ក្រសួង​កសិកម្ម៖ ការ​ពិសោធ​បង្ហាញ​ថា ​គ្មាន​អង្ករ​ប្លាស្ទិក​នៅ​កម្ពុជា​ទេ

រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

ថ្មីៗ​នេះ មាន​ព័ត៌មាន​លេច​ឮ​តាម​បណ្ដាញ​សង្គម​ដោយ​លើកឡើង​ថា មាន​អង្ករ​ប្លាស្ទិក​កំពុង​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ដែល​បាន​បង្ក​ឱ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ​ប្រកាស​ថា ក្រសួង​បានពិសោធ​អង្ករ​ដែល​សង្ស័យ​ថា​ជា​អង្ករ​ប្លាស្ទិក​ ហើយ​លទ្ធផល​បង្ហាញ​ថា​ អង្ករ​ទាំង​នោះ​ជា​អង្ករ​ពិត មិនមែន​ជា​អង្ករ​ប្លាស្ទិកដូច​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​នោះ​ទេ។

ថ្មីៗ​នេះ មាន​ព័ត៌មាន​លេច​ឮ​តាម​បណ្ដាញ​សង្គម​ដោយ​លើកឡើង​ថា មាន​អង្ករ​ប្លាស្ទិក​កំពុង​ចរាចរ​លក់​នៅ​លើ​ទីផ្សារ​កម្ពុជា ដែល​បាន​បង្ក​ឱ្យ​មាន​ក្ដី​ព្រួយ​បារម្ភ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​ ក្រសួង​កសិកម្ម​ បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​សហការ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ដោយ​បាន​បញ្ជូន​សំណាក​គំរូ​អង្ករ​ដែល​គេ​សង្ស័យ​ថា​ជា​អង្ករ​ប្លាស្ទិក​ទៅ​វិភាគ​នៅ​មន្ទីរ​ពិសោធន៍​ជាតិ​កសិកម្ម​នៃ​អគ្គ​នាយកដ្ឋាន​កសិកម្ម។

លោក ឡោ រស្មី អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ប្រាប់​ VOAថា​ ក្រសួង​បាន​ធ្វើ​ការ​ពិសោធ​អង្ករ​ពីរ​ប្រភេទ​ផ្សេង​គ្នា​គឺ​សំណាក​គំរូ​អង្ករ​ដែល​សង្ស័យ​ថា​ជា​អង្ករ​ប្លាស្ទិក និង​អង្ករ​ពិត​ដែល​សម្រាប់​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស។

«លទ្ធផល​នៃ​ការ​វិភាគ​ខាង​លើ​ហ្នឹង​បាន​បង្ហាញ​ថា ​ការ​លាយ​អង្ករ​ជាមួយ​អាស៊ីដ​មិន​មាន​នៅ​សល់​កាក​សំណល់ជាតិ​ប្លាស្ទិក​នោះ​ទេ។ ហ្នឹង​ទី​១ យើង​ឃើញ​ហើយ​អត់​ឃើញ​មាន។ មួយ​ទៀត ​គឺ​ការ​វិភាគ​ដង់ស៊ីតេ​អង្ករ​របស់​ក្រុមហ៊ុន ​ហើយ​និង​អង្ករ​គំរូ​មាន​ដង់ស៊ីតេ​ដូច​គ្នា​ បាទ​ហ្នឹង​ណា! ហើយ​មួយ​ទៀត​ការ​វិភាគ​រក​ប្រូតេអ៊ីន​អង្ករ​របស់​ខាង​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ហើយ​និង​អង្ករ​គំរូ​ស្អីៗ​ហ្នឹង​យក​មក​ធ្វើ​ការ​វិភាគ​ទៀត។ អ៊ីចឹង​គឺ​យើង​បាន​ពិនិត្យ​មើល​ទៅ​ឃើញ​ថា​អត់​មាន​អី​ទាំង​អស់»។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​កសិកម្ម ការ​ពិសោធ​បាន​វិភាគ​សំណាក​គំរូ​អង្ករ​តាម​បច្ចេកទេស​ចំនួន​៣ចំណុច គឺ​ការ​វិភាគ​លក្ខណៈ​រូប​ តាម​រយៈ​ការ​វាស់​ដង់ស៊ីតេ​អង្ករ​និង​ម្សៅ​អង្ករ ការ​វិភាគ​លក្ខណៈ​គីមី​ដើម្បី​ស្រាវជ្រាវ​កម្រិត​ប្រូតេអ៊ីន​ក្នុង​អង្ករ និង​ការ​រំលាយ​អង្ករ​ដោយ​ប្រើប្រាស់​អាស៊ីដ​ខ្លាំង (Nitric Digestion)។ លើស​ពី​នេះ ក្រសួង​ក៏​បាន​ដាក់​ចេញ​ជា​ប្រព័ន្ធ​ទូរស័ព្ទ​ចំនួន​៣​ខ្សែ​សម្រាប់​ឱ្យ​សាធារណជន​រាយការណ៍​ក្នុង​ករណី​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​វត្តមាន​អង្ករ​ប្លាស្ទិក។

លោក សម វិទូ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សេដាក (CEDAC) ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​ប្រើ​ពាក្យ​«អង្ករ​ប្លាស្ទិក​»​អាច​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ និង​កង្វល់​ក្នុង​ចំណោម​សាធារណជន។

លោក​បន្ត​ថា ប្រភេទ​អង្ករ​ដែល​មិនមែន​ជា​អង្ករ​ពិត ឬ​ជា​អង្ករ​សិប្បនិម្មិត​នេះ​ពិត​ជា​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា ដោយ​សាច់​ញាតិ​របស់​លោក​ធ្លាប់​ទិញ​ប៉ះ​អង្ករ​ប្រភេទ​នេះ។

«នៅ​ក្នុង​អង្ករ​នេះ​ហ្នឹង​ទី​១ ពេល​គាត់​លាង​ទៅ​អង្ករ​ហ្នឹង​ វា​អត់​មាន​ចេញ​កន្ទក់​ពណ៌​ស​ដូច​អង្ករ​យើង​ធម្មតា​ទេ​ ហ្នឹង​ទី​១។ ហើយ​ទី​២​ហ្នឹង​គឺ​បញ្ហា​ទាក់ទង​ទៅ​នឹង​ពេល​ដែល​ដាំ​បាយ​ទៅ​ គឺ​វា​គ្រាប់​អង្ករ​ហ្នឹង​គឺ​វា​អត់​ស្អិត​ជាប់​គ្នា​ទេ ប៉ុន្តែ​ដល់​ពេល​ច្របាច់​ទៅ​បាន​វា​ស្អិត​ជាប់​នៅ​ខាង​ក្នុង​វិញ»។

លោក សម វិទូ ឱ្យ​ដឹង​ដែរ​ថា អង្ករ​ប្រភេទ​នេះ​ផលិត​ពី​ដំឡូង​ ដោយ​ភាគ​ច្រើនមាន​ប្រភព​ចេញ​ពី​ប្រទេស​ចិន​ ឯ​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ទាន​អង្ករ​ប្រភេទ​នេះ​ គឺ​អាស្រ័យ​ទៅ​លើ​ដំណើរ​ការ​នៃ​ការ​ផលិត ។

«ប្រសិន​បើ​ធ្វើ​ទៅ​តាម​ក្បួន​ច្បាប់​ត្រឹមត្រូវ​ដែល​មាន​ចែង​នៅ​ក្នុង​អា​នេះ​ហ្នឹង គឺ​អត់អី​ទេ ប្រសិន​បើ​ធ្វើ​ទៅ​ត្រូវ​អញ្ចឹង​នុះ​ណា៎ ព្រោះ​នៅ​ស្រុក​យើង​កុំ​ថា​ឡើយ​អង្ករ ឬ​ក៏​ប្រភេទ​ផលិតផល​អី សូម្បី​តែ​ចំណី​អាហារ​ដែល​យើង​ធ្វើ​ដូចជា​មី ដូចជា​គុយទាវ​ ឬ​ក៏​អីចឹង​ដែល​យើង​ធ្វើ​ទៅ​ហើយ​ វា​មិន​មាន​បទដ្ឋាន​ត្រឹម​ត្រូវ​ហ្នឹង​គឺ​វា​ធ្វើ​ឱ្យ​ខូច​សុខភាព​ដូចគ្នា ចឹងណា!»។

លោក សម វិទូ ​អំពាវនាវ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ស្វែងរក​ប្រភព​អង្ករ​ប្រភេទ​នេះ ដើម្បី​ពិនិត្យ​ថា​ តើ​ការ​ផលិត​អង្ករ​ទាំង​នោះ​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

បើ​តាមលោក ឡោ រស្មី មក​ដល់​ពេល​នេះ​ក្រសួង​ជំនាញ​មិន​ទាន់​ពិនិត្យ​ឃើញ​ប្រភេទ​អង្ករ​ប្លាស្ទិក ​ឬ​អង្ករ​សិប្បនិម្មិត​ចរាចរ​នៅ​លើ​ទីផ្សារ​កម្ពុជា​នោះ​ទេ។

យ៉ាង​នេះ​ក្ដី លោក​ថា​អាច​មាន​ការ​លួច​នាំ​ចូល​ដោយ​ខុស​ច្បាប់​នូវ​អង្ករ​ប្រភេទ​នេះ​មក​កាន់​កម្ពុជា ដោយ​លោក​អំពាវនាវ​ឱ្យ​សាធារណជន​រាយការណ៍​ជូន​មន្ទីរ​កសិកម្ម ឬ​មន្ទីរ​ពាក់ព័ន្ធ​ដែល​នៅ​ជិត​បំផុត ដើម្បី​ចាត់​វិធានការ​កុំ​ឱ្យ​មាន​ការ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​អង្ករ​កម្ពុជា​ដែល​កំពុង​នាំ​ចេញ​ទៅ​ជាង​៦០​ប្រទេស៕