លោក Greg Barron អតីតអ្នកសារព័ត៌មាន និងជាផលិតករកម្មវិធីផ្សាយតាមវិទ្យុចូលនិវត្តន៍ម្នាក់ មានអាយុ៣២ឆ្នាំ នៅពេលដែលលោកបានធ្វើដំណើរជាលើកដំបូងទៅកាន់ព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ដើម្បីធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពរបស់ជនភៀសខ្លួនខ្មែររាប់ពាន់នាក់ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅចុងឆ្នាំ១៩៧៩។
លោក Barron មិនបានស្វែងយល់ច្បាស់លាស់អំពីហេតុការណ៍នៅក្នុងប្រទេសកម្ពុជា ដែលបានកើតមានឡើងមកលើជនភៀសខ្លួនខ្មែរទាំងអស់នោះទេ មុនពេលដែលពួកគេបានមកដល់ជំរំជនភៀសខ្លួនខ្មែរថៃ។ ទោះជាយ៉ាងណាក្តី លោកនៅតែមានបំណងប្រាប់ទៅពិភពលោកទាំងមូលអំពីស្ថានភាពដ៏លំបាករបស់ជនភៀសខ្លួនខ្មែរ ដែលលោកបានឃើញផ្ទាល់ភ្នែកនៅជំរំសាកែវ និងជំរំផ្សេងៗទៀតនៅក្នុងប្រទេសថៃ និងជំរំចាស់នៅក្នុងទឹកដីកម្ពុជា។
លោក Barron បានប្រាប់ VOA ថា៖ «ខ្ញុំចាប់ផ្តើមដឹងថា កាលពីឆ្នាំ១៩៧៩ ខ្ញុំមិនបានប្រាប់រឿងរ៉ាវរបស់ប្រជាពលរដ្ឋខ្មែរឲ្យចប់ចុងចប់ដើមនោះទេនៅក្នុងរបាយការណ៍ដំបូងរបស់ខ្ញុំ។ នេះមានន័យថា នៅពេលនោះ មានមនុស្សតិចតួចណាស់ដែលដឹងពីហេតុការណ៍ពិតនៃអំពើសាហាវឃោរឃៅ ភាពភ័យខ្លាច ភាពអត់ឃ្លាន និងការគាបសង្កត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ បន្ទាប់ពីពួកខ្មែរក្រហមបានឡើងកាន់កាប់អំណាច»។
អំពើសាហាវព្រៃផ្សៃរបស់ខ្មែរក្រហម គឺជាអំពើប្រល័យពូជសាសន៍ដ៏ធំមួយនៅក្នុងសតវត្សរ៍ទី២០ ដែលបានបណ្តាលឲ្យប្រជាជនខ្មែរប្រមាណ១លាន៧សែននាក់បានស្លាប់ ចាប់តាំងពីពាក់កណ្តាលឆ្នាំ១៩៧៥ រហូតដល់ដើមឆ្នាំ១៩៧៩។ ក្រោយពេលដែលការឈ្លានពានរបស់កងទ័ពវៀតណាមបានផ្តួលរលំរបបខ្មែរក្រហមនៅខែមករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់បានរត់ឆ្លងព្រំដែនចូលក្នុងប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅប្រទេសលោកខាងលិច ដូចជាសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅសហភាពអឺរ៉ុបជាដើម។
ស្គមស្គាំងដូចគ្រោងឆ្អឹង
នៅពាក់កណ្តលខែវិច្ឆិកា ឆ្នាំ១៩៧៩ លោក Barron បានអមដំណើរក្រុមបុគ្គលិកពេទ្យអាមេរិកមួយក្រុមពីរដ្ឋមីនីសូតា ទៅកាន់ជំរំសាកែវ និងជំរំផ្សេងៗទៀតនៅក្នុងប្រទេសថៃ និងជំរំចាស់ នៅក្នុងទឹកដីប្រទេសកម្ពុជា។ ក្នុងរយៈពេលជាងពីរសប្តាហ៍ លោក Barron បានរាយការណ៍អំពីពលរដ្ឋខ្មែរដែលរត់ពីសង្គ្រាមមកកាន់ជំរំជនភៀសខ្លួន។
លោក Barron បានរំឭកពីស្ថានភាពនៅក្នុងជំរំជនភៀសខ្លួនខ្មែរថា មនុស្សជាច្រើនបានធ្លាក់ខ្លួនឈឺ ស្គមស្គំាងសល់តែស្បែក និងឆ្អឹង ហើយមានជំងឺរបេងក្អកពេញជំរំ ទាំងក្មេងទាំងចាស់។ ម្តាយដែលមានរាងកាយស្គមស្គាំងជាច្រើននាក់ មិនមានទឹកដោះបំបៅកូន។ ភាពអត់ឃ្លាន និងជំងឺដែលពួកគេបានឆ្លងកាត់នៅក្រោមរបបខ្មែរក្រហម បានឆក់យកជីវិតរបស់ទារក និងកុមារជាច្រើននាក់នៅជំរំ។
លោកបានរៀបរាប់ថា៖ «អ្វីដែលតក់ស្លុតបំផុតសម្រាប់ខ្ញុំ គឺនៅពេលដែលរថយន្តធុនធ្ងន់បានបើកចូលជំរំរាល់ថ្ងៃ ដើម្បីប្រមូលសាកសពជនភៀសខ្លួនខ្មែរ ដែលបានរត់មកដល់ជំរំហើយ តែមិនអាចរស់រានមានជីវិតបាន។ កុមារតូចៗមានរូបរាងស្គមស្គាំងសល់តែស្បែកនឹងឆ្អឹង ហើយស្ទើតែមិនដកដង្ហើម»។
នៅក្នុងអំឡុងពេលនោះ លោក Barron បានរាយការណ៍ឲ្យវិទ្យុជាតិ Minnesota Public Radio។ ក្រោយពីវិលត្រឡប់មកកាន់រដ្ឋមីនីសូតាវិញ លោក Barron បានផលិតកម្រងឯកសារផ្សាយតាមវិទ្យុមួយឈ្មោះ “Trampled Grass” ដែលរៀបរាប់ពីស្ថានភាពដ៏តក់ស្លុតរបស់ជនភៀសខ្លួនខ្មែរនៅជំរំព្រំដែនខ្មែរថៃ ឲ្យពលរដ្ឋអាមេរិកបានស្តាប់ និងស្វែងយល់។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា ស្របពេលដែលពេលវេលាដើរទៅមុខ ពិភពលោកក៏បានចាប់ផ្តើមបំភ្លេចរឿងរ៉ាវ ដែលបានកើតមានឡើងមកលើជនភៀសខ្លួនខ្មែរ។
លោក Barron បាននិយាយថា៖ «យើងជាអ្នកសារព័ត៌មានពិតជាអាណិតអាសូរ និងមានទុក្ខសោកចំពោះស្ថានភាពដែលយើងបានឃើញនៅជំរំជនភៀសខ្លួន។ ប៉ុន្តែ យើងមិនបានរងផលប៉ះពាល់ដូចគ្នានឹងប្រជាពលរដ្ឋខ្មែរនោះទេ។ ដូច្នេះ វាងាយស្រួលសម្រាប់យើងក្នុងការបំភ្លេចរឿងរ៉ាវទាំងនោះ»។
សព្វថ្ងៃនេះ លោក Barron មានអាយុ៧០ឆ្នាំ ហើយបានចូលនិវត្តន៍ពីការងាររបស់លោក ដែលជាផលិតករវិទ្យុដ៏ល្បីឈ្មោះ ដោយបានឈ្នះពានរង្វាន់ Peadbody Award ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិកចំនួនពីរលើក។
«ដើរតាមព្រះចន្ទ»
មកទល់ពេលនេះ គឺជិត៤០ឆ្នាំមកហើយ ក្រោយពេលដែលលោក Barron បានរាយការណ៍ជាលើកដំបូងអំពីជនភៀសខ្លួនខ្មែរ។ ក៏ប៉ុន្តែ កាលពីពាក់កណ្តាលឆ្នាំ២០១៦កន្លងទៅនេះ លោកបានប្រាប់ VOA ថា ហេតុការណ៍ដ៏ពិសេសមួយបានកើតឡើងមកលើរូបលោក។
លោកបានបញ្ជាក់ថា លោកបានអានព័ត៌មានមួយដែលរាយការណ៍ថា សារមន្ទីរកេរមរតកខ្មែរមួយបានបើកសម្ពោធនៅក្នុងទីក្រុង Saint Paul រដ្ឋមីនីសូតា។ ក្រោយពីបានអានព័ត៌មាននេះ លោកក៏បានធ្វើដំណើរទៅកាន់សារមន្ទីរនោះ ហើយក៏បានជួប និងស្គាល់ជនភៀសខ្លួនខ្មែរបីនាក់នៅទីនោះ។ ក្រោយពីបានសន្ទនាគ្នាអំពីការរត់ភៀសខ្លួនមកជំរំជនភៀសខ្លួនព្រំដែនខ្មែរថៃមក អ្នកទាំងបួននាក់នេះ រួមទាំងលោក Barron ផង បានសន្មត់ថា ពួកគេទាំងអស់គ្នាមានវត្តមាននៅក្នុងជំរំតែមួយ ក្នុងពេលតែមួយ។
លោក Barron បានប្រាប់ VOA ថា ការជួប និងស្គាល់ជនភៀសខ្លួនខ្មែរទាំងបីនាក់នេះ បានជំរុញឲ្យលោកស្វែងយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម ដែលលោកមិនបានដឹងច្បាស់កាលពីឆ្នាំ១៩៧៩។
«ខ្ញុំចាប់ផ្តើមដឹងថា រឿងរ៉ាវដែលខ្ញុំបានរាយការណ៍កាលពីឆ្នាំ១៩៧៩ គឺធ្វើឡើងមិនបានចប់សេចក្តី។ ខ្ញុំមិនដឹងថា មានអ្វីបានកើតឡើងនៅក្នុងប្រទេសកម្ពុជានោះទេ។ ហើយខ្ញុំក៏មិនដឹងថា ហេតុអ្វីបានជាប្រជាជនកម្ពុជានៅពេលនោះ នាំគ្នារត់ឆ្លងព្រំដែនចូលក្នុងប្រទេសថៃដែរ។ ហើយយើងទាំងអស់គ្នាយល់ស្របថា ខ្ញុំចាំបាច់ត្រូវបញ្ចប់សេចក្តីរាយការណ៍ដំបូងរបស់ខ្ញុំ ដែលខ្ញុំបានធ្វើឡើងជិត៤០ឆ្នាំមុន»។
ជាលទ្ធផល លោក Barron បានផលិតកម្រងឯកសារផ្សាយតាមវិទ្យុមួយទៀត ដែលមានចំណងជើងជាភាសាអង់គ្លេសថា “Follow the Moon” ឬបកប្រែជាភាសាខ្មែរថា «ដើរតាមព្រះចន្ទ» ក្រោយពីលោកបានសម្ភាសន៍ជនភៀសខ្លួនខ្មែរទាំងបីនាក់នេះ ដែលសព្វថ្ងៃបានក្លាយជាពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ រស់នៅរដ្ឋមីនីសូតា។ កម្រងឯកសារនេះគឺធ្វើឡើង ដើម្បីបញ្ចប់សេចក្តីរាយការណ៍របស់លោកអំពីប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោកក៏បានបញ្ជាក់ផងដែរថា ចំណងជើងនៃកម្រងឯកសារផ្សាយតាមវិទ្យុនេះ គឺសំដៅទៅលើការពិតជាក់ស្តែងមួយដែលថា ប្រជាពលរដ្ឋខ្មែររាប់រយនាក់បានធ្វើដំណើរទៅកាន់ជំរំនៅក្នុងប្រទេសថៃ ដែលនៅភាគខាងលិចនៃប្រទេសកម្ពុជា ដោយដើរតាមពន្លឺព្រះចន្ទនៅពេលយប់ងងឹត ដើម្បីគេចពីការបាញ់គ្នារវាងកងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម នៅឆ្នាំ១៩៧៩។
កម្រងឯកសារ “Follow the Moon” ឬ «ដើរតាមព្រះចន្ទ» ដែលមានរយៈពេលជាង៥៦នាទីនេះ នឹងចាក់ផ្សាយជាសាធារណៈតាមស្ថានីយ៍វិទ្យុជាតិ Minnesota Public Radio និងសារព័ត៌មានជាតិ American Public Media នៅថ្ងៃទី១៧ ខែមេសាខាងមុខនេះ ដែលត្រូវនឹងខួប៤២ឆ្នាំនៃការឡើងកាន់កាប់អំណាចរបស់ពួកខ្មែរក្រហម។ លោក Barron បានបញ្ជាក់ថា លោកសង្ឃឹមថា កម្រងឯកសារនេះនឹងជួយអប់រំពលរដ្ឋអាមេរិកាំងឲ្យដឹងច្បាស់ពីប្រវត្តិសាស្ត្រនៃអំពើប្រល័យពូជសាសន៍ដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា និងពីអំពើឃោរឃៅជាច្រើនទៀត ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ។
«ពលរដ្ឋអាមេរិកាំងក្មេងៗមិនដឹងអំពីសេចក្តីវិនាសអន្តរាយ និងអំពើព្រៃផ្សៃ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់នោះទេ។ កាលៈទេសៈស្រដៀងគ្នានេះក៏កំពុងតែកើតមានច្រើនដែរ នាពេលសព្វថ្ងៃនេះ។ មនុស្សទូទៅចាំបាច់ត្រូវតែដឹងអំពីហេតុការណ៍បែបនេះ។ ដូច្នេះហើយបានជាខ្ញុំចង់រំឭកសហរដ្ឋអាមេរិកអំពីរឿងនេះ»។
ជីកកកាយអតីតកាលដ៏ជូចត់
នៅក្នុងកម្រងឯកសារនេះ លោក Barron បានរំឭកពីដំណើររបស់លោក ដែលបានជួបជនភៀសខ្លួនខ្មែរនៅក្នុងប្រទេសថៃ ទាំងលោកមិនបានដឹងច្បាស់ពីមូលហេតុដែលប្រជាជនខ្មែរនាំគ្នារត់មកកាន់ប្រទេសថៃនោះទេ។ ហើយនៅក្នុងកម្រងឯកសារនេះ ជនភៀសខ្លួនបីនាក់បានជួយឲ្យលោក Barron ស្វែងយល់ច្បាស់អំពីប្រវត្តិសាស្ត្រនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយចែករំឡែកបទពិសោធន៍ផ្ទាល់ខ្លួន ដែលពួកគេបានឆ្លងកាត់របបនេះ។
ក៏ប៉ុន្តែ សម្រាប់អ្នករស់រានមានជីវិតទាំងបីនាក់នេះ ការជីកកកាយអតីតកាលបាននាំមកនូវភាពតក់ស្លុតនៅក្នុងចិត្តសារជាថ្មី បើទោះបីជាពួកគេសង្ឃឹមថា ពេលវេលាអាចជួយលុបបំបាត់ទុក្ខសោកទាំងនោះបានក្តី។ ទោះជាយ៉ាងណាក្តី ពួកគេបានប្រាប់ VOA ថា ពួកគេនៅតែចង់ចែករំឡែករឿងរ៉ាវដ៏ឈឺចាប់ទាំងអស់នោះទៅកាន់លោក Barron ដោយសារតែពួកគេមិនចង់ឲ្យប្រវត្តិសាស្ត្របែបនេះកើតឡើងម្តងទៀតនៅក្នុងពិភពលោកនេះទេ។
លោកស្រី គីម ពេជ្រស៊ុនថូ អាយុ៦១ឆ្នាំ ដែលជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម និងកំពុងរស់នៅទីក្រុង Savage រដ្ឋមីនីសូតា បានឲ្យដឹងថា៖ «វាឈឺចុកចាប់។ ជួនកាលយើងមិនចង់ យើងពិបាកនឹងនិយាយចេញមក។ ប៉ុន្តែ អ៊ំយល់ឃើញថា នៅក្នុងកាលៈទេសៈនេះ អ៊ំកាន់តែចាស់ទៅ។ ហើយមួយទៀតកូនចៅជំនាន់ក្រោយក៏ត្រូវការដឹងពីរឿងនេះឲ្យបានច្បាស់លាស់»។
នៅពេលពួកខ្មែរក្រហមបានឡើងកាន់កាប់អំណាច លោកស្រី ពេជ្រស៊ុនថូ រស់នៅក្នុងខេត្តបាត់ដំបង មានអាយុ១៩ឆ្នាំ។ ម្តាយ និងបងស្រី រួមទាំងស្វាមីនិងក្មួយៗរបស់លោកស្រី បានស្លាប់នៅក្នុងរបបខ្មែរក្រហម។ លោកស្រី ពេជ្រស៊ុនថូ បានប្រាប់ VOA បន្ថែមទៀតថា លោកស្រីនៅតែអរគុណដល់រដ្ឋាភិបាលអាមេរិក ដែលបានទទួលយកក្រុមគ្រួសាររបស់លោកស្រី ដែលនៅមានជីវិតពីរបបខ្មែរក្រហមមករស់នៅសហរដ្ឋអាមេរិក នៅខែកក្កដា ឆ្នាំ១៩៨០។
លោក ហាច ហឿន មានអាយុប្រមាណ១២ឆ្នាំប៉ុណ្ណោះ នៅពេលដែលខ្មែរក្រហមបានឡើងគ្រប់គ្រងប្រទេស ហើយលោកចាំបានតិចតួចណាស់ នៅពេលដែលរូបលោកត្រូវបានបំបែកពីក្រុមគ្រួសាររបស់លោក។ សម្រាប់លោក ហាច ហឿន វិញ របបខ្មែរក្រហមនៅតែតាមបន្លាចរូបលោកនៅក្នុងសុបិនរបស់លោកជាញឹកញាប់។ លោកយល់សប្តិឃើញតែ ទាហានខ្មែរក្រហមរត់ដេញតាមចាប់រូបលោកនៅក្នុងសុបិនអាក្រក់ទាំងនោះ។
ក៏ប៉ុន្តែ លោកបានបញ្ជាក់ថា៖ «ដល់ពេលដែលខ្ញុំបាននិយាយជាមួយ Greg ទៅ ដូចថា ខ្ញុំទៅជាសប្បាយចិត្តទៅវិញ។ [ខ្ញុំគិតថា] រឿងខ្មែរ បើគេដឹង គេអាចជួយទប់ទល់អំពើប្រល័យពូជសាសន៍មួយរយៈទៀត»។
លោក ហាច ហឿន គឺជាមនុស្សតែម្នាក់គត់នៅក្នុងចំណោមសមាជិកគ្រួសាររបស់លោក ដែលបានរត់ភៀសខ្លួនទៅជំរំជនភៀសខ្លួន ហើយបានមករស់នៅសហរដ្ឋអាមេរិក។ នៅពេលនោះ លោកមិនបានដឹងថា ឪពុកម្តាយរបស់លោកនៅមានជីវិត ឬក៏ស្លាប់នោះទេ។ ក៏ប៉ុន្តែ ក្រោយពីបានទទួលដំណឹងថា បងប្អូនស្រីបីនាក់ទៀតរបស់លោកនៅរស់រានមានជីវិតនៅឡើយ លោកក៏បានដឹងថា ឪពុកម្តាយរបស់លោកត្រូវបានខ្មែរក្រហមសម្លាប់។ សព្វថ្ងៃនេះ លោក ហាច ហឿន កំពុងបម្រើការងារឲ្យអង្គការសុខភាពមួយ នៅទីក្រុង Saint Paul រដ្ឋមីនីសូតា។
រីឯលោក សួស សុឃឿត លោកមិនចង់រំឭកអតីតកាលនៃរបបខ្មែរក្រហមទេ ដោយសារតែលោកបានបាត់បង់ឪពុកបង្កើត និងបងប្រុសច្បងម្នាក់។ ទោះជាយ៉ាងណាក្តី លោកបានបញ្ជាក់ថា ការចែករំឡែកបទពិសោធន៍ដ៏ជូចត់នេះជាមួយនឹងអតីតអ្នកសារព័ត៌មាន Greg Barron នេះ បានជួយឲ្យលោកទទួលស្គាល់ពីសារៈសំខាន់នៃប្រវត្តិសាស្ត្រ។
លោក សួស សុឃឿត បានលើកឡើងថា៖ «ជីវិតខ្ញុំមិនសូវត្រឡប់ទៅរកការជូរចត់នោះទេ។ ដូច្នេះ ការសម្ភាសន៍នេះធ្វើឲ្យយើងនឹកឃើញឡើងវិញដែលថា មែនការពិបាកមានមែន នៅក្រោមរបបខ្មែរក្រហមក៏ដោយ នៅជំនាន់ជំរំក៏ដោយ។ នៅពេលដែលយើងបានឆ្លងកាត់បញ្ហាហ្នឹង នៅតែមានមនុស្សខ្លះដែលគេមិនស្គាល់យើងសោះ ស្រាប់តែគេស្ម័គ្រចិត្តមក ដើម្បីធ្វើឲ្យភាពពិបាក ភាពតានតឹង និងស្លាប់ ឲ្យមានជីវិតរស់ឡើងវិញ»។
ខណៈដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមកាន់តែច្រើននាក់បន្តចែករំឡែកបទពិសោធន៍របស់ខ្លួននៅក្រោមរបបខ្មែរក្រហម លោក Greg Barron សង្ឃឹមថា «សហគមន៍ខ្មែរចាប់ផ្តើមបន្តផ្សះផ្សារអតីតកាលដ៏ឈឺចាប់របស់ខ្លួន»។
សម្រាប់រូបលោក Barron វិញ ការផលិតកម្រងឯកសារផ្សាយតាមវិទ្យុអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលមានចំណងជើងថា "Follow the Moon" ឬ «ដើរតាមព្រះចន្ទ» នេះ បានជួយឲ្យលោកមានអារម្មណ៍ស្ងប់ ដោយសារតែលោកបានយល់ច្បាស់អំពីរឿងរ៉ាវដ៏ឈឺចាប់ ដែលបានកើតឡើងមកលើប្រជាពលរដ្ឋខ្មែរនៅក្រោមរបបខ្មែរក្រហម ជាពិសេសអ្នកដែលបានរត់ភៀសខ្លួនមកជំរំសាកែវ ប្រទេសថៃ ដែលលោកបានជួបពួកគេជិត៤០ឆ្នាំមុន៕
[កំណត់និពន្ធ៖ លោកអ្នកនាងអាចស្តាប់កម្រងឯកសារ «Follow the Moon» បានទាំងស្រុងតាមរយៈគេហទំព័រនេះ៖ www.sounddawg.net/featured.html]