ក្រសួង​កសិកម្ម​ថា​ត្រី​នៅ​បឹង​ទន្លេ​សាប​កើន​ឡើង​នៅ​ឆ្នាំ​២០២២​

រូបឯកសារ៖ ​ត្រីជាច្រើន​តោន​ត្រូវ​បាន​ពលរដ្ឋ​រក​បាន​នៅ​ដាយត្រី​មួយ​តាម​ដងទន្លេ​សាបអំឡុង​ដើម​រដូវ​ប្រហុក​ផ្អក​នៅ​ឃុំ​កំពង់លួង ស្រុក​ពញ្ញាឮ ខេត្ត​កណ្តាល​ កាលពី​ថ្ងៃសៅរ៍​ ទី​០៧ ខែធ្នូ ឆ្នាំ២០១៩។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់​និង​នេសាទ​បាន​អះអាង​ថា ​ផល​នេសាទ​ដាយត្រី​នៅ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល​នៃបឹង​ទន្លេសាប​កើន​ឡើង​រហូត​ដល់​៤០% ​នៅ​ឆ្នាំ​២០២២ ​បើ​ធៀប​នឹង​ឆ្នាំ​២០២១។​ នេះ​បើ​យោង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៣ ​ខែ​មករា ​ឆ្នាំ​២០២៣។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ នៅ​ក្នុង​ឆ្នាំ​២០២២-២០២៣​នេះ​ ផល​នេសាទ​ដាយ​ត្រី​ទទួល​បាន​១៤៨១​តោន​ ខណៈ​កាល​ពី​ឆ្នាំ​២០២១-២០២២​ផល​នេសាទ​ដាយត្រី​បាន​៨៩០​តោន។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដដែល​បញ្ជាក់​ថា៖​ «កំណើន​ត្រី​ដែល​ចាប់​បាន​នៅ​ក្នុង​គន្លង​ដាយ​នេះ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា​ បរិមាណ​ត្រី​ទឹក​សាប​នៅ​ក្នុង​ធម្មជាតិ​មាន​ការ​កើន​ឡើង​ជាង​មុន​ ដែល​ជា​លទ្ធផល​នៃ​ការ​ទប់​ស្កាត់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នូវ​បទ​ល្មើស​ក្នុង​បឹង​ទន្លេសាប​ ពី​សំណាក់​មន្ត្រី​ជល​ផល ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ទាំង​អស់​កាល​ពីរដូវ​ត្រី​ពង​ក្នុង​អំឡុង​ឆ្នាំ​២០២២​កន្លង​ទៅ»។​

បើ​តាម​ក្រសួង​កសិកម្ម​ ត្រី​ដែល​ទទួល​បាន​ពីផល​នេសាទ​ដាយត្រី​ មាន​ដូច​ជា​ត្រី​រៀល​៤៥% ត្រី​ស្លឹក​ឫស្សី​៣០%​ ត្រីខ្នង​វែង​៥%​ ត្រី​កញ្ជ្រក​៣%​ ត្រី​ច្រកែង​២%​ ត្រីឈ្វាត​ ៥%​ និង​ត្រី​ចម្រុះ​ ១០%។ ​ក្រៅ​ពី​នេះ​ ក្រសួង​កសិកម្ម​អំពាវនាវ​ឱ្យ​ប្រជា​នេសាទ​ទាំង​អស់គោរព​ទៅ​តាម​ច្បាប់​នេសាទ​ដើម្បី​រក្សា​ធនធាន​ជល​ផល​ឱ្យ​បាន​យូរ​អង្វែង​ ខណៈ​ក្រសួង​ក៏​បាន​ប្តេជ្ញា​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ ដោយ​ការ​ដាក់​ទោស​ទណ្ឌ​ជា​ធរមាន​ចំពោះ​អ្នក​ប្រព្រឹត្ត​ខុស​ច្បាប់។

អ្នក​ជំនាញ​ក្រៅ​រដ្ឋាភិបាន​ និង​អ្នកនេសាទ​ធ្លាប់​មាន​ចម្ងល់​អំពី​តួលេខ​ជល​ផល​ក្នុង​របាយ​ការណ៍​របស់​រដ្ឋាភិបាល​ ខណៈ​ធា​ទឹក​ប្រទេស​កម្ពុជា​រង​ការ​ប្រែប្រួល​ដោយសារ​ទំនប់​វារី​អគ្គិសនី​តាម​ដងទន្លេ​មេគង្គ៕