហៅថា ផ្សព្វផ្សាយព័ត៌មានមិនពិតឬធ្វើឲ្យខូចកិត្តិយសរបស់ស្ត្រីអីអ៊ីចឹងទៅទើបធ្វើឲ្យខ្ញុំបដិសេធ»។
លោ ឆន ចាន់ស៊ី វ័យ៣៦ឆ្នាំ ចាប់ផ្តើមធ្វើ ជាអតីតអ្នកយកព័ត៌មានឲ្យកាសែត ឌឹ ខេមបូឌា ដេលី នៅឆ្នាំ ២០០៧។
រូបភាពឯកសារ៖ លោក ឆន ចាន់ស៊ី អតីតអ្នកសារព័ត៌មាន The Cambodia Daily ផ្តល់បទសម្ភាសន៍ឲ្យ VOA នៅក្នុងពិធីបុណ្យសពរបស់លោក Bernard Krisher ស្ថាបនិកកាសែត ដឹ ខេមបូឌាដេលី នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា\VOA)
លោក ចាន់ស៊ី ខិតខំធ្វើការពីមុខងារអ្នកសារព័ត៌មានជាអ្នកមើលការខុសត្រូវក្រុមការងារអ្នកសារព័ត៌មានបន្ទាប់។
លោកមានប្រសាសន៍ថា មិនមែនមានតែអ្នកយកព័ត៌មាននោះទេ ដែលមានការប្រុងប្រយ័ត្ន ប៉ុន្តែអ្នកផ្តល់ព័ត៌មានក៏មានការប្រុងប្រយ័ត្នខ្លាំងផងដែរចំពោះប្រធានបទដែលពួកគេនិយាយ។
«ពេលដែលចាប់ [ខ្លួន] ធ្វើឲ្យយើងជាអ្នកអតីតដេលី [កាសែត ឌឹ ខេមបូឌា ដេលី] ក៏មានការព្រួយបារម្ភដែរ។ ដោយសារអ្វីយើងបារម្ភថា នៅពេលដែលយើងបំពេញការងារជាអ្នកសារព័ត៌មានឯករាជ្យជាអ្នកសារព័ត៌មាន freelancer គេចោទប្រកាន់យើងថា អញ្ចេះ ថាអញ្ចុះ។ អ៊ីចឹងពេលហ្នឹងក៏យើងបារម្ភដែរ។ [យើង]បារម្ភមែនទែន»។
លោកបន្ថែមថា៖
«អ៊ីចឹងកាលណាវាមានរឿងហេតុអស់ហ្នឹងកើតឡើង។ ប្រភពរបស់យើងគាត់ក៏ត្រូវមានការប្រុងប្រយ័ត្ននៅក្នុងការផ្តល់ព័ត៌មានដែរ។ កាលណាគាត់និយាយអ្វី វាមានបញ្ហាលើសលុបប៉ះពាល់នរណាម្នាក់គាត់អាចប្រឈមនឹងរឿងផ្លូវច្បាប់ណាមួយដែរ។ អាហ្នឹងវាអ៊ីចឹង។ អ៊ីចឹងយើងក៏ពិបាកក្នុងការធ្វើព័ត៌មានដែរ»។
យោងទៅលើរបាយការណ៍ ចេញឆ្នាំ២០១៩ របស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) ដែលអង្គការអន្តរជាតិធ្វើការដើម្បីលើកកម្ពស់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានបានឲ្យដឹងថា សេរីភាពសារព័ត៌មានកម្ពុជាក្នុងឆ្នាំ២០១៨ អាក្រក់ជាងឆ្នាំ២០១៧មួយកម្រិត។
សេរីភាពសារព័ត៌មាននៅកម្ពុជា ចុះចំណាត់ថ្នាក់មកលេខ១៤៣ នៅឆ្នាំ២០១៨ក្នុងចំណោមសេរីភាពសារព័ត៌មាននៅប្រទេសចំនួន១៨០លើពិភពលោក។
ការធ្លាក់ចុះនេះបានរីករាលដាលនៅក្នុងតំបន់អាស៊ីនេះ។
នៅក្នុងប្រទេសមីយ៉ាន់ម៉ា តុលាការបានកាត់ទោសអ្នកកាសែត Reuters ពីរនាក់ក្រោមបទចោទថា បានរំលោភច្បាប់សម្ងាត់របស់ប្រទេស។ ការណ៍នេះបានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាធ្លាក់ចំណាត់ថ្នាក់មកត្រឹម១៣៨។
ក្រសួងយុត្តិធម៌ហ្វីលីពីនបានចោទប្រកាន់អ្នកស្រី Maria Ressa ដែលជានាយិកាគ្រប់គ្រងគេហទំព័រអនឡាញ Rappler.com និងក្រុមហ៊ុនគេហទំព័រព័ត៌មានរបស់អ្នកស្រីកាលពីថ្ងៃទី ៦ ខែកុម្ភៈ ទាក់ទិននឹងអត្ថបទមួយកាលពី ៧ ឆ្នាំមុន អំពីលទ្ធភាពនៃការឃុបឃិតរវាងពាណិជ្ជករហ្វីលីពីនម្នាក់ និងអតីតប្រធានតុលាការកំពូលហ្វីលីពីន។ អ្នកស្រីប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោសពីបទបរិហារកេរ្តិ៍តាមអ៊ីនធឺណិត។ ការចោទប្រកាន់នេះបានធ្វើឲ្យហ្វីលីពីនធ្លាក់មកនៅចំណាត់ថ្នាក់១៣៤។
អ្នកស្រី ស៊ីនាត និយាយថា កង្វះ គំរូល្អនៃប្រទេសដែលផ្តល់សេរីភាពសារព័ត៌មានពេញលេញដល់អ្នកយកព័ត៌មាននៅក្នុងតំបន់ ជាកង្វល់មួយរបស់អ្នកសារព័ត៌មាននៅកម្ពុជាផងដែរ។
«យើងអត់ទាន់មានប្រទេសជិតខាងដែលជាគំរូល្អសម្រាប់ការផ្តល់សេរីភាពពេញលេញទៅដល់អ្នកសារព័ត៌មាន។ ហេតុដូច្នេះហើយទើបមិនបានឆ្លុះបញ្ចាំងបែបហ្នឹងទៅរដ្ឋាភិបាលក៏គាត់គិតថាបច្ចុប្បន្នគាត់បានផ្តល់សេរីភាពគ្រប់គ្រាន់ហើយ»។
មន្ត្រីកម្ពុជាបានច្រានចោលការចាត់ចំណាត់ថ្នាក់របស់អ្នកសារព័ត៌មានគ្មានព្រំដែន ដែលបង្ហាញពីការធ្លាក់ចុះនៃសិទ្ធិសារព័ត៌មាននេះ។
លោក សុខ ឥសានមានប្រសាសន៍ថា សារព័ត៌មាននៅកម្ពុជាមានដំណើរការជាធម្មតា។
លោក សុខ ឥសាន ឆ្លើយសំណួររបស់ VOA នៅក្នុងការិយាល័យរបស់លោកនៅព្រឹទ្ធសភា អំពីស្ថានភាពសេរីភាពសារព័ត៌មាននាពេលបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
លោកមានប្រសាសន៍ថា៖
«អ្នកដែលវ៉ៃពីចម្ងាយរាប់ម៉ឺនគីឡូមកហ្នឹង [វា] មិនអាចយកជាការពិតបានទេ។ ហើយគាត់វ៉ៃតម្លៃនេះបើគាត់អង្គុយលើតុវ៉ៃដោយអត់មាននិន្នាការនយោបាយអត់អីប៉ុន្មានទេ។ ក៏ប៉ុន្តែបើវ៉ៃតម្លៃមាននិន្នាការនយោបាយរាជរដ្ឋាភិបាលកម្ពុជាធ្វើអ្វីក៏ខុសដែរ»។
លោកបន្ថែមថា៖
«ឥឡូវនេះយើងគិតមើលនៅទូទាំងប្រទេសមានកាសែតសរុប ៦៥០ អង្គភាពដែលតួលេខចេញផ្លូវការដោយក្រសួងព័ត៌មាន។ កាសែតភាសារខ្មែរ ៤១១ អង្គភាព។ កាសែតភាសាបរទេស ២៥ អង្គភាព។ ទស្សនាវដ្តី ១៩៤ ព្រឹតិបត្រ ២០ ក្លឹបកាសែតមាន ៤១ វិទ្យុផ្សាយសំឡេង ២២០ នៅក្នុងប្រទេសមួយដ៏តូចដូចកម្ពុជា»។
នៅពេលដែល VOA សួរលោកអំពីអនាគតអ្នកសារព័ត៌មានដែលសរសេរអត្ថបទស៊ីជម្រៅ លោកមានប្រសាសន៍ថា ស្ថាប័នព័ត៌មានជាច្រើននិយាយពីការពិតព្រោះ ស្ថាប័នទាំងនោះសរសើរពីស្នាដៃរបស់រដ្ឋាភិបាល។
«យើងមិនអាចនិយាយថា កាសែតច្រើនរយអង្គភាពហ្នឹងសុទ្ធតែប្រូខាងរដ្ឋាភិបាលទេ ពីព្រោះគេនិយាយការពិត។ គេសរសើររដ្ឋាភិបាលហើយប្រជាជនសរសើររដ្ឋាភិបាល គាំទ្ររដ្ឋាភិបាលក្នុងការអភិវឌ្ឍមិនឲ្យសរសេរពីការអភិវឌ្ឍ?»។
នៅក្នុងអ្វីដែលមើលទៅហាក់ដូចជាការរើសអើង អតីតអ្នកយកព័ត៌មាន ឌឹ ខេមបូឌា ដេលី និង អ្នកយកព័ត៌មាន (VOD) ត្អូញត្អែរថា រដ្ឋាភិបាលមិនផ្តល់ប័ណ្ណសារព័ត៌មានដល់ពួកគាត់។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបាន និងជានិពន្ធនាយករបស់ទូរទស្សន៍ PNN របស់លោក លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សកាន់អំណាច បាននិយាយថា ស្ថាប័នសារព័ត៌មានមួយចំនួនត្រូវបានសមត្ថកិច្ចនិងរដ្ឋាភិបាលគេហៅថា ជាស្ថាប័នមិនស្របច្បាប់។ លោកថា ស្ថាប័នទាំងនោះគួរចុះបញ្ជីឲ្យបានត្រឹមត្រូវដើម្បីឲ្យសមត្ថកិច្ចទទួលស្គាល់។
«វាអាចមានការលំបាកចំពោះអ្នកដែលស្ថាប័នមួយចំនួនដែលមានបញ្ហា។ កន្លងទៅដោយសារស្ថាប័នទាំងអស់ហ្នឹងអាជ្ញាធរ រដ្ឋាភិបាលគាត់ចាត់ទុកថា ជាស្ថាប័នដែលអត់មានច្បាប់ទម្លាប់អ៊ីចឹងគាត់អត់និយាយជាមួយ។ អាហ្នឹងហើយដែលជាចំណុចសំខាន់ដែលខ្ញុំគិតថា មានបញ្ហាមែន។ ប៉ុន្តែសម្រាប់ស្ថាប័នសារព័ត៌មានដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវកំពុងតែធ្វើកិច្ចការងារទទួលស្គាល់ដោយអាជ្ញាធរ។ ក្រសួងសារព័ត៌មានត្រឹមត្រូវ អាហ្នឹងខ្ញុំគិតថាដូចជា មិនមានការលំបាកក្នុងការយកព័ត៌មានទេ»។
ទោះជាយ៉ាក៏ដោយ លោក ប៉ែន បូណា និយាយថា មន្ត្រីនិងអ្នកពាក់ព័ន្ធគួរផ្តល់តម្លៃដល់អ្នកយកព័ត៌មានទាំងអស់ឲ្យបានស្មើៗគ្នាទោះជាមកពីស្ថាប័នណាក្តី។
«ស្ថាប័នសារព័ត៌មានអ្នកសារព័ត៌មានយើងដែលធ្វើការឲ្យស្ថាប័នមួយៗហ្នឹង។ សូមឲ្យយើងទៅបំពេញតាមបែបបទត្រឹមត្រូវទៅតាមច្បាប់ទៅ។ យើងមានជាអង្គភាព។ យើងមានជាការចុះបញ្ជី ហើយបើត្រូវបង់ពន្ធត្រឹមត្រូវអ៊ីចឹងទៅពេលនោះយើងនឹងមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពយកព័ត៌មាន ហើយខ្ញុំគិតថា បើសិនជាយើងអាចធ្វើកិច្ចការហ្នឹងបាន ខ្ញុំគិតថា អត់មានបញ្ហាទេ។ ហើយម្យ៉ាងទៀតក៏សូមសំណូមពរដែរទៅដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់គឺថា សូមឲ្យបើកទូលាយដល់អ្នកយកសារព័ត៌មានគ្រប់គ្នា បើសិនជានៅមានកន្លែងខ្លះអាចថា នៅមានរឿងរើសអើងហ្នឹងខ្ញុំគិតថា ឲ្យមានទូលំទូលាយឲ្យ ឲ្យគ្រប់ៗសារព័ត៌មានទៅបាទ៎»។
ការបង្ក្រាបពីរដ្ឋាភិបាលទៅលើអ្នកយកព័ត៌មានមួយចំនួនមិនត្រឹមតែទាក់ទាញការរិះគន់ពីក្រុមអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សប៉ុណ្ណោះទេ។
សហគមន៍អឺរ៉ុបកាលពីខែកុម្ភៈបានចាប់ផ្តើមដំណើរការ ដែលអាចនឹងនាំទៅដល់ការណ៍ដែលប្រទេសកម្ពុជាអាចបាត់បង់ការគាំទ្រខាងពាណិជ្ជកម្ម ពីសហភាពអឺរ៉ុបក្រោមកម្មវិធី នៃឋានៈអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ» ឬ Everything But Arms (EBA) ។
ដំណើរការនេះកើតឡើងបន្ទាប់ពីសហគមន៍អឺរ៉ុបមានការព្រួយបារម្ភពីការមិនគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសនេះដែលរួមទាំងសិទ្ធិសេរីភាពសារព័ត៌មានផងដែរ។
ប្រធានបេសកកម្មការទូតសហភាពអឺរ៉ុបលោក George Edgar ដែលជិតផុតអាណត្តិនៅកម្ពុជា ប្រាប់ VOA តាមសារអេឡិចត្រូនិចថា សារព័ត៌មានសេរីគឺជា «សរសរទ្រដ៏សំខាន់របស់លទ្ធិប្រជាធិបតេយ្យពហុបក្ស»។
«សហគមន៍បានបង្ហាញពីកង្វល់ចំពោះការពន្យារពេលសវនាការរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីជាច្រើនដង។ ខណៈពេលដែលការដោះលែងពួកគេនៅក្នុងខែសីហាឆ្នាំ២០១៨ត្រូវបានគេស្វាគមន៍ ពួកគេនៅតែប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ»។
លោកបន្តថា៖
«ដូចករណីផ្សេងៗទៀតដែរ យើងសង្ឃឹមថា សមត្ថកិច្ចកម្ពុជានឹងផ្តល់ដល់ពួកគេនូវសវនាការមួយដែលមានភាពយុត្តិធម៌ដោយមិនមានការពន្យារពេលរងចាំប្រសិនបើមានភស្តុតាងដែលបង្ហាញថាមានបទឧក្រិដ្ឋនោះមែន»។
គេមិនទាន់ដឹងថា តើសហភាពអឺរ៉ុបនឹងមានវិធានការយ៉ាងណាចំពោះកម្ពុជានៅឡើយទេ។
ខណៈពេលដែលក្រុមអ្នកការពារសិទ្ធិមនុស្សបន្តដាក់សម្ពាធលើរដ្ឋាភិបាលឲ្យទម្លាក់ការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានលោក យាង សុធារិន្ទ មានប្រសាសន៍ថាលោកនៅមានសង្ឃឹម។
លោកមានប្រសាសន៍ថា នៅពេលដែលរឿងនេះត្រូវបានដោះស្រាយស្រេចបាច់នោះ លោកនឹងត្រឡប់ទៅចូលរួមក្នុងវិស័យសារព័ត៌មានវិញដែល លោកថា ជាវិស័យដែលមានការចាំបាច់ខ្លាំងចំពោះអនាគត កម្ពុជា។
«ខ្ញុំនៅតែស្រលាញ់អាជីពសារព័ត៌មានហ្នឹង។ ថ្ងៃណាមួយប្រសិនបើមានការបើកចំហឲ្យបានត្រឹមត្រូវដូចមុនអ៊ីចឹងទៅ ខ្ញុំនឹងងាកទៅប្រកបវិជ្ជាជីវៈជាអ្នកកាសែតវិញ»៕