មន្រ្តីវៀតណាមកំពុងតែប្រញាប់ប្រញាល់គ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ ជាបន្ទាន់សាជាថ្មី បន្ទាប់ពីត្រូវបានរាយការណ៍ថា ទទួលបានជោគជ័យក្នុងកិច្ចប្រឹងប្រែងទប់ទល់នឹងជំងឺនេះកាលពីដើមឆ្នាំនេះ។
អាជ្ញាធរវៀតណាមបានបិទសកម្មភាពសេដ្ឋកិច្ចនៅទីក្រុងដាណាង កាលពីប៉ុន្មានសប្តាហ៍មុននេះ បន្ទាប់ពីមនុស្សពីរនាក់ត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩។ នេះបើយោងទៅតាមសារព័ត៌មានក្នុងស្រុក។ ករណីឆ្លងជំងឺកូវីដ១៩ ថ្មីនៅតំបន់ខាងក្នុង និងនៅជិតក្រុងដាណាង បានកើនដល់ ៣០ករណី គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ដែលភាគច្រើននៃករណីឆ្លងថ្មីនេះត្រូវបានកំណត់ចេញពីមន្ទីរពេទ្យបង្អែកមួយ។
ពលរដ្ឋចំនួន ៩៧លាននាក់នៅប្រទេសវៀតណាម ដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើន ព្រួយបារម្ភថា ការឆ្លងជំងឺកូវីដ១៩ នៅក្រុងដាណាងនឹងបន្តរីករាលដាល និងបង្កឲ្យមានការបិទសេដ្ឋកិច្ចទូទាំងប្រទេសសាជាថ្មី ដូចការបញ្ជាឲ្យបិទសកម្មភាពសេដ្ឋកិច្ចអស់រយៈពេលជិតមួយខែរហូតដល់ចុងខែមេសា។
លោក Adam McCarty អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅវិទ្យាស្ថាន Mekong Economics ក្នុងក្រុងហាណូយបាននិយាយថា៖ «វាអាចជាការរាតត្បាតជាថ្មីម្តងទៀត ហើយវាពិតជាធ្វើឲ្យពលរដ្ឋវៀតណាមមានការព្រួយបារម្ភ ពីព្រោះពួកគេគិតថា ពួកគេបានឆ្លងកាត់វាផុតរួចទៅហើយ។ ប៉ុន្តែដូចជាប្រទេសដទៃទៀតលើសាកលលោកបានរកឃើញ គឺថា ជំងឺនេះរាតត្បាតលឿនជាងអ្វីដែលអ្នកគិតទៅទៀត»។
ខណៈដែលតួលេខនៃករណីឆ្លងជំងឺកូវីដ១៩នៅវៀតណាមមានទាបខ្លាំង មិនដូចករណីឆ្លងប្រចាំថ្ងៃចំនួនរាប់រយករណីនៅតាមបណ្តាប្រទេសដទៃទៀត វៀតណាមមានមោទនភាពចំពោះការអាចគ្រប់គ្រងជំងឺនេះបាននៅដើមឆ្នាំនេះ។ វៀតណាមមិនមានករណីឆ្លងថ្មីអស់រយៈពេល ៩៩ថ្ងៃ ហើយសេដ្ឋកិច្ចបានវិលត្រឡប់មកសភាពធម្មតាវិញកាលពីថ្ងៃឧសភា។
ការផ្អាកការហោះហើរ និងវិធានការដាក់នៅដោយឡែកយ៉ាងតឹងរ៉ឹងបានរក្សាករណីឆ្លងសរុបមកត្រឹមចំនួន ៤៤៦ ដែលនេះរួមមានការឆ្លងនាពេលចុងក្រោយបង្អស់។ គិតត្រឹមថ្ងៃអង្គារ ទី២៨ ខែកក្កដា មនុស្សចំនួន ៣៦៩នាក់បានជាសះស្បើយ។
ក្រុងដាណាង ដែលមានប្រជាជនចំនួន ១,១ លាននាក់ បានផ្អាកទទួលអ្នកទេសចរសម្រាប់រយៈពេល១៤ថ្ងៃ ផ្អាកការជួបជុំ និងបិទសេវាកម្មដែលមិនសំខាន់ដូចជា រង្គសាល និងសួនកម្សាន្ត។ នេះបើយោងទៅតាមវេបសាយព័ត៌មានក្នុងស្រុកវៀតណាម VnExpress International។
ក្រុមហ៊ុនប្រឹក្សាយោបល់ Dezan Shira & Associates បានលើកឡើងនៅលើវេបសាយរបស់ខ្លួនថា សេវាកម្មហោះហើរ រថយន្តក្រុង តាក់ស៊ី និងរថភ្លើង ទៅមកក្រុងដាណាងក៏ត្រូវផ្អាកផងដែរ។ ហើយអ្នកទេសចររាប់ពាន់នាក់ត្រូវស្ថិតនៅក្រុងមួយនេះសិន។
លោក Jack Nguyen ដៃគូសហការប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Mazars ក្នុងក្រុងហូជីមិញបាននិយាយថា៖ «យើងសង្ឃឹមថា ការរាតត្បាតថ្មីនេះនឹងមិនរីកសាយភាយនោះទេ ពីព្រោះថា បើមិនអញ្ចឹងទេ ពួកគេ [រដ្ឋាភិបាល] នឹងបិទសេដ្ឋកិច្ចជាថ្មីម្តងទៀត។ ហើយការណ៍នេះនឹងបង្កការប៉ះពាល់យ៉ាងខ្លាំងដល់វិស័យធុរកិច្ច។ ខ្ញុំគិតថា វៀតណាមមិនអាចទ្រាំទ្រនឹងការបិទសេដ្ឋកិច្ចជាថ្មីម្តងទៀតនោះទេ»។
វេបសាយព័ត៌មាន VnExpress International ក៏បានរាយការណ៍ផងដែរថា ខេត្ត Quang Nam ដែលជាប់ព្រំប្រទល់នឹងក្រុងដាណាង ក៏បានគ្រោងបិទរង្គសាល ហាងកាហ្វេអ៊ីនធឺណិត រោងភាពយន្ត និងកន្លែងដទៃទៀតផងដែរ ចាប់ពីថ្ងៃពុធ ទី២៩ ខែកក្កដាតទៅ ដើម្បីទប់ទល់នឹងរាតត្បាតវីរុសកូរ៉ូណាសាជាថ្មី។
លោក Jack Nguyen ដៃគូសហការប្រចាំក្រុមហ៊ុនប្រឹក្សាយោបល់ធុរកិច្ច Mazars បាននិយាយថា៖ «ក្រុងដាណាងគឺចប់ហើយ។ លែងមែនអ្នកទេសចរចេញចូលហើយ»។
ផលិតផលក្នុងស្រុកសរុបរបស់វៀតណាមត្រូវបានរំពឹងថា នឹងកើនពី៣ ទៅ៤ភាគរយនៅឆ្នាំនេះ ដោយសាររោងចក្របានដំណើរការឡើងវិញ បន្ទាប់ពីមានការបិទសេដ្ឋកិច្ចកាលពីគ្រាមុន។ ការធ្វើដំណើរក្នុងស្រុកក៏បានវិលត្រឡប់មកវិញជាធម្មតាផងដែរ ខណៈពលរដ្ឋវៀតណាមត្រូវបានជំរុញឲ្យធ្វើដំណើរតាមជើងអាកាសក្នុងស្រុក និងធ្វើដំណើរកម្សាន្តទេសចរណ៍។
Phuong Hong បុគ្គលិកសណ្ឋាគារដែលមានជាសាខាមួយនៅក្រុងហូជីមិញ បាននិយាយថា ករណីឆ្លងជំងឺកូវីដ១៩នៅក្រុងដាណាងបានធ្វើឲ្យក្រុមហ៊ុនទេសចរណ៍អស់សង្ឃឹម បន្ទាប់ពីមានការរីកចម្រើនក្រោយពីការបិទសកម្មភាពសេដ្ឋកិច្ច។ សណ្ឋាគារដែល Phuong ធ្វើការមានសាខាចំនួនពីរផងដែរនៅក្រុងដាណាង ដែលត្រូវបានបិទទ្វារសាជាថ្មី និងសងប្រាក់ទៅភ្ញៀវវិញ ដែលបានកក់បន្ទប់សម្រាប់ខែសីហា។
Phuong បានលើកឡើងថា ជាទូទៅប្រជាជនមានអារម្មណ៍ទុកចិត្ត ពីព្រោះមន្រ្តីរដ្ឋាភិបាលបានបង្ហាញថា ពួកគេដឹងពីរបៀបការពារវីរុសមិនឲ្យរាលដាល។ អ្នកដំណើរដែលវិលត្រឡប់ពីក្រុងដាណាងទៅកាន់ក្រុងហូជីមិញវិញ មុនពេលក្រុងនេះត្រូវបានបិទ ទទួលបានការពិនិត្យសុខភាព និងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក។ នាងក៏បានកត់សម្គាល់ផងដែរថា តម្លៃម៉ាស់ក៏បានឡើងថ្លៃមួយជាបីផងដែរកាលពីប៉ុន្មានសប្តាហ៍មុននេះ។
Phuong បាននិយាយថា៖ «យើងធ្លាប់មានបទពិសោធន៍លើកដំបូងរួចមកហើយ ដូច្នេះយើងចាំមើលថា បទពិសោធន៍នេះនឹងជួយយើងបានយ៉ាងដូចម្តេចដែរចំពោះការរាតត្បាតជំងឺសាជាថ្មី។ ប្រហែលករណីឆ្លងនឹងកើនឡើង មិនត្រឹមតែនៅក្រុងដាណាងតែប៉ុណ្ណោះទេ ប៉ុន្តែនៅទីក្រុងមួយទៀតផងដែរ។ ខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយទេនាពេលនេះ ប៉ុន្តែយើងមិនសូវជ្រួលច្របល់នោះទេ»។
វេបសាយសារព័ត៌មាន VnExpress International បានលើកឡើងថា នៅក្រុមហ៊ុនដឹកអ្នកដំណើរមួយ អ្នកដំណើរជាងពីរម៉ឺននាក់បានលុបចោលគម្រោងថ្ងៃឈប់សម្រាករបស់ខ្លួនទៅកាន់ទីកន្លែងផ្សេងៗនៅវៀតណាមគិតត្រឹមថ្ងៃទី២៦ ខែកក្កដា។
លោក Adam McCarty អ្នកសេដ្ឋកិច្ចជាន់ខ្ពស់នៅវិទ្យាស្ថាន Mekong Economics ក្នុងក្រុងហាណូយ បាននិយាយថា ប្រសិនបើវីរុសកូរ៉ូណាឆ្លងរាតត្បាតហួសពីក្រុងដាណាង រដ្ឋាភិបាលវៀតណាមប្រហែលនឹងបញ្ជាឲ្យបិទទីក្រុងជាក់លាក់មួយចំនួន ក្នុងគោលដៅបំបាត់ការឆ្លងជំងឺកូវីដ១៩នៅទីបំផុត។
លោកបានមានប្រសាស៍ថា៖ «ឥឡូវនេះ ពួកគេពិតជាមានការរៀបចំបានល្អ ដូច្នេះពួកគេដឹងពីអ្វីដែលត្រូវធ្វើហើយ»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា