អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ណែនាំ​សមត្ថកិច្ច​ឲ្យ​ទប់​ស្កាត់​បទល្មើស​ចរាចរណ៍​នៅ​ថ្ងៃ​ចូលឆ្នាំ

រូបឯកសារ៖ អាជ្ញាធរ​កំពុង​ជួយ​សម្រួល​ចរាចរណ៍​ ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើត​​ ដើម្បី​ប្រារព្ធពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី​៣០ ខែកញ្ញា​ ឆ្នាំ​២០១៦​។​ (ហ៊ាន សុជាតា​/ VOA)

មន្រ្តី​នគរបាល​ជាន់​ខ្ពស់​កម្ពុជា បាន​ណែនាំ​ឲ្យ​មន្រ្តី​ពាក់ព័ន្ធ​ចូលរួម​ទប់​ស្កាត់ និង​ចាត់​វិធាន​ការ​លើ​បទល្មើស​ចរាចរណ៍ ខណៈ​គ្រោះ​ថ្នាក់​តាម​ដង​ផ្លូវ​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​​បារម្ភ​សម្រាប់​កម្ពុជា នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរជុំវិញប្រទេសដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។

ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ត្រៀម​ធ្វើ​ដំណើរ​ទៅ​បណ្តា​ខេត្ត​ដើម្បី​ជួបជុំ​គ្រួសារ និង​ចូលរួម​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ អគ្គ​ស្នងការ​នគរបាល​ជាតិ​បាន​ណែនាំ​ឲ្យ​មន្រ្តី​ពាក់ព័ន្ធទូទាំង​ប្រទេស​ទប់​ស្កាត់ និង​ចាត់​វិធានការ​លើការ​បើកបរ​ល្មើស​ច្បាប់ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍។ នេះ​បើ​តាម​សេចក្តី​ណែ​នាំ​ដែល​ចេញ​ដោយ​លោក នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ។

ក្នុង​សេចក្តី​ណែនាំ​ដែល​មាន​ប្រាំ​ចំណុច ចេញ​នៅ​ថ្ងៃ​ទី​១១ ខែមេសា ​ស្តីពី​ការ​រក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃទី​១៦ ខែ​មេសា​នេះ លោក នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ណែនាំ​ស្នងការ​នគរបាល​រាជធានី​ខេត្ត ថា​ត្រូវ​ចាត់​វិធានការ​ទប់​ស្កាត់​រាល់​បទ​ល្មើស​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ។

រូបឯកសារ៖ លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មានវត្តមានក្នុង មហាសន្និបាតប្រចាំឆ្នាំរបស់នគរបាលជាតិ ក្នុងបរិវេណក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨។ (អូន ឆេងប៉រ/VOA)

សេចក្តី​ណែនាំ​ចេញ​ដោយ​លោក នេត សាវឿន បញ្ជាក់​តាម​ន័យ​ដើម​ក្នុង​ចំណុច​ទី​១​ថា៖ «ទប់ស្កាត់​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង ការ​មិន​ពាក់​មួក​សុវត្ថិភាព និង​ករណី​ល្មើស​ច្បាប់​ផ្សេង​ទៀត ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ដោយ​ធ្វើការ​ឃាត់​យានយន្ត​ល្មើស ចេញ​បណ្ណ​ពិន័យ ហើយ​ណែនាំ​ឲ្យ​បង់ប្រាក់​ពិន័យ​នៅ​ស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក។ ចំពោះ​ករណី​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ក្រៅ​ពី​អនុវត្ត​ការ​ពិន័យ​តាម​ច្បាប់ ត្រូវ​ឃាត់​អ្នក​បើកបរ​នៅ​ស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវគោក រហូត​ដល់​ពិនិត្យ​ឃើញ​ថា គ្មាន​ជាតិ​អាល់កុលពី​ក្នុង​រាង​កាយ ទើប​អនុញ្ញាត​ឲ្យ​បន្ត​ការ​បើកបរ»។

ក្នុង​សេចក្តី​ណែនាំ​ដដែល​នោះ លោក នេត សាវឿន ក៏​បាន​ណែនាំ​ឲ្យ​សមត្ថកិច្ចចាត់​វិធានការ​ម៉ឺង​ម៉ាត់​ចំពោះ​ការ​ចត​យានយន្ត ការ​លក់ដូរ ឬ​សកម្មភាព​ផ្សេងៗ នៅ​តាម​គោលដៅ​ដែល​បាន​ហាម​ឃាត់ ដូចជា​តាម​ដង​ផ្លូវ​ទី​ប្រជុំជន វត្តអារាម រមណីយដ្ឋាន តំបន់​ទេសចរណ៍ និង​ទីតាំង​កម្សាន្ដ​សប្បាយ។ លោក​បន្ថែម​ថា សមត្ថកិច្ច​ក៏​ត្រូវ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ទំនាក់​ទំនង​ឲ្យ​សាធារណជន​បាន​យល់​ដឹង​អំពី​របៀប​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​រហ័ស​ទៅ​ដល់​នគរបាល​ចរាចរណ៍​ផ្លូវគោក អំពី​គ្រោះថ្នាក់​ចរាចរណ៍។ លោក​ក៏​បាន​ណែនាំ​សមត្ថកិច្ច​ឲ្យ​ត្រៀម​មន្ត្រី​ជំនាញ និង​មធ្យោបាយ​សម្រាប់​ជួយ​សង្គ្រោះ​ជន​រងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​បាន​ទាន់​ពេល។

VOA មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក រុន រ័ត្ន​វាសនា ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិបាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

សេចក្តី​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ធ្វើ​ឡើង​ខណៈ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​តែ​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នៅ​កម្ពុជា។

បើតាម​របាយការណ៍​របស់​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​បញ្ជាក់​ថា​ ក្នុងឆ្នាំ​២០១៨ ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន​ជាង​៣​ពាន់​លើក​ដែល​បណ្តាលឲ្យ​បាត់បង់​ជីវិត​មនុស្ស​ចំនួន​ជិត​ ១៨០០ ​នាក់​ ​ដោយ​រាប់​តែ​អ្នកស្លាប់​នៅ​លើ​ដងផ្លូវ​ មិន​រាប់​តាម​មន្ទីរពេទ្យ។

ចំណែក​រយៈពេល​បី​ខែ​ដើម​ឆ្នាំ២០១៩ គ្រោះថ្នាក់​ចរាចរណ៍កើត​ឡើង​ចំនួន​ ១០៧៦​លើក បណ្តាល​ឱ្យបាត់បង់​ជីវិតមនុស្ស​ចំនួន ៥១៣​នាក់ និង​របួស​ចំនួន ១៥៩២​នាក់។ បើ​តាម​តួលេខ​នេះ​បង្ហាញ​ថា ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ចំនួន ​៦នាក់​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។

លោក គង់ រតនៈ ​ប្រធាន​ស្តីទី​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ ប្រាប់​ VOAថា ការ​ណែនាំ​របស់​អគ្គស្នងការ​នគរបាល​ជាតិ គឺ​ជា​ចំណុច​ល្អ ប៉ុន្តែ​លោក​ថា សមត្ថកិច្ច​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​គ្រប់​ពេល​និង​ស្មើភាព​គ្នា។ លោកបន្ថែម​ថា នៅ​កម្ពុជា គ្រឿង​ស្រវឹង​គឺ​ជា​មូលហេតុ​ចម្បង​ដែល​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ ស្រប​ពេល​ដែល​ការ​អប់រំ​អំពី​បញ្ហា​ចរាចរណ៍​នៅ​មាន​ការ​ខ្វះ​ខាត។

លោក​បញ្ជាក់​ថា៖«យើង​ត្រូវ​ប្រាកដ​ថា​ចំណាត់​ការ​របស់​គាត់​ហ្នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យបានទូលំ​ទូលាយ​ មិន​ត្រឹមតែ​សមត្ថកិច្ច​ទេ​ សូម្បី​ប្រជាពលរដ្ឋ​ហ្នឹង​ក៏​ត្រូវ​ដឹង​ដែរ ពី​ព្រោះ​យើង​មិន​ត្រូវ​ការ​ដាក់​កម្លាំង​ពួន​ស្ទាក់​ចាប់​ទេ។​ គឺ​យើង​ប្រាប់​គាត់​មុន​ថា ថ្ងៃ​ចូលឆ្នាំ​ហ្នឹង​គឺមន្រ្តី​សមត្ថកិច្ច​ចរាចរណ៍​គឺ​គាត់​ដាក់​ពង្រាយ​ដើម្បី​ត្រួត​ពិនិត្យ​ការ​បើក​បរ​អី​សព្វ​យ៉ាង​ហ្នឹង»។

បើតាមមន្រ្តី​ជំនាញ​បង្ហាញ​ថា មូល​ហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បណ្តាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​នៅ​ពេល​បើកបរ ការ​មិន​ប្រកាន់​ស្តាំ ការ​វ៉ា​ជែង​ ការ​បត់​ដោយ​មិន​ប្រើ​ភ្លើង​សញ្ញា ការ​បើក​បរ​ដោយ​ស្រវឹង កត្តា​យាន​យន្ត និង​ការ​បើកបរ​ដោយ​ងងុយ​ដេក​ជា​ដើម៕